(ព្រុយណេ)៖ ខណៈពេលដែលកម្ពុជាកំពុងទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ ឆ្នាំ២០២២នេះ យើងខ្ញុំសូមលើកបង្ហាញជូននូវអច្ឆរិយវត្ថុថ្មីៗនៅក្នុងតំបន់អាស៊ាន នោះគឺស្ពានឆ្លងសមុទ្រដែលវែងជាងគេនៅក្នុងតំបន់។
ស្ពានតេមប៊ូរ៉ុង (Temburong bridge) ត្រូវបានមតិភាគច្រើនចាត់ទុកថាជាស្ពានវែងដែលជាងគេបង្អស់ប្រចាំតំបន់អាស៉ីអាគ្នេយ៍។ ស្ពាននេះមានប្រវែងសរុបជាង៣០គីឡូម៉ែត្រកាត់ឆកសមុទ្រព្រុយណេ ស្ថិតនៅប្រទេសព្រុយណេដារូសាឡឹម តភ្ជាប់គ្នារវាងដែនដីប៉ែកខាងលិចនិងប៉ែកខាងកើតនៃប្រទេសនេះ។ គួរជម្រាបថា ឆកសមុទ្រព្រុយណេគឺជារបាំងធម្មជាតិ ហើយដែនដីម៉ាឡេស៉ីគឺជារបាំងព្រំដែន ដែលបានជ្រៀកប្រទេសព្រុយណេជា២ចំណែក ដូច្នេះហើយទើបចាំបាច់ត្រូវមានស្ពានតភ្ជាប់ការធ្វើដំណើររបស់ប្រជាជនព្រុយណេ ដោយមិនចាំបាច់ឆ្លងកាត់ព្រំដែនគោកជាមួយប្រទេសម៉ាឡេស៉ី។
គម្រោងសាងសង់ស្ពានដ៏វែងមួយនេះចំណាយអស់ថវិកាសរុបខ្ទង់១.៤ពាន់លានដុល្លារអាមេរិក។ ដំណើរការសាងសង់ស្ពានតេមប៊ូរ៉ុងនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១៤ ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២០។ ស្ពានតេមប៊ូរ៉ុងត្រូវបានសាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង Daelim និងក្រុមហ៊ុនចិន CSCEC។
ស្ពានខាងលើនេះតភ្ជាប់ស្រុកតេមប៊ូរ៉ុង (Temburong district) ដែលនៅដាច់ឆ្ងាយពីគេ មកកាន់រាជធានីបង់ដាសេរីបេហ្កាវ៉ាន់ ដោយឆ្លងកាត់ឆកសមុទ្រព្រុយណេ។ វាត្រូវបានសាងសង់ឡើងសម្រាប់ផ្តល់ជាមធ្យោយបាយធ្វើដំណើរងាយស្រួល និងរហ័សជាងមុន។ មុនពេលមិនទាន់មានស្ពាននេះ ប្រជាជនព្រុយណេដែលចង់ធ្វើដំណើរទៅមករវាងស្រុកតេមប៊ូរ៉ុង និងទីក្រុងបង់ដាសេរីបេហ្កាវ៉ាន់ ត្រូវជិះកាណូត ឬឆ្លងស្រឡាង ដោយប្រើពេលចន្លោះ៤៥នាទីទៅ១ម៉ោង ឬក៏ត្រូវជិះរថយន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី រួមជាមួយប៉ុស្តិ៍ឆែកឆេរអន្តោប្រវេសន៍ចំនួន៤កន្លែង ដែលប្រើពេលដល់ទៅ២ម៉ោងឯណោះ។ ស្ពានតេមប៊ូរ៉ុងជួយកាត់បន្ថយពេលវេលាធ្វើដំណើរមកនៅត្រឹម៣០នាទីប៉ុណ្ណោះ ហើយក៏មិនចាំបាច់ឆ្លងព្រំដែនបរទេសផងដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសចម្រើនព្រះជន្មឈានចូល៧៤ព្រះវស្សារបស់ព្រះចៅស៊ូលតង់ ហាជិ ហាសសាណាល់ ប៊ូគាស (Haji Hassanal Bolkiah) ស្ពានតេមប៊ូរ៉ុងត្រូវបានដាក់ឈ្មោះផ្លូវការឱ្យថា ស្ពានស៊ុលតង់ហាជិអូម៉ារអាលីសៃហ្វ៊ូដឌីន (Sultan Haji Omar Ali Saifuddien) ដើម្បីជាការគោរពដល់ព្រះបិតារបស់ទ្រង់ គឺព្រះចៅស៊ូលតង់ ហាជិ អូម៉ារ អាលី សៃហ្វ៊ូដឌីន សាអាឌុល ខៃរី វ៉ាដឌីន (Haji Omar Ali Saifuddien Saadul Khairi Waddien) ដែលត្រូវបានចាត់ទុកជាស្ថាបនិកនៃប្រទេសព្រុយណេសម័យទំនើបសព្វថ្ងៃនេះ។
គួរជម្រាបដែរថា នៅលើពិភពលោក ស្ពានដែលវែងជាងគេបំផុតនោះគឺស្ពានហុងកុង-ជូហៃ-ម៉ាកែវ ឬ Hong Kong-Zhuhai-Macau Bridge (HZMB) ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) នៃប្រទេសចិន ខណៈស្ពាននេះមានប្រវែងសរុបដល់ទៅ៥៥គីឡូម៉ែត្រ៕