(ភ្នំពេញ)៖ អ្នកសិក្សាភាគច្រើនប្រាកដជាបានស្គាល់ហើយនូវបណ្ដាអ្នករុករកក្នុងប្រវត្តិសាស្ត្រពិភពលោក ពិសេសគឺពួកអ្នករុករកជនជាតិអឺរ៉ុប ដូចជា ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) វ៉ាស្កូ ដឺ ហ្កាម៉ា (Vasco da Gama) គ្រីស្តុប កូឡុំ (Cristopher Columbus) ជេម ឃុក (James Cook) ជាដើម ប៉ុន្តែអ្នករុករកដ៏សំខាន់មុនគេរបស់ពិភពលោកនោះ គឺជាជនជាតិអាស៉ីយើងឯណេះទៅវិញទេ ដែលគាត់គឺមានឈ្មោះថា ចឹង ហឺ (Zheng He)។ អ្វីដែលពិសេសសម្រាប់កម្ពុជាយើងនោះ គឺនៅត្រង់ថា ចឹង ហឺ ក៏ធ្លាប់បានមកដល់រាជធានីអង្គរ និងធ្វើកំណត់ហេតុអំពីប្រទេសខ្មែរនាចុងសម័យអង្គរផងដែរ។
* ប្រវត្តិរូបនិងស្នាដៃ
ចឹង ហឺ (郑和) កើតនៅក្នុងគ្រួសារចិនមូស្លីមនាឆ្នាំ១៣៧១ ចុងសម័យរាជវង្សយ័ន ក្នុងទីក្រុងគួនយ៉ាង (Kunyang) ក្បែរក្រុងគួនមីង (Kunming) នៃខេត្តយូណាន (Yunnan) ប្រទេសចិនបច្ចុប្បន្ន។ លោកមានឈ្មោះដើមហៅថា ម៉ា សាន់ប៉ាវ (Ma Sanbao) ក្រោយមកត្រូវបានគេប្ដូរឈ្មោះថា ម៉ា ហឺ (Ma He) ប៉ុន្តែនៅពេលរាជវង្សម៉េងគ្រប់គ្រងប្រទេសចិន លោកក៏ត្រូវបានព្រះចៅអធិរាជប្រទានឈ្មោះថ្មីដល់លោកថា ចឹង ហឺ វិញ ហើយក៏ជាឈ្មោះដែលគេនិយមសរសេរក្នុងឯកសារប្រវត្តិសាស្ត្រផងដែរ។
ជាបុគ្គលល្បីក្នុងប្រវត្តិសាស្ត្រមួយរូប ចឹង ហឺ បានឆ្លងកាត់សម័យកាលនិងព្រឹត្តិការណ៍ច្រើនរាប់មិនអស់ គិតចាប់ពីចុងសម័យរាជវង្សយ័ន (Yuan Dynasty 1271-1368) រហូតដល់ដើមសម័យរាជវង្សម៉េង (Ming Dynasty 1368-1644) តួយ៉ាងដូចជាព្រឹត្តិការណ៍សង្គ្រាមផ្ដួលរំលំរាជវង្សចាស់បង្កើតរាជវង្សថ្មី ការធ្វើរាជប្រហារកម្ចាត់ស្ដេចចាស់ផ្លាស់រាជ្យស្ដេចថ្មី ចូលរួមសង្គ្រាមជីវិតផ្ញើនៅលើខ្នងសេះ ព្រមទាំងដឹកនាំដំណើររុករកតាមផ្លូវសមុទ្រដ៏វែងឆ្ងាយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិន។
* ពីឈ្លើយសឹកទៅជាមេបញ្ជាការទ័ព
