(ភ្នំពេញ)៖ នៅពេលមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក George W. Bush ដែលជាប្រធានាធិបតីអាមេរិកនាពេលនោះ ត្រូវបានគេជម្លៀសឡើងទៅកាន់យន្តហោះ Air Force One។ ខណៈកងអង្គរក្ស Secret Service ជឿថា វាគឺជាកន្លែងសុវត្ថិភាពជាងគេសម្រាប់លោក Bush ភាពមិនប្រាកដប្រជាជាច្រើនបានកើតឡើងនៅលើនោះ។

* សង្ស័យមានមនុស្សរង់ចាំបាញ់មីស៉ីលវាយប្រហារ ពេលដែល Air Force One ត្រៀមហោះឡើងចេញពីរដ្ឋផ្លូរីដា

លោក George W. Bush កំពុងតែចុះទស្សនកិច្ចនៅសាលារៀនមួយកន្លែង ក្នុងទីក្រុងសារ៉ាសូតា (Sarasota) នៃរដ្ឋផ្លូរីដា ពេលដំណឹងនៃការវាយប្រហារភេរវកម្ម ត្រូវបានបញ្ចូនមកដល់ក្រុមមន្រ្តីអមដំណើររបស់លោក។ ក្រោយថ្លែងសារខ្លីមួយ លោក Bush និងអ្នកដំណើរដទៃទៀត ត្រូវបានជម្លៀសឡើងទៅលើយន្តហោះ Air Force One ជាប្រញាប់ ប៉ុន្តែក៏មានការឆែកឆេរតឹងរ៉ឹងជាទីបំផុតដែរ។

ស្របពេលដែលយន្តហោះ Air Force One ចាប់ផ្តើមត្រៀមខ្លួនហោះឡើង ក្រុមការងារនៅលើយន្តហោះទទួលបានសេចក្តីរាយការណ៍ថា អាចមានមនុស្សប្រដាប់ដោយមីស៉ីល Stinger កំពុងរង់ចាំនៅចុងផ្លូវហោះហើរ (សេចក្តីរាយការណ៍នេះ ក្រោយមកត្រូវបានរកឃើញថា មិនពិតនោះទេ)។ អាកាសយានិក Air Force One ក៏បានបញ្ជាយន្តហោះបត់ត្រឡប់ក្រោយ ហើយសុខចិត្តហោះឡើងនៅទិសផ្ទុយគ្នាវិញ បើទោះបីមានមុំស្តួចខ្លាំងក៏ដោយ។

* វាមិនច្បាស់នោះទេថា មានសត្រូវបង្កប់ខ្លួននៅលើ Air Force One ដែរឬអត់?

មិនជាយូរប៉ុន្មានឡើយក្រោយ Air Force One ហោះឡើងដល់លើផ្ទៃអាកាស យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលទំនងបម្រុងឆ្ពោះទៅកាន់សេតវិមាន បានធ្លាក់ទៅបុកក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ)។ ដោយមិនដឹងប្រាកដថា មានយន្តហោះអ្នកដំណើរ ប៉ុន្មានគ្រឿងទៀត ដែលត្រូវគេប្លន់បាន ហើយឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន ក្រុម Secret Service បានសម្រេចចិត្តថា ការនាំលោក Bush ទៅកាន់វ៉ាស៉ីនតោន មិនមែនជារឿងល្អឡើយ។

ខណៈ Air Force One កំពុងនៅហោះវិលវល់លើឈូងសមុទ្រម៉ិចស៉ីកូ ពួកគេទទួលបានដំណឹងថា សេតវិមានទទួលបានការគំរាមកំហែងថា Angel គឺជាគោលដៅបន្ទាប់ ខណៈ Angel គឺជាពាក្យសម្គាល់សំដៅលើយន្តហោះ Air Force One។ ដោយមិនច្បាស់ថា តើការគំរាមកំហែងអាចមកពីខាងក្រៅ ឬមួយក៏នៅខាងក្នុងយន្តហោះផ្ទាល់។ កងការពារត្រូវបានដាក់ពង្រាយ នៅខាងក្រៅបន្ទប់អាកាសយានិក និងបន្ទប់របស់លោក Bush។ បន្ថែមពីនេះមានការស្គែនយន្តហោះទាំងមូលឡើងវិញ ដើម្បីពិនិត្យរកមើលគ្រាប់បែក និងអាវុធគ្រោះថ្នាក់ដទៃទៀត។

