(ភ្នំពេញ)៖ ជាទូទៅ Air Force One គឺជាឈ្មោះសម្គាល់យន្តហោះទាំងឡាយណាដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក មានន័យថា ទោះបីជាយន្តហោះរបស់កងទ័ពអាកាសអាមេរិកណាក៏ដោយ ឱ្យតែប្រធានាធិបតីស្ថិតនៅលើនោះ គឺត្រូវគេហៅថា Air Force One ទាំងអស់។ លុះក្រោយមកទៀត ពាក្យ Air Force One នេះក៏បានក្លាយទៅជាឈ្មោះរបស់យន្តហោះជាក់លាក់ណាមួយ ដែលទុកប្រើសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស។ គិតចាប់ពីឆ្នាំ១៩៩១មក មានយន្តហោះ២គ្រឿងដែលត្រូវបានប្រើប្រាស់ក្នុងលក្ខណៈបែបនេះ។ ពួកវាជាប្រភេទ Boeing 747-200B ដូចគ្នាទាំង២គ្រឿង និងមានលេខកន្ទុយ២៨០០០ និង២៩០០០ ខណៈកងទ័ពអាកាសអាមេរិកឱ្យឈ្មោះសម្គាល់ថា VC-25A។
* លក្ខណៈពិសេសរបស់យន្តហោះ Air Force One នាពេលបច្ចុប្បន្ន
យន្តហោះ Air Force One ទាំង២គ្រឿងដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ សុទ្ធតែបំពាក់ទៅដោយប្រព័ន្ធសន្តិសុខ និងប្រព័ន្ធការពារខ្លួនយ៉ាងសម្ងាត់ រួមមានប្រព័ន្ធការពារគ្រឿងអេឡិចត្រូនិកនានានៅលើនោះសម្រាប់ប្រឆាំងនឹងរលកកម្លាំងអេឡិចត្រូម៉ាញេទិចដែលសាយចេញពីបន្ទុះនុយក្លេអ៊ែរ និងប្រព័ន្ធការពារការវាយប្រហារដោយមីស៉ីលជាដើម។ នៅក្នុងយន្តហោះ Air Force One មានបន្ទប់គ្រប់គ្រងបណ្តាញទូរគមនាគមន៍មួយដែលស្ថិតនៅជាន់ខាងលើ និងកន្លែងស្តុកទំនិញធំមួយនៅជាន់ខាងក្រោម។ ចំណែកនៅជាន់កណ្តាលវិញមានកន្លែងសម្រាប់ទទួលអ្នកដំណើរបានដល់៧០នាក់បន្ថែមពីលើសហសេវិកយន្តហោះ២៦នាក់។ នៅជាន់កណ្តាលនេះមានកន្លែងដូចជាបន្ទប់អង្គុយនិងធ្វើការសម្រាប់ក្រុមអ្នកសារព័ត៌មាន កងកម្លាំងសន្តិសុខ និងក្រុមបុគ្គលមានតួនាទីផ្សេងៗទៀត ព្រមទាំងបន្ទប់ដែលអាចបម្រើជាកន្លែងសន្និសីទ ឬកន្លែងទទួលទានអាហារ។ ក្រៅពីនេះមានឱសថស្ថាន កន្លែងប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត កន្លែងផ្ទុកគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ពេទ្យសង្រ្គោះបន្ទាន់យ៉ាងសម្បូរបែប និងក្រុមគ្រូពេទ្យប្រចាំការជាប់ ព្រមទាំងផ្ទះបាយចំនួន២ដែលអាចរៀបចំអាហារសម្រាប់មនុស្សរហូតដល់១០០នាក់បានក្នុងមួយពេលៗ។ រីឯនៅផ្នែកខាងមុខ គឺជាបន្ទប់របស់ប្រធានាធិបតី ដែលរួមមានការិយាល័យ បន្ទប់សម្រាក និងបន្ទប់ទឹក។
យន្តហោះ Air Force One មានលទ្ធភាពធ្វើដំណើរមួយជើងបានចម្ងាយលើសពី១២,០០០គីឡូម៉ែត្រ ប៉ុន្តែបើចាក់ប្រេងឥន្ធនៈនៅលើផ្ទៃអាកាសតែម្តងនោះ គឺវាមានលទ្ធភាពធ្វើដំណើរក្រឡឹងជុំវិញពិភពលោកមួយជុំឯណោះ។ Air Force One ទាំង២គ្រឿងឈរជើងនៅមូលដ្ឋានទ័ពអាកាសអាមេរិក Andrews ក្នុងរដ្ឋម៉ារីលែន (Maryland) ក្បែររដ្ឋធានីវ៉ាស៉ីនតោន។ ពួកវាទាំង២គ្រឿងនេះធ្លាប់បានបម្រើប្រធានាធិបតី អនុប្រធានាធិបតី (ពេលដឹកអនុប្រធានាធិបតីគឺគេហៅថា Air Force Two វិញ) និងឥស្សរជនផ្សេងៗនៅក្រោមរដ្ឋបាលលោក ចច អេច ដាប់បេលយូ ប៊ូស (George H.W. Bush) លោក ប៊ីល គ្លីនតុន (Bill Clinton) លោក ចច ដាប់បលយូ ប៊ូស (George W. Bush) លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោក ដូណាល់ ត្រាំ (Donald Trump) ហើយបច្ចុប្បន្នស្ថិតក្រោមការប្រើប្រាស់របស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden)។
