(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ FIFA World Cup ជាង២០សម័យកាលមកនេះមានប្រទេស២ ដែលធ្លាប់គ្រងតំណែងជើងឯកជាប់ៗគ្នា។ ប្រទេសទាំង២នោះ គឺអ៉ីតាលីនិងប្រេស៉ីល។ ប៉ុន្តែឥឡូវបារាំងក៏កំពុងមានឱកាសក្លាយជាប្រទេសទី៣ផងដែរ ប្រសិនបើអាចយកឈ្នះលើអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ បន្ទាប់ពីខ្លួនគឺជាជើងឯក World Cup ឆ្នាំ២០១៨។
* អ៉ីតាលី
អីតាលីគឺជាក្រុមដែលទទួលជោគជ័យបំផុតមួយក្នុងការប្រកួតដណ្តើមពាន World Cup ដោយធ្លាប់ឈ្នះតំណែងជើងឯកនេះចំនួន៤ដង គឺតិចជាងប្រេស៉ីល១ដង។ អ៉ីតាលីមានឱកាសចូលលេង World Cup ចំនួន១៨លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង២២លើក ហើយឡើងដល់វគ្គផ្តាច់ព្រ័ត្រ៦លើក។ ជ័យជម្នះចុងក្រោយបំផុតរបស់ក្រុមប្រទេសអឺរ៉ុបមួយនេះ គឺកាលពីឆ្នាំ២០០៦ ហើយពួកគេបានបង្ហាញខ្លួនជាលើកចុងក្រោយក្នុង World Cup កាលពីឆ្នាំ២០១៤។
ក្រោយចូលលេង World Cup ជាលើកដំបូងនៅឆ្នាំ១៩៣៤ អ៉ីតាលីបានក្លាយជាប្រទេសទីមួយ ដែលឈ្នះពានបាល់ទាត់ពិភពលោកនេះ២លើកជាប់ៗគ្នា។ អ៉ីតាលីបានលើកពាន World Cup ជាលើកដំបូង នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះឆេកូស្លូវ៉ាគី 2-1។ បន្ទាប់មកអ៉ីតាលីបានការពារតំណែងជើងឯករបស់ខ្លួនដោយជោគជ័យនៅឆ្នាំ១៩៣៨ នៅពេលប៉ះជាមួយហុងគ្រីក្នុងលទ្ធផល 4-2។
* ប្រេស៉ីល
ក្រោយមក ជោគជ័យខាងលើក៏ត្រូវសម្រេចបានដោយប្រេស៉ីល។ ក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះបានផ្តួលស៊ុយអែតដែលជាម្ចាស់ផ្ទះ ក្នុងលទ្ធផល 5-2 នៅវគ្គផ្តាច់ព្រ័ត្រនៃ World Cup ឆ្នាំ១៩៥៨។ បន្ទាប់មកនៅពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រកំលុង World Cup ឆ្នាំ១៩៦២ ហើយប៉ះជាមួយឆេកូស្លូវ៉ាគី ប្រេស៉ីលក៏បានទទួលជ័យជម្នះទៀតក្នុងលទ្ធផល 2-1។ ប្រេស៉ីលគឺជាក្រុមតែ១គត់ ដែលបានចូលលេងក្នុង World Cup ទាំង២២សម័យកាល ហើយឡើងដល់វគ្គផ្តាច់ព្រ័ត្រសរុប៧លើក ព្រមទាំងឈ្នះពានចំនួន៥លើក ច្រើនជាងក្រុមណាៗទាំងអស់។ ការលើកពានចុងក្រោយរបស់ប្រេស៉ីល គឺកាលពីឆ្នាំ២០០២៕