(ភ្នំពេញ)៖ ចាប់ពីតែឆ្នាំ១៩៩០ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA តែងតែរៀបចំឱ្យមានបទចម្រៀងផ្លូវការ សម្រាប់ព្រឹត្តិការណ៍ World Cup នីមួយៗរបស់ខ្លួនជាប់និច្ច។ ក្នុងចំណោមនោះមានបទចម្រៀងខ្លះទទួលបានការពេញនិយមជាខ្លាំង ដោយដក់ជាប់ក្នុងចិត្តរបស់ ប្រិយមិត្តគាំទ្រវិស័យបាល់ទាត់រាប់ពាន់លាននាក់ នៅទូទាំងពិភពលោក។
បទចម្រៀង World Cup ចំនួន៤បទ ដែលត្រូវបានចាត់ទុកថាល្បីសុះសាយជាងគេបំផុត រួមមានដូចជា បទ La Copa de la Vida (The Cup of Life) ដោយអ្នកចម្រៀង Ricky Martin មកពីដែនដី Puerto Rico របស់សហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ នៅប្រទេសអ៉ីតាលី។ បន្ទាប់មកទៀតគឺបទ Zeit dass sich was dreht (Celebrate The Day) ដោយអ្នកចម្រៀងជនជាតិអាល្លឺម៉ង់ Herbert Grönemeyer សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់។
រីឯបទ World Cup ល្បីបំផុត២ចុងក្រោយវិញ គឺជាបទចម្រៀងកំលុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង។ មួយគឺបទ Waka Waka (This Time for Africa) ដោយអ្នកចម្រៀងជនជាតិកូឡុំប៊ី Shakira ដែលជាបទចម្រៀងផ្លូវការរបស់ FIFA ផ្ទាល់ និងមួយទៀតគឺបទ Wavin' Flag ដោយអ្នកចម្រៀងជនជាតិសូម៉ាលីកាត់កាណាដា K'naan ដែលជាបទចម្រៀងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Coca-Cola កំលុងព្រឹត្តិការណ៍ World Cup នោះ។
មកទល់បច្ចុប្បន្ន បទចម្រៀង Waka Waka (This Time for Africa) មានចំនួនអ្នកចុចទស្សនាកើនដល់ទៅជិត ៣.៣ពាន់លានដង ចាប់តាំងពីបានចេញនៅលើ YouTube កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១០ ហើយធ្វើឱ្យវីដេអូបទនេះ ជាប់ក្នុងចំណោមវីដេអូកំពូលទាំង៣០ នៅលើ YouTube ដែលមានចំនួនទស្សនាច្រើនបំផុត។ រីឯវីដេអូបទ Wavin' Flag វិញ ក៏មិនអន់ដែរ គឺមានការទស្សនាជិត ៤០៥លានដង។
ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ស្ថាប័ន FIFA ក៏បានបញ្ចេញបទចម្រៀងផ្លូវការមួយចំនួនផងដែរ សម្រាប់ព្រឹត្តិការណ៍ World Cup នៅឯប្រទេសកាតា រួមមានបទ Hayya Hayya (Better Together), បទ Arhbo និងបទ Light The Sky ជាដើម៕