(ភ្នំពេញ)៖ តំបន់អាស៉ីអាគ្នេយ៍ គឺមានប្រវត្តិសាស្ត្ររបស់ខ្លួនយូរលង់ណាស់មកហើយ អាចនិយាយបានថាជាតំបន់មួយដែលមានរដ្ឋចំណាស់កកើតឡើង និងបានពង្រីកឥទ្ធិពលអរិយធម៌ ក៏ដូចជាទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក ខណៈរដ្ឋខ្លះក៏បានពង្រីកអំណាចកាន់តែខ្លាំងក្លារហូតបង្កើតបានជាចក្រភពប្រចាំតំបន់ ហើយក៏ធ្លាក់ចុះខ្សោយទៅវិញផងដែរ។

ខាងក្រោមនេះគឺជាបណ្ដាអាណាចក្រ ឬរដ្ឋបុរាណសំខាន់ៗនៅតំបន់អាស៉ីអាគ្នេយ៍ មុនឈានដល់យុគសម័យទំនើប៖

១. ភ្នំ ឬហ្វូណន (Funan)

អាណាចក្រភ្នំ (វ្នំ) ជាអាណាចក្រដំបូងរបស់ខ្មែរដែលមានអត្ថិភាពចាប់ពីឆ្នាំ៥៨-៥៥០។ អាណាចក្រនេះត្រូវបានបង្កើតដោយព្រះបឋមក្សត្រ ព្រះបាទកៅណ្ឌិន្យ និងព្រះនាងសោមា (ក្នុងរឿងព្រេងខ្មែរហៅ ព្រះថោង និងនាងនាគ, ក្នុងឯកសារចិនហៅ ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី) ប្រហែលនៅឆ្នាំ៥៨គ.ស។ ដំបូងឡើយ អាណាចក្រនេះមានរាជធានីនៅតំបន់អូរកែវ (ខេត្តក្រមួនស-កម្ពុជាក្រោម) តែក្រោយមកក៏បានប្ដូរទៅក្រុងវ្យាធបុរៈ (បាភ្នំ-ខេត្តព្រៃវែង) វិញ។ ត្រឹមតែប៉ុន្មានរយឆ្នាំប៉ុណ្ណោះ អាណាចក្រភ្នំបានពង្រីកអំណាចគ្រប់គ្រងលើរដ្ឋចំណុះជាច្រើនក្នុងតំបន់ តួយ៉ាងដូចជារដ្ឋចេនឡា និងរដ្ឋបុរីផ្សេងទៀត។ នៅចុងសម័យកាលហ្វូណន ដោយសារមានការវាយលុកពីចេនឡាដែលធ្លាប់ជារដ្ឋចំណុះនោះ ក៏បានបង្ខំឱ្យព្រះមហាក្សត្រនៃអាណាចក្រភ្នំសម្រេចប្តូររាជធានីទៅទីក្រុងនរវរនគរៈ (អង្គរបុរី-ខេត្តតាកែវ) វិញ ហើយក៏បញ្ចប់សម័យកាលរបស់ខ្លួននៅអំលុងឆ្នាំ៥៥០ ខណៈទីក្រុងនរវរនគរក៏ធ្លាក់ក្រោមការត្រួតត្រារបស់អាណាចក្រចេនឡាផងដែរ។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល អាណាចក្ររបស់ខ្មែរមួយនេះបានលាតសន្ធឹងលើទឹកដីនៃប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសឡាវ ភាគខាងត្បូងប្រទេសវៀតណាម ឈូងសមុទ្រថៃ ព្រមទាំងភាគខាងលិច ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសថៃ។

២. ចាម្ប៉ា (Champa)

