(ភ្នំពេញ)៖ មានប្រទេសជាច្រើនដែលគ្មានព្រំដែនជាប់មហាសមុទ្រ ប៉ុន្តែនៅរក្សាកងទ័ពជើងទឹក ដោយវាមើលទៅហាក់ដូចជារឿងដ៏ចម្លែក។ យ៉ាងណាមិញ នៅពេលយើងដឹងថាក្រៅពីមហាសមុទ្រ ដែនទឹកដទៃទៀត ដូចជា សមុទ្របិទ បឹង និងទន្លេជាដើម ក៏អាចជាកន្លែងបង្កើតព្រំប្រទល់រវាងប្រទេសមួយៗផងដែរនោះ រឿងបែបនេះហាក់ដូចគ្មានអ្វីប្លែកទេ។

ឧទាហរណ៍ ប្រទេសកាហ្សាក់ស្ថាន តួកម៉េនីស្ថាន និងអាស៊ែបៃហ្សង់ ជាប្រទេសដែលគ្មានព្រំប្រទល់ជាប់មហាសមុទ្រ ប៉ុន្តែសុទ្ធតែមានកងទ័ពជើងទឹកនៅលើសមុទ្របិទមួយកន្លែង គឺសមុទ្រខាសព្យែន (Caspian Sea) ដែលប្រៀបដូចជាបឹងដ៏ធំមួយ។ រីឯប្រទេសប៉ារ៉ាហ្កាយវិញ មានទូកល្បាតនៅតាមទន្លេធំៗរបស់ខ្លួន ព្រោះថាប្រទេសណាមួយដែលមានបំណងមិនល្អ អាចចូលលុកលុយដល់បេះដូងប៉ារ៉ាហ្គាយបានពីមហាសមុទ្រតាមទន្លេទាំងនេះ ដោយឆ្លងកាត់ប្រទេសអាហ្សង់ទីន។ ចំណែកប្រទេសស្វីស និងហុងគ្រីជាដើមសុទ្ធតែមានទូកល្បាត និងនាវាយោធាជើងទឹកដូចគ្នា។

និយាយរួមទៅ ប្រទេសទាំងអស់ខាងលើសុទ្ធតែមានហេតុផលត្រឹមត្រូវ សម្រាប់ការការពារផ្លូវទឹកនៅក្នុងប្រទេសពួកគេ ប៉ុន្តែមូលហេតុនៃការមានកងទ័ពជើងទឹករបស់ប្រទេសម៉ុងហ្គោលី គឺមិនយ៉ាងដូច្នោះឡើយ។ ម៉ុងហ្គោលី គឺជាប្រទេសនៅឆ្ងាយពីមហាសមុទ្រយ៉ាងខ្លាំង ហើយបើគិតពីទំហំគឺជាប្រទេសធំបំផុតទី២ ដែលគ្មានព្រំដែនជាប់មហាសមុទ្រ គឺក្រោមកាហ្សាក់ស្ថានតែមួយប៉ុណ្ណោះ។

ព្រំដែនទឹកធំបំផុតរបស់ម៉ុងហ្គោលីដែលជាប់ជាមួយប្រទេសដទៃទៀតមានប្រវែងតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតនៅផ្នែកចុងភាគឦសាននៃបឹងយូវីអេស (Uvs lake) ដោយមួយចំណែកតូចនៃបឹងនោះឆ្លងចូលទៅក្នុងដែនដីរបស់ប្រទេសរុស្ស៉ី។ បើតាមជាក់ស្តែង លទ្ធភាពដែលរុស្ស៉ីទៅឈ្លានពានម៉ុងហ្គោលីតាមច្រកផ្លូវទឹកដ៏តូចនេះ គឺមានកម្រិតទាបជាទីបំផុត។ ទោះយ៉ាងណាក្តី ប្រសិនបើម៉ុងហ្គោលីចង់ការពារព្រំដែនទឹករបស់ខ្លួនពីរុស្ស៉ីក៏តាមហ្នឹងទៅចុះ ប៉ុន្តែវាមិនមែនជាមូលហេតុដែល ម៉ុងហ្គោលីមានកងទ័ពជើងទឹកនោះឡើយ។

តាមពិតទៅយោធាជើងទឹករបស់ម៉ុងហ្គោលីមិនទាំងឈរជើងនៅលើបឹងនោះផង គឺនៅបឹងមួយផ្សេងទៀតឈ្មោះថា ខូវស្គោល (Khovsgol lake) ដែលស្ថិតក្នុងដែនដីប្រទេសម៉ុងហ្គោលីទាំងស្រុងឯណោះវិញទេ ខណៈព្រំប្រទល់រុស្ស៉ីស្ថិតនៅចម្ងាយជាង ១៣ គីឡូម៉ែត្រពីមាត់បឹងនោះ ហើយខណ្ឌចែកដោយជួរភ្នំដ៏ខ្ពស់។

