(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៥៣ បុរសជនជាតិនូវែលសេឡង់ម្នាក់គឺលោក អេដមុន ហ៉ីលឡារី (Edmund Hillary) ហើយនិងជនជាតិភាគតិចសឺប៉ា (Sherpa) ម្នាក់គឺលោក ទែនហ្ស៉ីង ន័រហ្គេយ៍ (Tenzing Norgay) បានក្លាយជាមនុស្សដំបូងបំផុត ដែលបានឡើងទៅដល់កំពូលរបស់ភ្នំ Everest ដែលមានកម្ពស់៨,៨៤៨ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងគេលើលោក។
ភ្នំ Everest ស្ថិតលើជួបភ្នំហិម៉ាល័យនៃទ្វីបអាស៉ី និងនៅជាប់ព្រំប្រទល់រវាងប្រទេសនេប៉ាល់និងតំបន់ទីបេរបស់ចិន។ ប្រជាជនរស់នៅទីបេ ហៅឈ្មោះភ្នំនេះថា «ចូម៉ូលុងម៉ា (Chomo-Lungma)» ខណៈឈ្មោះជាភាសាអង់គ្លេសថា «Everest» នេះ ត្រូវបានពួកអឺរ៉ុបដាក់តាមឈ្មោះ បុគ្គលជនជាតិអង់គ្លេសដែលល្បីឈ្មោះម្នាក់កាលពីសតវត្សរ៍ទី១៩គឺ លោក ចច អេវើរែស (George Everest)។
កំពូលរបស់ភ្នំ Everest ស្ថិតនៅរយៈកម្ពស់ខ្ពស់ខ្លាំង ដែលមានអុកស៉ីហ្សែនតិចតួច ហើយស៉ីតុណ្ហភាពធ្លាក់ចុះដល់កម្រិតយ៉ាងទាប រីឯអាកាសធាតុមានការប្រែប្រួលជាប្រចាំ ដោយមិនអាចស្មានដឹងនិងមានគ្រោះថ្នាក់បំផុត។ ដូច្នេះហើយ ការឡើងទៅកាន់កំពូលភ្នំនេះ មិនមែនជារឿងងាយនោះទេ។
យោងតាមការកត់ត្រា ការប៉ុនប៉ងឡើងភ្នំ Everest ជាលើកដំបូងបំផុត បានប្រព្រឹត្តទៅកាលពីឆ្នាំ១៩២១ ដោយបេសកកម្មមួយក្រុមរបស់ចក្រភពអង់គ្លេស ដែលបានដើររាប់រយគីឡូម៉ែត្រឆ្លងកាត់តំបន់ខ្ពស់រាបទីបេ ទៅកាន់ជើងភ្នំ Everest។ ប៉ុន្តែព្យុះកំណាចមួយ បានបង្ខំឲ្យពួកគេបោះបង់ចោលការឡើងភ្នំ ប៉ុន្តែពួកគេដោយក្នុងចំណោមនោះមានទាំងលោក ចច លី ម៉លឡូរី (George Leigh Mallory) បានមើលឃើញនូវផ្លូវដែលអាចឡើងទៅដល់កំពូលភ្នំបាន។
ក្រោយមក ក្រុមបេសកកម្មលើកទីពីររបស់ចក្រភពអង់គ្លេស ដែលមានរួមមានលោក Mallory ផងដែរ បានត្រឡប់ទៅកាន់ភ្នំ Everest សាជាថ្មីនៅឆ្នាំ១៩២២ ហើយអ្នកឡើងភ្នំពីរនាក់គឺលោក ចច ហ្វ៉ីញ (George Finch) និងលោក ចេហ្វហ្រ្វ៉ី ប្រ៊ូស (Geoffrey Bruce) បានឡើងដល់កម្ពស់ដ៏ខ្ពស់មួយគឺជាង៨,២០០ម៉ែត្រ។
ក្នុងឆ្នាំដដែល លោក Mallory ក៏បានព្យាយាមឡើងភ្នំ Everest ម្តងទៀត ប៉ុន្តែការបាំងផ្ទាំងទឹកកកបានសម្លាប់ជនជាតិភាគតិចសឺប៉ាចំនួន ៧នាក់ ដែលរួមដំណើរជាមួយលោក។ ជនជាតិភាគតិចសឺប៉ា ដែលរស់នៅក្បែរតំបន់ជួរភ្នំហិម៉ាល័យ បានដើរតួនាទីគាំទ្រយ៉ាងសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងនៃការឡើងភ្នំ Everest រាប់ទសវត្សរ៍កន្លងមកនេះ។
