(ភ្នំពេញ)៖ ប៉ីជីង (Biejing) ឬខ្មែរយើងហៅតាមភាសាបារាំងថា ប៉េកាំង (Peking) គឺជារដ្ឋធានីនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ហើយពីបុរាណទីក្រុងនេះក៏ជារាជធានីរបស់រាជវង្សប្រទេសចិនច្រើនជំនាន់ផងដែរ។ ការផ្លាស់ប្ដូររាជធានីទៅទីក្រុងប៉ីជីងនាសម័យរាជវង្សម៉េង គឺមានបុព្វហេតុសំខាន់ដែលខុសប្លែកពីការផ្លាស់ប្ដូររាជធានីផ្សេងទៀត។
* សាវតា
នៅទសវត្សឆ្នាំ១៣៦០ បន្ទាប់ពីផ្ដួលរំលំពួកម៉ុងហ្គោលចេញពីផែនដីចិនជិតសម្រេចបានអស់ហើយនោះ អធិរាជហុងអ៊ូ (Hongwu Emperor) បានបង្កើតរាជវង្សម៉េងដើម្បីគ្រប់គ្រងប្រទេសចិនជំនួសរាជវង្សយ័នរបស់ពួកម៉ុងហ្គោល ហើយតាំងរាជធានីដំបូងនៅទីក្រុងណានជីង។ នៅឆ្នាំ១៣៩៨ អធិរាជហុងអ៊ូ ព្រះបឋមក្សត្រនៃរាជវង្សម៉េងក៏បានសោយទិវង្គត ហើយរាជបល្ល័ង្កក៏បានទៅព្រះនត្តារបស់ទ្រង់ព្រះនាម ជូ អ៉ីវិន (Zhu Yunwen) ដោយទទួលបានព្រះបរមនាមសម្រាប់រាជ្យថា អធិរាជជានវិន (Jianwen Emperor)។ អធិរាជជានវិនសោយរាជ្យបានតែ៥ឆ្នាំ ក៏កើតមានចលនារាជ្យប្រហារពីសំណាក់ព្រះបិតុលារបស់ទ្រង់ ដែលត្រូវជាបុត្រទី៤របស់អធិរាជហុងអ៊ូ។ ព្រះអង្គម្ចាស់អង្គនេះមានព្រះនាមថា ជូ ទី (Zhu Di)។ នៅពេលផ្ដួលរំលំរាជការជានវិនរួចហើយ ព្រះអង្គម្ចាស់ ជូ ទី ក៏បានឡើងសោយរាជ្យជំនួស ដោយទទួលព្រះបរមនាមសម្រាប់រាជ្យថា អធិរាជយ៉ុងឡឹ (Yongle Emperor)។ ចាប់ពីរជ្ជកាលព្រះចៅអធិរាជហុងអ៊ូ (១៣៦៩-១៣៩៨) អធិរាជជានវិន (១៣៩៨-១៤០២) និងចុងរជ្ជកាលអធិរាជយ៉ុងឡឹ (១៤០២-១៤២៤) រាជការម៉េងគឺតាំងរាជធានីនៅទីក្រុងណានជីង នាភាគខាងត្បូងប្រទេស។
* ការផ្លាស់រាជធានី
នៅគ្រិស្ដសករាជឆ្នាំ១៤២១ អធិរាជយ៉ុងឡឹក៏បានបញ្ជាឱ្យរើរាជធានីពីក្រុងណានជីងទៅក្រុងប៉ីជីងវិញ។ មូលហេតុធំបំផុតគឺដើម្បីធ្វើតាមផែនការសង្គ្រាមរបស់ទ្រង់ ព្រោះព្រះអង្គមានគម្រោងការណ៍ចង់កម្ចាត់ពួកកុលសម្ពន្ធដែលតែងតែចូលឈ្លានពានព្រំដែនខាងជើងរបស់មហាម៉េង ដូចជា កុលសម្ពន្ធតាតារ (Tatar) កុលសម្ពន្ធអ៊ួយរ៉ាត់ (Oirat) និងកុលសម្ពន្ធផ្សេងទៀត ខណៈកុលសម្ពន្ធទាំងនេះគឺជាកុលសម្ពន្ធជនជាតិម៉ុងហ្គោលរស់នៅលើវាលស្មៅ មានកងទ័ពខ្លាំងក្លា មានសេះចម្បាំង តែសេដ្ឋកិច្ចអន់ថយជាងជនជាតិហាន ដូច្នេះហើយពួកគេតែងតែចូលឆក់ប្លន់ជនជាតិហានដែលរស់នៅជិតព្រំដែន។
