(ភ្នំពេញ)៖ នាសម័យអង្គរ ក្រៅពីទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិន (រាជវង្សសុង) ប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ជិតស្និទ្ធជាមួយគ្នាណាស់ដែរ ដោយអ្នកប្រវត្តិសាស្ត្របានចាត់ផ្នែកទំនាក់ទំនងមិត្តភាពនេះក្នុងរូបភាព៣យ៉ាង។ នេះបើយោងតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ត្រង់ជំពូកទី៣ «រជ្ជសម័យសុង»។
ទី១. ទំនាក់ទំនងពាណិជ្ជកម្ម
នៅសម័យរាជវង្សសុង (Song dynasty) ជនជាតិចិនបានអភិវឌ្ឍត្រីវិស័យសម្រាប់ប្រើប្រាស់ផ្នែកនាវាចរណ៍ ហើយបច្ចេកទេសផលិតទូកនាសម័យនោះក៏រីកចម្រើនណាស់ដែរ។ ពាណិជ្ជកម្មរវាងជនជាតិចិនជាមួយជនជាតិនៅអាស៊ីអាគ្នេយ៍ក៏កាន់តែមមាញឹកឡើង ក្នុងនោះប្រទេសចេនឡា (ចិនបុរាណខ្មែរថា ចេនឡា) ស្ថិតនៅតាមមាគ៌ាពាណិជ្ជកម្មរបស់ពាណិជ្ជករមកពីប្រទេសចិនផងដែរ។
នគរសុងតែងតែរងការគំរាមកំហែងពីការឈ្លានពានវាតទីពីសំណាក់ជនជាតិភាគតិចនៅភាគខាងជើង ដូចជានគរលាវគួក នគរជីង និងនគរស៊ីស៊ា ធ្វើឱ្យភាគខាងជើងនគរកើតមានបញ្ហាចលាចលដោយសារសង្គ្រាម រីឯនៅភាគខាងត្បូងមានភាពស្ងប់ស្ងាត់ ជាហេតុជំរុញឱ្យតំបន់ខាងត្បូងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្ដាលដ៏រឹងមាំ។ ដើម្បីពង្រឹងឋានៈរបស់ខ្លួន រាជការសុងក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍចំណងមិត្តភាពជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសការធ្វើពាណិជ្ជកម្មតាមទូកសំពៅ ដែលបានបន្ថែមនូវចំណូលសេដ្ឋកិច្ចជាតិ ដោះស្រាយវិបត្តិសេដ្ឋកិច្ច ការពង្រឹងវិស័យយោធា ពិសេសគឺដោះស្រាយបញ្ហាសួយសារអាករដែលត្រូវបញ្ចូនទៅឱ្យរដ្ឋឈ្លានពានភាគខាងជើង ជាថ្នូរនឹងការផ្អាកសង្គ្រាមឈ្លានពានទឹកដីនគរសុង។
សេដ្ឋកិច្ចទំនិញនាសម័យរាជវង្សសុងមានការអភិវឌ្ឍជាខ្លាំង ទំនិញដែលផលិតបានមានកាន់តែច្រើនប្រភេទ ស្នាដៃប្រណិតល្អិតល្អន់។ ផលិតផលដែលឈ្មួញនគរសុងនាំចូលមកដល់នគរខ្មែរ (សម័យមហានគរ) គឺមានច្រើនមុខណាស់ បើនិយាយពីក្រណាត់សូត្ររបស់សម័យសុងមានដល់រាប់សិបប្រភេទ សាច់ក្រណាត់ល្អប្រណិត ស្នាដៃល្អដាច់គេ។ តំបន់ស៉ីឈួន និងជាំងណាន