(ភ្នំពេញ)៖ នៅអត្ថបទមុន លោកអ្នកប្រាកដជាបានអានអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងដើមសម័យអាណាចក្រភ្នំមកម្ល៉េះ ក្នុងនោះកម្ពុជាជាភាគីដែលបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិនមុន ហើយនៅអត្ថបទនេះ Fresh News Plus នឹងបង្ហាញអំពីបណ្ដាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅកម្ពុជាមុនគេបង្អស់វិញម្ដង។

បើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន មុនពេលបេសកទូតចិនធ្វើដំណើរមកកាន់ទឹកដីកម្ពុជាលើកដំបូង កម្ពុជាបានបញ្ជូនបណ្ណាការទៅថ្វាយស្ដេចចិនជាច្រើនលើក ក្នុងនោះនៅគ្រិស្ដសករាជឆ្នាំ២៤៣ ព្រះមហាក្សត្រនគរភ្នំ ព្រះបាទហ្វានឆាន (King Fan Chan) បានបញ្ជូនបណ្ណាការមានដូចជាក្រុមតន្ត្រីករ ឧបករណ៍ភ្លេង និងវត្ថុប្រចាំតំបន់ជាច្រើនទៀតទៅថ្វាយស្ដេចស៊ុនឈាន (Sun Qian) ដែលសោយរាជ្យនៅនគរតុងអ៊ូ (Dong Wu) ពោលគឺចំសម័យកាលសាមកុក ឬយុទ្ធសម័យនគរទាំងបី។ ព្រះបាទហ្វានឆាន ដែលហៅតាមសំនៀងភាសាចិននេះ ប្រហែលជាត្រូវនឹងភាសាខ្មែរហៅថា ព្រះបាទស្រីមារៈ (សិលាចារឹកនៅវ៉ូកាញ់)។

យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរបានសរសេរថា ក្នុងយុទ្ធសម័យនគរទាំងបី នគរអ៊ូដែលស្ថិតនៅភាគខាងកើតប្រទេសចិនមិនអាចធ្វើជំនួញ និងទំនាក់ទំនងជាមួយប្រទេសនៅប៉ែកខាងលិចបានឡើយ ដោយសារតែនៅខាងលិចនគរអ៊ូនេះមាននគរវ៉ី (Cao-Wei) និងនគរស៊ូ (Han-Shu) ដែលជាសត្រូវរបស់ខ្លួន ជាហេតុមិនអាចឆ្លងកាត់បាន។ ដូច្នេះហើយទើបនគរតុងអ៊ូត្រូវងាកមកធ្វើជំនួញ និងរឹតចំណងមេត្រីភាពជាមួយប្រទេសដទៃតាមផ្លូវសមុទ្រវិញ ក្នុងនោះក៏មាននគរភ្នំរបស់ខ្មែរផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្ស៊ែរណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ ២២៨។

លុះដល់គ្រិស្ដសករាជ ២៤៥-២៥០ ស្ដេចនគរតុងអ៊ូ ស៊ុន ឈាន ក៏បានបញ្ចូលបេសកទូតចំនួន២រូបមកបំពេញទស្សនកិច្ចនៅនគរភ្នំ ក្នុងបំណងដើម្បីចងស្ពានមេត្រីជាមួយកម្ពុជា។ រាជទូតទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ខាង ថាយ (Kang Tai) មានតួនាទីជាពលទោនៃកងទ័ពតុងអ៊ូ និងម្នាក់ទៀតមានឈ្មោះ ជូ អ៉ីង (Zhu Ying) មានតួនាទីជាឃោសនករនៃនគរតុងអ៊ូ។

រាជទូត ខាង ថាយ និង ជូ អ៉ីង ក្រោយត្រលប់មកពីនគរភ្នំវិញ ពួកគេបានសរសេរនូវស្នាដៃដែលទាក់ទងនឹងទឹកដីភូមិសាស្ត្រ ធនធានផលិតផល និងប្រពៃណីរបស់អ្នកស្រុកនគរភ្នំ។ លោក ជូ អ៉ីង បានសរសេរនូវកំណត់ត្រាវត្ថុចម្លែកៗនៅនគរភ្នំ កត់ត្រានូវគំហើញនិងការជួបប្រទះផ្ទាល់ភ្នែកក្នុងពេលចុះទស្សនកិច្ចនៅនគរភ្នំ និងបណ្តានគរផ្សេងទៀត។ ចំណែកលោក ខាង ថាយ ក៏បានសរសេរនូវកំណត់ត្រាបរទេសសម័យអ៊ូ ឬហៅថា «តម្រាបរទេសសម័យអ៊ូ» ឬក៏អាចហៅថា «កំណត់ហេតុហ្វូណន» ហើយក៏អាចហៅម្យ៉ាងទៀតថា «ប្រវត្តិហ្វូណន»។ លោក ខាង ថាយ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទេសភាពល្អ ប៉ុន្តែរាស្រ្តលេងខ្លួនទទេគួរចម្លែក។

ឆ្លងកាត់ការសរសេរសៀវភៅទាំងនេះ ខាង ថាយ និង ជូ អ៉ីង បានរៀបរាប់អំពីស្ថានភាពនៅកម្ពុជានាសម័យនគរភ្នំដល់ប្រជាជនចិន ធ្វើឱ្យជនជាតិចិនយល់ដឹងនិងស្គាល់ពីកម្ពុជាបានកាន់ច្រើន រួមចំណែកដល់ការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ទំនាក់ទំនង វប្បធម៌កម្ពុជានិងចិន។ ស្របពេលនោះដែរ ស្នាដៃលោកពីរក៏ជាឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់ពីកម្ពុជានាសម័យនោះផងដែរ៕