(ភ្នំពេញ)៖ សម្រាប់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២នេះ គឺអាហ្សង់ទីន ត្រូវប៉ះគ្នាជាមួយបារាំង។ ប៉ុន្តែតើអ្នកមានដឹងទេថា តើប្រទេសណា ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្របានច្រើនជាងគេ។ ចម្លើយគឺអាល្លឺម៉ង់ ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup បានសរុបចំនួន៨ដង ហើយក្នុងនោះលើកពានបាន៤ដង។
អាល្លឺម៉ង់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ក្នុង World Cup ឆ្នាំ១៩៥៤ ហើយយកឈ្នះហុងគ្រី ក្នុងលទ្ធផល៣ទល់នឹង២។ វត្តមានរបស់អាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រ World Cup បន្តបន្ទាប់ទៀត រួមមាន ឆ្នាំ១៩៦៦ ចាញ់អង់គ្លេស, ឆ្នាំ១៩៧៤ ឈ្នះហូឡង់, ឆ្នាំ១៩៨២ ចាញ់អ៉ីតាលី, ឆ្នាំ១៩៨៦ ចាញ់អាហ្សង់ទីន, ឆ្នាំ១៩៩០ ឈ្នះអាហ្សង់ទីន, ឆ្នាំ២០០២ ចាញ់ប្រេស៉ីល, និងឆ្នាំ២០១៤ ឈ្នះអាហ្សង់ទីន។
យ៉ាងណាមិញ សម្រាប់ World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២នេះ គឺអាល្លឺម៉ង់ ឆ្លងមិនផុតវគ្គសន្សំពិន្ទុ (ចែកពូល) ទាំង២លើកជាប់ៗគ្នា។ ដោយឡែក ចំណាត់ថ្នាក់លេខពីរបន្ទាប់ពីអាល្លឺម៉ង់ បានទៅលើប្រេស៉ីល ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្របានចំនួន ៧លើក (១៩៥០, ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ១៩៩៨, ២០០២) ហើយលើកពានបាន៥ដង ដែលច្រើនជាងក្រុមណាៗទាំងអស់។ សម្រាប់ឆ្នាំនេះ ប្រេស៉ីលបានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ។
គួរបញ្ជាក់ថា សម្រាប់គូនៅវគ្គផ្តាច់ព័្រត្រ World Cup 2022 នេះវិញ គឺអាហ្សង់ទីនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រសរុប ៦លើក (១៩៣០, ១៩៧៨, ១៩៨៦, ១៩៩០, ២០១៤, ២០២២) ក្នុងនោះលើកពាន២ដង (១៩៧៨, ១៩៨៦) ខណៈបារាំងបានឡើងដល់ផ្តាច់ព្រ័ត្រសរុប៤លើក (១៩៩៨, ២០០៦, ២០១៨, ២០២២) ក្នុងនោះលើកពានបាន២ដងដូចគ្នា (១៩៩៨, ២០១៨)។ ដូច្នេះហើយក្រុមដែលឈ្នះនៅយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ នឹងក្លាយជាក្រុមដែលលើកពានបាន៣ដង៕