(ភ្នំពេញ)៖ នៅលើពិភពលោកយើង ក្រៅពីមានសមុទ្រដែលមានទឹកពណ៌ខៀវ និងពណ៌ល្អៀងបៃតង ក៏មានសមុទ្រចំនួន៤ទៀតដែលត្រូវបានដាក់ឱ្យតាមពណ៌ ដូចជា សមុទ្រខ្មៅ (Black Sea) សមុទ្រក្រហម (Red Sea) សមុទ្រលឿង (Yellow Sea) និងសមុទ្រស (White Sea) ជាដើម។
ឈ្មោះសមុទ្រទាំងអស់នេះ មិនត្រូវបានគេដឹងច្បាស់ថាមានដើមហេតុពិតប្រាកដយ៉ាងណាឡើយ ប៉ុន្តែមានទ្រឹស្តីល្បីៗមួយចំនួន ក្នុងនោះរួមមាន៖
១. សមុទ្រខ្មៅ
សមុទ្រខ្មៅ គឺជាសមុទ្រស្ថិតនៅចន្លោះទ្វីបអឺរ៉ុបនិងទ្វីបអាស៉ី ជាប់ប្រទេសប៊ុលហ្ការី ហ្សកហ្ស៉ី រ៉ូម៉ានី រុស្ស៉ី តួកគី និងអ៊ុយក្រែន។ មានទ្រឹស្ដី២បែបដែលបង្ហាញពីមូលហេតុដែលនាំវាត្រូវបានដាក់ឈ្មោះយ៉ាងដូច្នេះ គឺទីមួយដោយសារផ្ទៃសមុទ្រនេះពោរពេញទៅដោយសមាសធាតុគីមី H₂S ហៅថា អ៉ីដ្រូសែនស៊ុលហ្វីត (Hydrogen Sulfide)។ វត្ថុ សត្វ រុក្ខជាតិនានាដែលលិចចូលជ្រៅទៅក្នុងសមុទ្រខ្មៅ ត្រូវបានគ្របដណ្តប់ដោយសារធាតុខ្មៅៗ ដោយសារតែសមាសធាតុគីមីនេះ។ ទ្រឹស្តីមួយទៀត គឺដោយសារសមុទ្រខ្មៅសម្បូរព្យុះអាក្រក់ៗ ដូច្នេះហើយពេលក្រុមនាវិកមើលទៅកាន់ផ្ទៃទឹក គឺឃើញវាមានពណ៌ក្រមៅ ព្រោះតែផ្ទៃមេឃងងឹត។
២. សមុទ្រក្រហម
សមុទ្រក្រហម ស្ថិតនៅចន្លោះរវាងទ្វីបអាហ្រិ្វកនិងទ្វីបអាស៉ី ជាប់ប្រទេសអេហ្ស៉ីប អ៉ីស្រាអែល ហ៊្សកដានី ស៊ូដង់ អេរីត្រេ អារ៉ាប៊ីសាអូឌីត និងយេម៉ែន។ ទ្រឹស្ដីដែលនិយាយអំពីដើមចមនៃឈ្មោះរបស់សមុទ្រក្រហម គឺព្រោះតែសមុទ្រនេះសម្បូរទៅដោយពពួកបាក់តេរីសមុទ្រម៉្យាងហៅថា ទ្រីកូឌិសម្ញ៉ូម អេរីដ្រាម (Trichodesmium Erythraeum) ដែលពេលខ្លះប្រែក្លាយទឹកសមុទ្រពណ៌ខៀវ ឬបៃតង ឱ្យទៅជាពណ៌រាងក្រហម ឬត្នោត។
៣៖ សមុទ្រលឿង
សមុទ្រលឿង គឺជាសមុទ្រដែលស្ថិតនៅចន្លោះប្រទេសចិននិងឧបទ្វីបកូរ៉េ។ មូលហេតុដែលនាំឱ្យវាមានឈ្មោះបែបនេះ គឺទំនងដោយសារទឹកពណ៌លឿងត្នោតដែលហូរចូលមកពីទន្លេលឿង ខណៈទឹករបស់ទន្លេនោះ គឺផ្ទុកទៅដោយដី និងខ្សាច់មកពីតំបន់ទំនាប។
៤៖ សមុទ្រស
សមុទ្រស ស្ថិតនៅភាគពាយព្យនៃប្រទេសរុស្ស៉ី និងស្ថិតក្រោមដែនសមត្ថកិច្ចរបស់រុស្ស៉ីទាំងស្រុង។ ដោយសារតែវាស្ថិតនៅក្បែរតំបន់អាក់ទិចនៃប៉ូលខាងជើង ដូច្នេះហើយសមុទ្រនេះក៏គ្របដណ្តប់ដោយផ្ទាំងទឹកកកចន្លោះចាប់ពី៦-៧ខែជារៀងរាល់ឆ្នាំ។ ទ្រឹស្តីមួយបានលើកឡើងថាវាជាប់ឈ្មោះជាសមុទ្រស ដោយសារតែមូលហេតុនេះឯង៕