(ភ្នំពេញ)៖ ស្របពេលដែលមនុស្សម្នាលើពិភពលោកកំពុងជក់ចិត្តនឹងព្រឹត្តិការណ៍បាល់ទាត់ FIFI World Cup 2022 នោះ Fresh News Plus សូមចែករំលែកពីដើមកំណើតបាល់ទាត់ និងប្រិយភាពរបស់កីឡាប្រភេទនេះផងដែរ។
ល្បែងមួយដែលពិភពលោកកំពុងហៅថា បាល់ទាត់ (Football ឬ Soccer នៅសហរដ្ឋអាមេរិក) បានចាប់ផ្តើមមាននៅប្រទេសចិនតាំងពី២៥០០ឆ្នាំមុនគ្រិស្តសករាជ ដែលចិនដាក់ឈ្មោះថា ឈូជូ (Cuju)។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាបាល់ទាត់ដែលយើងស្គាល់សព្វថ្ងៃនេះមានប្រភពពីប្រទេសអង់គ្លេស។
ក្នុងឆ្នាំ១៨៤០ សមាគមបាល់ទាត់របស់អង់គ្លេសបានបង្កើតបទប្បញ្ញត្តិបាល់ទាត់ ហើយកីឡាបាល់ទាត់សម័យទំនើបក៏បានបង្កើតឡើង។ សព្វថ្ងៃនេះ មានមនុស្សលើសពី២០០លាននាក់ជុំវិញពិភលោកបានចូលរួមលេងកីឡាបាល់ទាត់ ដែលធ្វើឱ្យកីឡានេះក្លាយជាកីឡារបស់ពិភពលោកទាំងមូល។
នៅពេលមានសំណួរថា ហេតុអ្វីបានជាកីឡាបាល់ទាត់មានប្រជាប្រិយភាព? នេះប្រហែលមកពីវាបង្កើតមិត្តភាព។ នៅពេលលេងកីឡាបាល់ទាត់ អ្នកលេងមានអារម្មណ៍ថាក្រុមដែលនៅលើទីលានគឺជាក្រុមរបស់អ្នក ជ័យជម្នះរបស់ពួកគេគឺជាជ័យជម្នះរបស់អ្នក ហើយបរាជ័យរបស់ពួកគេគឺជាបរាជ័យរបស់អ្នក។
មានទស្សនៈខ្លះយល់ថា ប្រិយភាពរបស់បាល់ទាត់កើតឡើងដោយសារតែគុណសម្បត្តិជាអន្តរជាតិរបស់វាតែម្តង។ នៅបណ្តាប្រទេសមួយចំនួនដូចជាបារាំង អង់គ្លេស អេស្ប៉ាញ និងប្រេស៊ីល ក្រុមធំៗមានកីឡាករជាច្រើនមកពីបណ្តាប្រទេសអន្តរជាតិ ហើយឥឡូវនេះក្លិបបាល់ទាត់ទាំងនេះមានអ្នកគាំទ្រទូទាំងពិភពលោក។ មានទស្សនៈខ្លះទៀតយល់ថា កីឡាបាល់ទាត់ល្បីល្បាយដោយសារតែធ្វើឱ្យរកចំណូលបានច្រើន។ កីឡាករបាល់ទាត់មួយចំនួន ដូចជា Neymar មកពីប្រេស៊ីល និងកីឡាករ Victor Moses មកពីនីហ្សេរីយ៉ា សុទ្ធតែជាអ្នកធ្លាប់ក្រីក្រ ប៉ុន្តែសព្វថ្ងៃពួកគេរកចំណូលបានរាប់លានយូរ៉ូឯណោះជារៀងរាល់ឆ្នាំ។ កីឡាបាល់ទាត់អាចល្បីល្បាញដោយសារតែចំណុចដែលបានរៀបរាប់មកនេះ ប៉ុន្តែហេតុផលចម្បងដែលធ្វើឲ្យវាក្លាយជាទីចាប់អារម្មណ៍លក្ខណៈសកល គឺវាជាល្បែងដ៏សាមញ្ញមួយ។ អ្នកអាចលេងបាល់ទាត់បានគ្រប់កន្លែងជាមួយនឹងអ្វីក៏បាន ដូចជាពេលខ្លះគេឃើញការលេងបាល់ទាត់ដោយមានតែបាល់មួយ ខ្លះទាត់កំប៉ុង ខ្លះគេចងថង់រួមគ្នាក៏ទាត់បានដែរ ហើយនរណាក៏អាចលេងវាបានទៀតផង។
* កីឡាបាល់ទាត់ ជានិមិត្តសញ្ញានៃការរួបរួមនៅទ្វីបអាហ្វ្រិក
នៅសតវត្សទី១៩ ការដាក់អាណានិគមរបស់ពួកអឺរ៉ុប ជាហេតុនាំឱ្យកីឡាបាល់ទាត់កើតឡើងនៅទ្វីបអាហ្វ្រិក។ ការប្រកួតដំបូងបានធ្វើឡើងនៅកំពង់ផែអេលីហ្សាប៊ែត (Port Elizabeth) និងនៅទីក្រុងខេបថោន (Cape Town) នៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ១៨៦២។ ពេលនោះហើយដែលបាល់ទាត់រីកសាយភាយទូទាំងទ្វីបអាហ្វ្រិកតែម្តង។
សព្វថ្ងៃនេះ កីឡាករកំពូលៗមួយចំនួនរបស់ពិភពលោក មានដើមកំណើតនៅអាហ្វ្រិក ដូចជា សេណេហ្កាល់ កូឌីវ័រ ហ្កាណា និងនីហ្សេរីយ៉ាជាដើម។ មានអ្នកខ្លះ ហាត់បាល់ទាត់ដោយជើងទទេរ ហើយពួកគេជំនាញខ្លាំងណាស់ដែរ ព្រមទាំងក្លាយជាអ្នកប្រកួតដែលមានទេពកោសលខ្ពស់។ នៅប្រទេសកូឌីវ័រ អ្នកអន្តោប្រវេសន៍ និងម៉ូស្លីមបានប្រឈមមុខនឹងការរើសអើងអស់ច្រើនឆ្នាំមកហើយ។ ឥឡូវនេះ អ្នកលេងកីឡាដ៏ល្អលំដាប់ប្រទេស គឺមកពីគ្រួសារម៉ូស្លីម និងអន្តោប្រវេសន៍។ ជាលទ្ធផល ជម្រើសជាតិក្លាយជានិមិត្តសញ្ញាមួយនៃការរួមគ្នា និងថែមទាំងជំរុញឱ្យមានសន្តិភាពទូទាំងប្រទេសទៀតផង។ នៅទូទាំងអាហ្វ្រិក កីឡាបាល់ទាត់មានប្រជាប្រិយភាពជាមួយសហគមន៍៕