(ភ្នំពេញ)៖ ថ្មីៗនេះ កោះតៃវ៉ាន់ទើបតែបានបាត់បង់សម្ពន្ធមិត្តការទូតមួយទៀតនៅតំបន់អាមេរិកកណ្តាល នោះគឺហុងឌូរ៉ាស ដែលបានសម្រេច​ដោះដៃចោលខ្លួន ដើម្បីស្រវាទៅចាប់ចិនដែលជាមានមហាយក្សអាស៉ីវិញ។ ប្រការនេះបានធ្វើឱ្យតៃវ៉ាន់នៅមានទំនាក់ទំនងការទូតផ្លូវការ តែជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ។

ប្រទេសទាំងនោះភាគច្រើនជាប្រទេសដីកោះតូចៗ ដែលរួមមានដូចជា៖

១. បេលី (Belize) នៅតំបន់អាមេរិកកណ្តាល។ ឆ្នាំបង្កើតទំនាក់ទំនងគឺ១៩៨៩។

២. ស្វាហ្ស៉ីឡង់ (Eswatini/Swaziland) នៅតំបន់អាហ្រ្វិកខាងត្បូង។ ឆ្នាំបង្កើតទំនាក់ទំនងគឺ១៩៦៨។

៣. ក្វាតេម៉ាឡា (Guatemala) នៅតំបន់អាមេរិកកណ្តាល។ ឆ្នាំបង្កើតទំនាក់ទំនងគឺ១៩៣៣។

៤. ហៃទី (Haiti) នៅតំបន់សមុទ្រការីបង់។ ឆ្នាំបង្កើតទំនាក់ទំនងគឺ១៩៥៦។

៥. បុរីវ៉ាទីកង់ (Vatican City) នៅតំបន់ភាគខាងត្បូងអឺរ៉ុប។ ឆ្នាំបង្កើតទំនាក់ទំនងគឺឆ្នាំ១៩៤២។

៦. ម៉ាសលអាយលែន (Marshall Islands) នៅតំបន់ប៉ាស៉ីហ្វិក។ ឆ្នាំបង្កើតទំនាក់ទំនង១៩៩៨។

៧. ណូរូ (Nauru) នៅតំបន់ប៉ាស៉ីហ្វិក។ ឆ្នាំបង្កើតទំនាក់ទំនងដំបូង១៩៨០ ប៉ុន្តែបញ្ចប់ទៅវិញនៅឆ្នាំ២០០២ ហើយបង្កើតឡើងម្តងទៀត នៅឆ្នាំ២០០៥។

៨. ប៉ាឡាវ (Palau) នៅតំបន់ប៉ាស៉ីហ្វិក។ ឆ្នាំបង្កើតទំនាក់ទំនង១៩៩៩។

៩. ប៉ារ៉ាហ្កាយ (Paraguay) នៅតំបន់អាមេរិកខាងត្បូង។ ឆ្នាំបង្កើតទំនាក់ទំនង១៩៥៧។

១០. សាំងគីតនិងណេវីស (Saint Kitts and Nevis) នៅតំបន់សមុទ្រការីបង់។ ឆ្នាំបង្កើតទំនាក់ទំនង១៩៨៣។

១១. សាំងលូស៉ី (Saint Lucia) នៅតំបន់សមុទ្រការីបង់។ ឆ្នាំបង្កើតទំនាក់ទំនងដំបូង១៩៨៤ ប៉ុន្តែបញ្ចប់ទៅវិញនៅឆ្នាំ១៩៩៧ ហើយបង្កើតឡើងម្តងទៀត នៅឆ្នាំ២០០៧។

១២. សាំងវ៉ាំងសង់និងហ្រ្គឺណាឌីន (Saint Vincent and the Grenadines) នៅតំបន់សមុទ្រការីបង់។ ឆ្នាំបង្កើតទំនាក់ទំនង១៩៨១។

១៣. ទូវ៉ាលូ (Tuvalu) នៅតំបន់ប៉ាស៉ីហ្វិក។ ឆ្នាំបង្កើតទំនាក់ទំនង១៩៧៩។

គួរបញ្ជាក់ថា នៅក្រោមគោលការណ៍ចិនតែមួយរបស់ទីក្រុងប៉េកាំង ពុំមានប្រទេសណាមួយអាចរក្សាទំនាក់ទំនងការទូតជាមួយចិនផង និង​តៃវ៉ាន់ផងនោះឡើយ ដ្បិតចិនចាត់ទុកដែនកោះនេះជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលមិនមានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះទេ។ វាគឺជាគោលជំហរដែលទីក្រុងតៃប៉ិច្រានចោលយ៉ាងមុតមាំ។ ទោះជាបែបនេះក្តី រដ្ឋាភិបាលទីក្រុងប៉េកាំងទាមទារឱ្យប្រទេសទាំងឡាយណាដែលមានទំនាក់ទំនងជាមួយខ្លួន ត្រូវតែទទួលស្គាល់គោលជំហរនេះ៕