(ភ្នំពេញ)៖ រថយន្តធ្វើដំណើរផ្លូវការរបស់ប្រធានាធិបតីអាមេរិក ត្រូវគេស្គាល់ទូទាំងសកលដោយឈ្មោះថា The Beast ដោយសារតែលក្ខណៈដ៏ពិសេសៗអស្ចារ្យរបស់វា ហើយមិនថាប្រធានាធិបតីអាមេរិកទៅដល់ទីណានោះទេ ពោលសូម្បីតែកំលុងពេលទស្សនកិច្ចនៅក្រៅប្រទេស គឺគេត្រូវដឹករថយន្តនេះទៅតាមជាប់ជានិច្ចសម្រាប់ជាយានជំនិះរបស់ប្រធានាធិបតី ដោយពុំប្រើប្រាស់យានជំនិះរបស់ប្រទេសម្ចាស់ផ្ទះនោះឡើយ។
* ប្រវត្តិនៃការប្រើប្រាស់ដំបូង
ប្រធានាធិបតីអាមេរិកបានចាប់ផ្តើមប្រើប្រាស់យានយន្តជាយានជំនិះផ្លូវការនៅអំលុងដើមសតវត្សទី២០។ ពេលនោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក វីល្លៀម ហូវើដ តាហ្វ (William Howard Taft) បានទិញរថយន្តចំនួន៤គ្រឿង និងបានកែច្នៃក្រោលរទេះសេះឱ្យក្លាយទៅជាយានដ្ឋានរថយន្ត។ ដំបូងឡើយ ប្រធានាធិបតីអាមេរិកជិះរថយន្តដែលពុំមានការកែច្នៃបន្ថែមអ្វីទាំងអស់ រហូតទាល់តែដល់សម័យរថយន្តលោកប្រធានាធិបតី ហ្រ្វង់ឃ្លីន រូស្វែល (Franklin D. Roosevelt) ដែលមានរហស្សនាមថា Sunshine Special ជារថយន្តប្រធានាធិបតីដំបូងបំផុត ដែលត្រូវបានផលិតឡើងជាពិសេសឱ្យស្របទៅតាមស្តង់ដាសុវត្ថិភាពរបស់ទីភ្នាក់ងារកងការពារសម្ងាត់ Secret Service។
មុនពេលមានឃាតកម្មលើលោក ចន ខេនណឺឌី (John F. Kennedy) រថយន្តប្រធានាធិបតីអាមេរិក ជារឿយៗអនុញ្ញាតឱ្យមេដឹកនាំប្រទេសនេះជិះដោយគ្មានការបិទបាំងអ្វីច្រើនឡើយ។ យ៉ាងណាមិញ ចាប់តាំងពីហេតុការណ៍នោះមក រថយន្តធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក គឺត្រូវបានដំឡើងកម្រាស់ការពារកាន់តែក្រាស់ ហើយបិទកាន់តែជិតដើម្បីពង្រឹងសុវត្ថិភាពខ្លាំងឡើងៗពីមួយជំនាន់ទៅមួយជំនាន់។
* លក្ខណៈមហាពិសេសរបស់ The Beast
រថយន្ត The Beast របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមានតម្លៃប្រមាណ១៥លានដុល្លារ គឺធ្លាប់បានប្រើប្រាស់ជាលើកដំបូងក្នុងដំណើរទស្សនកិច្ចមួយរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងញូយ៉កកាលពីខែកញ្ញា ឆ្នាំ២០១៨។ វាត្រូវបានផលិតដោយក្រុមហ៊ុនខាឌីលឡាក់ (Cadillac) ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន General Motors (GM) ហើយជាម៉ូដែលថ្មីខុសពីរថយន្ត The Beast របស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។