យ៉ាងណាមិញ យន្តហោះ Air Force One ចាស់ៗទាំង២គ្រឿងនេះនឹងត្រូវជំនួសដោយយន្តហោះចំនួន២គ្រឿងថ្មីនាពេលអនាគត ដែលមានប្រភេទ Boeing 747-8 ហើយនឹងត្រូវហៅថា VC-25B។
* យន្តហោះដំបូងៗសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីអាមេរិកដំបូងគេដែលបានធ្វើដំណើរតាមយន្តហោះពេលកំពុងតែកាន់អំណាច គឺលោក ហ្រ្វង់ឃ្លីន រូស្វែល (Franklin D. Roosevelt)។ នៅខែមករា ឆ្នាំ១៩៤៣ លោក ហ្រ្វង់ឃ្លីន រូស្វែល បានឡើងជិះយន្តហោះស៉ីវិល Boeing 314 Clipper ដើម្បីទៅចូលរួមសន្និសីទកាសាប្លានកា (Casablanca) នៅប្រទេសម៉ារុក អំឡុងសង្រ្គាមលោកលើកទីពីរ។ ក្រោយមកយន្តហោះ Douglas C-54 Skymaster មួយគ្រឿងត្រូវបានសាងសង់ឡើងជាពិសេសសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីអាមេរិក។
យន្តហោះម៉ាស៉ីន៤នេះជារបស់កងទ័ពអាកាសអាមេរិក មានសមត្ថភាពហោះហើរបានចម្ងាយ៦,៤០០គីឡូម៉ែត្រក្នុងមួយជើង ហើយខុសពី Boeing 314 Clipper ដែលជាយន្តហោះធ្វើប្រតិបត្តិការឡើងចុះលើផ្ទៃទឹក ខណៈ Douglas C-54 Skymaster ធ្វើប្រតិបត្តិការឡើងចុះនៅលើគោក ទោះមានឈ្មោះសម្គាល់ផ្លូវការថា VC-54A ក៏ដោយ ក្រុមអ្នកសារព័ត៌មានមួយចំនួននាំគ្នាហៅវាថា សេក្រេដ ខោវ (Sacred Cow)។ យន្តហោះនេះមានផ្ទុកបន្ទប់ប្រជុំមួយ និងបន្ទប់សម្រាករបស់ប្រធានាធិបតី ដែលមានបន្ទប់ទឹក និងបង្អួចបាញ់មិនធ្លុះ។
យន្តហោះ Douglas C-54 Skymaster ធ្លាប់ដឹកលោក ហ្រ្វង់ឃ្លីន រូស្វែល បានតែម្តងប៉ុណ្ណោះ គឺនៅពេលលោកធ្វើដំណើរទៅកាន់សន្និសីទយ៉ាលតា (Yalta) នៅតំបន់គ្រីមៀនៃអតីតសហភាពសូវៀត ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ ក៏ប៉ុន្តែវាបានបន្តស្ថិតក្រោមការប្រើប្រាស់រហូតដល់ឆ្នាំ១៩៤៧ អំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ហារី ទ្រូម៉ាន់ (Harry S. Truman)។ យន្តហោះដែលលោក ទ្រូម៉ាន់ ប្រើប្រាស់ជាចម្បងគឺ Douglas C-118 Liftmaster (Douglas DC-6)។ វាមានឈ្មោះសម្គាល់ផ្លូវការថា VC-118 ប៉ុន្តែលោក ទ្រូម៉ាន់ ដាក់ឈ្មោះផ្សេងឱ្យវាថា Independence តាមទីក្រុងកំណើតរបស់លោកនៅរដ្ឋមីស៊្សូរី (Missouri)។
យន្តហោះ Independence មានម៉ាស៉ីនខ្លាំងជាងនិងហោះបានឆ្ងាយជាងយន្តហោះ Sacred Cow។ វាក៏មានបំពាក់បច្ចេកវិទ្យាថ្មីៗ ហើយដឹកអ្នកដំណើរបានច្រើនជាងមុនផងដែរ។ យន្តហោះនេះបានបន្តបម្រើជាយន្តហោះចម្បងសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិករហូតដល់ជំនាន់លោក ដ្វាយ អេសិនហោវើរ (Dwight D. Eisenhower) ដែលបានចូលកាន់អំណាចនៅឆ្នាំ១៩៥៣ ទើបមានការផ្លាស់ប្តូរយន្តហោះថ្មី។