អាណាចក្រចាម្ប៉ា គឺមានអត្ថិភាពចាប់ពីឆ្នាំ១៩២-១៨៣១ ដែលលាតសន្ធឹងលើភាគកណ្ដាលនៃប្រទេសវៀតណាមបច្ចុប្បន្ន។ អាណាចក្រនេះបានបាត់រូបរាងចេញពីផែនទីពិភពលោកទៅហើយ។ ក្នុងប្រវត្តិសាស្ត្ររយៈពេល១៦៣៩ឆ្នាំរបស់ខ្លួន ប្រទេសចាមគឺមាននគរៈសំខាន់ចំនួន៤ រួមមាន ឥន្ទ្របុរៈ អម្រាវតី វិជ័យ គោធរៈ និងបណ្ឌុរង្គ។

៣. ចេនឡា (Chenla)

អាណាចក្រចេនឡា គឺជាអាណាចក្រធំទី២របស់ខ្មែរដែលមានអត្ថិភាពចាប់ពីឆ្នាំ៥៥០-៨០២។ តាមពិតទៅ រដ្ឋចេនឡាបានកើតមានយូរមកហើយ គ្រាន់តែនៅក្រោមចំណុះរបស់អាណាចក្រភ្នំដែលជាមហាអំណាចធំមួយនៅក្នុងពិភពខ្មែរមន។ ចេនឡាចាប់ផ្ដើមមានកម្លាំងវាយលុកទៅលើអាណាចក្រភ្នំវិញនៅសតវត្សទី៦។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល អាណាចក្រចេនឡាបានលាតសន្ធឹងលើប្រទេសកម្ពុជា ភាគកណ្ដាលនិងភាគខាងត្បូងប្រទេសឡាវ ភាគខាងត្បូងប្រទេសវៀតណាម ឈូងសមុទ្រថៃ ព្រមទាំងភាគខាងលិច ភាគកណ្ដាល និងភាគខាងត្បូងប្រទេសថៃ ពោលទឹកដីទាំងឡាយដែលធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់អាណាចក្រភ្នំ ក៏បានធ្លាក់ក្រោមការត្រួតត្រារបស់អាណាចក្រចេនឡាវិញ។ ក្នុងប្រវត្តិសាស្ត្ររយៈពេលជាង២០០ឆ្នាំរបស់ខ្លួន ចេនឡាក៏ត្រូវបានបែកបាក់ជារដ្ឋបុរីមិនតិចជាង៨នោះឡើយ រួមមាន សម្ភុបុរៈ (នៅខេត្តក្រចេះ) ពលាទិត្យបុរៈ (នៅខេត្តកំពង់ធំ) អម្រាបុរៈ (នៅខេត្តសៀមរាប) អនិន្ទិត្យបុរៈ (នៅខេត្តកំពង់ធំ) ឥន្ទ្របុរៈ (នៅខេត្តត្បូងឃ្មុំ) ភវបុរៈ (នៅខេត្តចម្ប៉ាស័ក ប្រទេសឡាវ) វ្យាធបុរៈ (នៅខេត្តព្រៃវែង) នរវរនគរៈ (នៅខេត្តតាកែវ) ជាដើម ដែលបែងចែកជា «ចេនឡានលើ» និង «ចេនឡាក្រោម»។ នៅចុងសតវត្សទី៨ កងទ័ពជ្វាមកពីចក្រភពស្រីវិជ័យក៏បានវាយលុកលើរដ្ឋបុរីមួយចំនួនរបស់ខ្មែរ ហើយត្រួតត្រាទឹកដីចេនឡាក្រោមមួយរយៈ។

៤. ហរិបញ្ជ័យ (Haripuñjaya)

អាណាចក្រហរិបញ្ជ័យ ត្រូវបានបង្កើតដោយជនជាតិមនសម័យបុរាណដែលមានអត្ថិភាពចាប់ពីឆ្នាំ៦២៩-១២៩២។ អាណាចក្រនេះមានវិសាលភាពលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ និងភាគខាងលិចប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន ខណៈរាជធានីគឺនៅខេត្តឡាំពូន ប្រទេសថៃបច្ចុប្បន្ន។

