(ពិភពលោក)៖ ការប្រកួតពានរង្វាន់ World Cup របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដ៏ល្បីល្បាញលំដាប់ពិភពលោក តែងតែត្រូវបានរៀបចំឡើង ៤ឆ្នាំម្តង។ គេតែងតែដឹងថា បច្ចុប្បន្ននេះ ពានរង្វាន់មាសនោះមានទម្ងន់ ១៣.៥៤ផោន (ខ្នាតទម្ងន់អង់គ្លេស) ឬស្មើនឹងខ្នាតទម្ងន់អន្តរជាតិចំនួន ៦.១៤២គីឡូក្រាម។
ចុះបើបំបែកទៅជាខ្នាតទម្ងន់របស់ខ្មែរយើង តើវាមានប៉ុន្មានតម្លឹងទៅ? ដោយសារ ១គីឡូក្រាម ស្មើនឹង ២៦.៦៦តម្លឹងនោះ ធ្វើឲ្យពានរង្វាន់ World Cup បើគិតជាតម្លឹងមាសគឺស្មើនឹង ១៦២.៦៦តម្លឹង។
ឆ្លៀតក្នុងឱកាសនេះ Fresh News Plus ក៏សូមចែករំលែកចំណេះដឹងមួយចំនួន ដែលពាក់ព័ន្ធនឹងពាន World Cup មួយនេះដូចតទៅ៖
ពានរង្វាន់ World Cup គឺជាពានមាស ដែលត្រូវផ្តល់ឲ្យប្រទេសណាដែលឈ្នះការប្រកួតបាល់ទាត់ ក្រោមការរៀបចំរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ។ ចាប់តាំងពីការបង្កើត World Cup ដំបូងនៅឆ្នាំ១៩៣០ ទើបតែមានពានរង្វាន់ ២ប៉ុណ្ណោះ ដែលត្រូវបានគេប្រើប្រាស់ គឺពានទី១ឈ្មោះថា Jules Rimet Trophy និងពានទី២ឈ្មោះថា FIFA World Cup Trophy ។
ពានទី១ត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧០ ចំណែកឯពានទី២ ត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ១៩៧៤ រហូតមកដល់បច្ចុប្បន្ន។ ពានរង្វាន់របស់ FIFA ទី១នោះ ត្រូវបានបង្កើតឡើងពីមាស (មិនមានឯកសារបញ្ជាក់ថា ពាននេះធ្វើឡើងពីមាសកម្រិតអ្វីទេ) ខណៈដែលមាសនេះស្រោបដោយប្រាក់កម្រិតខ្ពស់បំផុត និងលាយកែវចរណៃផងដែរ។
ចំណែកឯ FIFA World Cup Trophy ដែលជាពានទី២ ត្រូវបានបង្កើតនៅឆ្នាំ១៩៧៤ ដោយអ្នកជំនាញមកពី ៧ប្រទេសផ្សេៗគ្នា ។ ពាននេះ មានប្រវែង ៣៦.៨សង់ទីម៉ែត្រ ទម្ងន់សរុប ៦.១៤២គីឡូក្រាម ហើយពាននេះដែរត្រូវបានបង្កើតមកពីមាសកម្រិត ១៨ការ៉ាត់ ខណៈដែលនៅជើងទម្រងវាមានដាក់រ៉ែទង់ដែងពណ៌ខៀវដ៏មានតម្លៃទៀតផង។
គួរកត់សម្គាល់ថា ការបង្កើតពានទី២ បានធ្វើឡើងបន្ទាប់ពីប្រទេសប្រស៉ីល បានឈ្នះការប្រកួត World Cup ចំនួន៣ដង គិតត្រឹមឆ្នាំ១៩៧០ ហើយក៏មានសិទ្ធិយកពានទី១នោះ ធ្វើជាម្ចាស់កម្មសិទ្ធិជារៀងរហូត ដែលនេះជាច្បាប់កំណត់ដោយ FIFA ។
ទោះជាយ៉ាងណា ពានរង្វាន់ទី១ឈ្មោះថា Jules Rimet Trophy ត្រូវបានចោរលួចនៅឆ្នាំ១៩៨៣ បន្ទាប់ពីប្រស៉ីលយកទៅធ្វើជាកម្មសិទ្ធិបាន ១៣ឆ្នាំ ហើយពាននោះត្រូវគេជឿជាក់ថា ក្រុមចោរបានយកទៅដុតរំលាយធ្វើជាមាសធម្មតាវិញ។ ចាប់ពីពេលនោះមក FIFA បានកំណត់សារជាថ្មីថា លែងឲ្យប្រទេសណាយកពានរង្វាន់ទៅធ្វើជាម្ចាស់កម្មសិទ្ធិហើយ ទោះបីជាឈ្នះប៉ុន្មានលើកក៏ដោយ។
លើសពីនេះទៅទៀត សម្រាប់អ្នកឈ្នះពានរង្វាន់ FIFA គេគ្រាន់តែផ្តល់ពានឲ្យលក្ខណៈបង្គ្រប់កិច្ចតែប៉ុណ្ណោះ ពោលគេគ្រាន់តែឲ្យលើកពានតំណាង ដែលមិនមែនជារបស់ពិតឡើយ ដើម្បីសម្គាល់ថាប្រទេសនោះឈ្នះពានសម្រាប់រដូវកាលនេះ និងរដូវកាលនោះជាដើម។ ប្រទេសបារាំង គឺជាម្នាស់ពាន FIFA ចុងក្រោយគេ ដែលត្រូវបានឈ្នះការប្រកួត នៅឆ្នាំ២០១៨ ខណៈដែលប្រេស៉ីលធ្លាប់ឈ្នះពាននេះ ដល់ទៅ៥ដងឯណោះ ពោលលើសប្រទេសណាទាំងអស់៕