នៅឆ្នាំ១៣៨១ កងទ័ពមហាម៉េងបានដេញកម្ចាត់កងទ័ពម៉ុងហ្គោលនៅខេត្តយូណាន ដែលជាកងទ័ពចុងក្រោយនៃរាជវង្សយ័ននៅលើទឹកដីចិននាសម័យនោះ។ ពួកគេបានចាប់ខ្លួន ម៉ា សាន់ប៉ាវ និងបុរសដទៃទៀតជាឈ្លើយសឹក និងឱ្យចូលបម្រើការក្នុងជួរកងទ័ព។ ក្រោយមក ម៉ា សាន់ប៉ាវ ត្រូវបានគេប្តូរឈ្មោះទៅជា ម៉ា ហឺ វិញ។ នៅយូណានភាគខាងត្បូងប្រទេសចិន ម៉ា ហឺ ទទួលបានការបណ្តុះបណ្តាលផ្នែកអក្សរសាស្ត្រ និងយោធាសាស្ត្រពីរាជការម៉េង ហើយក្រោយមកលោកក៏ទទួលបានតំណែងជាមេទ័ពយ៉ាងឆាប់រហ័ស។ ប្រការនេះបានធ្វើឱ្យ ម៉ា ហឺ មានទំនាក់ទំនងយ៉ាងសំខាន់នៅក្នុងរាជការម៉េង។
ប្រទេសចិននាសម័យនោះគឺស្ថិតក្នុងរជ្ជកាលក្សត្រដំបូងនៃរាជវង្សម៉េង គឺអធិរាជហុងអ៊ូ (Hongwu Emperor) ដែលព្រះអង្គមានឈ្មោះដើមហៅថា ជូ យានចាង (Zhu Yuanzhang)។ បន្ទាប់ពីអធិរាជម៉េង ហុងអ៊ូ សោយទិវង្គតទៅ រាជ្យបល្ល័ង្កក៏បានទៅលើក្សត្រថ្មីឈ្មោះ ជូ អ៉ីនវិន (Zhu Yunwen 1368-1398) ដែលត្រូវជាព្រះនត្តារបស់អធិរាជហុងអ៊ូ។ ក្សត្រ ជូ អ៉ីនវិន នៅពេលឡើងសោយរាជ្យបន្តពីព្រះអយ្យកោ ព្រះអង្គទទួលព្រះបរមនាមសម្រាប់រាជ្យថា អធិរាជជានវិន (Jianwen Emperor 1398-1402) ប៉ុន្តែរាជការក្នុងរជ្ជកាលព្រះអង្គមានការរង្គោះរង្គើ កើតមានចលនាក្បត់ពីសំណាក់រាជវង្សខ្លួនឯង រហូតឈានដល់អំពើរាជ្យប្រហារទម្លាក់ព្រះអង្គពីរាជ្យបល្ល័ង្ក។ ចលនាធ្វើរាជ្យប្រហារនេះដឹកនាំដោយព្រះអង្គម្ចាស់ម្នាក់ឈ្មោះ ជូ ទី (Zhu Di) ដែលត្រូវជាព្រះបិតុលារបស់អធិរាជជានវិនផ្ទាល់តែម្ដង ហើយក៏ជាបុត្រទី៤របស់អធិរាជហុងអ៊ូផងដែរ។ ព្រះអង្គម្ចាស់ ជូ ទី គឺមានគោរម្យងារជាសម្ដេចយាន (Prince of Yan) ដែលមានសិទ្ធិក្ដោបក្ដាប់អំណាចទ័ពពេញដៃ ហើយមានគុណសម្បត្តិធំក្នុងការកម្ចាត់កងទ័ពម៉ុងហ្គោលឱ្យថយទៅភាគខាងជើងវិញ។