* ឈានចូលសម័យយន្តហោះប្រើម៉ាស៉ីនប្រភេទ Jet Engine
យន្តហោះធ្វើដំណើរផ្ទាល់ខ្លួនដំបូងរបស់លោក Dwight D. Eisenhower ដោយចាប់ផ្តើមពីឆ្នាំ១៩៥៣ គឺយន្តហោះ C-121 Constellation របស់ក្រុមហ៊ុន Lockheed ដែលមានឈ្មោះសម្គាល់ផ្លូវការថា VC-21E។ ប៉ុន្តែលោក Eisenhower ដាក់ឈ្មោះឱ្យថា កូឡុំបាញ ធូ (Columbine II)។
គួរជម្រាបថា យោងទៅតាមរឿងរ៉ាវដំណាលតៗគ្នាថាពាក្យ Air Force One ត្រូវបានប្រើប្រាស់ជាលើកដំបូងដោយអាកាសយានិករបស់ Columbine II នេះឯង ពោលគឺកំឡុងជើងហោះហើរមួយទៅកាន់រដ្ឋផ្លូរីដា (Florida) នៅពេលអាកាសយានិករូបនោះបារម្ភថា ក្រុមគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសប្រហែលអាចច្រឡំយន្តហោះប្រធានាធិបតីជាមួយយន្តហោះស៉ីវិលមួយគ្រឿងទៀតដែលនៅក្បែរគ្នា។
ក្រោយមកនៅឆ្នាំ១៩៥៤ យន្តហោះ Columbine II ត្រូវបានជំនួសដោយ Columbine III ដែលច្នៃចេញមកពី Lockheed Super Constellation ដែលមានប្រវែងវែង លឿន និងផាសុកភាពជាង Columbine II។ យន្តហោះ Columbine III គឺជាយន្តហោះម៉ាស៉ីនពិស្តុង (Piston Engine) ចុងក្រោយគេដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនផ្លូវអាកាសសម្រាប់ប្រធានាធិបតីអាមេរិក។
ក្នុងអាណត្តិរបស់លោក Eisenhower យន្តហោះសម្រាប់ការធ្វើដំណើរប្រធានាធិបតីអាមេរិកបានឈានដល់សម័យម៉ាស៉ីន Jet ដែលជាប្រភេទម៉ាស៉ីនយន្តហោះប្រើប្រាស់រហូតមកទល់សព្វថ្ងៃនេះ។ នៅខែសីហា ឆ្នាំ១៩៥៩ លោក Eisenhower បានធ្វើដំណើរលើយន្តហោះ VC-137A ជាលើកដំបូង ដែលជាយន្តហោះ Boeing 707 Stratoliner កែច្នៃ មានឈ្មោះហៅក្រៅថា គ្វីននី (Queenie)។
ក្នុងយន្តហោះ Queenie មានកន្លែងគ្រប់គ្រងបណ្តាញទូរគមនាគមន៍ពិសេស កន្លែងជិះរបស់អ្នកដំណើរដែលបានរហូតដល់៤០នាក់ បន្ទប់សន្និសីទ និងបន្ទប់ប្រធានាធិបតី។ កត្តាល្បឿន ចម្ងាយហោះហើរ កម្រិតផាសុកភាព និងរូបរាងរបស់វា គឺសក្តិសមបំផុតសម្រាប់មេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកមួយនេះ។
នៅខែធ្នូ ឆ្នាំ១៩៥៩ យន្តហោះនេះបានដឹកលោក Eisenhower ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈមួយមិនធ្លាប់មាន គឺមានរយៈពេល៣សប្តាហ៍ទៅកាន់ប្រទេសសរុបចំនួន១១នៅតំបន់អឺរ៉ុប អាស៉ី និងអាហ្រ្វិកខាងជើង។ នៅឆ្នាំ១៩៦២ យន្តហោះ Queenie ក៏លែងត្រូវបានប្រើប្រាស់ជាយន្តហោះចម្បងសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកតទៅទៀត។
* មុខមាត់ថ្មីនៅក្រោមជំនាន់លោក Kennedy