* ប្រព័ន្ធទាក់ទងនៅលើ Air Force One មានភាពរអាក់រអួលខ្លាំង

នៅពេលសន្តិសុខត្រូវបានរឹតបន្តឹងបន្ថែមក្នុងយន្តហោះផ្ទាល់ អាកាសយានិក Air Force One បានពង្រឹងការការពារពីការគំរាមហែងផ្នែកខាងក្រៅ តាមរយៈការហោះឡើងទៅដល់រយៈកម្ពស់ ខ្ពស់ខុសពីធម្មតាគឺជិត១៤គីឡូម៉ែត្រ។ ការធ្វើបែបនេះគឺងាយស្រួលកំណត់ថា ប្រសិនបើមានយន្តហោះណាផ្សេង ឡើងមកដល់កម្ពស់បែបនេះដែរ យន្តហោះនោះច្បាស់ជាមានបំណងអាក្រក់ហើយ។

ស្របពេលដែលនៅរយៈកម្ពស់នេះ វាផ្តល់សុវត្ថិភាពបន្ថែមមែន សម្រាប់ប្រព័ន្ធទំនាក់ទំនងវិញ ដែលបានចុះខ្សោយស្រាប់ដោយសារតែចរាចរណ៍ដ៏មមាញឹកនៅក្នុងបណ្តាញទាក់ទង របស់សហរដ្ឋអាមេរិកទាំងមូលនោះ គឺកាន់តែរអាក់រអួលជាខ្លាំងថែមទៀត រហូតធ្វើឲ្យមានការសន្និដ្ឋានថា ប្រហែលជាមានការចូលលុកលុយប្រព័ន្ធទាក់ទងរបស់ Air Force One តែម្តង។

* មិនច្បាស់ថាក្រុមយន្តហោះចម្បាំងដែលហោះមកក្បែរ Air Force One ជាសត្រូវ ឬក៏គ្នាឯង

ក្រោយមកមានយន្តហោះចម្បាំង F-16 ២គ្រឿង ហោះមកក្បែរ Air Force One ហើយពេលនោះក៏មានការភិតភ័យមួយសន្ទុះ ព្រោះតែយន្តហោះទាំងពីរ មិនអាចត្រូវកំណត់អត្តសញ្ញាណឲ្យច្បាស់បាន។ យ៉ាងណាមិញ Air Foce One និងយន្តហោះចម្បាំងពីរគ្រឿងនោះ ក៏អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាន ហើយពួកគេបានប្រាប់ថា យន្តហោះចម្បាំង F-16 ទាំងពីរគ្រឿងនេះ ត្រូវបានបញ្ជូនឲ្យមកអមការពារ Air Force One។

* គ្មាននរណាដឹងច្បាស់ឡើយថា ពេលណាពួកគេអាចត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន

លោក Bush បានទទូចចង់ត្រឡប់ទៅវ៉ាស៉ីនតោនវិញ ដើម្បីចេញមុខថ្លែងសារទៅកាន់ប្រជាជាតិ ខណៈអគារភ្លោះ World Trade Center បានបាក់ស្រុត ក្រសួងការពារជាតិត្រូវយន្តហោះបុក ហើយជើងហោះហើរលេខ៩៣ បានធ្លាក់នៅរដ្ឋ Pennsylvania។ ចំណែកបណ្តាញសារព័ត៌មានអាមេរិក បាននាំគ្នាសួរថាតើលោក Bush កំពុងស្ថិតនៅទីណា។