ម៉ា ហឺ នៅឯយូណាន បានចូលដៃជាមួយព្រះអង្គម្ចាស់ ជូ ទី ក្នុងការផ្តួលរំលំអំណាចអធិរាជជានវិន រហូតដល់បានសម្រេចនៅក្នុងឆ្នាំ១៤០២។ សម្ដេចយាន ជូ ទី បន្ទាប់ពីទទួលបានជ័យជម្នះលើអធិរាជជានវិនហើយ ព្រះអង្គក៏បានឡើងសោយរាជ្យសម្បត្តិ ហើយទទួលព្រះបរមនាមសម្រាប់រាជ្យថា អធិរាជយ៉ុងឡឹ (Yongle Emperor 1402-1424)។ ដោយការសព្វព្រះទ័យនឹងការខិតខំរបស់ ម៉ា ហឺ អធិរាជយ៉ុងឡឹបានប្រទានត្រកូលថ្មីដល់លោកថា ចឹង (Zheng) ដូច្នេះហើយលោកក៏មានឈ្មោះថ្មីថា ចឹង ហឺ តាំងពីពេលនោះមក។ អធិរាជម៉េង យ៉ុងឡឹ បានបញ្ជាឱ្យ ចឹង ហឺ ដឹកនាំកងនាវាមួយដ៏ធំទៅមហាសមុទ្រខាងលិច។ ភាពស្មោះត្រង់ ចំណេះដឹង ជំនាញការទូត និងជំនាញផ្នែកយោធា បានជួយឱ្យ ចឹង ហឺ ធ្វើដំណើរដោយជោគជ័យ។
* មេដឹកនាំកងនាវាដ៏អស្ចារ្យ
ក្នុងវិស័យនាវាចរណ៍និងការទូតនៅឯនាយសមុទ្រ ចឹង ហឺ ក៏ជាអ្នករុករកផ្លូវសមុទ្ររបស់ចិនម្នាក់ដែលបានធ្វើដំណើរផ្សេងឆ្ងាយជាងគេមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។ មេទ័ព ចឹង ហឺ បានធ្វើនាវាចរណ៍លើកដំបូងនៅឆ្នាំ១៤០៥ ដោយដឹកនាំមនុស្សប្រមាណ២៧,៨០០នាក់។ កងនាវាដ៏ធំរបស់លោកមានសំពៅចំនួន៣១៧គ្រឿង រួមបញ្ចូលទាំងសំពៅផ្ទុករតនសម្បត្តិ គ្រឿងដង្វាយដែលរាជការនគរសម្ពន្ធមិត្តថ្វាយមករាជការម៉េង ក៏ដូចជាគ្រឿងដង្វាយរាជការម៉េងថ្វាយទៅបណ្ដាប្រទេសជាមិត្តនោះវិញដែរ តួយ៉ាងដូច្នេះជាមួយប្រទេសខ្មែរជាដើម។
ដំណើរផ្សងព្រេងទាំងអស់របស់ ចឹង ហឺ មានគោលបំណងកសាងនិងពង្រឹងទំនាក់ទំនងការទូត បង្ហាញអំពីឫទ្ធីអំណាចរបស់រាជការម៉េងទៅកាន់រដ្ឋនានា និងផ្សព្វផ្សាយអំពីវប្បធម៌ចិនទៅក្រៅប្រទេស ហើយនាំមកនូវរតនសម្បត្តិ គ្រឿងដង្វាយពីបណ្ដានគរទាំងនោះជូនដល់រាជការម៉េងវិញ។ ជាមួយនឹងបេសកកម្មចំនួន៧លើកទៅកាន់សមុទ្រខាងត្បូង និងសមុទ្រភាគខាងលិច លោកបានធ្វើកំណត់ត្រាអំពីស្ថានភាពនយោបាយ និងភូមិសាស្ត្រនៅតាមប្រទេសតូចធំជាច្រើននៅអាស៉ីអាគ្នេយ៍ ឥណ្ឌា អាហ្វ្រិកខាងកើត និងតំបន់អារ៉ាប់ ក្នុងនោះក៏មានទាំងប្រទេសចាម្ប៉ា