(ភ្នំពេញ)៖ បើយើងក្រឡេកទៅមើលកាលពីចន្លោះដើមសតវត្សរ៍ទី២០ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០ ជប៉ុនធ្លាប់ជាចក្រភពដែលខ្លាំងក្លាបំផុតមួយខាងយោធា រហូតដល់ថ្នាក់មានមហិច្ឆតាចង់ក្តោបក្តោប់តំបន់អាស៉ី-ប៉ាស៉ីហ្វិក និងពិភពលោក។ ប៉ុន្តែឥឡូវនេះ ជប៉ុនបានក្លាយមកជាប្រទេសមួយ ដែលមិនមានកងទ័ពផ្លូវការដូចទៅនឹងប្រទេសដទៃទៀតឡើយ។

នៅដើមសតវត្សរ៍ទី២០ ជប៉ុនបានដើរធ្វើសង្រ្គាមជាមួយប្រទេសជាច្រើន។ នៅឆ្នាំ១៩០៤ ជប៉ុនបានវាយជាមួយរុស្ស៉ី។ ចំណែកនៅឆ្នាំ១៩១០ ជប៉ុនបានកាត់យកឧបទ្វីបកូរ៉េជាដែនដីរបស់ខ្លួន។ រីឯនៅឆ្នាំ១៩៣២ ប្រទេសដីកោះមួយនេះ បានបង្កើតរដ្ឋអាយ៉ងមួយនៅភាគឦសានប្រទេសចិនថែមទៀត។ ប៉ុន្តែក្រោយមកជប៉ុនបានឆ្លងខ្សែបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក។

ក្រោយការវាយប្រហារលើកំពង់ផែ Pearl Harbor នៅកោះហាវ៉ៃ កាលពីខែធ្នូ ឆ្នាំ១៩៤១ ដែលសម្លាប់នាវិកអាមេរិករាប់ម៉ឺននាក់ សហរដ្ឋអាមេរិក៏បានចូលរួមក្នុងសង្រ្គាមលោកលើកទីពីរ។ អាមេរិកនិងជប៉ុនបានប្រយុទ្ធគ្នានៅឯតំបន់ប៉ាស៉ីហ្វិក ដែលនៅទីបញ្ចប់ជប៉ុនគឺជាអ្នកចាញ់ ក្រោយអាមេរិកទម្លាក់គ្រាប់បែកបរមាណូ២គ្រាប់ លើទីក្រុងហ៉ីរ៉ូស៉ីម៉ា និងទីក្រុងណាហ្គាសាគី ដែលបានផ្តាច់ជីវិតមនុស្សប្រហែល២សែននាក់។

មួយសប្តាហ៍ក្រោយការទម្លាក់គ្រាប់បែកទីពីរ ព្រះចៅអធិរាជប៉ុន ហ៉ីរ៉ូហ៉ីតុ ដែលពីមុនមកមានគោលជំហរមិនចុះញ៉មឡើយនោះ បានប្រកាសចុះចាញ់សង្រ្គាម។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ព្រះចៅអធិរាជ ហ៉ីរ៉ូហ៉ីតុ មានបន្ទូលប្រាប់ប្រជាជនជប៉ុនថា ជប៉ុននឹងទទួលយកសេចក្តីថ្លែងការណ៍រួម Potsdam Declaration ដែលទាមទារឲ្យកងទ័ពជប៉ុនទាំងអស់ចុះចាញ់ដោយឥតលក្ខខណ្ឌ។

សេចក្តីថ្លែងការណ៍រួមខាងលើ ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត។ ក្នុងនោះរួមមានការកំណត់ដូចជា យោធាជប៉ុនត្រូវតែបោះបង់អាវុធទាំងអស់ ហើយផ្នែកនៃប្រទេសជប៉ុន ត្រូវតែស្ថិតក្រោមការត្រួតត្រារបស់កងទ័ពក្រុមសម្ព័ន្ធមិត្ត រហូតទាល់តែមានភស្តុតាងអាចទទួលយកបានថា អំណាចធ្វើសង្រ្គាមរបស់ជប៉ុនត្រូវបានរំលាយចោលទាំងស្រុង។

ព្រះចៅអធិរាជជប៉ុនបានបញ្ជាក់ថា ការចុះចាញ់ដោយឥតលក្ខខណ្ឌនេះ គឺចាំបាច់ដើម្បីសង្រ្គោះជីវិតប្រជាជនជប៉ុនរាប់លាននាក់ផ្សេងទៀត ដែលអាចនឹងត្រូវបានបាត់បង់ជីវិតដោយជៀសមិនផុត ដោយសារគ្រាប់បែកបរមាណូ ប្រសិនបើជប៉ុននៅតែបន្តធ្វើសង្រ្គាម។ ជនជាតិជប៉ុនសរុបប្រហែល៣លាននាក់ បានស្លាប់ក្នុងសង្រ្គាមលោកលើកទីពីរ។ ព្រះចៅអធិរាជ ហ៉ីរ៉ូហ៉ីតុ ក៏បានស្នើឲ្យប្រជានុរាស្រ្តងាកទៅរកសន្តិភាពវិញផងដែរ។