៥. ទ្វារតី (Dvaravati) ឬល្វោ (Lavo)

អាណាចក្រទ្វារវតី គឺមានអត្ថិភាពចាប់ពីឆ្នាំ៦៤៨-១៣៤៩។ អាណាចក្រនេះក៏ត្រូវបានបង្កើតដោយជនជាតិមនបុរាណផងដែរ គ្រាន់តែមានមូលដ្ឋានផ្សេងគ្នា រាជធានីរបស់ទ្វារវតីមានទីតាំងនៅខេត្តល្វបុរៈ ឬល្វបុរី ប្រទេសថៃបច្ចុប្បន្ន។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល អាណាចក្រនេះបានលាតសន្ធឹងលើភាគច្រើននៃប្រទេសថៃ និងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។

៦. ស្រីវិជ័យ (Srivijaya)

អាណាចក្រស្រីវិជ័យ គឺមានអត្ថិភាពចាប់ពីឆ្នាំ៦៧១-១២៨៨ ដែលត្រូវបានបង្កើតឡើងដោយជនជាតិជ្វា រាជវង្សសៃលិន្ទ្រៈ (Shailendra Dynasty) និងមានមូលដ្ឋាននៅលើកោះស៊ូម៉ាត្រា (Sumatra)។ ចាប់ពីសតវត្សទី៨-១១ ឫទ្ធានុភាពនៃចក្រភពស្រីវិជ័យបានរីកចម្រើនខ្លាំងក្លាឡើងដល់កំពូល ក្នុងនោះកងទ័ពជ្វាបានវាតទីធ្វើសញ្ជ័យពាសពេញតំបន់អាស៉ីគ្នេយ៍ដែនកោះ និងបានលើកទ័ពមកដល់អាណាចក្រចាម្ប៉ា អាណាចក្រទ្វារវតី និងអាណាចក្រចេនឡារបស់ខ្មែរមួយរយៈពេលខ្លីផងដែរ។

៧. មាតារាម (Mataram)

អាណាចក្រមាតារាម គឺមានអត្ថិភាពចាប់ពីឆ្នាំ៧១៦-១០១៦ ដែលត្រូវបានបង្កើតឡើងដោយជនជាតិជ្វា រាជវង្សស័ង្ខជ័យ (Sanjaya Dynasty) កាន់សាសនាព្រហ្មញ្ញ និងមានមូលដ្ឋាននៅលើកោះស៊ូម៉ាត្រាដែរ។

៨. បាកាន (Bagan)

អាណាចក្របាកាន គឺបង្កើតឡើងដោយជនជាតិភូមាដែលមានអត្ថិភាពចាប់ពីឆ្នាំ៨៤៩-១២៩៧។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល ចក្រភពបាកានបានលេបត្របាក់យកអាណាចក្រនានានៅជុំវិញ និងមានវិសាលភាពលាតសន្ធឹងលើប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នទាំងស្រុង។

៩. មហានគរ (Angkor Empire)