ប្រទេសខ្មែរនាចុងសម័យអង្គរដែលចិនហៅខ្មែរយើងថា «ចេនឡា» ប្រទេសសៀម លាវឡានសាង ម៉ាចាប៉ាហិត ឬមហាប្រទេស បណ្ដារដ្ឋនៅលើកោះស៊ូម៉ាត្រា កោះស៊ូឡាវេស៉ី កោះជ្វា កោះកាលីម៉ាន់តាន់ ម៉ាឡាកា និងបណ្ដារដ្ឋនៅឧបទ្វីបម៉ាឡេ បណ្ដារដ្ឋនៅឈូងសមុទ្របេងហ្កាល់បច្ចុប្បន្ន ប្រទេសស្រីលង្កា បណ្ដានគរនៅឆ្នេរសមុទ្រនៃឧបទ្វីបឥណ្ឌា ព្រមទាំងបណ្ដានគរនៅក្នុងតំបន់អារ៉ាប់ អេហ្ស៉ីប និងបណ្ដារដ្ឋនៅតាមឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិកបច្ចុប្បន្ន។
* បេសកកម្មលើកទី១ និងទី២ (១៤០៥-១៤០៩)
បេសកកម្មការទូតផ្លូវសមុទ្រលើកដំបូងរបស់ ចឹង ហឺ បានធ្វើដំណើរតាមផ្លូវពាណិជ្ជកម្មទៅកាន់អាស៉ីអាគ្នេយ៍ និងឥណ្ឌា ក្នុងនោះលោកបានទៅដល់ក្រុងវិជ័យ និងក្រុងបាណ្ឌុរង្គរបស់ប្រទេសចាម្ប៉ា (ឥឡូវនេះជាប្រទេសវៀតណាម) និងបានធ្វើដំណើរបញ្ច្រាសទន្លេមេគង្គដើម្បីទៅដល់ក្រុងអង្គររបស់ប្រទេសខ្មែរ។ ក្រៅពីនេះ លោកបានទៅដល់ក្រុងអយុធ្យារបស់ប្រទេសសៀម កំពង់ផែម៉ាឡាការបស់ម៉ាឡេ និងកោះជ្វារបស់ឥណ្ឌូណេស៉ី ឆ្លងកាត់មហាសមុទ្រឥណ្ឌាទៅកាន់ទីក្រុង Kozhikode ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា ហើយឈប់នៅប្រទេសស្រីលង្កា។ បណ្ដាព្រះមហាក្សត្រនៃប្រទេសទាំងនោះសុទ្ធតែស្ងើចសរសើរចំពោះជំនាញការទូតរបស់ ចឹង ហឺ។ បណ្ដាសម្ពន្ធមិត្តបានយល់ព្រមបញ្ជូនបេសកទូតទៅកាន់មហាម៉េង ដើម្បីថ្វាយសារលិខិតអបអរសាទរការឡើងសោយរាជ្យរបស់អធិរាជយ៉ុងឡឹ។ អំឡុងពេលធ្វើដំណើរលើកដំបូង ចឹង ហឺ បានចាប់ខ្លួនក្រុមចោរសមុទ្រដ៏ល្បីនៅច្រកសមុទ្រម៉ាឡាកា។ ស្នាដៃនេះបន្ថែមឱ្យលោកនូវកេរ្តិ៍ឈ្មោះល្បីក្នុងនាមជាឧត្តមនាវីឯក និងជាមេបញ្ជាការយោធាដ៏ខ្លាំងក្លា។ ដំណើរបេសកកម្មលើកទី២ ត្រូវបានបំផ្លាញដោយសារមានជម្លោះជាមួយក្សត្រប្រទេសស្រីលង្កា Alagonakkara។ ស្តេងអង្គនេះក្លែងធ្វើជាមិត្តតែមានបំណងចង់ប្លន់សំពៅផ្ទុករតនសម្បត្តិ។ ចឹង ហឺ បានចាប់ស្តេចអង្គនេះបញ្ជូនទៅកាន់ប្រទេសចិន តែបានដោះលែងវិញក្រោយមានការសន្យាថានឹងផ្តល់សួយសារអាករដល់អធិរាជម៉េង។