លក្ខណៈពិសេសរបស់រថយន្តនេះ រួមមានដូចជាតួខ្លួនដែលស្រោបដោយស្រទាប់ការពារផ្សំពីវត្ថុធាតុចម្រុះអាលុយមីញ៉ូម សេរ៉ាមិច និងដែកថែបកម្រាស់២០សង់ទីម៉ែត្រ និងបង្អួចកញ្ចក់កម្រាស់១២សង់ទីម៉ែត្រ ដែលមាន៥ស្រទាប់ការពារពីការបាញ់ទម្លុះ។ ទ្វារនីមួយៗរបស់រថយន្ត The Beast មានទម្ងន់ធ្ងន់ខ្លាំង គឺស្មើនឹងទ្វារនៅលើយន្តហោះ Boeing 757 ឯណោះ។ ចំណែកផ្ទៃខាងក្នុងរបស់វាត្រូវបានបិទយ៉ាងជិត ដើម្បីប្រឆាំងការវាយប្រហារដោយអាវុធគីមី។
នៅផ្នែកខាងក្រោមរថយន្តវិញ មានបំពាក់បន្ទះដែកថែបដែលការពារពីការវាយប្រហារដោយគ្រាប់បែកបង្កៃនៅតាមដងផ្លូវ។ ជាមួយគ្នានេះ កង់ទាំងបួនរបស់រថយន្តនេះត្រូវបានទ្រាប់ដោយសរសៃក្រណាត់ម៉្យាងហៅថា កេវឡា (Kevlar) ដែលធន់បំផុត ដើម្បីការពាររថយន្តពីការផ្ទុះបែក ហើយប្រសិនបើជានៅតែបែកទៀត រថយន្តនេះក៏នៅតែអាចបន្តដំណើរបានដោយប្រើប្រាស់ផ្នែកលោហៈដ៏រឹងមាំរបស់ខ្នងកង់ទាំងនោះបានផងដែរ ។
រីឯធុងសាំងរបស់រថយន្ត The Beast ត្រូវបានស្រោបដោយលោហៈធាតុការពារយ៉ាងរឹងមាំបំផុត និងមានផ្ទុកនូវសារធាតុម៉្យាងដើម្បីទប់ស្កាត់ការផ្ទុះឆេះថែមទៀត។ The Beast ក៏មានឧបករណ៍បាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅផ្នែកខាងមុខនិងខាងក្រោយ និងបច្ចេកវិទ្យាមើលផ្លូវពេលយប់ ព្រមទាំងកាំភ្លើង Shotgun ១ដើម រួមជាមួយម៉ាស៉ីនជំនួយដង្ហើម កញ្ចប់ស្តុកឈាមប្រធានាធិបតីអាមេរិក ធុងអុកស៉ីសែន ទូរស័ព្ទប្រើផ្កាយរណបដែលតភ្ជាប់ជាមួយអនុប្រធានាធិបតី និងក្រសួងការពារជាតិអាមេរិកដោយផ្ទាល់ ព្រមទាំងប្រព័ន្ធប្រាប់ទិសដៅ GPS។
ប្រធានាធិបតីអាមេរិកក៏អាចបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរចេញពីក្នុងរថយន្តនេះតែម្តងក៏បានដែរ។ ចំណែកអ្នកបើករថយន្ត គឺជាភ្នាក់ងារកងការពារសម្ងាត់ Secret Service ដែលមានជំនាញបើកបរយ៉ាងប៉ិនប្រសព្វជាទីបំផុត។
គួរបញ្ជាក់ថា ខាងលើនេះគ្រាន់តែជាលក្ខណៈពិសេសៗមួយចំនួនដែលត្រូវបានបញ្ចេញឱ្យដឹងជាសាធារណៈប៉ុណ្ណោះ ខណៈលក្ខណៈលម្អិតជាច្រើនទៀតគឺជាការណ៍សម្ងាត់របស់ទីភ្នាក់ងារ Secret Service ដើម្បីសុវត្ថិភាពប្រធានាធិបតី។ ជាទូទៅ រថយន្តប្រធានាធិបតីដែលគេឈប់ប្រើប្រាស់តែងតែត្រូវបានរុះរើកម្ទេចចោល ក្រោមការត្រួតពិនិត្យរបស់ Secret Service ដើម្បីកុំឱ្យអាថ៌កំបាំងរថយន្តទាំងនោះធ្លាក់ទៅដល់ដៃភាគីខាងក្រៅ។
ដោយឡែក ជាធម្មតា ក្បូនរថយន្តប្រធានាធិបតីអាមេរិកមានយានយន្តដល់ទៅរាប់សិបគ្រឿង ហើយក្នុងនោះមានរថយន្តដែលមានតួនាទីជាច្រើនប្រភេទ និងមានរថយន្តបន្លំដែលមានរូបរាងដូចរថយន្តរបស់ប្រធានាធិបតីផងដែរ។ នៅពេលចេញទៅទស្សនកិច្ចនៅក្រៅប្រទេស រថយន្ត The Beast និងរថយន្តអមដំណើរដទៃទៀតតែងត្រូវដឹកតាមយន្តហោះយកទៅតាមសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកជានិច្ច៕