(ភ្នំពេញ)៖ នាចុងបញ្ចប់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ក្រៅពីប្រគល់ពាន World Cup ផ្ទាល់ឱ្យទៅក្រុមដែលជាម្ចាស់ជើងឯក ក៏មានដែរនូវការប្រកាសផ្តល់ពានរង្វាន់ប្រភេទផ្សេងៗផងដែរ ក្នុងនោះមានទាំងពានរង្វាន់ «ស្បែកជើងមាស ឬ Golden Boot» ដែលប្រគល់ឱ្យកីឡាកររូបណាដែលរកគ្រាប់ស៊ុតបញ្ចូលទីបានច្រើនជាងគេ។
ការប្រគល់ពានរង្វាន់ Golden Boot ត្រូវបានធ្វើឡើងជាលើកដំបូង កំលុងពេល World Cup ឆ្នាំ១៩៨២ ក្រោមឈ្មោះថាពានរង្វាន់ Golden Shoe ហើយរហូតមកដល់ឆ្នាំ២០១០ ទើបត្រូវបានប្តូរឈ្មោះថ្មីមកជា Golden Boot នេះវិញ។ រីឯអ្នកស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេកំលុងព្រឹត្តិការណ៍មុនៗក៏ត្រូវទទួលបានពាន Golden Shoe/Boot ផងដែរ។ ចំណែកអ្នកដែលជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក៏ទទួលបានពានស្បែកជើងប្រាក់ និងស្បែកជើងសំរឹទ្ធផងដែរ។
តើកីឡាករបាល់ទាត់មកពីប្រទេសណាខ្លះដែលឈ្នះពានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ FIFA World Cup ចាប់ពីឆ្នាំ១៩៣០-២០១៨?
១. World Cup ឆ្នាំ១៩៣០៖ កីឡាករឈ្មោះ Guillermo Stábile មកពីក្រុមអាហ្សង់ទីន ដែលរកគ្រាប់បាល់បញ្ចូលទីបានចំនួន៨គ្រាប់។
២. World Cup ឆ្នាំ១៩៣៤៖ កីឡាករឈ្មោះ Oldřich Nejedlý មកពីក្រុមសាធារណរដ្ឋឆែក ដែលរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់។
៣. World Cup ឆ្នាំ១៩៣៨៖ កីឡាករឈ្មោះ Leônidas មកពីក្រុមប្រេស៉ីល ដែលរកគ្រាប់បាល់បញ្ចូលទីបាន៧គ្រាប់។
៤. World Cup ឆ្នាំ១៩៥០៖ កីឡាករឈ្មោះ Ademir មកពីក្រុមប្រេស៉ីល ដែលរកគ្រាប់បាល់បញ្ចូលទីបាន៨គ្រាប់។
៥. World Cup ឆ្នាំ១៩៥៤៖ កីឡាករឈ្មោះ Sándor Kocsis មកពីក្រុមហុងគ្រី ដែលរកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់។
៦. World Cup ឆ្នាំ១៩៥៨៖ កីឡាករឈ្មោះ Just Fontaine មកពីក្រុមបារាំង ដែលរកគ្រាប់បាល់បញ្ចូលទីបាន១៣គ្រាប់។
៧. World Cup ឆ្នាំ១៩៦២៖ កីឡាករចំនួន៦នាក់ មកពីក្រុមហុងគ្រី, ក្រុមសហភាពសូវៀត, ក្រុមប្រេស៉ីល, ក្រុមយូហ្គោស្លាវី និងក្រុមស៉ីលី (ឈីលី) ដែលរកគ្រាប់បាល់បញ្ចូលទីបាន៤គ្រាប់ស្មើគ្នា។
៨. World Cup ឆ្នាំ១៩៦៦៖ កីឡាករឈ្មោះ Eusébio មកពីព័រទុយហ្កាល់ ដែលរកគ្រាប់បាល់បញ្ចូលទីបាន៩គ្រាប់។
៩. World Cup ឆ្នាំ១៩៧០៖ កីឡាករឈ្មោះ Gerd Müller មកពីក្រុមអាល្លឺម៉ង់ ដែលរកគ្រាប់បាល់បញ្ចូលទីបា១០គ្រាប់។
១០. World Cup ឆ្នាំ១៩៧៤៖ កីឡាករឈ្មោះ Grzegorz Lato មកពីក្រុមប៉ូឡូញ ដែលរកគ្រាប់បាល់បញ្ចូលទីបាន ៧គ្រាប់។
១១. World Cup ឆ្នាំ១៩៧៨៖ កីឡាករឈ្មោះ Mario Kempes មកពីក្រុមអាហ្សង់ទីន ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១២. World Cup ឆ្នាំ១៩៨២៖ កីឡាករ Paolo Rossi មកពីក្រុមអ៉ីតាលី ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១៣. World Cup ឆ្នាំ១៩៨៦៖ កីឡាករ Gary Lineker មកពីក្រុមអង់គ្លេស ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១៤. World Cup ឆ្នាំ១៩៩០៖ កីឡាករ Salvatore Schillaci មកពីក្រុមអ៉ីតាលី ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១៥. World Cup ឆ្នាំ១៩៩៤៖ កីឡាករ Oleg Salenko មកពីក្រុមរុស្ស៉ី និងកីឡាករ Hristo Stoichkov មកពីក្រុមប៊ុលហ្ការី ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១៦. World Cup ឆ្នាំ១៩៩៨៖ កីឡាករ Davor Suker មកពីក្រុមក្រូអាស៉ី ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
១៧. World Cup ឆ្នាំ២០០២៖ កីឡាករ Ronaldo មកពីក្រុមប្រេស៉ីល ដែលរកគ្រាប់បាល់បញ្ចូលទីបាន៨គ្រាប់។
១៨. World Cup ឆ្នាំ២០០៦៖ កីឡាករ Miroslav Klose មកពីក្រុមអាល្លឺម៉ង់ ដែលរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់។
១៩. World Cup ឆ្នាំ២០១០៖ កីឡាករ Thomas Müller មកពីក្រុមអាល្លឺម៉ង់ ដែលរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់។
២០. World Cup ឆ្នាំ២០១៤៖ កីឡាករ James Rodríguez មកពីក្រុមកូឡុំប៊ី ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
២១. World Cup ឆ្នាំ២០១៨៖ កីឡាករ Harry Kane មកពីអង់គ្លេស ដែលរកគ្រាប់បាល់បញ្ចូលទីបាន៦គ្រាប់។
គួរបញ្ជាក់ថា ពានរង្វាន់ Golden Boot ធ្វើឡើងពីលោហៈធាតុរួមផ្សំគ្នារវាងស្ពាន់និងស័ង្កសី ហើយស្រោបដោយមាស និងមានទម្ងន់ប្រហែល១គីឡូក្រាម។ មកទល់ឥឡូវ មិនដែលមានកីឡាករណាធ្លាប់ឈ្នះពានរង្វាន់នេះលើសពីម្តងឡើយ ប៉ុន្តែប្រេស៉ីលមានកីឡាករដែលឈ្នះពាន Golden Boot សរុបដល់ទៅ៦នាក់។ សម្រាប់ World Cup ឆ្នាំ២០២២នេះវិញ គឺទាល់តែដល់ពេលបិទបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូខាងមុខ ទើបរកឃើញម្ចាស់ពានរង្វាន់ស្បែកជើងមាសនេះ៕