(ពិភពលោក)៖ ថ្វីដ្បិតប្រទេសឥណ្ឌាជាទឹកដីកំណើតនៃព្រហ្មញ្ញសាសនា (សាសនាហិណ្ឌូ) និងព្រះពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែទឹកដីធំល្វឹងល្វើយនេះមិនមែនជាសាសនាដ្ឋានធំជាងគេនោះទេ ដោយសាសនដ្ឋានធំៗទាំងពីរនេះ ត្រូវបានគេចង្អុលមកកាន់ទិសខាងកើត ទីដែលពួកជនជាតិឥណ្ឌាធ្លាប់បានផ្សព្វផ្សាយសាសនាទាំងពីរតាំងពីរាប់ពាន់ឆ្នាំមុន។
ដូចយើងដឹងហើយថា ពិភពលោកបច្ចុប្បន្នបានចាត់ទុកតំបន់រមណីយដ្ឋានអង្គរទាំងមូល គឺជាមជ្ឈមណ្ឌលសាសនាដ៏ធំជាងគេមួយ។ កាលពីសម័យបុរាណ ទីក្រុងអង្គរគឺជារាជធានីកណ្ដាលរបស់ចក្រភពខ្មែរអស់រយៈពេលជាង៦០០ឆ្នាំ ពោលគឺចាប់ពីសតវត្សទី៩ដល់សវត្សទី១៥ ដោយនៅដើមសម័យ និងពាក់កណ្ដាលសម័យ មានការកសាងសំណង់ប្រាសាទ និងសាសនដ្ឋានជាច្រើន។ សំណង់ប្រាសាទភាគច្រើនត្រូវបានកសាងឡើង ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា មានព្រះសិវៈ ព្រះវិស្ណុ ព្រះពោធិសត្វអវលោកេស្វរៈជាដើម ជាហេតុញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏អស្ចារ្យលើលោក តួយ៉ាងដូចជាប្រាសាទអង្គរវត្តត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ។
ចំណែកឯពុទ្ធសាសនដ្ឋានដែលធំជាងគេលើពិភពលោកនោះ គឺប្រាសាទបុរោពុទ្ធោ (Borobudur) ដែលបច្ចុប្បន្នស្ថិតនៅកោះជ្វាកណ្ដាល នៃប្រទេសឥណ្ឌូណេស៉ី។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទី៨-៩ ក្នុងរជ្ជកាលព្រះបាទសានជ័យ (King Sanjaya) ដែលជាព្រះមហាក្សត្រជ្វានៃរាជវង្សសៃលិន្ទ្រៈ (Sailendra dynasty) សោយរាជ្យនៅអាណាចក្រស្រីវិជ័យ (Sri Vijaya)។
ប្រាសាទដ៏ធំខ្ពស់ស្កឹមស្កៃមួយនេះលាតសន្ធឹងលើផ្ទៃដីទំហំ២,៥២០ម៉ែត្រក្រឡា មានរាងដូចពីរ៉ាមីតកម្ពស់៨ជាន់ និងមានព្រះពុទ្ធបដិមាចំនួន៥០៤អង្គ ដែលត្រូវបានគេដាក់តម្កល់នៅក្នុងចេតិយនីមួយៗ។ មានការកត់ត្រាថា ពុទ្ធសាសនដ្ឋានដ៏ធំនេះកើតចេញពីភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនជ្វា និងប្រាជ្ញាក្នុងការយកថ្មភ្នំភ្លើងធំៗ ទៅតម្រៀបជាមហាប្រាសាទតាមបែបរចនាបថជ្វាបុរាណ។ ផ្នែកខាងក្រៅនៃជាន់នីមួយៗ ក្រៅពីមានឆ្លាក់ក្បូរក្បាច់នៅលើថ្មភ្នំភ្លើងហើយ ក៏មានឆ្លាក់រូបភាពរៀបរាប់ពីរឿងពុទ្ធប្រវត្តិ និងរឿងនិទានជាតកដ៏ស្រស់ស្អាតដល់ទៅ១,៣០០រូប។ ប្រសិនបើយករូបនេះមកតភ្ជាប់គ្នាជាខ្សែតែមួយវិញ វានឹងមានប្រវែងដល់ទៅជិត៤គីឡូម៉ែត្រ។
ប្រាសាទបុរោពុទ្ធោត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃ បន្ទាប់ពីអាណាចក្រស្រីវិជ័យត្រូវបានដួលរលំនៅសតវត្សទី១៤ ដោយជំនួសមកវិញដោយអាណាចក្រមហាប្រទេស (Majapahit) ដែលប្រកាន់ឥស្លាមសាសនា។ នៅគ្រិស្ដសករាជ១៨១៤ ទើបប្រាសាទនេះត្រូវបានរកឃើញសាជាថ្មីដោយលោក ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stamford Raffles) ដែលជាទេសាភិបាលចក្រភពអង់គ្លេសគ្រប់គ្រងនៅទឹកដីជ្វា និងម៉ាឡេ កាលសម័យនោះ។
សូមជម្រាបថា ប្រាសាទបុរោពុទ្ធោត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៧០ ខណៈការជួសជុលទ្រង់ទ្រាយធំនោះត្រូវបានធ្វើឡើងចន្លោះឆ្នាំ១៩៧៥-១៩៨២។ ពុទ្ធសាសនដ្ឋានធំជាងគេនៅលោកមួយនេះបានក្លាយជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ទាក់ទាញមួយប្រចាំប្រទេសឥណ្ឌូណេស៉ី៕