នៅឆ្នាំ១៩២៤ ចក្រភពអង់គ្លេសបានចេញបេសកកម្មលើកទីបី ទៅកាន់ភ្នំ Everest ហើយអ្នកឡើងភ្នំលោក អេដវ៉ាដ ណ័រតុន (Edward Norton) បានឡើងដល់កម្ពស់ជាង៨,៥០០ម៉ែត្រ ហើយពុំមានការប្រើអុកស៉ីហ្សែនជំនួយឡើយ។ ៤ថ្ងៃក្រោយមក លោក Mallory និងលោក អានឌ្រូ អឺវិន (Andrew Irvine) ក៏បានសម្រេចនាំគ្នាបន្តឡើងឆ្ពោះទៅកាន់កំពូលភ្នំតែម្តង ប៉ុន្តែអ្នកទាំងពីរក៏បាត់ដំណឹងសូន្យឈឹង រហូតទាល់តែដល់ឆ្នាំ១៩៩៩ ទើបសាកសពលោក Mallory ត្រូវបានគេប្រទះឃើញ។ បើតាមការពិនិត្យសាកសព លោក Mallory បានបាក់ឆ្អឹងជាច្រើនកន្លែង ដោយសារការធ្លាក់មកពីខាងលើ។ រឿងថាតើលោក Mallory ឬក៏លោក Irvine បានឡើងទៅដល់កំពូលរបស់ Everest ដែរឬអត់នោះ នៅតែជាអាថ៌កំបាំងមកទល់សព្វថ្ងៃនេះ។
ក្រោយបេសកកម្មឆ្នាំ១៩២៤ មានការព្យាយាមឡើងកំពូលភ្នំ Everest ដោយមិនទទួលជោគជ័យជាច្រើនលើកទៀតពីខាងតំបន់ទីបេ ប៉ុន្តែក្រោយសង្រ្គាមលោកលើកទីពីរ តំបន់ទីបេក៏បានបិទទ្វារលែងឲ្យបរទេសចូលអសរយៈរាប់សិបឆ្នាំ។ នៅឆ្នាំ១៩៤៩ នេប៉ាល់បានបើកទ្វារទទួលស្វាគមន៍ពិភពខាងក្រៅវិញម្តង ហើយនៅឆ្នាំ១៩៥០ និងឆ្នាំ១៩៥១ បេសកកម្មរបស់ចក្រភពអង់គ្លេស ក៏បានឡើងភ្នំ Everest ពីខាងនេប៉ាល់។
នៅឆ្នាំ១៩៥២ បេសកកម្មមួយក្រុមរបស់ស្វីស បានឆ្លងកាត់តំបន់ទឹកកក ឃុមប៊ូអាយហ្វល (Khumbu Icefall) ពោរពេញដោយគ្រោះថ្នាក់ នៅក្នុងការព្យាយាមឡើងទៅកាន់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់ជាលើកដំបូង។ អ្នកឡើងភ្នំពីរនាក់គឺលោក រេម៉ុន ឡាំបឺត (Raymond Lambert) និងលោក Tenzing Norgay ដែលជាជនជាតិសឺប៉ា បានឡើងដល់កម្ពស់ជិត៨,៦០០ម៉ែត្រ គឺជិតដល់កំពូលទីពីររបស់ Everest ហៅថាកំពូលខាងត្បូង (South Summit) ប៉ុន្តែបានសម្រេចចិត្តត្រឡប់មកក្រោយវិញ ដោយសារខ្វះខាតសម្ភារៈផ្គត់ផ្គង់។
ដោយភ្ញាក់ផ្អើលជាមួយភាពជិតជោគជ័យរបស់ក្រុមបេសកកម្មស្វីស ចក្រភពអង់គ្លេសបានរៀបចំក្រុមបេសកកម្មធំមួយសម្រាប់ឆ្នាំ១៩៥៣ នៅក្រោមការបញ្ជាដឹកនាំរបស់លោក ចន ហាន់ (John Hunt)។ បន្ថែមពីលើក្រុមអ្នកជំនាញឡើងភ្នំពូកែៗរបស់ចក្រភពអង់គ្លេសផ្ទាល់ និងជនជាតិសឺប៉ាដែលពោរពេញដោយបទពិសោធន៍ដូចជាលោក Norgay ក្រុមបេសកកម្មនេះ ក៏មានការចូលរួមពីអ្នកឡើងភ្នំខ្លាំងៗមកពី អតីតអាណានិគមរបស់ចក្រភពអង់គ្លេស រួមមានទាំងអ្នកឡើងភ្នំពីរនាក់មកពីនូវែលសេឡង់គឺលោក ចច ឡូវី (George Lowe) និងលោក Edmund Hillary។
