(ភ្នំពេញ)៖ ក្រៅពីព្រះចន្ទ្រា (Moon) ដែលយើងមើលឃើញនឹងភ្នែកដូចពេលបច្ចុប្បន្ន ភពផែនដីរបស់យើងនៅមានដួងចន្ទបញ្ឆោត៦ដួងទៀត ដែលធ្វើដំណើរគោចររណបនៅជិតៗភពផែនដី (Near-Earth Asteroids-NEAs) ប៉ុន្តែគ្រាន់តែមនុស្សយើងមិនអាចមើលនឹងភ្នែកទទេបាន។

តើវត្ថុអវកាសទាំងនោះមានឈ្មោះ និងមានសណ្ឋានយ៉ាងណាខ្លះ?

ដួងចន្ទទីមួយដែលគោចរព្រមៗគ្នាមានឈ្មោះថា គ្រូអិនយ៉ា ដែលវាត្រូវបានរកឃើញក្នុងឆ្នាំ១៩៩៧។ គ្រូអិនយ៉ា មានទំហំ៤.៨គីឡួម៉ែត្រ ហើយរង្វង់គោចររបស់វាចម្លែកណាស់ គឺដើរតាមគន្លងរាងដូចក្រចកសេះ។

ក្រោយពីនោះមកមាន៥ដួងទៀត ដែលមានឈ្មោះដើមថា៖
* 2000 PH5
* 2000 WN10
* 2002 AA29
* 2003 YN107
* 2004 GU9។

តើពួកវាគឺជាដួងច័ន្ទពិតមែនឬទេ? តារាវិទូជាច្រើននាក់ពន្យល់ថា ពុំមែនជាដួងច័ន្ទទេ ហើយក៏ពុំមែនត្រឹមតែជាផ្កាយព្រះគ្រោះធម្មតាៗនោះដែរ។ ពួកវាប្រើពេលវេលាប្រហែលមួយឆ្នាំ ក្នុងការគោចរជុំវិញព្រះអាទិត្យដូចផែនដីដែរ ពេលខ្លះវារំកិលចូលមកជិតផែនដីល្មមនឹងអាចបង្កើតកម្លាំងទំនាញដ៏ស្រាលមួយជាមួយផែនដីបាន។ យើងអាចហៅពួកវាបានថា ដួងច័ន្ទបញ្ឆោត ឬផ្កាយក្លែងក្លាយ ឬផ្កាយចោរក៏បាន៕