(ភ្នំពេញ)៖ ខណៈប្រទេសនានាស្ទើរតែទូទាំងពិភពលោកនាំគ្នាប្រើប្រាស់ប្រព័ន្ធខ្នាតអន្តរជាតិហៅថា International System of Units ឬ Metric System សហរដ្ឋអាមេរិកឯណោះវិញប្រើប្រព័ន្ធខ្នាតផ្ទាល់ខ្លួនមួយ ដែលយោងតាមប្រព័ន្ធខ្នាតសម័យមុន របស់ចក្រភពអង់គ្លេស ហៅថា Imperial System។
* អ្វីទៅជាប្រព័ន្ធខ្នាត Imperial?
Imperial System គឺជាប្រព័ន្ធខ្នាតទម្ងន់និងវង្វាស់ផ្លូវការនៅក្នុងចក្រភពអង់គ្លេស មុនពេលពួកគេងាកមកប្រើប្រាស់ប្រព័ន្ធខ្នាតអន្តរជាតិនៅឆ្នាំ១៩៦៥។ ទោះក្រោយទទួលបានឯករាជ្យពីអង់គ្លេសក៏ដោយ អាមេរិកបានសម្រេចនៅបន្តប្រើប្រព័ន្ធខ្នាត ដោយយោងទៅតាមប្រព័ន្ធ Imperial System ដដែល។ មួយវិញទៀតនៅអំឡុងសម័យបដិវត្តន៍ឧស្សាហកម្មដំបូងបំផុត អាជីវកម្មធំៗជាច្រើននៅអាមេរិកបានរួមគ្នា បង្កើតចលនារារាំងមិនឲ្យមាន ការផ្លាស់ប្តូរទៅប្រព័ន្ធ Metric System ឡើយ បើទោះបីជាប្រព័ន្ធខ្នាតអន្តរជាតិនេះ កាន់តែពេញនិយមទៅៗក៏ដោយ។ មកទល់សព្វថ្ងៃនេះ អាមេរិកក៏នៅតែគ្មានបំណងហាក់ចង់ប្តូរប្រព័ន្ធខ្នាតរបស់ពួកគេដែរ។
គួរជម្រាបថា ខ្នាតនៃប្រព័ន្ធនេះមានដូចជា Inch, Foot/Feet, Yard និង Mile សម្រាប់ប្រវែង ព្រមទាំង Ounce និង Pound សម្រាប់ទម្ងន់។ ហើយសូម្បីតែខ្នាតសីតុណ្ហភាពក៏សហរដ្ឋអាមេរិក នៅបន្តប្រើប្រព័ន្ធខ្នាតចាស់ខុសពីគេដូចគ្នាគឺ ហ្វារិនហៃ (Fahrenheit) ខណៈពិភពលោក ប្រើខ្នាតអង្សាសេ (Celsius)។ សម្រាប់ខ្នាតសីតុណ្ហភាពមួយទៀតគឺ កែលវិន (Kelvin) គេនិយមប្រើក្នុងផ្នែកវិទ្យាសាស្រ្ត។
* អ្វីទៅជាប្រព័ន្ធខ្នាត Metric?
Metric System យកម៉ែត្រធ្វើជាខ្នាតគោលសម្រាប់ប្រវែង និងគីឡូក្រាមសម្រាប់ទម្ងន់។ ប្រព័ន្ធខ្នាតនេះត្រូវបានប្រើប្រាស់មុនដំបូងបង្អស់ នៅប្រទេសបារាំងក្នុងឆ្នាំ១៧៩៥។ ក្រោយសម័យបដិវត្តន៍បារាំង ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានព្យាយាមបង្កើតប្រព័ន្ធខ្នាតរួមមួយ។ តាំងតែពីនោះមក ប្រព័ន្ធ Metric ក៏បានចាប់កំណើតឡើង និងត្រូវបានយកទៅប្រើជាខ្នាតផ្លូវការដោយស្ទើរតែគ្រប់ប្រទេសទាំងអស់ជាបន្តបន្ទាប់។
ខ្នាតគោលរបស់ប្រព័ន្ធ Metric រួមមានដូចជា ម៉ែត្រ (ប្រវែង/ចម្ងាយ), គីឡូក្រាម (ទម្ងន់), វិនាទី (ពេលវេលា), អំពែ (កម្លាំងអគ្គិសនី) ព្រមទាំងកែលវិននិងអង្សាសេ (សីតុណ្ហភាព) ជាដើម។
គួរជម្រាបថា ក្រៅពីសហរដ្ឋអាមេរិក មានប្រទេសតែ២ទៀតប៉ុណ្ណោះ ដែលមិនទាន់បានយកប្រព័ន្ធខ្នាត Metric ធ្វើជាប្រព័ន្ធខ្នាតផ្លូវការរបស់ខ្លួន នោះគឺប្រទេសលីបេរីយ៉ា ដែលនៅអាហ្រ្វិកខាងលិច និងប្រទេសមីយ៉ាន់ម៉ា៕