នៅឆ្នាំ១៩៦២ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខិនណឺឌី (John F. Kennedy) ទទួលបានយន្តហោះប្រភេទម៉ាស៉ីន Jet ថ្មី ដែលត្រូវបានសាងសង់ឡើងជាពិសេសសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីតែម្តង។ វាជាយន្តហោះ Boeing 707 ដដែល ដែលមានលេខកន្ទុយ២៦០០០ និងឈ្មោះសម្គាល់ផ្លូវការ VC-137C ប៉ុន្តែនៅជុំវិញពិភពលោកគេស្គាល់វាថាជា Air Force One។
អំឡុងរដ្ឋបាលលោក Kennedy យន្តហោះ Air Force One ទទួលបានរូបរាងថ្មី គឺមានពណ៌សលាយខៀវ ក្បាច់អក្សរថ្មីនៃពាក្យ «United States of America» ដែលធំលេចធ្លោជាងមុន ទង់ជាតិអាមេរិកនៅកន្ទុយ និងត្រាប្រធានាធិបតីនៅសងខាងក្បែរផ្នែកខាងមុខរបស់វា។ យន្តហោះ Air Force One ក្រោយៗតមកទៀតសុទ្ធតែមានការរចនាដូចគ្នានេះ។ នៅឆ្នាំ១៩៦៣ យន្តហោះ Air Force One រូបរាងថ្មីនេះបានជូនដំណើរលោក Kennedy ទៅកាន់ទីក្រុងប៊ែរឡាំងខាងលិច ជាទីដែលលោកបានចេញសេចក្តីប្រកាសដ៏ល្បីថា Ich bin ein Berliner ហើយនៅខែវិច្ឆិកា ឆ្នាំ១៩៦៣ យន្តហោះ Air Force One នោះបាននាំយកសាកសពលោក Kennedy ដែលត្រូវបានគេធ្វើឃាតពីទីក្រុងដាឡាស់ (Dallas) ត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនវិញ ហើយលោក លីនដុន ប៊ី ចនសុន (Lyndon B. Johnson) ដែលជាអនុប្រធានាធិបតីបានស្បថចូលកាន់តំណែងជំនួសលោក Kennedy នៅលើយន្តហោះនោះតែម្តង។
យន្តហោះ Air Force One បានបន្តបម្រើជាយន្តហោះចម្បង ឬយន្តហោះបម្រុងអំឡុងរដ្ឋបាលលោក Johnson លោក រីឆាដ និចសុន (Richard M. Nixon) លោក ចឺរ៉ាល់ ហ្វដ (Gerald R. Ford) លោក ជីមមី ខាតថឺរ (Jimmy Carter) លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និងលោក ចច អេច.ដាប់បេលយ៊ូ. ប៊ូស (George H.W. Bush)។ នៅឆ្នាំ១៩៧២ ក៏មានយន្តហោះ Air Force One មួយគ្រឿងទៀតដើម្បីជាគូនឹងគ្នា ដែលមានកន្ទុយលេខ២៧០០០។ យន្តហោះថ្មីនេះហើយដែលបានជូនដំណើរលោក Nixon វិលត្រឡប់ទៅរកជីវិតឯកជនវិញនៅរដ្ឋកាលីហ្វ័រញ៉ា (California) បន្ទាប់ពីលោកបានលាលែងពីតំណែងនៅខែសីហា ឆ្នាំ១៩៧៤។ តាមទម្លាប់ នៅថ្ងៃដែលប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង ប្រធានាធិបតីដែលចប់អាណត្តិគឺអាចជិះយន្តហោះ Air Force One មួយជើងចុងក្រោយ ហើយឆ្ពោះទៅកាន់ទីណាក៏បានដែរ។
គួរជម្រាបថា យន្តហោះទាំង២គ្រឿងខាងលើបានឆ្លងកាត់ការកែលម្អនិងជួសជុលថែទាំប៉ុន្មានលើក មុនពេលជំនួសដោយយន្តហោះ Air Force One មួយគូថ្មីនៅឆ្នាំ១៩៩០-១៩៩១។ Boeing 747 មួយគូថ្មីនោះគឺជាយន្តហោះ Air Force One ដែលបាននិងកំពុងប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន។ ដោយឡែក តាមទម្លាប់ នៅថ្ងៃប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង ប្រធានាធិបតីដែលចប់អាណត្តិក៏ត្រូវបានអនុញ្ញាតឱ្យអាចជិះយន្តហោះ Air Force One មួយជើងចុងក្រោយ ហើយឆ្ពោះទៅកាន់ទីណាក៏បានផងដែរ៕