ក្រុមបេសកកម្មអង់គ្លេសខាងលើ បានឈ្មុសឈ្មុលឡើងលើភ្នំ Everest នៅខែមេសា និងខែឧសភា ឆ្នាំ១៩៥៣ ហើយបានឡើងដល់កម្ពស់ប្រមាណជិត៨,០០០ម៉ែត្រ។ នៅថ្ងៃទី២៦ ខែឧសភា លោក ចាល អ៉ីវ៉ាន់ (Charles Evans) និងលោក ថម បឺឌីឡុន (Tom Bourdillon) បានចាប់ផ្តើមការព្យាយាមឡើងទៅកាន់កំពូលភ្នំ ហើយទៅដល់កម្ពស់ខ្វះតែជិត១០០ម៉ែត្រទៀតប៉ុណ្ណោះគឺដល់កំពូល ប៉ុន្តែត្រូវបកក្រោយព្រោះខូចឧបករណ៍អុកស៉ីហ្សែន។
នៅថ្ងៃទី២៨ ខែឧសភា លោក Hillary និងលោក Tenzing ក៏បានចេញដំណើរវិញម្តង ហើយបោះជំរំសម្រាកនៅកម្ពស់៨,៥០០ម៉ែត្រ។ ព្រលឹមថ្ងៃទី២៩ ខែឧសភា អ្នកទាំងពីរបានបន្តដំណើរទៅមុខទៀត ហើយទៅដល់កំពូល South Summit នៅម៉ោង៩ព្រឹក។ ក្រោយមកនៅម៉ោង១១៖៣០នាទី លោក Hillary និងលោក Tenzing ទីបំផុតបានឡើងទៅដល់កំពូលភ្នំ Everest។
ចាប់តាំងពីជោគជ័យជាប្រវត្តិសាស្រ្តរបស់លោក Hillary និងលោក Tenzing មានបេសកកម្មជាច្រើនទៀត បានឡើងដល់ទៅដល់កំពូលរបស់ Everest។ នៅឆ្នាំ១៩៦០ បេសកកម្មមួយក្រុមរបស់ចិន បានក្លាយជាក្រុមដំបូងគេដែលបានឡើងដល់កំពូលភ្នំ Everest ពីខាងតំបន់ទីបេ ហើយនៅឆ្នាំ១៩៧៥ លោកស្រី ថាបេយ៍ ជុនកុ (Tabei Junko) ដែលជាជនជាតិជប៉ុន បានក្លាយជាស្រ្តីដំបូងគេ ដែលបានទៅដល់កំពូលភ្នំនេះ។
នៅឆ្នាំ១៩៧៨ អ្នកឡើងភ្នំជនជាតិអ៉ីតាលី លោក រេនហូល ម៉េសណឺ (Reinhold Messner) និងអ្នកឡើងភ្នំជនជាតិអូទ្រីសលោក ភីតឺ ហាបេឡឺ (Peter Habeler) បានសម្រេចរឿងមួយ ដែលគេធ្លាប់គិតថាជារឿងមិនអាចទៅរួច គឺការឡើងដល់កំពូលភ្នំ Everest ដោយមិនមានអុកស៉ីហ្សែនជំនួយ។ យ៉ាងណាមិញ អ្នកឡើងភ្នំសរុបច្រើន៣០០នាក់ បានបាត់បង់ជីវិត កំឡុងការព្យាយាមឡើងភ្នំខ្ពស់បំផុតលើលោកនេះ។
គួរជម្រាបថា ខណៈ Everest ជាភ្នំដែលខ្ពស់បំផុតនៅលើនីវ៉ូទឹកសមុទ្រនោះ ក៏មានភ្នំមួយទៀតនៅកោះហាវ៉ៃឈ្មោះ ភ្នំម៉ូណាគី (Monaki) ដែលមានកម្ពស់សរុបដល់ទៅ១០,២០០ម៉ែត្រឯណោះ ប៉ុន្តែតួខ្លួនវាភាគច្រើនកប់នៅក្រោមផ្ទៃសមុទ្រឯណោះ។ បើគិតចាប់ពីនីវ៉ូទឹកសមុទ្រ ភ្នំ Monaki មានកម្ពស់តែ៤,២០៧ម៉ែត្រប៉ុណ្ណោះ គឺទាបជាង Everest ប្រហែលពាក់កណ្តាល៕
Edmund Hillary & Tenzing Norgay
Tabei Junko
Reinhold Messner and Peter Habeler