(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះមានអង្គការអន្តរជាតិជាច្រើនត្រូវបានបង្កើតឡើងដើម្បីបម្រើការងារតាមវិស័យផ្សេងៗ ដូចជាអង្គការសហប្រជាជាតិ អង្គការយូណេស្កូ អង្គការសុខភាពពិភពលោកជាដើម ដែលមានរដ្ឋ-ប្រទេសចូលរួមជាសមាជិកបន្តបន្ទាប់ ក្នុងនោះកម្ពុជាក៏បានចូលរួមជាសមាជិករបស់អង្គការពិភពលោកទាំងនោះច្រើនណាស់ដែរ។

ខាងក្រោមនេះជាអង្គការអន្តរជាតិធំៗចំនួន១០ ដែលកម្ពុជាបានចូលជាសមាជិក៖

១. អង្គការសុខភាពពិភពលោក (WHO)៖ នៅចុងសម័យអាណានិគមនិយមបារាំង កម្ពុជាក្នុងនាមជាសមាជិកសហភាពបារាំងបានចូលជាសមាជិកអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥០ ពោលគឺមុនទទួលបានឯករាជ្យពេញលេញពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ អង្គការនេះបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស។

២. អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO)៖ កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១។ អង្គការនេះបង្កើតឡើងតាំងឆ្នាំ១៩៤៥ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៣. អង្គការសហប្រជាជាតិ (UN)៖ នៅដើមសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ១៩៥៥ ដែលកាលណោះស្ថិតក្នុងអាណត្តិរបស់លោកអគ្គលេខាធិការ ដាក ហេមម៉ារស្គោលដ៍ (Dag Hammarskjöld) ជនជាតិស៊ុយអែត។ អង្គការដ៏ធំមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៤. ស្ថាប័នប៉ូលីសអន្តរជាតិអាំងទែរប៉ូល (Interpol)៖ កម្ពុជាបានចូលជាសមាជិកនៃស្ថាប័នប៉ូលីសអន្តរជាតិអាំងទែរប៉ូល នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៦។ ស្ថាប័នប៉ូលីសអន្តរជាតិនេះមានសមាជិកសរុបចំនួន១៩៥ប្រទេស ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។

៥. តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៖ តុលាការនេះបង្កើតឡើងតាំងពីឆ្នាំ១៩៤៥ និងមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសនែតដឺឡង់ (ហូឡង់)។ កម្ពុជាបានប្រកាសទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៥៧ តរៀងមក។ បច្ចុប្បន្នរដ្ឋចំនួន១៩៣ប្រទេស ដែលបានប្រកាសទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិនេះ។

៦. មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៖ មូលនិធិនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ដែលមានទីស្នាក់ការកណ្ដាលនៅវ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក។ កម្ពុជាបានក្លាយជាសមាជិកមូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៩។ បច្ចុប្បន្ន មូលនិធិរូបិយវត្ថុអន្តរជាតិមានសមាជិកចំនួន១៩០ប្រទេស។

៧. ធនាគារពិភពលោក (World Bank)៖ កម្ពុជាទទួលបានឋានៈជាសមាជិកនៅក្នុងធនាគារពិភពលោក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧០។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្ដាលនៅវ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក។

៨. សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN)៖ កម្ពុជាបានក្លាយជាសមាជិកនៃសមាគមអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សមាគមក្នុងតំបន់មួយនេះមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។

៩. អង្គការពាណិជ្ជកម្មពិភពលោក (WTO)៖ កម្ពុជាបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ អង្គការនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស។

១០. តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)៖ តុលាការមួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០២ បច្ចុប្បន្នមានឈរជើងនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ កម្ពុជាចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០០ ហើយបានផ្តល់សច្ចាប័នជាផ្លូវការចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២៕