(ភ្នំពេញ)៖ យើងស្គាល់ «សមរាត្រី» តាមការប្រែសម្រួលពីភាសាសំស្ត្រឹតដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរថា «វិសុវ» ហើយបើសរសេរតាមការនិយមបច្ចុប្បន្ននិយាយថា «ពិសុព» ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។

សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយដែលរយៈពេលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ជាពិសេសចំពោះអង្គរវត្តនាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ 

សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សមរាត្រីរដូវប្រាំងប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ ប៉ុន្តែពិធីទាំងនោះមិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។

លោកបានបន្តថា ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

ករណីទី១. នាថ្ងៃវិសុវ/ពិសុព វសន្តរដូវទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្ធពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀងរាំយ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាចនិងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ដើម្បីអបអរសារទជ័យជម្នះរបស់ព្រះនរាយណ៍ ដែលបានដំណែងខ្លួនជាអវតារមានទម្រង់ជានរសិង្ហ (មនុស្សពាក់កណ្ដាល តោពាក់កណ្ដាល) ដែលបានសម្លាប់យក្សកំណាចដ៏ធំម្នាក់ដែលបានបំផ្លាញផែនដី យក្សនោះមានឈ្មោះថា ហិរណ្យកសិពុ ( Hiranyakashipu)។

ករណីទី២. ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជម្នះរបស់ព្រះនរាយណ៍ដែរ គឺព្រះក្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកម្ចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍តែងប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។

ករណីទី៣. ថ្ងៃវិសុវ/ពិសុពនេះ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរនិងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា អឌ្ឍនរេស្វរ (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរ និងសម័យអង្គរ។

ករណីទី៤. គឺប្រពៃណីធ្វើយោគៈ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគៈ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ពីការធ្វើយោគៈជាងវេលាណាៗទាំងអស់។

លោក អ៉ឹម សុខរិទ្ធី បានបន្ថែមថា បើពិចារណាលើករណីទី៤ពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។

បុរាណវិទូរូបនេះក៏បានទាញទឡ្ហីករណ៍ថា អង្គរវត្តសាងទ្បើងជាទេវស្ថានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក»។ តើថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ មានទាក់ទងនឹងកិច្ចពិធីខាងលើទេដឹង?៕