ជាមជ្ឈមណ្ឌលអាជីវកម្មសូត្រនាសម័យនោះ ជាមួយនឹងការបង្កើតរោងសិប្បកម្មផលិតសូត្រខ្នាតធំជាច្រើន។ ចំពោះគ្រឿងដីដុតវិញ មានរាយប៉ាយពេញទូទាំងប្រទេស មានទាំងឡដុតរបស់រាជការ និងឡដុតរបស់ប្រជារាស្ត្រ ជាពិសេសគឺស្រុកជីងតឺជិនដែលជាទីផលិតគ្រឿងពរ្សឺឡែនដ៏ល្បីឈ្មោះ។ យោងតាមកំណត់ត្រាគ្រឿងដីដុតជីងតឺជិនបានកត់ត្រាថា គ្រឿងពរ្សឺឡែនរបស់ជីងតឺជិនមានភាពភ្លឺរលោង ល្អឥតខ្ចោះ កេរ្តិ៍ឈ្មោះល្បីទាំងក្នុងនិងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅកោតសរសើរថា «នៅក្រោមមេឃនេះ គ្រឿងពរ្សឺឡែនជីងតឺជិនល្អដាច់គេ»។
ការអភិវឌ្ឍសេដ្ឋកិច្ចទំនិញនាសម័យរាជវង្សសុង បានផ្គត់ផ្គង់នូវមូលដ្ឋានគ្រឹះពាណិជ្ជកម្មចិននិងកម្ពុជា។ នៅសម័យរាជវង្សសុង តំបន់ក្វាងចូវ ឈៀនចូវ ហាងចូវ និងមីងចូវ (នីងប៉) គឺជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់របស់រាជការសុង។ ចាប់ពីពាក់កណ្តាលសម័យសុងខាងត្បូងមក ឈៀនចូវក៏បានប្រជែងតំណែងក្វាងចូវ ក្លាយជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិឈានមុខគេ។ យោងតាមកំណត់ត្រាម៉ឹងលាំងលូរបស់លោក អ៊ូ ជឺមុ សំណុំទី១២ បានកត់ត្រាថា ប្រសិនបើចង់ចេញទូកទៅរកស៊ីនៅនាយសមុទ្រនោះ គឺត្រូវចេញពីឈៀនចូវ គឺអាចចេញសមុទ្របានហើយ។ កំណត់ត្រានេះសរបញ្ជាក់ថា អ្នកជំនួញប្រទេសចិនដែលទៅដល់អាស៊ីអាគ្នេយ៍និងតំបន់ដទៃទៀត ភាគច្រើនគឺចេញទូកពីឈៀនចូវ។ យោងឯកសារប្រវត្តិសាស្ត្រសំខាន់រាជការសុងបានកត់ថា ក្រុមទូកសំពៅខេត្តហ្វូជៀន (សំដៅលើឈៀនចូវ) តែងតែចេញទៅបណ្តាប្រទេស ដូចជាចេនឡា ចន្ទបុរៈ សានផរ យៀនស៉ាំង តាម្ពរលិង្គ ស៊ីផឹង ឡជា និងនគរបាកាន សុទ្ធតែមានជីនយានស៉ាំង (គ្រឿងក្រអូបម្យ៉ាង)។ ចន្ទបុរៈ និងនគរបាកាន សុទ្ធតែជាសាមន្តរដ្ឋរបស់ចេនឡា។ ឯកសារនោះក៏បានកត់ត្រាបន្ថែមថា ជីនយានស៉ាំងគឺចេញពីប្រទេសចេនឡា ហើយក្រឹស្ណាទឹកប្រភពមកពីច្រើនទី តែផលិតផលរបស់ចេនឡាល្អដាច់គេ ក្រឹស្តាដីបណ្តាប្រទេសសុទ្ធតែមាន តែផលិតផលរបស់ចេនឡាល្អដាច់គេ ក្រឹស្ណាឆៅចេញមកពីចេនឡានិងនគរចម្ប៉ា រីឯក្រឹស្ណឆ្អិនមានប្រភពមកពីច្រើនទី តែផលិតផលរបស់ចេនឡាល្អដាច់គេ។ គ្រឿងក្រអូបរបស់ចេនឡាល្បីឈ្មោះយ៉ាងនេះ ទើបទូកឈ្មួញរបស់ចេនឡាប្រាកដជាដឹកនាំវត្ថុប្រចាំតំបន់ទាំងនេះមកដោះដូរនៅឈៀនចូវ កំពង់ផែប្រទេសចិននោះហើយ។ នៅសម័យសុងខាងជើង សករាជចឹងហឺ ក៏មានទូកខែកខាងត្បូងមកពីចេនឡាមកលក់ដូរដល់ឈៀនចូវ។ រីឯសម័យសុងខាងត្បូងមានកាន់តែច្រើនទៅទៀត រហូតដល់ពេលខ្លះមកម្ដងដល់ទៅ៤សំពៅ។ ក្រៅពីគ្រឿងក្រអូបទៅ ចេនឡានៅមានវត្ថុប្រចាំតំបន់ ដូចជា ភ្លុកដំរី ក្រមួនឃ្មុំ សំបកខ្ញី ឈើស្បែង សូត្រឆៅ ក្រណាត់កប្បាស។ល។ ឈ្មួញកម្ពុជាសប្បាយនឹងលក់ដូរ បូករួមទាំងឈ្មួញចិនបានយកមាស ប្រាក់ គ្រឿងព័រ្សឺឡែន ចរបាប់ក្លែងក្លាយ ឆ័ត្រ ស្គរស្បែក ស្រា ស្ករ ម៉ាំត្រី ប្រហុក ទៅដោះដូរ។ ទូកឈ្មួញចិនដឹកនាំរបស់យកទៅលក់ដូរនៅចេនឡា រួមមានមាសប្រាក់ គ្រឿងពរ្សឺឡែន ចរបាប់ ឆ័ត្រ ស្គរស្បែក ស្រា ស្ករ ត្រីម៉ាំ ប្រហុក។ល។ ភាគច្រើនមានសូត្រ និងគ្រឿងដីដុត។ ដូច្នេះពពួកព្រែក្រហម ព្រែឡោ គ្រឿងពរ្សឺឡែនដែលចន្ទបុរៈបានប្រើ សុទ្ធសឹងតែទូកឈ្មួញរបស់រាជការចិនយកទៅដោះដូរ។
ទី២. ចំណាកស្រុករបស់ជនជាតិចិនកាន់ច្រើនមកកម្ពុជា
យោងតាមកំណត់ត្រាទូលាយសឺលីន ដែលសរសេរដោយអ្នកស្រុកសុងខាងត្បូង ឈ្មោះ ឈិន យានលាំង ត្រង់ខ្សែ «ចេនឡា» បានកត់ត្រាថា «ជនជាតិខ្មែរសម្លាប់ចិននឹងត្រូវសងជីវិតតាមច្បាប់។ បើចិនសម្លាប់ជនជាតិខ្មែរដល់ស្លាប់ នោះពិន័យមាសជាទម្ងន់។ បើគ្មានមាសនោះលក់ខ្លួនប្ដូរមាសជាសំណង»។ ឯកសារប្រវត្តិសាស្ត្រមួយខ្សែនេះ អាចបញ្ជាក់រឿងរ៉ាវ៣យ៉ាង៖ ទី១-ក្នុងចំណោមជនជាតិចិនចំណាកស្រុក (ប្រជាជនកម្ពុជាហៅជនជាតិចិនថា ទឹងណាំង ឬចិនឆៅ) មានការបែងចែកអ្នកមាន និងអ្នកក្រ ដូចនេះទើបអាចមានភាពខុសគ្នារវាងពិន័យមាសជាទម្ងន់ និងបើគ្មានមាសនោះលក់ខ្លួនប្ដូរមាសជាសំណង។ ទី២-ចំនួនចិនឆៅច្រើន ហេតុនេះទើបរាជការចេនឡាយល់ថាត្រូវមានច្បាប់កំណត់សម្រាប់ដោះស្រាយសំណុំរឿងជនជាតិចិនសម្លាប់មនុស្ស។ ទី៣-ជនជាតិចិនមានឋានៈនយោបាយខ្ពស់ក្នុងសង្គមកម្ពុជា ម្ចាស់ស្រុកមានទោសសម្លាប់មនុស្សដូចគ្នា តែការដាក់ទោសខុសគ្នា ម្ចាស់ស្រុកត្រូវសងជីវិតតាមច្បាប់ រីឯជនជាតិចិនពិន័យមាសជាទម្ងន់។
ទី៣. ឈ្មួញកម្ពុជាមកតាំងលំនៅរយៈពេលវែងក្នុងនគរសុង