* បេសកកម្មលើកទី៣ និងទី៤ (១៤០៩-១៤១៥)
ក្នុងដំណើរលើកទី៣ ចឹង ហឺ បានឈប់នៅប្រទេសឥណ្ឌា។ ពេលធ្វើដំណើរត្រលប់ទៅប្រទេសចិនវិញនៅឆ្នាំ១៤១១ លោកបានឆ្លងកាត់សមុទ្រស៊ូម៉ាត្រា ភាគខាងជើងនគរស៊ូម៉ាត្រា (Sumadra Kingdom)។ ដំណើរលើកទី៤ គឺជាមហិច្ឆតាដ៏ធំបំផុត។ ក្រោយសំចតនៅផែកំពង់ផែសំខាន់ៗនៅអាស៉ី លោកបានបន្តដំណើរទៅឥណ្ឌា និងឆ្ពោះទៅកោះហឺម៉ឺស (Hormuz Island) ក្នុងដែនសមុទ្រពែរ្ស (Persian Gulf)។ កងទ័ពជើងទឹកដទៃទៀតធ្វើដំណើរតាមឈូងសមុទ្រអារ៉ាប់ទៅកាន់ប្រទេសយេម៉ែន ឡើងសមុទ្រក្រហមទៅកាន់ទីក្រុងចេដ្ដះ (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត។ បេសកកម្មរបស់លោកមួយទៀត បានទៅទីក្រុងម៉េក្កះ (Mecca) របស់អារ៉ាប៊ីសាអូឌីត ហើយបន្តទៅប្រទេសអេហ្ស៉ីប។ កងទ័ពជើងទឹកក៏បានទៅដល់ឈូងសមុទ្រខាងកើតទ្វីបអាហ្វ្រិក ហើយឈប់នៅទីក្រុងមួយដែលឥឡូវជាប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី ហើយបន្តដំណើរទៅព្រែកជីកម៉ូសំប៊ិក (Mozambique)។ យ៉ាងហោចណាស់ មានរដ្ឋសម្ពន្ធមិត្តជាង៣០បានយល់ព្រមផ្តល់គ្រឿងដង្វាយ និងបញ្ជូនបេសកជនទៅគាល់ថ្វាយសារដល់អធិរាជយ៉ុងឡឹ។ ដោយសារតែមានឈាមជ័រជាម៉ូស្លីម ចឹង ហឺ ក៏បានកសាងចំណងការទូតជាមួយប្រទេសដែលកាន់សាសនាឥស្លាមជាច្រើន។
* បេសកកម្មលើកទី៥ និងទី៦ (១៤១៧-២២)
បេសកកម្ម២លើកនេះធ្វើឡើងក្នុងគោលបំណងបញ្ជូនបេសកជនបរទេសទៅប្រទេសពួកគេវិញ។ ចឹង ហឺ បានទៅដល់បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ឥណ្ឌា អារ៉ាប់ និងអាហ្វ្រិកខាងកើតសាជាថ្មី។ ក្នុងដំណើរលើកទី៦ ចឹង ហឺ បានត្រលប់ទៅកាន់ប្រទេសចិនវិញយ៉ាងឆាប់ជាមួយកងទ័ពរបស់លោកមួយចំនួន រីឯមួយចំនួនទៀតនៅបន្តរុករកនៅឈូងសមុទ្រខាងកើតនៃទ្វីបអាហ្វ្រិក។
* បេសកកម្មលើកទី៧ (១៤៣១-៣៣)
