(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ តើមានជាតិសាសន៍ណាខ្លះដែលបាត់បងទឹកដីរាប់ពាន់ឆ្នាំហើយ នៅតែអាចដណ្ដើមយកមកវិញបាន? ប្រហែលមានតែជនជាតិជ្វីហ្វតែមួយគត់ទេ ដែលត្រូវគេធ្វើទុក្ខបុកម្នេញ ជិះជាន់ កាប់សម្លាប់ ខ្ចាត់ព្រាត់ពីទឹកដីកំណើតរបស់ខ្លួនជាង ២,០០០ ឆ្នាំយ៉ាងនេះហើយ ក៏នៅតែទាមទារយកមកវិញបាន និងបង្កើតបានជារដ្ឋទំនើបមួយគួរឱ្យកោតស្ងប់ស្ងែងបំផុត។

ទោះបីជាមនុស្សភាគច្រើនបានដឹងថា ជនជាតិជ្វីហ្វបានប្រកាសឯករាជ្យជាផ្លូវការនៅឆ្នាំ១៩៤៨ ក៏ដោយ ប៉ុន្តែប្រហែលជាមានមនុស្សផ្សេងទៀតដែលមិនទាន់ដឹងថា តើជនជាតិនេះបាត់បង់ទឹកដីដោយរបៀបណានោះទេ? ដូច្នេះហើយទើប Fresh News Plus សូមលើកយកនូវប្រធានបទពាក់ព័ន្ធនឹងការបាត់បង់ទឹកដីរបស់ជនជាតិជ្វីហ្វមកបកស្រាយជូន ដែលមានខ្លឹមសារដូចតទៅ៖

នៅប្រមាណឆ្នាំ ៣០០០ មុនគ្រិស្តសករាជ ជនជាតិជ្វីហ្វបានធ្វើចំណាកស្រុកដំបូងបង្អស់ក្នុងនាមជាជនជាតិភាគតិច ដើម្បីភៀសខ្លួនចេញពីរបបទាសភាពនៅចក្រភពអេហ្ស៉ីប ដោយពួកគេបានធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ទឹកដីកាណាន (Canaan) ដែលបច្ចុប្បន្នជាទឹកដីរដ្ឋអ៉ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងទឹកដីកាណាននេះ ជនជាតិជ្វីហ្វភាគច្រើនបានប្រកបរបរកសិកម្ម រហូតបង្កើតបានជាអាណាចក្រអ៉ីស្រាអែល ដែលមានរាជធានីនៅទីក្រុងហ្សេរុយសាឡិម (Jerusalem) ដែលមានន័យថា «ទីក្រុងសន្តិភាព»។ ប៉ុន្តែហាក់មិនដូច្នោះឡើយ ដោយសារនៅភាគខាងត្បូងអាណាចក្រអ៉ីស្រាអែលនេះ មានជនជាតិមួយផ្សេងទៀតដែលជាសត្រូវស៊ូពូជជាមួយនឹងជនជាតិជ្វីហ្វ នោះគឺជនជាតិហ្វីលីស្ទីន (Philistines)។

ទីក្រុងហ្សេរុយសាឡិមរបស់ជនជាតិជ្វីហ្វ ត្រូវបានពួកអាស៊ីរី (Assyria) ឬមេសូប៉ូតាមី (Mesopotamia) ក្រោមការដឹកនាំរបស់ព្រះចៅនេប៊ូខឹដនេសហ្សាទី២ (Nebuchdnezzar II) លើកកងទ័ពមកកម្ទេចចោលនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ ហើយជនជាតិជ្វីហ្វស្ទើរតែទាំងអស់ត្រូវបានកងទ័ពអាស៊ីរីចាប់ជាឈ្លើយសឹកជម្លៀសយកទៅទីក្រុងបាប៊ីឡូន (Babylon)។

នៅឆ្នាំ ៥៣៩ មុនគ្រិស្តសករាជ ទីក្រុងបាប៊ីឡូនរបស់អាស៊ីរីត្រូវបានកងទ័ពចក្រភពពែក្យ (Persian) វាយដណ្ដើមត្រួតត្រា ហើយព្រះចៅអធិរាជសៃរឺស (Cyrus the Great) នៃចក្រភពពែក្យក៏បានប្រោសប្រទានឱ្យជនជាតិជ្វីហ្វមានសេរីភាព និងវិលត្រលប់ទៅទឹកដីកំណើតវិញ។

ជនជាតិដែលពូកែតស៊ូអំណត់ទាំងនេះ បានចាប់ផ្ដើមកសាងអាណាចក្ររបស់ខ្លួនសាជាថ្មី ដោយរាជធានីហ្សេរុយសាឡិមរបស់ពួកគេ ក៏បានលេចមុខមាត់រីកចម្រើនឡើងវិញដែរ។ មានគេនិយាយថា ពួកជនជាតិនេះពូកែធ្វើជំនួញណាស់ ហើយនិយមសន្តិភាព ចេះស្រលាញ់ជនជាតិឯង រីឯស្មារតីសាមគ្គីភាព ភាតរភាព ក៏តែងស្ថិតនៅក្នុងចិត្តរបស់ពួកគេជានិច្ច ទោះបីជាពួកគេចេញទៅក្រៅអាណាចក្រ ឬកំពុងជួបការលំបាកយ៉ាងណាក៏ដោយ។

