(ភ្នំពេញ)៖ ជាក់ស្តែងទីភ្នាក់ងារចារកម្មនៃបណ្តាប្រទេសនានា សុទ្ធតែត្រូវមានការលាក់បាំង ប៉ុន្តែស្ថាប័នចារកម្មរបស់ប្រទេសចិន ហាក់ធ្វើ ប្រតិបត្តិការក្រោមស្ថានភាពសម្ងាត់ខ្លាំងជាង ស្ថាប័នចារកម្មភាគច្រើនផ្សេងទៀតដូចជា CIA របស់អាមេរិក ឬ MI6 របស់ចក្រភពអង់គ្លេស ជាដើម ដោយពុំមានវែបសាយ ឬក៏អ្នកនាំពាក្យអ្វីទាំងអស់។
* ទីភ្នាក់ងារចារកម្មចិនមានឈ្មោះអ្វី?
ស្ថាប័នចារកម្មរបស់ចិន មានទម្រង់ជាក្រសួងមួយតែម្តង គឺក្រសួងសន្តិសុខជាតិ (Ministry of State Security) ហៅកាត់ថា «MSS» ដែលត្រូវ បានបង្កើតឡើងកាលពីឆ្នាំ១៩៨៣។ ស្ថាប័ននេះទទួលបន្ទុកលើការងារចារកម្មផ្នែកស៉ីវិល រួមមានការទប់ទល់ប្រឆាំងសកម្មភាពចារកម្មពីសំណាក់ភ្នាក់ងារបរទេសនៅក្នុងទឹកដីចិន ការស៉ើបការណ៍នៅប្រទេសដទៃ ព្រមទាំងការតាមដានឃ្លាំងមើល ក៏ដូចជាការស៉ើបការណ៍ ក្នុងស្រុកផ្ទាល់ ដើម្បីការពារសន្តិសុខជាតិ។
និយាយរួមទៅ MSS ជាទីភ្នាក់ងារចារកម្ម សន្តិសុខ និងប៉ូលិសសំងាត់របស់ចិន។ ជារឿយៗ MSS ត្រូវគេចាត់ទុកប្រៀបដូចជាស្ថាប័នមួយដែលរួមបញ្ចូលគ្នារវាងទីភ្នាក់ងារចារកម្ម CIA និងទីភ្នាក់ងារប៉ូលិស FBI របស់សហរដ្ឋអាមេរិកយ៉ាងដូច្នោះ ឬក៏ដូចទៅនឹងទីភ្នាក់ងារ KGB របស់អតីតសហភាពសូវៀត។ ចិនក៏មាន នាយកដ្ឋានស៉ើបការណ៍សំងាត់ដាច់ដោយឡែកផ្សេង ពាក់ព័ន្ធជាមួយចារកម្មផ្នែកយោធានៅក្នុងស្ថាប័នយោធារបស់ខ្លួនផងដែរ។
* បេសកកម្ម និងសិទ្ធិអំណាចរបស់ចារកម្មចិន
បេសកកម្មចម្បងរបស់ MSS គឺធានាឲ្យបាននូវសន្តិសុខរបស់ប្រទេសចិន តាមរយៈចំណាត់ការផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពប្រឆាំងនឹង ក្រុមចារជនរបស់បច្ចាមិត្ត រួមជាមួយសកម្មភាពប្រឆាំងបដិវត្តន៍ ដែលមានគោលដៅបំផ្លាញ បង្កអស្ថិរភាព ឬផ្តួលរំលំប្រព័ន្ធសង្គមនិយមរបស់ចិន ។ ក្នុងមាត្រាទី៤នៃនីតិព្រហ្មទណ្ឌរបស់ប្រទេសចិន ផ្តល់ឲ្យ MSS នូវសិទ្ធិដូចប៉ូលិសទូទៅដែរ គឺសិទ្ធិចាប់ឬឃាត់ខ្លួនមនុស្ស ជុំវិញបទល្មើសដែលទាក់ទង ជាមួយសន្តិសុខជាតិ។
ចំណែកច្បាប់ចារកម្មថ្មី ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧ ផ្តល់អំណាចយ៉ាងទូលំទូលាយឲ្យ MSS ក្នុងការធ្វើប្រតិបត្តិការស៉ើបការណ៍ជាច្រើនប្រភេទទាំងនៅក្រៅប្រទេស និងទាំងនៅក្នុងប្រទេសផ្ទាល់។ ក្រៅពីនេះ MSS ក៏មានសិទ្ធិឃ្លាំមើល និងស៉ើបអង្កេតទៅលើបុគ្គល និងស្ថាប័នរបស់ចិនផ្ទាល់ និងរបស់បរទេស ហើយអាចបង្គាប់ឲ្យពួកគេចូលរួម ឬផ្តល់ការគាំទ្រដល់សកម្មភាពចារកម្មបានថែមទៀតផង។ MSS ក៏មានសិទ្ធិឃុំខ្លួនរហូតដល់១៥ថ្ងៃ ចំពោះបុគ្គលដែលបង្កការរាំងស្ទះដល់សកម្មភាពចារកម្ម ឬធ្វើឲ្យលេចធ្លាយព័ត៌មានសំងាត់ផងដែរ។
គួរបញ្ជាក់ថា ចិនមានក្រសួងសន្តិសុខមួយទៀតគឺ ក្រសួងសន្តិសុខសាធារណៈ (Ministry of Public Security) ដែលទទួលបន្ទុកលើការ អនុវត្តច្បាប់ជាទូទៅក្នុងប្រទេស។ ប៉ូលិសចិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងនេះ។ បើនិយាយឲ្យងាយយល់វាជាស្ថាប័នប៉ូលិសជាតិរបស់ចិន ដូច្នេះហើយចូរកុំភ័ន្តច្រឡំជាមួយ MSS។
* ប្រមុខដឹកនាំបច្ចុប្បន្នរបស់ស្ថាប័នចារកម្មចិន
សព្វថ្ងៃក្រសួងសន្តិសុខជាតិចិន MSS ស្ថិតក្រោមការដឹកនាំរបស់លោក ចិន យីស៉ីន (Chen Yixin) ដែលបានឡើងកាន់តំណែងនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២៕