ដូច្នេះហេតុអ្វីបានម៉ុងហ្គោលីមានកងទ័ពជើងទឹកនឹងគេដែរ? និយាយឲ្យចំទៅ កងទ័ពជើងទឹករបស់ម៉ុងហ្គោលីគ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ ក្រោមចេតនាចង់រក្សាកេរដំណែលដែលបានបាត់បង់ជាយូរណាស់មកហើយ។ កាលពី ៨០០ ឆ្នាំមុន ចក្រភពម៉ុងហ្គោលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan) មានកងទ័ពជើងទឹកធំជាងគេបំផុតលើលោក។

ដែនដីធំបំផុតរបស់ម៉ុងហ្គោលបានលាតសន្ធឹងពាសពេញតំបន់អាស៉ីកណ្តាល និងអឺរ៉ុបខាងកើត ដោយមានវត្តមានទ័ពជើងទឹកនៅដល់សមុទ្រជប៉ុន សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង សមុទ្រអារ៉ាប់ និងឈូងសមុទ្រពែក្សឯណោះ។ អំឡុងចុងសតវត្សរ៍ទី១៣ ព្រះចៅអធិរាជសង់ស៊ីខាន់ (Genghis Khan) បានដឹកនាំសំពៅច្រើនជាង ៤,០០០ គ្រឿងឆ្លងសមុទ្រជប៉ុន ដើម្បីវាយប្រហារលើជប៉ុនដល់ទៅ ២ លើក ប៉ុន្តែវាក៏ជាពេលដែលម៉ុងហ្គោលបាត់បង់សំពៅជាច្រើនគ្រឿងផងដែរដោយសារព្យុះទីហ្វុងកាមីខាសិ។

នៅចុងសតវត្សរ៍ទី១៣ ចក្រភពម៉ុងហ្គោលក៏បានបែកខ្ញែកទៅជារដ្ឋឯករាជ្យជាច្រើន ហើយទីបំផុតតាមរយៈការឈ្លានពានរបស់ចិន ម៉ុងហ្គោលត្រូវបានរុញច្រានកាន់តែឆ្ងាយទៅៗពីតំបន់ឆ្នេរដែលនៅជាប់មហាសមុទ្រ រហូតក្លាយជាប្រទេសគ្មានព្រំប្រទល់ជាប់មហាសមុទ្រដូចសព្វថ្ងៃ។

មកដល់ទសវត្សរ៍ឆ្នាំ១៩៣០ កងទ័ពជើងទឹកម៉ុងហ្គោលីបានចាប់កំណើតឡើងវិញ នៅពេលសហភាពសូវៀតបានប្រគល់នាវាសណ្តោងមួយគ្រឿងឈ្មោះ ស៊ូក្បាអាតារ (Sukhbaatar)។ បច្ចុប្បន្ន នាវាសណ្តោងនេះមាននាវិកតែ ៧ នាក់ប៉ុណ្ណោះ ហើយវាមិនបានធ្វើបេសកកម្មប្រឆាំងនឹងសត្រូវអ្វីនោះទេ ដោយសារតែបឹងខូវស្គោលហ៊ុមព័ទ្ធដោយដែនដីម៉ុងហ្គោលីស្រាប់។

គួរបញ្ជាក់ថា អំឡុងសម័យសូវៀត នាវាសណ្តោងស៊ូក្បាអាតារធ្លាប់ត្រូវបានប្រើប្រាស់ជាប្រចាំសម្រាប់ការផ្ទេរប្រេងទៅមករវាងភាគខាងត្បូង និងភាគខាងជើងបឹង ក្រោយមកទៀតវាលែងត្រូវបានប្រើប្រាស់សម្រាប់ការងារនេះទៀត ហើយកងទ័ពជើងទឹកម៉ុងហ្គោលីក៏បានបាត់បង់គោលដៅរបស់ខ្លួន។

ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៩០ កងទ័ពជើងទឹកម៉ុងហ្គោលីត្រូវបានរដ្ឋាភិបាលបោះបង់ចោល ហើយគ្រប់គ្រងដោយវិស័យឯកជន ខណៈបច្ចុប្បន្ននាវានេះត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរឆ្លងកាត់បឹងខូវស្គោលប៉ុណ្ណោះ។ ដូច្នេះហើយម៉ុងហ្គោលីលែងមានកងទ័ពជើងទឹកផ្លូវការទៀតហើយ ដោយគ្រាន់តែមានកាណូតតូចប៉ុន្មានគ្រឿងនៅបឹងបៀរ (Buir lake) នៅភាគខាងកើតប្រទេស ដើម្បីល្បាតព្រំដែនជាប់ជាមួយចិនប៉ុណ្ណោះ៕