នៅត្រឹមនេះ ចក្រភពយោធារបស់ជប៉ុនបានឈានដល់ទីបញ្ចប់ ហើយការត្រួតត្រានៅឧបទ្វីបកូរ៉េ និងមហិច្ឆតាក្តោប់ក្តាប់អាស៉ី-ប៉ាស៉ីហ្វិករបស់ជប៉ុនក៏ដូចគ្នាដែរ។ ពីរឆ្នាំក្រោយមក ជប៉ុនបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានចងក្រងឡើងក្នុងរយៈពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ ដោយសហរដ្ឋអាមេរិក។

ក្នុងនោះរួមមាននូវការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដូចជាការកាត់បន្ថយអំណាចរបស់ព្រះចៅអធិរាជជាដើម។ តែចំណុចដែលសំខាន់ជាងគេ គឺមាត្រា៩ ដែលតម្រូវឲ្យជប៉ុនលះបង់ចោលនូវសិទ្ធិប្រកាសសង្រ្គាមជារៀងរហូត។ ប្រការហេតុនេះគឺកងទ័ពជប៉ុនត្រូវតែរលាយចោលទាំងស្រុង។ ជាលទ្ធផលជប៉ុនបានប្រែក្លាយពីប្រទេសដែលធ្លាប់តែមានយោធាខ្លាំងក្លា មកជាប្រទេសសន្តិភាពនិយម ដែលលែងមានសមត្ថភាពធ្វើសង្រ្គាមតទៅទៀត។

ចាប់តាំងពីនោះមក និន្នាការសន្តិភាពនិយមបានចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងសង្គមជប៉ុន ខណៈដែលប្រទេសអាស៉ីខាងកើតមួយនេះ ផ្តោតសំខាន់តែទៅលើការស្តារសេដ្ឋកិច្ចខ្លួនឡើងវិញប៉ុណ្ណោះ។ ការប្រកាន់ឥរិយាបថនេះ នៅតែបន្តមកទល់សព្វថ្ងៃ ជាមួយការប្រែប្រួលមួយចំនួន។

រដ្ឋធម្មនុញ្ញជប៉ុនបានកំណត់ច្បាស់ៗថា កងកម្លាំងជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងកងកម្លាំងផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ការធ្វើសង្រ្គាមនឹងមិនត្រូវរក្សាទុកឡើយ។ ហើយកំឡុងពេលប៉ុន្មានឆ្នាំក្រោយរដ្ឋធម្មនុញ្ញថ្មីនោះត្រូវបានអនុម័ត ជប៉ុនអនុវត្តតាម ការចែងនេះបេះបិទតែម្តង គឺរក្សាទុកតែកងកម្លាំងប៉ូលិសដែលហាក់ពុំមានរចនាសម្ព័ន្ធប្រមូលផ្តុំត្រឹមត្រូវប៉ុណ្ណោះ។

ប៉ុន្តែនៅឆ្នាំ១៩៥០ សង្រ្គាមកូរ៉េបានផ្ទុះឡើង នៅពេលកូរ៉េខាងជើងចូលឈ្លានពានកូរ៉េខាងត្បូង ដើម្បីគ្រប់គ្រងឧបទ្វីបកូរ៉ទាំងមូល។ កងទ័ពអាមេរិកដែលឈរជើងនៅប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃការចុះចាញ់របស់ជប៉ុន កាលពីសង្រ្គាមលោកលើកទីពីរនោះ ស្រាប់តែត្រូវការនៅកូរ៉េខាងត្បូង។

ដើម្បីធានាថា ជប៉ុននៅតែមានសមត្ថភាពការពារខ្លួនឯង នៅពេលកងទ័ពអាមេរិកត្រូវចល័តទៅកាន់កូរ៉េខាងត្បូង និងអាចចូលរួមជួយក្នុងសង្រ្គាមកូរ៉េផងដែរ អាមេរិកបានស្នើឲ្យជប៉ុនបង្កើតកងកម្លាំងសន្តិសុខដែលរឹងមាំជាងមុន។ ជាមួយកម្លាំងប្រហែល ៧៥,០០០នាក់ ជាកងកម្លាំងប៉ូលិសនោះ នៅទីបំផុតក៏បានប្រែក្លាយទៅជាកងកម្លាំងស្វ័យការពារ (Self-Defense Force ឬ SDF) ដែលជាកងកម្លាំងយោធាមិនផ្លូវការរបស់ជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ ហើយបន្តមានវត្តមានរហូតមកទល់បច្ចុប្បន្ន។

