(ភ្នំពេញ)៖ ធ្លាប់មានគេល្បីតៗគ្នាថា តំបន់ត្រីកោណមរណៈ បឺរមូដាត្រាយអេងហ្គល (Bermuda Triangle) ជាកន្លែងបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់កប៉ាល់ និងយន្តហោះអស់ជាច្រើន ខណៈទីអាថ៌កំបាំងនេះស្ថិតនៅក្នុង លម្ហសមុទ្រភាគខាងលិច មហាសមុទ្រអាត្លង់ទិក ក្បែររដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។
តើពាក្យចរចាមអារ៉ាមខាងលើនេះមានពិតមែន ឬយ៉ាងណា សូមស្វែងយល់នូវការពន្យល់ដូចខាងក្រោម៖
ទោះបីមានទ្រឹស្តីចម្លែកៗរាប់មិនអស់ ដែលបានលើកឡើងពាក់ព័ន្ធនឹងតំបន់បឺរមូដាត្រាយអេងហ្គលនេះក្តី ប៉ុន្តែមិនមានទ្រឹស្តីណាមួយ អាចផ្តល់ជាភស្តុតាងជាក់ស្តែងឡើយ។ ផ្ទុយទៅវិញ នៅតែមានកប៉ាល់ និងយន្តហោះធ្វើចរាចរណ៍ព្រោងព្រាតឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃ ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ។
រូបរាងជាត្រីកោណរបស់តំបន់មជ្ជុរាជនេះ គឺដោយសារគេកំណត់យកកំពូលមុំបីរវាងទីក្រុងម៉ៃអាមី (Miami) នៃរដ្ឋផ្លរីដានៅភាគពាយព្យ កោះបឺរមូដា (Bermuda) នៅភាគឦសាន និងដែនរដ្ឋបាលអាមេរិក ព័រតូរីកូ (Puerto Rico) នៅភាគអាគ្នេយ៍។
យ៉ាងណាក្តីព្រំដែនពិតប្រាកដនៃតំបន់បឺរមូដាត្រាយអេងហ្គល ពុំមានការទទួលស្គាល់ជារួមមួយនោះឡើយ។ ការប៉ាន់ប្រមាណស្ដីពីទំហំសរុប នៃតំបន់នេះបានឱ្យដឹងថា គឺវាមានទំហំចន្លោះ ១,៣០០,០០០ ដល់ ៣,៩០០,០០០ គីឡូម៉ែត្រក្រឡា។ ការប៉ាន់ស្មានទាំងអស់នេះសុទ្ធតែបង្ហាញថា តំបន់មួយនេះមានសណ្ឋានជារាងត្រីកោណ។
ឈ្មោះតំបន់បឺរមូដាត្រាយអេងហ្គលនេះ មិនមានជាផ្លូវការនៅលើផែនទីពិភពលោកណាមួយនោះទេ។ លើសពីនេះទៀត តំបន់ភូមិសាស្រ្តមួយនេះ ក៏ពុំមានការទទួលស្គាល់ក្នុងនាមជាតំបន់ផ្លូវការមួយនៅក្នុងមហាសមុទ្រអាត្លង់ទិកនោះដែរ។
មានរបាយការណ៍ជាច្រើនបាននិយាយថា តាំងពីជាងពាក់កណ្តាលសតវត្សរ៍ទី ១៩ មានកប៉ាល់ និងយន្តហោះជាច្រើនបានបាត់ខ្លួននៅតំបន់នេះ ប៉ុន្តែជាមួយគ្នានោះ ពាក្យ Bermuda Triangle ពុំមានប្រើប្រាស់នោះទេ ពោលគឺទើបតែឮគេនិយាយពាក្យចរចាអារ៉ាមចាប់ពីឆ្នាំ១៩៦៤ រហូតដល់ពេលក្រោយៗនេះទេ។ ដំបូងឡើយ ពាក្យនេះបានលេចឡើងនៅលើអត្ថបទទស្សនាវដ្តីមួយ សរសេរដោយលោក វីនសិន ហ្កាដឌីស (Vincent Gaddis) ដោយបានពិពណ៌នាអំពីតំបន់រាងត្រីកោណមួយ ដែលបានបំផ្លាញកប៉ាល់ ព្រមទាំងយន្តហោះរាប់រយគ្រឿង ដោយពុំមានបន្សល់ទុកស្លាកស្នាមអ្វីសូម្បីតែបន្តិច។
ដោយផ្ទុយពីការល្បីតៗគ្នា តំបន់បឺរមូដាត្រាយអេងហ្គល ពុំមានហេតុការណ៍បាត់កប៉ាល់ ឬយន្តហោះច្រើន ឬញឹកញាប់ញាប់ខុសពីតំបន់ដទៃៗ នៅក្នុងមហាសមុទ្រអាត្លង់ទិចនោះទេ។ ឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់នោះ ចំនួនពីរលើកជាប់ពាក់ព័ន្ធទៅនឹងយន្តហោះ និងនាវាយោធារបស់អាមេរិក ដោយនៅខែមីនា ឆ្នាំ១៩១៨ កប៉ាល់ដឹកជញ្ជូនធ្យូងថ្មរបស់យោធាអាមេរិកឈ្មោះ យូអេសអេស សាយខ្លូប្ស (USS Cyclops) ដែលធ្វើដំណើរពីប្រទេសប្រេស៉ីលមកកាន់ទីក្រុងបាល់ទីម័រ នៃរដ្ឋម៉ារីលែន បានបាត់ខ្លួននៅក្នុងតំបន់បឺរមូដាត្រាយអេងហ្គល។ លុះប្រមាណ ២៧ ឆ្នាំក្រោយមកទៀត យន្តហោះទម្លាក់គ្រាប់បែកមួយក្រុមបានបាត់ខ្លួន ពេលហោះហើរលើតំបន់បឺរមូដត្រាយអេងហ្គល។
លុះដល់នៅឆ្នាំ១៩៧៤ អ្នកនិពន្ធម្នាក់ទៀតឈ្មោះ ឆាល្លី បឺរលីតហ្ស៍ (Charles Berlitz) បានធ្វើឱ្យតំបន់បឺរមូដាត្រាយអេងហ្គលកាន់តែល្បីរន្ទឺសុះសាយ តាមរយៈការចេញផ្សាយសៀវភៅរបស់លោកហៅថា The Bermuda Triangle។
រហូតដល់ឆ្នាំ២០១៣ អង្គការ World Wildlife Fund (WWF) បានបើកការសិក្សាស្រាវជ្រាវយ៉ាងស៉ីជម្រៅបំផុតមួយ ទាក់ទងនឹងផ្លូវដឹកជញ្ជូនតាមមហាសមុទ្រ ហើយបានកំណត់ថាតំបន់បឺរមូដាត្រាយអេងហ្គល មិនមែនជាតំបន់មរណៈ ឬតំបន់មជ្ជុរាជអ្វីឡើយ ហើយវាក៏មិនស្ថិតនៅក្នុងចំណោមតំបន់ផ្លូវទឹកគ្រោះថ្នាក់បំផុតទាំង ១០ ផងដែរ។
សូមជម្រាបថា នាពេលបច្ចុប្បន្ន តំបន់បឺរមូដាត្រាយអេងហ្គល នៅតែមានការធ្វើចរាចរណ៍យ៉ាងមមាញឹកជារៀងរាល់ថ្ងៃ ទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវអាកាស៕