(ភ្នំពេញ)៖ ជុំវិញប្រធានបទ «ទន្លេដែលវែងជាងគេបំផុតនៅលើពិភពលោក» បាននិងកំពុងបង្កើតការខ្វែងគំនិតគ្នា បន្តមកដល់ពេលបច្ចុប្បន្ន ដោយអ្នកខ្លះនៅតែអះអាងថាទន្លេនីលនៅទ្វីបអាហ្វ្រិក គឺជាទន្លេវែងជាងគេ ចំណែកអ្នកខ្លះទៀតអះអាងថាគឺទន្លេអាម៉ាហ្សូន នៅឯទ្វីបអាមេរិកខាងត្បូងទៅវិញទេ ដែលមានប្រវែងវែងជាងគេ នៅលើពិភពលោក។
ដូច្នេះរវាងទន្លេទាំងពីរនេះ តើមួយណាដែលវែងជាងគេពិតប្រាកដនៅលើភពផែនដីនេះ? យើងអាចនិយាយបានថា ទន្លេអាម៉ាហ្សូន (Amazon) គឺស្ថិតនៅក្នុងចំណោមទន្លេដ៏អស្ចារ្យជាងគេបំផុតនៅក្នុងពិភពលោក ពីព្រោះវាមានទំហំធំជាងគេបំផុត និងជាអាងស្ដុកទឹករបស់ព្រៃអាម៉ាហ្សូនទាំងមូល ដែលជាជម្រករបស់ជីវចម្រុះដ៏ច្រើនសម្បូរបែប។
ចំពោះប្រវែងនៃទន្លេមួយនេះវិញ គឺមានការយល់ឃើញខុសៗគ្នា ដោយអ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថាទន្លេនេះ មានប្រវែងយ៉ាងហោចណាស់ ៦,៤០០ គីឡូម៉ែត្រ។ ប្រសិនបើប្រៀបធៀបនឹងទន្លេនីល គឺនៅតែខ្លីជាងទន្លេនីលនៅឡើយ ខណៈទន្លេនីលត្រូវបានគេចាត់ទុកថាមានប្រវែង ៦,៦៥០ គីឡូម៉ែត្រ ដែលវែងជាងគេបង្អស់លើពិភពលោក។ ទោះបីយ៉ាងនេះក្ដី ក៏មានមតិមួយចំនួនបានអះអាងថា ប្រវែងរបស់ទន្លេអាម៉ាហ្សូនគឺវែងជាងទន្លេនីល។
មនុស្សជាច្រើនហាក់យល់ឃើញថា ការវាស់វែងប្រវែងរបស់ទន្លេអាម៉ាហ្សូននេះឱ្យបានជាក់ច្បាស់ ប្រហែលជារឿងងាយស្រួល ប៉ុន្តែធាតុពិតវាពុំដូច្នោះឡើយ ទោះបីបច្ចុប្បន្នមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ។
បញ្ហាចម្បងៗបំផុតក្នុងការកំណត់ប្រវែងទន្លេអាម៉ាហ្សូននេះ គឺការកំណត់ប្រភពទឹកទន្លេ ឬផ្នែកក្បាលទន្លេ និងចំណុចចុងបញ្ចប់ ឬផ្នែកចុងទន្លេ ដែលជាទិន្នន័យមូលដ្ឋានសម្រាប់កំណត់ប្រវែងរបស់វត្ថុមួយ ប៉ុន្តែមានមតិផ្សេងៗពីគ្នាជុំវិញកំណត់ កន្លែងផ្តើមរបស់ទន្លេអាម៉ាហ្សូន។
ចំពោះផ្នែកចុងទន្លេអាម៉ាហ្សូន គឺសុទ្ធតែហូរធ្លាក់ចូលទៅមហាសមុទ្រអាត្លង់ទិកទាំងអស់ ប៉ុន្តែមុនទៅដល់សមុទ្រ វាបានបែកជាបីទៀតនៅផ្នែកខាងចុង ខណៈចុងទន្លេចំនួនពីរហូរកាត់ផ្នែកខាងជើងកោះម៉ារ៉ាជូ នៃប្រទេសប្រេស៊ីល និងចុងទន្លេមួយទៀតហូរកាត់ភាគខាងត្បូងកោះម៉ារ៉ាជូ ហើយហូរទៅជួបជាមួយទន្លេប៉ារ៉ា (ទន្លេមួយផ្សេងទៀត)។ តែទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកចុងទន្លេភាគខាងជើង គឺជាចំណុចបញ្ចប់ពិតប្រាកដរបស់ទន្លេអាម៉ាហ្សូន ដោយហេតុថាទន្លេប៉ារ៉ាមិនមែនជាផ្នែករបស់ទន្លេអាម៉ាហ្សូននោះឡើយ។
ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០មក ការព្យាយាមកំណត់ប្រវែងរបស់ទន្លេអាម៉ាហ្សូន ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសាមកហើយ។ នៅឆ្នាំ២០០៧ មានការសិក្សាស្រាវជ្រាវគួរឱ្យកត់សម្គាល់មួយ ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រជនជាតិប្រេស៊ីល ដោយពួកគេបានកំណត់ថា «ទន្លេ Aphetheta Creek ដែលស្ថិតនៅជាប់ទន្លេ Carhuasanta ជាប្រភពពិតប្រាកដរបស់ទន្លេអាម៉ាហ្សូន»។
សម្រាប់ផ្នែកខាងចុងរបស់ទន្លេអាម៉ាហ្សូន ត្រូវបានអ្នកស្រាវជ្រាវប្រេស៉ីលខាងលើកំណត់យក តំបន់ភាគខាងត្បូងនៃកោះម៉ារ៉ាជូវិញ ដែលមានចម្ងាយ ៣៥៣ គីឡូម៉ែត្របន្ថែម ធ្វើជាទីតាំងពិតប្រាកដមួយ ខណៈការកំណត់ថ្មីនេះគឺផ្ទុយពីការកំណត់លើកមុន។ ពួកគេក៏បានកំណត់ប្រវែងសរុបរបស់ទន្លេអាម៉ាហ្សូនឡើងវិញ ដែលប្រវែងថ្មីនេះគឺវែងដល់ទៅ ៦,៩៩២ គីឡូម៉ែត្រ។
ទន្ទឹមនឹងនោះ ក៏មានការកំណត់ប្រវែងរបស់ទន្លេនីលឡើងវិញផងដែរ ដោយអ្នកស្រាវជ្រាវបានសន្និដ្ឋានជាចុងក្រោយថា ទន្លេនីលនេះមានប្រវែងពិតប្រាកដសរុប ៦,៨៥៣ គីឡូម៉ែត្រ ពោលគឺវែងជាងមុនដល់ទៅ ២០០ គីឡូម៉ែត្រ។ ទោះយ៉ាងនេះក៏ដោយ ក៏ទន្លេនីលនៅតែមានប្រវែងខ្លីជាងទន្លេអាម៉ាហ្សូនប្រមាណជាង ១៤៥ គីឡូម៉ែត្រ ដែលបានធ្វើឱ្យទន្លេអាម៉ាហ្សូនក្លាយជា ទន្លេវែងជាងគេបំផុតលើពិភពលោក។
ក្រោយសារព័ត៌មានចេញផ្សាយពីសេចក្ដីសម្រេចនេះ បានបង្កឱ្យមនុស្សជាច្រើនមានការសង្ស័យទៅលើចំនួនតួលេខថ្មីនេះ ពីព្រោះការសិក្សាស្រាវជ្រាវរបស់ក្រុមជនជាតិប្រេស៊ីលខាងលើ ពុំត្រូវបានចេញផ្សព្វផ្សាយឱ្យទូលំទូលាយនោះទេ វាបានចោទជាប្រធានបទយ៉ាងក្ដៅគគុកមួយ។
អ្នកវិទ្យាសាស្ត្រនៅតែមានបេសកកម្មជាច្រើនផ្សេងៗទៀត ក្នុងការចុះស្រាវជ្រាវ និងបន្តរៀបរាប់ពីទីតាំងផ្សេងៗទៀត នៃចំណុចក្បាលទន្លេអាម៉ាហ្សូន ពោលប្រវែងពិតប្រាកដនៃដងទន្លេអាម៉ាហ្សូននេះ ពុំមាននរណាដឹងពីតួលេខជាក់ស្ដែង នៅឡើយទេ៕