(ស៉ីប)៖ ស៉ីប ឬសាយប្រឹស (Cyprus) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋស៉ីប (Republic of Cyprus) គឺជាកោះមានអធិបតេយ្យមួយនៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ វាជាកោះដែលធំជាងគេលំដាប់ទី៣ និងមានប្រជាជនច្រើនជាងគេលំដាប់ទី៣នៅសមុទ្រមេឌីទែរ៉ាណេ។ សាធារណរដ្ឋស៉ីពបានបើកឱ្យជនបរទេសលើពិភពលោកអាចចូលសញ្ជាតិបាន។
* តើអ្នកដឹងទេថា ដើម្បីទទួលបានសញ្ជាតិស៉ីប ត្រូវធ្វើអ្វីខ្លះ?
ចំណាប់អារម្មណ៍ដែលចង់ក្លាយជាពលរដ្ឋរបស់ស៉ីបបានកើនឡើងយ៉ាងខ្លាំង នៅពេលដែលប្រជាជនមិនមែនស្ថិតនៅក្នុងសហគមន៍អឺរ៉ុបបានប្រើកម្មវិធីវិនិយោគស៉ីប ដែលផ្តល់លិខិតឆ្លងដែនស៉ីបដល់វិនិយោគិន។ វីធីស្របច្បាប់៤យ៉ាងដែលធ្វើឱ្យជនបរទេសទទួលបានសញ្ជាតិស៉ីប រួមមាន៖ គោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ, អាពាហ៍ពិពាហ៍ជាមួយជនជាតិស៉ីប, មានដើមកំណើតជាជនជាតិស៉ីប, និងគោលការណ៍ដែលគេហៅថា កម្មវិធីវិនិយោគ (ដែលកម្មវិធីនេះត្រូវបានលុបចោលវិញតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០)។
១. គោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ (ប្រភេទ M127)
ការដាក់ពាក្យសុំសញ្ជាតិស៉ីប អាចត្រូវបានដាក់ដោយជនបរទេសដែលបានបញ្ចប់ការស្នាក់នៅស្របច្បាប់សរុប៧ឆ្នាំនៅប្រទេសស៉ីប (ឬ២៥៥៥ថ្ងៃនៃការស្នាក់នៅស៉ីប) មុនកាលបរិច្ឆេទដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំត្រូវតែស្នាក់បន្តនៅស៉ីបរហូតដល់មួយឆ្នាំចុងក្រោយមុនពេលដាក់ពាក្យសុំ។ ក្នុងករណីអ្នកដាក់ពាក្យសុំដែលជាកូនៗ ឬឪពុកម្តាយរបស់ពលរដ្ឋស៉ីបពេលវេលាដែលត្រូវការគឺ៥ឆ្នាំ ឬលើសពីនេះគឺ៧ឆ្នាំ។
២. ការទទួលបានសញ្ជាតិស៉ីប តាមរយៈអាពាហ៍ពិពាហ៍ជាមួយជនជាតិស៉ីប (ប្រភេទ M125)
ប្តី ឬប្រពន្ធបរទេសរបស់ស៉ីប ដែលបានរៀបអាពាហ៍ពិពាហ៍៣ឆ្នាំ និងមានទីលំនៅ២ឆ្នាំនៅស៉ីប មុនកាលបរិច្ឆេទនៃពាក្យសុំ មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិស៉ីបបាន។ ដូចគ្នានេះផងដែរ ប្តី ឬប្រពន្ធរបស់ស៉ីប ដែលកំពុងរស់នៅបរទេសក៏មានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិស៉ីប នៅពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍យ៉ាងហោចណាស់៣ឆ្នាំ។ ក្នុងករណីនេះ គូស្វាមីភរិយាត្រូវពន្យល់ពីមូលហេតុដែលចង់បានសញ្ជាតិស៉ីប។ ប្រសិនបើគូស្វាមីភរិយាបានរៀបអាពាហ៍ពិពាហ៍រយៈពេល៥ឆ្នាំ ហើយមានកូនយ៉ាងតិច១ គឺមិនចាំបាច់ផ្តល់ការពន្យល់ដូចការបង្ហាញខាងលើនោះទេ។
៣៖ ការទទួលបានសញ្ជាតិស៉ីប ដោយសារមានដើមកំណើតជាជនជាតិស៉ីប
* ពាក្យសុំវិញ្ញាបនប័ត្រកំណើតកុងស៊ុល (ប្រភេទ M121)៖ ប្រភេទនេះ សម្រាប់មនុស្សមិនទាន់ពេញវ័យ ឬមនុស្សពេញវ័យដែលកើតនៅបរទេស បន្ទាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦០ ហើយឪពុករបស់ពួកគេ គឺជាពលរដ្ឋស៉ីប នៅពួកគេពេលកើត ហើយដោយអ្នកដែលកើតក្រោយថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ដែលម្តាយរបស់ពួកគេជាពលរដ្ឋស៉ីប នៅពេលពួកគេកើត។
* ពាក្យសុំចុះឈ្មោះសម្រាប់មនុស្សមិនទាន់ពេញវ័យ (ប្រភេទ M126)៖ ប្រភេទនេះសម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលកើតមុនថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ នៅកោះស៉ីប ឬនៅបរទេស ហើយម្តាយរបស់ពួកគេជាពលរដ្ឋស៉ីប និងឪពុកជាជនបរទេស ឬសម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលឪពុកពួកគេបានទទួលសញ្ជាតិស៉ីប បន្ទាប់ពីពួកគេកើត។ ប្រភេទនេះក៏អនុវត្តបានដែរសម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលឪពុក ឬម្តាយទទួលបានសញ្ជាតិស៉ីប ដោយគោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ ឬតាមរយៈការចុះឈ្មោះដោយសារអាពាហ៍ពិពាហ៍។
៤៖ ការទទួលបានសញ្ជាតិស៉ីប ដោយសារកម្មវិធីវិនិយោគស៉ីប
មានគោលនយោបាយមួយរបស់ស៉ីប ដើម្បីទាក់ទាញការវិនិយោគបរទេស បានបង្កើតកម្មវិធីវិនិយោគស៉ីប (Cyprus Investment Programme)។ វាផ្តល់ឱកាសដល់វិនិយោគិនក្នុងការទទួលបានលិខិតឆ្លងដែនស៉ីបសម្រាប់ពួកគេ និងគ្រួសាររបស់ពួកគេ ជាមួយនឹងការវិនិយោគដែលចាប់ផ្តើមពី២លានអឺរ៉ូ។ គួររម្លឹកថា កម្មវិធីនេះ ត្រូវបានលុបចោលវិញតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា ប្រទេសស៉ីបមានទីតាំងនៅភាគខាងជើងប្រទេសអេហ្ស៉ីប ភាគពាយ័ព្យប្រទេសលីបង់ ប៉ាឡេស្ទីន និងអ៉ីស្រាអែល ភាគខាងលិចប្រទេសស៉ីរី ភាគអាគ្នេយ៍ប្រទេសក្រិក និងភាគខាងត្បូងនៃប្រទេសតួកគី។ នីកូស៉ី (Nicosia) គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសស៉ីប៕
ស៉ីព មើលតាមរយៈផ្កាយរណប
ស៉ីព មើលក្នុងផែនទីពិភពលោក
សមុទ្រមេឌីទែរ៉ាណេ
ឆ្នេរសមុទ្រនៅស៉ីព
ទេសភាពទីក្រុងនីកូស៉ី ប្រទេសស៉ីព