យោងតាមរបស់រាជការសុងស្ដីពី «កំណត់ហេតុជនជាតិខ្មែរ» បានកត់ត្រាថា សករាជឈានតាវឆ្នាំដំបូង (ឆ្នាំ១១៦៥ មេឈ្មួញនគរចន្ទបុរៈស្លាប់ក្រោមកំពែងក្រុង (មីងចូវ) បង្វិចមានរាប់ម៉ឺន មន្ត្រីរឹបអូសប្រមូលអស់។ ក្សត្រសុងបានមានរាជឱង្កាថា៖ អ្នកមកពីចម្ងាយមិនសំណាងហើយបានស្លាប់នៅទីនេះ។ យើងនឹងរៀបចំមឈូសសព ផ្តែផ្តាំពួកកូនចៅគាត់នាំសពទៅវិញ។ ឆ្នាំបន្ទាប់ ក្សត្រខ្មែរបានថ្លែងអំណរគុណថា៖ មន្ត្រីជំនិតរបស់ប្រទេសខ្ញុំបាត់បង់ជីវិត ហើយត្រូវបានរឹបអូស។ បច្ចុប្បន្នមើលឃើញរាជការប្រកបដោយគុណធម៌របស់ចិន កោតស្ញប់ស្ញែងជាខ្លាំង ដែលបានលុបបំបាត់ទម្លាប់ការរឹបអូសទ្រព្យ។ អ្នកសរសេរសារមកបានថា គ្រួសារសពឈ្មួញបានបរិច្ចាគទ្រព្យដែលបានមក យកទៅសាងព្រះពុទ្ធរូប៣អង្គ និងគូររូបព្រះអង្គដើម្បីបួងសួង។ មកដល់ឥឡូវ ប្រទេសនេះនាំបណ្ណាការមកជាសន្ធឹក សួរព្រះរាជាថាទ្រង់សុខយ៉ាងណាដែរ? មីងចូវ (បច្ចុប្បន្ននីងប៉) គឺជាខេត្តឈីយៀន ចាប់ពីសម័យសុងខាងជើងមក នៅមីងចូវក៏បានតាំងក្រុមទូកសំពៅ។ មីងចូវ គឺជាកំពង់ផែសំខាន់ដែលរាជទូត និងឈ្មួញនគរចន្ទបុរៈមកឈប់ចត។ មេឈ្មួញម្នាក់នេះស្លាប់នៅមីងចូវ ប្រហែលជាមុននឹងស្លាប់ គាត់នៅទីនោះធ្វើជំនួញរយៈពេលវែង បានលះបង់ជាច្រើនលើជំនួញពាណិជ្ជកម្មប្រទេសទាំងពីរ ទើបគាត់មានបង្វិច មានប្រាក់រាប់ម៉ឺន បានស្លាប់ហើយ ត្រូវបានមន្ត្រីរាជការសុងលុបបំបាត់ការរឹបអូសទ្រព្យចំពោះទ្រព្យសម្បត្តិគាត់។ មេឈ្មួញនគរចន្ទបុរៈម្នាក់នៅមីងចូវមានទ្រព្យសម្បត្តិរាប់ម៉ឺន ច្បាស់ជាមានឈ្មួញចេនឡា ឬបណ្ដាសាមន្តរដ្ឋដែលមានទ្រព្យច្រើនរាប់មិនអស់ជាច្រើននាក់ទៀតនៅមីងចូវ។
ទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរុងរឿងនៃពាណិជ្ជកម្មរវាងកម្ពុជានិងចិន ហើយក៏បានបញ្ជាក់ថានៅសម័យនោះមានជនជាតិកម្ពុជាស្នាក់នៅ រកស៊ីនៅប្រទេសចិនរយៈពេលវែង។ ដែលសំខាន់នោះគឺឯកសារប្រវត្តិសាស្ត្រមួយចំណុចនេះ បានបង្ហាញនូវមិត្តភាព មេត្រីភាពរវាងអ្នកជិតខាងចិននិងកម្ពុជា។ មន្ត្រីសុងមិនត្រឹមតែមិនបានរឹបយកទ្រព្យសម្បត្តិមេឈ្មួញនោះ ហើយថែមទាំងមឈូស ផ្ដែផ្ដាំឱ្យកូនចៅនាំយកសពទៅវិញ រហូដល់ឮល្បីដល់ព្រះមហាក្សត្រកម្ពុជា ដែលនោះគ្មាននរណាមិនរំភើបឡើយ៕