(ភ្នំពេញ)៖ នៅពេលយើងមើលឃើញ ផ្កាយដុះកន្ទុយជាច្រើនហោះឆ្លងកាត់លើផ្ទៃមេឃពេលរាត្រី ហើយហាក់ចេញមកពីចំណុចតែមួយ បាតុភូតនោះគេហៅថា «ទេពច្យុត»។ ពួកវាគឺជាបំណែកឬកម្ទេចកម្ទី ភាគច្រើនបន្សល់ទុកដោយអាចម៍ផ្កាយប្រភេទ Comet ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយមួយប្រភេទទៀតគឺ Asteroid។
នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។ ជាច្រើនលើកក្នុងមួយឆ្នាំ ពួកយើងអាចមានឱកាសមើលឃើញបាតុភូតនេះ។ ឈ្មោះ «ទេពច្យុត» នីមួយៗ ត្រូវបានគេដាក់ឲ្យតាមកញ្ចុំផ្កាយលើផ្ទៃមេឃ ដែលចំណុចចាប់ផ្តើមនៃទេពច្យុតទាំងនោះហៅថា Radiant Point ហាក់ស្ថិតនៅ។
គួរជម្រាបថា ខណៈទេពច្យុតអាចកើតមានឡើងបាន នៅគ្រប់ពេលវេលាក្នុងមួយឆ្នាំៗ មានបាតុភូតទេពច្យុតខ្លះ កើតឡើងក្នុងពេលដដែលៗ ជារៀងរាល់ឆ្នាំ ហើយទេពច្យុតដែលល្បីៗ ត្រូវបានមនុស្សលោកយើងអង្កេតមើលរាប់រយ និងរាប់ពាន់ឆ្នាំមកហើយ។ ទេពច្យុតទាំងនោះ រួមមានដូចជា៖
* ក្វាដ្រានធីតស៍ (Quadrantids)៖ វាជាទេពច្យុតដំបូងគេបង្អស់ប្រចាំឆ្នាំ ដែលតែងតែកើតឡើងនៅចន្លោះសប្តាហ៍ចុងក្រោយនៃខែធ្នូ និងជិតពាក់កណ្តាលខែមករា។ វាឈានដល់កម្រិតកំពូលនៅយប់ថ្ងៃទី៣-៤ ខែមករា និងមើលឃើញច្បាស់បំផុតពីអឌ្ឍគោលខាងជើង។ Radiant Point របស់វាស្ថិតនៅកញ្ចុំផ្កាយប៊ូទីស (Bootes)។ ឈ្មោះ Quadrantids គឺយកតាមអតីតកញ្ចុំផ្កាយ Quadrans Muralis ដែលបច្ចុប្បន្នស្ថិតក្នុងផ្នែកនៃកញ្ចុំផ្កាយ Bootes។
* លីរីដស៍ (Lyrids)៖ Radiant Point របស់ Lyrids ស្ថិតនៅកញ្ចុំផ្កាយលីរ៉ា (Lyra)។ ទេពច្យុតនេះកើតឡើងនៅចន្លោះថ្ងៃទី១៦-២៦ ខែមេសា រៀងរាល់ឆ្នាំ ហើយមើលឃើញទាំងពីអឌ្ឍគោលខាងជើងនិងអឌ្ឍគោលខាងត្បូង។
* អ៉ីតាអាក្វារីដស៍ (Eta Aquarids)៖ កើតឡើងនៅកំឡុងចុងខែមេសា និងពាក់កណ្តាលខែឧសភា និងឈានដល់កម្រិតខ្លាំងបំផុតនៅកំឡុងថ្ងៃទី៥-៦ ខែឧសភា។ ខណៈអ្នកនៅអឌ្ឍគោលខាងត្បូងអាចទស្សនាវាបានល្អជាង អ្នកនៅអឌ្ឍគោលខាងជើងក៏អាចឃើញវាក្នុងកម្រិតខ្លះដែរ។ Radiant Point របស់វាស្ថិតនៅកញ្ចុំផ្កាយអាក្វារៀស (Aquarius)។
* ផឺស៉ីអ៉ីដស៍ (Perseids)៖ កើតឡើងនៅពាក់កណ្តាលខែសីហា ខណៈកម្រិតកំពូលរបស់វាគឺនៅថ្ងៃទី១១-១៣។ Radiant Point របស់វា ស្ថិតនៅកញ្ចុំផ្កាយផឺសៀស (Perseus)។
* ដ្រាកូនីដស៍ (Draconids)៖ កើតឡើងនៅរៀងរាល់ខែតុលា ហើយវាមានសកម្មភាពខ្លាំងបំផុតនៅថ្ងៃទី៧-៨។ Radiant Point របស់ទេពច្យុតនេះ ស្ថិតនៅកញ្ចុំផ្កាយ Draco the Dragon។
* អូរ៉ាយអននីដស៍ (Orionids)៖ កើតឡើងនៅរៀងរាល់ខែតុលា ហើយវាមានសកម្មភាពខ្លាំងបំផុតនៅថ្ងៃទី២១-២២។ Radiant Point របស់វា ស្ថិតនៅកញ្ចុំផ្កាយអូរ៉ាយអន (Orion)។
* លីអននីដស៍ (Leonids)៖ កើតឡើងកំឡុងខែវិច្ឆិកា ហើយមានសកម្មភាពខ្លាំងនៅពាក់កណ្តាលខែ។ Radiant Point របស់វា ស្ថិតនៅកញ្ចុំផ្កាយលីអូ (Leo)។
* ចេមីនីដស៍ និង អឺស៉ីដស៍ (Geminids & Ursids)៖ នៅថ្ងៃធ្នូ មានទេពច្យុតធំៗពីរ។ ទេពច្យុត Geminids កើតឡើងដើមខែ ហើយឈានដល់កម្រិតសកម្មភាពខ្លាំងនៅថ្ងៃទី១៣-១៤ ខណៈ Ursids មានសកម្មភាពខ្លាំងនៅថ្ងៃទី២២-២៣។ Radiant Point របស់ Geminids ស្ថិតនៅកញ្ចុំផ្កាយចេមីនី (Gemini) ខណៈ Radiant Point របស់ Ursids ស្ថិតនៅកញ្ចុំផ្កាយអឺសា ម៉ាញណ័រ (Ursa Minor)៕