ការចាប់កំណើតនៃកងកម្លាំងស្វ័យការពារ SDF គឺជារឿងចម្រូងចម្រាស់មួយក្នុងប្រទេសជប៉ុន ដ្បិតរដ្ឋធម្មនុញ្ញដែលសរសេរដោយអាមេរិក បានហាមឃាត់ចំៗមិនឲ្យជប៉ុនរក្សានូវកងទ័ពប្រដាប់អាវុធណាមួយឡើយ។ ក៏ប៉ុន្តែកងកម្លាំង SDF មិនមែនដូចជាកងទ័ពទូទៅនោះទេ ដោយបេសកកម្មតែមួយគត់របស់ SDF គឺការពារប្រជាជន និងដែនដីជប៉ុន ពីការគំរាមកំហែងមកពីខាងក្រៅ។ SDF ត្រូវបានហាមឃាត់ពីការវាយប្រហារលើប្រទេសដទៃទៀត ប្រសិនបើពុំមានការវាយប្រហារមកលើខ្លួនមុនទេនោះ។

រដ្ឋាភិបាលជប៉ុនជាច្រើនជំនាន់បានចាត់ទុកថា ជប៉ុនមិនមានកងទ័ពឡើយគឺគ្រាន់តែមានក្រុមអ្នកចាំការពារប្រទេសជាតិ នៅពេលចាំបាច់ប៉ុណ្ណោះ។ តុលាការកំពូលជប៉ុន ក៏បានគាំទ្រការយល់ឃើញនេះដែរដោយថា កងកម្លាំង SDF មិនបានបំពានលើរដ្ឋធម្មនុញ្ញារបស់ប្រទេសជប៉ុនទេ។

ដំបូងឡើយប្រជាជនជប៉ុនពុំសូវមានការស្វាគមន៍ចំពោះ ក្រុមអ្នកការពារខ្លួនថ្មីនេះទេ ហើយខ្សែភាពយន្តល្បីរាប់ទសវត្សរ៍នាសម័យនោះ ដូចជារឿង Godzilla ជាដើម បានដាក់បន្ទុកបន្ថែមលើនេះទៅទៀត ដោយបង្ហាញពីភាពកម្សោយរបស់យោធាជប៉ុន។ យ៉ាងណាក៏ដោយ វាពុំមានតម្រូវការចាំបាច់អ្វីដើម្បីឲ្យជប៉ុន ត្រូវមានយោធាដែលខ្លាំងក្លាថែមទៀតឡើយ ព្រោះថាជប៉ុនមានសម្ព័ន្ធមិត្តដូចជាអាមេរិក ដែលបានប្តេជ្ញាការពារខ្លួន។ ខែលសុវត្ថិភាពនេះ បានផ្តល់ឱកាសឲ្យជប៉ុនខំតែអភិវឌ្ឍសេដ្ឋកិច្ច ជាជាងចំណាយពេលលើយោធា អស់រយៈពេលរាប់ទសវត្សរ៍។

យ៉ាងណាមិញ មានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ ដែលបានផ្លាស់ប្តូរទស្សនៈអវិជ្ជមានរបស់មហាជនជប៉ុនចំពោះ SDF។ ព្រឹត្តិការណ៍ទី១គឺ ពាក់ព័ន្ធនឹងសង្រ្គាមឈូងសមុទ្រពែក្ស (Gulf War) កាលពីឆ្នាំ១៩៩១។ ពេលនោះអាមេរិកបានបញ្ជូនទ័ពទៅកាន់គុយវ៉ែត ដើម្បីជួយវាយបណ្តេញកងទ័ពអ៉ីរ៉ាក់ ចំណែកជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានត្រឹមជួយជាថវិកានិងឱបដៃឈរមើលប៉ុណ្ណោះ ព្រោះរដ្ឋធម្មនុញ្ញហាមឃាត់។

វាជាក្តីអាម៉ាស់ធំមួយសម្រាប់យោធាជប៉ុន ក៏ដូចជាសម្រាប់មហាជនជប៉ុនទាំងមូល ខណៈជប៉ុនធ្វើសមយុទ្ធយោធាជាប្រចាំជាមួយអាមេរិកក៏ដោយ ស្រាប់តែដល់ពេលត្រូវប្រកៀកស្មាគ្នាប្រយុទ្ធជាក់ស្តែងជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ជប៉ុនបែរជាត្រូវឈរមើលទៅវិញ។ ដូច្នេះហើយជប៉ុនបានរកឃើញមធ្យោបាយមួយ គឺតាមរយៈការបញ្ជូនកងកម្លាំង SDF ឲ្យចូលរួមក្នុងបេសកកម្មនៅក្រៅប្រទេសក្នុងទម្រង់ ជាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)។

