(ភ្នំពេញ)៖ ពេលដែលយើងក្រឡេកមើលផែនទីពិភពលោក យើងទំនងជាកត់សម្គាល់ឃើញថា ព្រំប្រទល់របស់បណ្តាប្រទេសជាច្រើន នៅឯទី្វបអាហ្រ្វិក មានលក្ខណៈជាខ្សែបន្ទាត់ត្រង់ៗជាពិសេស នៅតំបន់ភាគខាងជើងនិងខាងត្បូង ហើយប្រហែលជាមានការងឿងឆ្ងល់ថា តើវាមកពីមូលហេតុអ្វីទៅ។
ចម្លើយគឺដោយសារតែទ្វីបអាហ្វ្រិក ធ្លាប់ស្ថិតក្រោមអាណានិគមរបស់អឺរ៉ុប តាំងតែពីមុនសតវត្សរ៍ទី១៨មកម្ល៉េះ។ នៅពេលទៅដល់អាហ្រ្វិក ពួកអឺរ៉ុបរួមមានដូចជាចក្រភពអង់គ្លេស បារាំង អ៉ីតាលី ព័រទុយហ្គាល់ អេស៉្បាញ បែលហ្ស៉ិក និងអាល្លឺម៉ង់ ជាដើម បានឯកភាពគ្នាបែកចែកព្រំប្រទល់ដែនដីអាណានិគមរបស់ខ្លួន ដោយប្រើខ្សែបន្ទាត់ត្រង់ៗដើម្បីកាត់បន្ថយភាពស្មុគស្មាញ ក្នុងករណីដែលគ្មានរនាំងធម្មជាតិដូចជា ដងទន្លេ បឹងធំៗ ឬជួរភ្នំ ដើម្បីយកធ្វើជាព្រំប្រទល់។ ប្រមាណជាង៤០ភាគរយ នៃព្រំប្រទល់នៅអាហ្រ្វិក គឺមានលក្ខណៈជាបន្ទាត់ត្រង់ៗ។
គួរជម្រាបថា ដែនដីអាណានិគមរបស់អឺរ៉ុបនៅអាហ្រ្វិកភាគច្រើន ទទួលបានឯករាជ្យនៅសតវត្សរ៍ទី២០ ហើយព្រំប្រទល់ត្រង់ៗរបស់ពួកគេ បានរក្សានៅបែបនោះមកទល់សព្វថ្ងៃ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ការគូសខ្សែបន្ទាត់ព្រំដែនរបស់ពួកអឺរ៉ុប ត្រូវបានធ្វើឡើងដោយមិនខ្វល់ពី ព្រំប្រទល់របស់ក្រុមកុលសម្ព័ន្ធដ៏ច្រើនលើសលប់ នៅអាហ្រ្វិកឡើយ។ ដូច្នេះហើយ ឧទាហរណ៍ អ្នកខ្លះរស់នៅក្នុងភូមិកុលសម្ព័ន្ធតែមួយ ប៉ុណ្ណោះ ប៉ុន្តែត្រូវស្ថិតក្នុងប្រទេសផ្សេងគ្នា៕