(ភ្នំពេញ)៖ ភាពវៃឆ្លាតក្នុងការប្រើប្រាស់លេខសូន្យ ០ របស់ជនជាតិខ្មែរ គឺលេចឡើងតាំងពីមុនសម័យអង្គរមកម្ល៉េះ ខណៈនៅលើសកលលោក ជនជាតិខ្លះមិនទាន់ស្គាល់លេខសូន្យនេះនៅឡើយផង តួយ៉ាងដូចជាលេខក្រិក រ៉ូម៉ាំង ឡាតាំងជាដើម គឺមិនមានប្រើលេខ ០ នោះឡើយ។
អ្វីដែលធ្វើឱ្យគេកត់សម្គាល់បានថាជនជាតិខ្មែរចេះប្រើលេខ ០ តាំងពីបុរាណកាលមកនោះ គឺតាមរយៈបំណែកមេទ្វារមួយកំណាត់ដែលត្រូវបានរកឃើញដោយប្រវត្តិវិទូបារាំងលោក Adhémard Leclère ក្នុងឆ្នាំ១៨៩១ ស្ថិតនៅត្រពាំងប្រិយ៍ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រវត្តិវិទូបានចាត់បញ្ចូលមេទ្វារនេះទៅជាសិលាចារឹក K.127 ដែលមានចារឹកជាអក្សរភាសាខ្មែរសម័យមុនអង្គរចំនួន២១បន្ទាត់ ពិសេសនៅត្រង់បន្ទាត់ទី៤ ឃើញមានចារលេខសូន្យ ០ ដំបូងគេក្នុងប្រវត្តិសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រតំបន់។ សេចក្ដីនោះសរសេរអំពីកាលបរិច្ឆេទឆ្នាំ៦០៤នៃមហាសករាជ (៦០៤)។
សិលាចារឹកនេះទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ ដោយសារតែមានកាលបរិច្ឆេទឆ្នាំ៦០៤នៃមហាសករាជ ត្រូវនឹងឆ្នាំ៦៨២នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះមហាក្សត្រីជយរាជទេវី (៦៨០-៧៣៨) ក្សត្រស្រីក្នុងសម័យចេនឡា។
នេះសបញ្ជាក់ឱ្យឃើញថា លេខសូន្យនេះមានភាពចំណាស់ និងមានសារសំខាន់ណាស់ក្នុងកិច្ចការលេខនព្វន្ត ដែលបញ្ជាក់ថាខ្មែរពូកែស្ទាត់ជំនាញផ្នែកគណិតវិទ្យា ទោះបីទទួលឥទ្ធិពលពីឥណ្ឌាក៏ដោយ ក៏ការប្រើប្រាស់ទីតាំងលេខក្នុងការគណនាតាមប្រព័ន្ធតារាសាស្ត្ររបស់ជនជាតិខ្មែរនៅតែមានលក្ខណៈពិសេសជាងគេក្នុងតំបន់អាស៉ីអាគ្នេយ៍ដីគោក។
ប្រវត្តិវិទូជនជាតិបារាំង លោក Henri Parmentier បានយកសិលាចារឹក K.127 ពីទីតាំងដើមមករក្សាទុកនៅសារមន្ទីរខ្មែរនៅឆ្នាំ១៩១២ មុននឹងយកដាក់តាំងនៅសារមន្ទីរជាតិក្នុងឆ្នាំ១៩២០។ នៅឆ្នាំ១៩៦៩ សិលាចារឹកនេះបានបញ្ជូនទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប រហូតដល់ឆ្នាំ២០១៥ ទើបផ្ទេរមកតាំងនៅសារមន្ទីរជាតិនារាជធានីភ្នំពេញវិញ។
យោងតាមប្រវត្តិសាស្ត្រពិភពលោក លេខសូន្យត្រូវបង្កើតឡើងដំបូងបង្អស់នាសតវត្សទី៣មុនគ្រិស្តសករាជ នៅក្នុងតំបន់មេសូប៉ូតាមី។ នៅឯតំបន់អាមេរិកឯណោះ លេខសូន្យក៏បានបង្កើតឡើងនិងអភិវឌ្ឍបន្តបន្ទាប់ដោយពួកម៉ាយ៉ាន ចាប់ពីសតវត្សទី៤នៃគ្រិស្តសករាជ។ នៅពិភពឥណ្ឌា គេបានរកឃើញការប្រើប្រាស់លេខសូន្យដំបូងចាប់ពីពាក់កណ្ដាលសតវត្សទី៥ និងបន្តមកដល់ប្រទេសខ្មែរសម័យចេនឡា និងប្រទេសជ្វាសម័យអាណាចក្រស្រីវិជ័យ នាចុងសតវត្សទី៧។ នៅពិភពចិន និងពិភពឥស្លាមក៏មានប្រើប្រាស់លេខសូន្យលើកដំបូងចាប់ពីសតវត្សទី៨មកផងដែរ។
គេបានចាត់ទុកថា ប្រសិនបើគ្មានលេខសូន្យនោះទេ ប្រហែលជាគ្មានទេគណិតវិទ្យាជឿនលឿនដូចពេលសព្វថ្ងៃ៕