(ភ្នំពេញ)៖ ប្រសិនបើអ្នកពិនិត្យមើលទៅលើ និមិត្តសញ្ញានៃក្រុមបាល់ទាត់ជម្រើសជាតិរបស់បណ្តាប្រទេស ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup អ្នកប្រហែលជាកត់សម្គាល់ឃើញថាមានតែក្រុមមួយចំនួនតូចប៉ុណ្ណោះ ដែលមានរូបផ្កាយនៅលើនិមិត្តសញ្ញារបស់ពួកគេខុសប្លែកពីក្រុមដទៃៗទៀត។

ដូច្នេះហើយតើរូបផ្កាយទាំងនោះ និងចំនួនពួកវាតំណាងឱ្យអ្វីទៅ? ចម្លើយគឺក្រុមដែលនិមិត្តសញ្ញាមានផ្កាយនៅពីខាងលើយ៉ាងដូច្នេះ គឺជាក្រុមដែលធ្លាប់លើកពាន World Cup ខណៈចំនួនរបស់ពួកវាគឺតំណាងឱ្យចំនួនដែលក្រុមទាំងនោះធ្លាប់ឈ្នះពាន។ តួយ៉ាងក្រុមប្រេស៉ីលដែលនិមិត្តសញ្ញាមានផ្កាយដល់ទៅ៥ច្រើនជាង គឺដោយសារតែក្រុមប្រទេសអាមេរិកឡាទីនមួយនេះ ធ្លាប់ឡើងគ្រង​តំណែងជើងឯក World Cup ដល់ទៅ៥សម័យកាល។ រីឯក្រុមអាល្លឺម៉ង់ ដែលមានផ្កាយចំនួន៤ នៅលើនិមិត្តសញ្ញាគឺដោយសារខ្លួនធ្លាប់ឈ្នះ World Cup បានចំនួន៤លើក ខណៈនិមិត្តសញ្ញារបស់ក្រុមអង់គ្លេសមានផ្កាយតែ១ គឺដោយសារធ្លាប់ឈ្នះតែ១លើក។

គួរបញ្ជាក់ថា មានក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសសរុបចំនួន៨ ដែលមានរូបផ្កាយបែបនេះនៅលើនិមិត្តសញ្ញារបស់ខ្លួន៖

១. ប្រេស៉ីល (៥ផ្កាយ)

២. អាល្លឺម៉ង់ (៤ផ្កាយ)

៣. អ៉ីតាលី (៤ផ្កាយ)

៤. អ៊ុយរូហ្កាយ (៤ផ្កាយ)

៥. អាហ្សង់ទីន (២ផ្កាយ)

៦. បារាំង (២ផ្កាយ)

៧. អង់គ្លេស (១ផ្កាយ)

៨. អេស៉្បាញ (១ផ្កាយ)

គួរបញ្ជាក់ថា សម្រាប់អ៊ុយរូហ្កាយ គឺធ្លាប់ឈ្នះពាន World Cup តែ២លើកប៉ុណ្ណោះ នៅឆ្នាំ១៩៣០ និងឆ្នាំ១៩៥០ ប៉ុន្តែហេតុអ្វីមានផ្កាយ ដល់៤បែបនេះ គឺដោយសារសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួលស្គាល់ផ្លូវការថា មេដាយមាសអូឡាំពិកផ្នែកកីឡាបាល់ទាត់ ដែលអ៊ុយរូហ្កាយបានឈ្នះនៅឆ្នាំ១៩២៤ និងឆ្នាំ១៩២៨ ក៏មានឋានៈស្មើនឹងជើងឯកពិភពលោកផងដែរ។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២២នេះវិញ តើក្រុមក្នុងចំណោមក្រុមទាំង៨ខាងលើនឹងជាអ្នកឈ្នះពាន World Cup ជាថ្មីម្តងទៀត ហើយដំឡើងចំនួនផ្កាយលើនិមិត្តសញ្ញារបស់ខ្លួន ឬក៏ក្រុមថ្មី ដែលនឹងមានឱកាសទទួលបានរូបផ្កាយជាលើកដំបូង ដៅនៅលើនិមិត្តសញ្ញារបស់ពួកគេ៕