Air Force One បានចុះចតមួយភ្លែតនៅមូលដ្ឋានទ័ពអាកាស Barksdale ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ដើម្បីចាក់សាំង និងស្តុក ស្បៀងអាហារ។ កំឡុងពេលនោះលោក Bush ត្រូវបានគេនាំទៅក្នុងការិយាល័យរបស់មេបញ្ជាការនៅទីនោះ ហើយលោកក៏អាចទាក់ទងបានជាមួយអនុប្រធានាធិបតីរបស់លោក។ លោក Bush ក៏បានធ្វើការថ្លែងសារបន្តិចផងដែរ ប៉ុន្តែមិនត្រូវបានចាក់ផ្សាយផ្ទាល់ឡើយ។ មួយសន្ទុះក្រោយមក លោក Bush និងអ្នកដំណើរទាំងអស់ បានត្រឡប់ចូល Air Force One ដើម្បីឡើងលើផ្ទៃអាកាសវិញ។

* ដល់ទៅរាប់ម៉ោងទើបលោក Bush អាចទទួលបានរបាយការណ៍ពី CIA អំពីក្រុមដែលនៅពីក្រោយការវាយប្រហារ

ទីបំផុតមុនត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោន Air Force One បានឈប់នៅកន្លែងមួយគឺទីបញ្ជាការដ្ឋានយុទ្ធសាស្រ្តរបស់យោធាអាមេរិក ដែលស្ថិតនៅមូលដ្ឋានទ័ពអាកាស Offutt ក្នុងទីក្រុង Omaha នៃរដ្ឋ Nebraska។ នៅទីនោះលោក Bush ត្រូវបានគេនាំយកទៅកាន់កន្លែងសុវត្ថិភាពមួយ ជាទីដែលលោកអាចជួបពិភាក្សាជាមួយគណៈរដ្ឋមន្រ្តីលោក តាមរយៈប្រព័ន្ធវិដេអូបាន។ ហើយពេលនោះលោកក៏ទទួល បានរបាយការណ៍ពី CIA បញ្ជាក់ពីក្រុមភេរវករអាល់កៃដា ដែលស្ថិតនៅលើយន្តហោះដឹកអ្នកដំណើរទាំង៤គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារផងដែរ។ លោក Bush បានទាមទារម្តងទៀតឲ្យត្រឡប់ទៅវ៉ាស៉ីនតោនជាដាច់ខាត។

យន្តហោះ Air Force One ក៏បានហោះឡើងឆ្ពោះមកកាន់រដ្ឋធានីវ៉ាស៉ីនតោន នៅម៉ោង០៤៖៣៣នាទីល្ងាច។ បន្តិចក្រោយមកលោក Bush ក៏ទទួលបានរបាយការណ៍មួយទៀតពី CIA ដែលសង្ស័យថា ការវាយប្រហារនោះគ្រាន់ជាកងព័ន្ធទីមួយ នៃគម្រោងវាយប្រហារសរុប២កងព័ន្ធ ពោលគឺនៅមានមួយកងព័ន្ធទៀត។ ប៉ុន្តែសំណាងល្អវាមិនមែនជាការពិត។

Air Force One បានមកដល់វ៉ាស៉ីនតោននៅម៉ោង០៦៖៤៤នាទីយប់ បន្ទាប់ពីហោះឡើងចេញពីរដ្ឋផ្លូរីដា តាំងពីម៉ោង០៩៖៥៥នាទីព្រឹក។ នៅម៉ោង០៨៖៣០នាទីយប់ លោក Bush ក៏បានធ្វើការថ្លែងសារទៅកាន់ប្រជាជាតិចេញពីសេតវិមាន។ ក្នុងនោះលោកបាននិយាយថា «ពិភពលោកត្រូវបានផ្លាស់ប្តូរ ហើយពួកយើងនឹងគ្មានផ្លូវភ្លេចថ្ងៃនេះបានឡើយ»