(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងបណ្ដាប្រទេសនានា គឺជាការខិតខំប្រឹងប្រែងក្នុងយុទ្ធនាការសកល «ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ចរាចរណ៍ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌» ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។

I. តើមានច្បាប់អ្វីខ្លះដែលជួយទប់ស្កាត់ការជួញដូរបុរាណវត្ថុខុសច្បាប់?

១. អនុសញ្ញាយូណេស្កូឆ្នាំ១៩៧០ ស្តីពីការហាមឃាត់និងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិនៃសម្បត្តិវប្បធម៌ខុសច្បាប់

អនុសញ្ញាឆ្នាំ១៩៧០នេះ គឺជាបទដ្ឋានយុត្តអន្តរជាតិដំបូងគេ ដែលផ្តោតលើការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។ រដ្ឋភាគីនៃអនុសញ្ញានេះត្រូវអនុម័តឱ្យបាននូវវិធានការបង្ការ ការគ្រប់គ្រងសម្បត្តិវប្បធម៌ ការបញ្ចូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលចោរលួច និងនាំចេញពីប្រទេសដើមដោយខុសច្បាប់ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ។

២. គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីជំរុញឱ្យមានការបញ្ចូនត្រឡប់មកប្រទេសដើមវិញនូវសម្បត្តិវប្បធម៌ ឬការសងមកវិញក្នុងករណីទទួលបានកម្មសិទ្ធិដោយមិនស្របច្បាប់

រដ្ឋភាគីនៃអង្គការយូណេស្កូ ដែលបានបាត់បង់សម្បត្តិវប្បធម៌សំខាន់ៗ ហើយកំពុងអំពាវនាវសុំឱ្យគេប្រគល់សម្បត្តិទាំងនោះមកប្រទេសខ្លួនវិញ អាចស្នើសុំទៅគណៈកម្មាធិការអន្តររដ្ឋាភិបាលខាងលើនេះឱ្យជួយ ក្នុងករណីដែលអនុសញ្ញាអន្តរជាតិនានាមិនអាចអនុវត្តបាន។ គណៈកម្មាធិការនេះដែរក៏នឹងស្វែងរកមធ្យោបាយនានា ដូចខាងក្រោម៖

* សម្រួលឱ្យមានការចរចាទ្វេភាគី ជាពិសេសតាមរយៈការសម្រុះសម្រួល និងការផ្សះផ្សា។

* ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីឱ្យសង ឬបញ្ជូនត្រឡប់មកប្រទេសដើមវិញនូវសម្បត្តិវប្បធម៌នានា តាមរយៈជំនួយមូលនិធិនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនេះ។

៣. អនុសញ្ញា UNIDROIT ស្តីពីការលួច ឬនាំចេញសម្បត្តិវប្បធម៌ខុសច្បាប់

តាមសំណើរបស់អង្គការយូណេស្កូ អនុសញ្ញាឆ្នាំ១៩៧០ត្រូវបានរៀបចំបំពេញបន្ថែមនៅក្នុងឆ្នាំ១៩៩៥ ដោយអនុសញ្ញា UNIDROIT ស្តីពីការលួច ឬនាំចេញសម្បត្តិវប្បធម៌ខុសច្បាប់ ដែលមានខ្លឹមសារ៖

* អនុសញ្ញានេះអនុញ្ញាតឱ្យមានការប្រកាសទាមទារសុំឱ្យសងត្រឡប់មកវិញនូវសម្បត្តិវប្បធម៌នានា តាមរយៈតុលាការអន្តរជាតិផ្ទាល់។

* អនុសញ្ញានេះមានវិសាលភាពគ្របដណ្ដប់លើបុរាណវត្ថុដែលត្រូវគេលួចទាំងអស់ គឺមិនមែនត្រឹមតែបុរាណវត្ថុដែលបានចុះបញ្ជីសារពើភណ្ឌ និងបានប្រកាសជាសម្បត្តិជាតិប៉ុណ្ណោះទេ។ អនុសញ្ញានេះបានចែងថាបុរាណវត្ថុទាំងអស់ត្រូវតែបញ្ចូនត្រឡប់មកម្ចាស់ដើមវិញ។

II. តើកម្ពុជាអាចទប់ស្កាត់ការជួញដូរវត្ថុបុរាណ តាមមធ្យោបាយអ្វីខ្លះ?

១. តាមរយៈការប្រើប្រាស់បទដ្ឋានគតិយុត្តិដូចខាងក្រោម៖

* អនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧០ ដែលព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នរួចហើយនៅឆ្នាំ១៩៧២។

* ព្រះរាជក្រឹត្យ (២៥/១៩៩៦) ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដែលត្រូវបានអនុម័តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ និងក្រមសម្រាប់អនុវត្តដែលត្រូវបានអនុម័តនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០២។

* កិច្ចព្រមព្រៀងទ្វេភាគីជាមួយព្រះរាជាណាចក្រថៃ ចុះហត្ថលេខានៅឆ្នាំ២០០០, សហរដ្ឋអាមេរិក ឆ្នាំ២០០៣ និងប្រទេសចិន ឆ្នាំ២០១៥។

* ការចូលជាសមាជិកអង្គការគយពិភពលោកនៅឆ្នាំ២០០១។

* អនុសញ្ញា UNIDROIT ឆ្នាំ១៩៩៥ ដែលព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នរួចហើយនៅឆ្នាំ២០១៣។

២. តាមរយៈការងារ និងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៖

* ក្រសួងមហាផ្ទៃបានបង្កើតនាយកដ្ឋាននគរបាលបេតិកភណ្ឌនៅឆ្នាំ២០០៦ ដើម្បីទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់។ ក្រសួងក៏បានរៀបចំវគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារនគរបាលបេតិកភណ្ឌតាំងពីឆ្នាំ១៩៩៤មក។

* ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានបង្កើតនាយកដ្ឋានទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់នៅឆ្នាំ២០០២ ដែលបានតាមដានការងារបញ្ជូនវត្ថុបុរាណត្រលប់វិញគ្រប់ករណី។

* ការងាររបស់រដ្ឋាករគយ ដោយសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការត្រួតពិនិត្យចរាចរណ៍វត្ថុសិល្បៈវប្បធម៌។

III. តើកម្ពុជាទទួលបានអ្វីខ្លះនាពេលបច្ចុប្បន្ន?

លទ្ធផលពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងស្ថាប័នក្រោមឱវាទ និងការចូលរួមចំណែករបស់ស្ថាប័នជាតិនិងអន្តរជាតិ វត្ថុសិល្បៈខ្មែរជាច្រើនបានបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកុម្ភៈឆ្នាំ២០២៣ មានវត្ថុសិល្បៈខ្មែរចំនួន៧៥៩វត្ថុ បានប្រគល់ត្រឡប់មកកម្ពុជាវិញ តាមរយៈរដ្ឋាភិបាល ស្ថាប័ន និងសប្បុរជន។ វត្ថុសិល្បៈទាំងអស់នោះបានប្រគល់មកវិញពីប្រទេសចំនួន១៥ ក្នុងនោះមានអូស្ត្រាលី បារាំង ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ថៃ ស្វ៉ីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ន័រវេស ចិន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