នៅឆ្នាំ១៤២៤ អធិរាជយ៉ុងឡឹបានយាងសោយទិវង្គត។ ក្សត្រឡើងសោយរាជ្យបន្ទាប់ គឺអធិរាជស្វៀនតឺ (Xuande Emperor) បានបញ្ឈប់ដំណើររុករកទាំងអស់ជាបណ្តោះអាសន្ន។ រហូតដល់ឆ្នាំ១៤៣១ ចឹង ហឺ បានចាប់ផ្តើមដំណើរចុងក្រោយរបស់ខ្លួន ដែលលោកបានធ្វើដំណើរទៅកាន់កំពង់ផែនានាចាប់ពីតំបន់អាស៉ីទៅកាន់តំបន់អារ៉ាប់ និងឆ្ពោះទៅអាហ្វ្រិកខាងកើត។ ក្នុងដំណើរត្រលប់ទៅប្រទេសចិនវិញនៅឆ្នាំ១៤៣៣ ចឹង ហឺ បានស្លាប់ដោយរោគាពាធនៅទីក្រុង Kozhikode ឬ Calicut របស់ប្រទេសឥណ្ឌា។ ធាតុរបស់លោកត្រូវបានយកទៅបញ្ចុះនៅទីក្រុងណានជីង (Nanjing) ប្រទេសចិនបច្ចុប្បន្ន ដែលមានបន្សល់ទុករហូតដល់សព្វថ្ងៃ។
* សមិទ្ធផលក្នុងកិច្ចការទំនាក់កម្ពុជា-ចិន
ចឹង ហឺ គឺជាអ្នកការទូតដ៏សំខាន់បំផុតរបស់រាជការម៉េងនារជ្ជកាលអធិរាជយ៉ុងឡឹ។ យោងតាមកំណត់ហេតុរាជវង្សម៉េងបានបញ្ជាក់ថា សកករាជយ៉ុងឡឹឆ្នាំទី៣ ត្រូវនឹងឆ្នាំ១៤០៥ រាជការម៉េងបានចាត់បញ្ជូនទូតនាំដង្វាយប្រទានដល់រាជការខ្មែរ និងប្រទេសដទៃទៀត ក្នុងនោះមានដូចជាកាំម្ញ៉ីកប្បាស ចរបាប់ ព្រែ ឡោស្បៃ និងប្រាក់កាសមួយចំនួន។ រាជការម៉េងធ្លាប់បានបញ្ជូនរាជទូតមកប្រទេសខ្មែរជាច្រើនលើកទៀត តាមរយៈដំណើរបេសកកម្មការទូតរបស់លោក អ៉ីន សូវ និងលោក ចឹង ហឺ។ នៅសម័យរាជវង្សម៉េង បច្ចេកទេសធ្វើទូករបស់ចិនមានការរីកចម្រើន ជំនាញដើរផ្លូវសមុទ្រក៏កាន់តែប្រសព្វឡើង ក្នុងនោះប្រទេសខ្មែរក៏មានអ្នកដើរសមុទ្រស្គាល់កាន់តែច្រើនដែរ។ ដំណើរបេសកកម្មមកកាន់កម្ពុជារបស់បេសកជន អ៉ីន សូវ និង ចឹង ហឺ បានបន្សល់ទុកនូវកំណត់ត្រាប្រវត្តិសាស្ត្រដ៏មានតម្លៃ។ អធិរាជយ៉ុងឡឹ ក្សត្រជ្រែករាជ្យនៃរាជវង្សម៉េង ក៏បានបញ្ជូនបេសកជនចិន គឺលោក អ៉ីន សូវ ឱ្យមកប្រកាសរាជសារអំពីការសោយរាជ្យរបស់ទ្រង់នៅរាជធានីអង្គររបស់ប្រទេសខ្មែរផងដែរ។ បេសកជន អ៉ីន សូវ បានចូលគាល់ព្រះករុណាព្រះបាទស្រីសុរិយោវង្សទី២ (១៤០១-១៤១៧) ដើម្បីប្រកាសអំពីរាជសាររបស់អធិរាជយ៉ុងឡឹបន្ទាប់ពីឡើងសោយរាជ្យ។ នៅពេលត្រឡប់ទៅមហាម៉េងវិញ លោក អ៉ីន សូវ បានថ្វាយរបាយការណ៍ពីស្ថានភាពប្រទេសខ្មែរ និងបានសរសើរពីព្រះទ័យសណ្ដោសប្រណី មិនក្អេងក្អាង និងឫទ្ធអំណាចរបស់ព្រះមហាក្សត្រខ្មែរ ចំពោះព្រះភក្ត្រព្រះចៅអធិរាជយ៉ុងឡឹ។ ចំណែកឯលោក ចឹង ហឺ ក៏បានទទួលព្រះរាជបញ្ជាពីអធិរាជយ៉ុងឡឹ និងអធិរាជស្វៀនតឺ ឱ្យដឹកនាំក្បួនបេសកទូតឆ្ពោះមកប្រទេសខ្មែរច្រើនលើកផងដែរ ពិសេសក្នុងបេសកកម្មផ្លូវសមុទ្រចាប់ពីឆ្នាំ១៤០៥-១៤៣៣។
ទាំងលោក អ៉ីន សូវ និងលោក ចឹង ហឺ គឺសុទ្ធតែបានធ្វើដំណើរតាមផ្លូវចាស់របស់លោក ជីវ តាក្វាន់ (Zhou Daguan) ដែលបានធ្វើដំណើរមកក្រុងអង្គរកាលពីជាង១០ឆ្នាំមុនផងដែរ។ ពួកលោកបានធ្វើដំណើរចេញពីកំពង់ផែក្វាងចូវ (Guangzhou Port) ឆ្ពោះមកសមុទ្រចិនខាងត្បូង ដោយឆ្លងកាត់កោះហាយណាន ប្រទេសចាម្ប៉ា កម្ពុជាក្រោម ហើយចូលតាមទន្លេមេគងមកដល់ទន្លេសាបនិងបឹងទន្លេសាប ខេត្តពោធិ៍សាត់ ទើបបានមកដល់ក្រុងអង្គរធំ រាជធានីរបស់ប្រទេសខ្មែរ។
ទោះបីជាដំណើរបេសកកម្មរបស់ ចឹង ហឺ មិនបានបង្កើតនូវការធ្វើពាណិជ្ជកម្មឱ្យរីកចម្រើន តែលោកបានពង្រីកឥទ្ធិពលចិននៅទូទាំងសមុទ្រខាងត្បូង សមុទ្រខាងលិច រហូតដល់ឥណ្ឌា តំបន់អារ៉ាប់ និងអាហ្វ្រិកខាងកើត។ ប្រជាជនចិនជាច្រើនបានទទួលការជំរុញ និងចំណាកស្រុកទៅរស់នៅកន្លែងដែលលោក ចឹង ហឺ បានទៅដល់។ ក្បួននាវារបស់ ចឹង ហឺ ដែលមានសំពៅ៣១៧គ្រឿងនោះ គឺជាប់ចំណាត់ថ្នាក់ជាក្រុមរុករកជើងទឹកដ៏ធំបំផុតរបស់ពិភពលោក។ ក្រោយការស្លាប់របស់ ចឹង ហឺ ធ្វើឱ្យអធិរាជស្វៀនតឺសម្រេចព្រះទ័យបញ្ឈប់ការធ្វើនាវាចរណ៍ទៅឆ្ងាយ។ គ្រប់សំពៅរបស់ ចឹង ហឺ ត្រូវបានកម្ទេចចោលជាមួយនឹងកំណត់ត្រាស្ទើរតែទាំងអស់នៃការធ្វើដំណើរទាំង៧លើករបស់លោក។ ទើបតែថ្មីៗនេះទេ ដែលប្រទេសចិនបានចាប់ផ្តើមប្រារព្ធពិធីរំលឹកពីដំណើររុករករបស់ ចឹង ហឺ និងកងទ័ពជើងទឹកដ៏អស្ចារ្យរបស់លោក៕