(ភ្នំពេញ)៖ ចុងក្រោយនេះ កម្ពុជានឹងស្នើសុំចុះ «ក្រមា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅចុងខែមីនា ស្រាប់តែមានមហាជនមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជា «ក្រមា» គឺជា «មរតកវប្បធម៌អរូបី» ទៅវិញ បើគេអាចមើលឃើញនោះ។

លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា «មរតកវប្បធម៌អរូបី» គឺសំដៅដល់ប្រពៃណីទំនៀមទម្លាប់ របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ សម្គាល់មរតកវប្បធម៌ថា «អរូបី» នោះ មកពីយល់ថាមរតកវប្បធម៌នោះ ពុំមានរូប ឬពុំអាចមើលឃើញ ឬពុំអាចចាប់បាន (អ+រូបី) ពោលគឺពុំមែនជាវត្ថុឬរបស់ដូចបុរាណវត្ថុ ប្រតិមា ឬក៏សំណង់នានាជាដើមឡើយ។

លោកបន្តថា «យើងឯណាទៅមើលឃើញប្រពៃណី ទំនៀមទម្លាប់ ល្បែង ឬរបាំ... បើឃើញ គឺនៅពេលគេចាប់ធ្វើ ឬចាប់សម្តែងប៉ុណ្ណោះ ផុតពីនោះមកគឺគ្មានឃើញទៀតឡើយ»

លោក ស៉ីយ៉ុន សុភារិទ្ធ បានបន្ថែមថា ការពីមិនទាន់ធ្វើកិច្ចឡើងអ្នកតា ខ្ទមនិងដុំថ្មនៅក្នុងខ្ទមនោះ (រូបី) គ្រាន់តែជាទីតាំងនិងវត្ថុដែលអ្នកស្រុកអ្នកភូមិកំណត់ និងសម្គាល់ថាជាកន្លែងអ្នកតា ប៉ុន្តែនៅពេលធ្វើកិច្ចពិធី ទើបមានអ្នកស្រុកអ្នកភូមិមកកុះករធ្វើកិច្ចបូជាសែនព្រេនសុំសេចក្តីសុខចម្រើនពីអ្នកតា ហើយមានទាំងបញ្ចូលរូបឲ្យអ្នកតានោះបានប្រាស្រ័យទាក់ទងជាមួយអ្នកស្រុកអ្នកភូមិបានទៀតផង។ ផ្នែកអរូបី គឺនៅលើការធ្វើកិច្ចពិធីនោះឯងហើយ។

លើសពីនេះទៀង គឺថាមរតកវប្បធម៌អរូបីត្រូវមានមនុស្សដែលអាចជាអ្នកស្រុកអ្នកភូមិទាំងមូល ឬក៏មនុស្សមួយក្រុម ឬមួយគ្រួសារទទួលស្គាល់និងប្រកាន់យកមកប្រតិបត្តិក្នុងសង្គមរបស់ខ្លួន ដោយអនុលោមទៅតាមបរិបទសង្គម បរិស្ថានជំវិញខ្លួន។ មរតកនោះទៀតសោត ពួកគាត់បានទទួលតៗគ្នាពីជីដូនជីតាជាច្រើនជំនាន់មក។ ទន្ទឹមនេះ ការទទួលសស្គាល់ និងប្រកាន់យកមកប្រតិបត្តិនោះបង្ហាញឲ្យឃើញថាជាអត្តសញ្ញាណ និងជាកេរដំណែលដូនតាបន្តមកឲ្យពួកគាត់។

បើតាមមន្ត្រីក្រសួងវប្បធម៌ អង្គការយូណេស្កូបានកំណត់ និងបែងចែកមរតកវប្បធម៌អរូបីជា៥សណ្ឋាន៖
១. មរតកភាសា ឬមរតកដែលស្តែងឡើងតាមរយៈភាសា (Oral traditions and expressions)
២. សិល្បទស្សនីយភាព (Performing arts)
៣. ទំនៀមទម្លាប់និងកិច្ចពិធី (Social practices, rituals and festive events)
៤. ចំណេះចំណាំអំពីធម្មជាតិនិងចក្រវាឡ (Knowledge and practices concerning nature and the universe)
៥. សិប្បកម្មប្រពៃណី (Traditional craftsmanship)។

នេះមានន័យថា «ក្រមា» គឺជាប្រភេទដែលស្ថិតក្នុងមរតកវប្បធម៌អរូបី ស្ថិតក្នុងសិប្បកម្មប្រពៃណី (Traditional craftsmanship)៕