(ភ្នំពេញ)៖ ដូចលោកអ្នកដឹងស្រាប់ហើយថា នៅលើលោកនេះ របបដឹកនាំបច្ចុប្បន្នមាន ២ធំៗ គឺរបបដែលប្រកាន់តាមលទ្ធិប្រជាធិបតេយ្យ និងលទ្ធិសង្គមនិយម។ លទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងដំបូងតាំងពីសតវត្សរ៍ទី៦ មុនគ្រិស្ដសករាជ បន្ទាប់ពីរបបរាជានិយមនៅពិភពក្រិកត្រូវបានផ្ដួលរំលំ។ ចំណែកឯ លទ្ធិសង្គមនិយម ឬកុម្មុយនីស្ដ បានចាប់ផ្ដើមអនុវត្តក្រោយលទ្ធិប្រជាធិបតេយ្យ ដល់ទៅប្រមាណ ២៥សតវត្សរ៍។
បច្ចុប្បន្ន កម្ពុជាប្រកាន់យករបបរាជានិយម ដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ តើអ្នកដឹងទេ នរណាជាបិតា នៃលទ្ធិប្រជាធិបតេយ្យកម្ពុជា?
មានព្រះនាមថា ស៉ីសុវត្ថិ យុត្តិវង្ស គឺជាព្រះអង្គម្ចាស់ អ្នកនយោបាយ និងគណិតវិទូ កម្ពុជា ដែលត្រូវបានចាត់ទុកថាជា «បិតានៃលទ្ធិប្រជាធិបតេយ្យកម្ពុជា» និងជាសមាជិកនៃ គណបក្សប្រជាធិបតេយ្យ។ ព្រះអង្គបានធ្វើជានាយករដ្ឋមន្ត្រីទី៤ របស់កម្ពុជា ពីខែធ្នូ ឆ្នាំ១៩៤៦ ដល់ខែកក្កដា ឆ្នាំ១៩៤៧។ ព្រះអង្គ គឺជាមនុស្សដំបូងគេដែលត្រូវបានជ្រើសរើស ជានាយករដ្ឋមន្ត្រី។
* ជីវប្រវត្តិ
ស៉ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅឆ្នាំ១៩១៣ នៅឧដុង្គ ប្រទេសកម្ពុជា មានព្រះបិតានាម ចំរើន វង្ស ត្រូវជាចៅ ព្រះអង្គភឹម ព្រះមាតានាម យុភិផន ជាចៅ ព្រះបាទ ស៉ីសុវត្ថិ។
ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តមួយ នៅក្នុងប្រទេសបារាំង និងបានទទួលសញ្ញាបត្រផ្នែកគណិតវិទ្យា ក្នុងឆ្នាំ១៩៤១។ ពេលយាងត្រឡប់មកប្រទេសកម្ពុជាវិញ ព្រះអង្គបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ ជាមួយអតីតស្ថាបនិកមួយចំនួនទៀតនៃកាសែតនរគរវត្ត មានដូចជា លោក អៀវ កើស លោក ស៉ឹម វ៉ា លោក ឈាន វ៉ម និងលោក ប៉ាច ឈឺន ជាដើម។ ព្រះអង្គម្ចាស់បានទទួលការគាំទ្រពីស្ថាបនិក នៃគណបក្សប្រជាធិបតេយ្យទាំងនោះ ឲ្យព្រះអង្គគង់ធ្វើជាប្រធាននៃគណបក្សប្រជាធិបតេយ្យ ដែលមានរូបសំគាល់ គឺសញ្ញាក្បាលដំរី ទ្រផ្កាឈូក។
គណបក្សប្រជាធិបតេយ្យ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតនេះ ត្រូវបានគេកត់សម្គាល់ថា ជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ព្រះអង្គម្ចាស់ យុត្តិវង្ស បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។
ព្រះអង្គម្ចាស់ យុត្តិវង្ស ត្រូវបានអ្នកដឹកនាំនយោបាយកម្ពុជានាសម័យនោះកោតសរសើរថាជា «បិតានៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ ជាទូទៅគេតែងសូត្រតៗគ្នា ជាពិសេសការសិក្សានៅថ្នាក់មធ្យមសិក្សាចំណេះទូទៅថា ព្រះអង្គម្ចាស់ស៉ីសុវត្ថិ យុត្តិវង្ស ទ្រង់ជាអ្នកដែលនាំលទ្ធិប្រជាធិបតេយ្យដំបូងគេ មកប្រទេសកម្ពុជា។
ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ យុត្តិវង្ស មិនមានព្រះជន្មវែងឡើយ។ ព្រះអង្គបានសោយទីវង្គត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៧ ក្នុងព្រះជន្មាយុ៣៤ (៣៥) ព្រះវស្សា នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយរោគាពាធ។
បន្ទាប់ពីព្រះអង្គម្ចាស់ ស៉ីសុវត្ថិ យុត្តិវង្ស សោយទីវង្គត និងមរណភាពនៃលោក អៀវ កើស បន្ថែមទៀតនោះ គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់តែលេចធ្លោក្នុងឆាកនយោបាយខ្មែរ ក្នុងទសវត្សឆ្នាំ១៩៤០ ក៏ចាប់ផ្តើមបែកបាក់គ្នាបន្តិចម្តងៗ ស្ទើរតែរលាយបាត់រូបរាង្គទាំងស្រុង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានសោយរាជ្យបន្តដោយ ស៉ីសុវត្ថិ វឌ្ឍនាវង្ស ។
បំណែកនៃចេតិយបញ្ចុះព្រះរាជអដ្ឋិធាតុព្រះអង្គម្ចាស់ស៉ីសុវត្ថិយុត្តិវង្ស ស្ថិតនៅក្នុងបរិវេណវត្តសាលាគូ ស្រុកពញាឭ ខេត្តកណ្តាល។ ព្រះអង្គម្ចាស់ស៉ីសុវត្ថិយុត្តិវង្ស គឺជាស្ថាបនិករដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដំបូង ដែលបានសោយទិវង្គតថ្ងៃទី១១ ខែសីហា គ.ស១៩៤៧។
* ជីវិតឯកជន
ព្រះអង្គម្ចាស់ យុត្តិវង្ស បានរៀបការជាមួយនឹងស្ត្រីជនជាតិបារាំង ឈ្មោះ Dominique Laverne និងមានបុត្រត្រីពីរព្រះអង្គគឺ ស៉ីសុវត្ថិ កន្ធារ៉ា ប្រសូត្រនៅឆ្នាំ១៩៤៥ និងស៉ីសុវត្ថិ លិនដា ប្រសូត្រនៅឆ្នាំ១៩៤៦៕