នៅឆ្នាំ១៩៩២ ជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆ័ត្ររបស់ UN មកកាន់ប្រទេសកម្ពុជា (សម័យអ៊ុនតាក់)។ វាជាលើកដំបូងបំផុត ដែលកងកម្លាំងយោធាជប៉ុន ត្រូវបានដាក់ពង្រាយនៅក្រៅប្រទេសរបស់ខ្លួន គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទីពីរ។ ចាប់ពីពេលនោះមក ទីក្រុងតូក្យូបានបញ្ជូនកងកម្លាំងយោធាទៅគ្រប់ទិសទីជុំវិញពិភពលោក ដូចជាអាហ្រ្វិក មជ្ឈិមបូព៌ា និងអាស៉ីអាគ្នេយ៍ជាដើម។

វាជារឿងឆ្លាតវៃមួយសម្រាប់ជប៉ុន។ ការបញ្ជូនកងកម្លាំងក្រោមបេសកកម្មរក្សាសន្តិភាពទៅកាន់តំបន់ជម្លោះផ្សេងៗ ផ្តល់ឱកាសឲ្យជប៉ុនដើរតួនាទីសំខាន់មួយក្នុងបញ្ហាជម្លោះប្រដាប់អាវុធ និងអាចចាប់ដៃគូជាមួយសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិកជាដើម ដោយមិនចាំបាច់ត្រូវប្រយុទ្ធជាមួយនរណាផ្ទាល់ឡើយ។ ការមើលឃើញកងកម្លាំងយោធាជប៉ុននៅក្រៅប្រទេសបែបនេះ បានជួយស្តាមុខមាត់របស់ SDF នៅឯក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

សម្រាប់ព្រឹត្តិការណ៍សំខាន់ទីពីរនៅក្នុងការវិវត្តរបស់កងកម្លាំង SDF គឺពាក់ព័ន្ធនឹងមហាសោកនាដកម្មរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១។ កម្លាំងប្រមាណជា ១០០,០០០នាក់ ក្នុងចំណោម២៤០,០០០នាក់ របស់ SDF ត្រូវបានចល័តឲ្យធ្វើប្រតិបត្តិការជួយសង្រ្គោះ និងស្ថាបនាតំបន់រងគ្រោះឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង SDF ទទួលបានការស្ញប់ស្ញែងជាខ្លាំងពីសំណាក់មហាជនជប៉ុនជារួម។ ចាប់តាំងពីនោះមក ប្រជាជនជប៉ុនភាគច្រើនហាក់លែងមានការមិនពេញចិត្តចំពោះយោធាទៀតហើយ ប៉ុន្តែនៅតែប្រឆាំងចំពោះសង្រ្គាមដដែល។

យ៉ាងណាមិញ ការប្រែប្រួលទស្សនៈរបស់ប្រជាជនជប៉ុន អាចអនុញ្ញាតឲ្យមេដឹកនាំដែលចង់បានកងទ័ពធម្មតាដូចប្រទេសដទៃទៀត ជំរុញឲ្យមានការផ្លាស់ប្តូរបាន។ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៉ីនហ្សូ អាបេ ធ្លាប់មានគោលដៅចង់ឲ្យជប៉ុនរួចផុតពីចំណងមួយចំនួន ដែលដាក់កំហិតវិសាលភាពយោធាជប៉ុន។

កាលពីឆ្នាំ២០១៦ ច្បាប់ថ្មីមួយត្រូវបានអនុម័ត ដែលអនុញ្ញាតឲ្យកងកម្លាំង SDF ចូលរួមក្នុង «យន្តការស្វ័យការពារបែបសមូហភាព»។ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០មក ជប៉ុនអាចធ្វើការវាយប្រហារតបតតែលើ អ្នកដែលបានវាយប្រហារមកលើខ្លួនផ្ទាល់ប៉ុណ្ណោះ។ ជប៉ុនមិនអាចសងសឹកវិញឡើយ ឧទាហរណ៍ប្រសិនបើសត្រូវបាញ់នាវា ឬយន្តហោះរបស់អាមេរិក បើទោះបីជាមានប្រជាពលរដ្ឋ ឬកងកម្លាំងជប៉ុននៅលើនោះក៏ដោយ។ ប៉ុន្តែតាមរយៈយន្តការខាងលើ ជប៉ុនអាចវាយបកបាន ប្រសិនបើសម្ព័ន្ធមិត្តខ្លួនរងការវាយប្រហារ៕