លុះដល់ឆ្នាំ ៦៣ នៃគ្រិស្តសករាជ ទឹកដីអាណាចក្រអ៉ីស្រាអែល ក៏ដូចជាទឹកដីជាច្រើនផ្សេងទៀតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកងទ័ពចក្រភពរ៉ូមវាយដណ្ដើមកាន់កាប់ជាបន្តបន្ទាប់ សូម្បីតែចក្រភពពែក្យដែលធ្លាប់តែមានអំណាចឥទ្ធិពលខ្លាំងក្លា ក៏ត្រូវបរាជ័យក្រោមដៃរបស់ព្រះចៅអធិរាជអង្គនេះដែរ។

ក្នុងពេលស្ថិតក្រោមអំណាចត្រួតត្រារបស់ចក្រភពរ៉ូមនេះ ជនជាតិជ្វីហ្វបានរងទុក្ខវេទនាយ៉ាងខ្លាំង រហូតបង្កឱ្យមានចលនាបះបោរងើបឡើងប្រឆាំងជាមួយកងទ័ពរ៉ូម៉ាំងយ៉ាងពុះកញ្ជ្រោល ប៉ុន្តែអកុសលចលនាបះបោរនេះត្រូវបានកងទ័ពរ៉ូមវាយបង្ក្រាបឱ្យរាបទាបទៅវិញ ចំណែកឯទីក្រុងហ្សេរុយសាឡិម ក៏ត្រូវកងទ័ពរបស់មហាអំណាចរ៉ូម៉ាំងដុតកម្ទេចចោលយ៉ាងព្រៃផ្សៃបំផុត។

នាកំលុងពេលនោះ ជនជាតិជ្វីហ្វទាំងអស់ត្រូវបានបណ្ដេញចេញពីទឹកដីកំណើតសាជាថ្មីម្ដងទៀត ហើយដែនដីអ៉ីស្រាអែលទាំងមូលត្រូវបានរាជការរ៉ូម៉ាំងផ្លាស់ប្ដូរឈ្មោះទៅជា «ដែនដីប៉ាឡេស្ទីន» វិញ។ ប៉ាឡេស្ទីន ជាឈ្មោះក្លាយមកពីពាក្យ ហ្វីលីស្ទីន ដែលយើងដឹងថាជាសត្រូវស៊ូពូជរបស់ជ្វីហ្វ។ ហេតុដែលរាជការរ៉ូមផ្លាស់ប្ដូរឈ្មោះបែបនេះ គឺដោយសារព្រះចៅអាឡិចសង់ចង់ដាក់ទោស និងសកសឹកចំពោះជនជាតិជ្វីហ្វដែលបះបោរប្រឆាំងនឹងព្រះអង្គ។

ការបណ្ដេញជនជាតិជ្វីហ្វចេញពីទឹកដីកំណើតដូចបានរៀបរាប់ខាងលើនេះ បានធ្វើឱ្យពួកគេត្រូវបែកបាក់ខ្ចាត់ព្រាត់ពីសាច់ញាតិ ជនរួមជាតិ ធ្លាក់ខ្លួនក្លាយជាជនអន្តោប្រវេសន្តរស់នៅលើទឹកដឹកគេ មិនអាចវិលត្រលប់ទៅទឹកដីកំណើតជារៀងរហូត បានត្រឹមតែបង្កើតជាសហគមន៍ត្រង់នេះបន្តិចត្រង់នោះបន្តិច គ្មានមូលដ្ឋានច្បាស់លាស់។ ចំណែកឯទឹកដីរបស់ខ្លួនឯណោះ ក៏ត្រូវក្លាយទៅជាទឹកដីរបស់សត្រូវទៅទៀត, សួរថាតើក្នុងនាមជាជាតិសាសន៍មួយ ត្រូវឈឺចាប់ខ្លាំងប៉ុនណាចំពោះការឈ្លានពាននេះ។

ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីអ៉ីស្រាអែលត្រូវបានពួកមហាអំណាចប្ដូរដៃគ្នាត្រួតត្រាទៅមកៗ។ ពួកមហាអំណាចទាំងនោះបានបំផ្លិចបំផ្លាញសមិទ្ធផល ទីក្រុង ជិះជាន់ កាប់សម្លាប់ជនជាតិជ្វីហ្វគ្មានត្រាប្រណី រហូតបង្ខំឱ្យចាកចេញពីមាតុភូមិរបស់ខ្លួនថែមទៀត ជាហេតុធ្វើឱ្យជនជាតិជ្វីហ្វលែងស្គាល់នូវអ្វីជា «ឯករាជ្យភាព» អស់កាលជាង២,០០០ឆ្នាំ៕