តាមពិតទៅ ទីក្រុងប៉ីជីងក៏ជាមជ្ឈមណ្ឌលនយោបាយ និងយោធាតាំងពីបុរាណមកម្ល៉េះ និងតែងប្រែប្រួលទៅតាមសម័យកាលរាជវង្សជាច្រើនជំនាន់។ នៅមុនពេលក្លាយជារាជធានីរបស់រាជការម៉េង ប៉ីជីងក៏ជាមូលដ្ឋានឈរជើងរបស់ព្រះអង្គម្ចាស់ ជូ ទី ផងដែរ ដោយកាលពីរជ្ជកាលអធិរាជហុងអ៊ូ ព្រះអង្គម្ចាស់ ជូ ទី ត្រូវបានតែងតាំងជាសម្ដេចយាន (Prince of Yan) ហើយត្រួតត្រានៅភាគខាងជើងមហាម៉េង។ ក្នុងពេលបំពេញការងារនៅទីនោះ សម្ដេចយាន ជូ ទី បានឃើញនូវការរស់នៅរបស់ប្រជាជនហាន និងរងទុក្ខវេទនាពីការកាប់សម្លាប់ ឆក់ប្លន់ពីសំណាក់កងទ័ពឈ្លានពានម៉ុងហ្គោល ប៉ុន្តែរាជការអធិរាជជានវិននៅក្រុងណានជីងឯណេះមិនមានចំណាត់ការអ្វីសោះឡើយ។ ដោយទ្រាំនឹងភាពកម្សោយនេះតទៅទៀតលែងបាន សម្ដេចយាន ជូ ទី ក៏បានលើកទ័ពបះបោរចូលក្រុងណានជីង ដើម្បីធ្វើរាជ្យប្រហារទម្លាក់ព្រះចៅអធិរាជជានវិនពីរាជបល្ល័ង្កនៅឆ្នាំ១៤០២។ ដូច្នេះហើយទើបនៅពេលក្ដាប់អំណាចពេញសិទ្ធិ អធិរាជយ៉ុងឡឹក៏បានអនុវត្តផែនការកម្ចាត់ពួកកុលសម្ពន្ធទាំងនោះចេញពីព្រំដែនមហាម៉េង។
នៅឆ្នាំ១៤២២ កងទ័ពមហាម៉េងដែលដឹកនាំដោយព្រះមហាក្សត្រផ្ទាល់ក៏ចេញដំណើរពីរាជធានីប៉ីជីងឆ្ពោះទៅព្រំដែនខាងជើង ការវាយលុកទៅលើក្រុមកុលសម្ពន្ធទាំងនោះកើតឡើងចំនួន៥លើក ហើយសឹងតែទទួលជ័យជម្នះទាំង៥លើក។ ប៉ុន្តែជាអកុសលដោយទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងផង ការខ្វាយខ្វល់នឹងកិច្ចការសង្គ្រាមឥតស្រាកស្រាន្តផង រងការវាយប្រហារពីកងទ័ពសត្រូវផង ហើយវ័យកាន់តែជរាផងនោះ អធិរាជយ៉ុងឡឹក៏បានចូលសុគតក្នុងសមរភូមិនាឆ្នាំ១៤២៤ ត្រូវនឹងសករាជយ៉ុងឡឹឆ្នាំទី២២ រីឯក្រុមកុលសម្ពន្ធម៉ុងហ្គោលទាំងនោះក៏រងការវាយប្រហារយ៉ាងដំណំផងដែរ។
* ភាពខុសគ្នា
នេះភាពខុសប្លែកដ៏ពិសេសមួយសម្រាប់ប្រវត្តិសាស្ត្រ ពីព្រោះរាល់ពេលផ្លាស់ប្ដូររាជធានីនៃប្រទេសមួយចំនួន ឬស្ដេចមួយចំនួន ភាគច្រើនគឺដោយសារគេចពីសង្គ្រាម គេចពីការឈ្លានពានរបស់សត្រូវ ជម្លោះនយោបាយដែលមានការបែកខ្ញែកគ្នា ឬក៏រងនូវគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅរាជធានីចាស់ ប៉ុន្តែសម្រាប់ការផ្លាស់ប្ដូររាជធានីរបស់ព្រះអធិរាជយ៉ុងឡឹ គឺដើម្បីការពារប្រជាជន ការពារទឹកដី ដេញកម្ចាត់សត្រូវឈ្លានពានឱ្យដល់របងផ្ទះ ឬក៏ឈានទៅពង្រីកទឹកដីឱ្យធំជាងមុនផងដែរ ដោយពុំមានការខ្លាចរអានឹងការចូលទៅកៀកបន្ទាយសត្រូវបន្តិចសោះឡើយ៕