បន្ទាប់ពីព្រះបាទជយវម៌្មទី២វាយរំដោះទឹកដីខ្មែរពីការត្រួតត្រារបស់កងទ័ពជ្វារួចមក ព្រះអង្គបានបង្រួបបង្រួមក្សត្របុរីនានា ដូចជា ពលាទិត្យបុរៈ អម្រាបុរៈ កុតិ អនិន្ទិត្យបុរៈ ឥន្ទ្របុរៈ ភវបុរៈ វ្យាធបុរៈ នរវរនគរៈ និងទីក្រុងសំខាន់ៗផ្សេងទៀតទៅជាអាណាចក្រខ្មែរតែមួយ។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាក៏បានឈានដល់សម័យកាលថ្មីដែលមានការរីកចម្រើនឈានឡើង រហូតក្លាយជាមហាអំណាចធំជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ដែលអ្នកប្រវត្តិសាស្ត្រចាត់ទុកថាជាសម័យអង្គរ ឬមហានគរ។ សម័យនេះមានអត្ថិភាពចាប់ពីឆ្នាំ៨០២-១៤៣១។ ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ ព្រះបាទសូរ្យវម៌្មទី១ ព្រះបាទឧទយាទិត្យវម៌្មទី២ ព្រះបាទសូរ្យវម៌្មទី២ និងព្រះបាទជយវម៌្មទី៧ គឺជាពេលដែលខ្មែរមានឫទ្ធានុភាពឡើងដល់កំពូល ពេលនោះហើយដែលទឹកដីខ្មែរមានវិសាលភាពធំធេងលើសពេលណាៗទាំងអស់ ដោយគ្របដណ្ដប់លើប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ភាគខាងកណ្ដាលនិងភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ សម័យអង្គរនេះត្រូវបានបិទបញ្ចប់ក្នុងពេលដែលព្រះបាទស្រីសុរិយោពណ៌ទី២ ឬព្រះបរមរាជាទី១ ចៅពញាយ៉ាត ចាកចោលរាជធានីអង្គរ។

១០. តុនដូ (Tondo)

អាណាចក្រតុងដូ ត្រូវបានបង្កើតដោយពួកឥណ្ឌាដែលទៅតាំងមូលដ្ឋាននៅត្រង់ឆ្នេរម៉ានីល នៃប្រទេសហ្វីលីពីនបច្ចុប្បន្ន។ អាណាចក្រនេះមានអត្ថិភាពចាប់ពីឆ្នាំ៩០០-១៥៨៩។

១១. ប៊ូទ័ន (Butuan)

អាណាចក្រប៊ូទ័ន ត្រូវបានបង្កើតដោយពួកឥណ្ឌាដែលទៅតាំងមូលដ្ឋាននៅកោះមិនដាណាវ ប្រទេសហ្វីលីពីនបច្ចុប្បន្ន។ អាណាចក្រនេះមានអត្ថិភាពចាប់ពីឆ្នាំ៩៨៩-១៥២១។

១២. មហាវៀត (Đại Việt)

អាណាចក្រដាយវៀត គឺមានអត្ថិភាពចាប់ពីឆ្នាំ១០០៩-១២២៥ ដែលជាអាណាចក្រឯករាជ្យដំបូងនៅប្រទេសវៀតណាមភាគខាងជើង ដឹកនាំដោយរាជវង្សលី (Lý Dynasty)។ ពាក្យថា Đại Việt មានន័យថា មហាវៀត (Great Viet)។

១៣. សិង្ហាសារិ (Singhasari)

អាណាចក្រសិង្ហាសារិ ត្រូវបានបង្កើតឡើងដោយជនជាតិជ្វាកាន់សាសនាហិណ្ឌូដែលមានមូលដ្ឋាននៅលើកោះជ្វាភាគខាងកើត។ អាណាចក្រនេះមានអត្ថិភាពចាប់ពីឆ្នាំ១២២២-១២៩២។ ទោះមានរយៈពេលខ្លី ប៉ុន្តែក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល ចក្រភពសិង្ហាសារិបានវាយត្រួតត្រាលើទីប្រជុំកោះធំៗនៃប្រទេសឥណ្ឌូណេស៉ីបច្ចុប្បន្ន ដូចជា កោះជ្វា កោះស៊ូម៉ាត្រា កោះកាលីម៉ាន់តាន់ កោះស៊ូឡាវេស៉ី ឧបទ្វីបម៉ាឡេ និងប្រជុំកោះតូចៗជាច្រើនទៀត។

១៤. សុខោទ័យ (Sukhothai)

ស្របពេលដែលព្រះរាជាខ្មែរ ព្រះបាទឥន្ទ្រវម៌្មទី២ (បុត្ររបស់ព្រះបាទជយវម៌្មទី៧) លើកទ័ពទៅច្បាំងជាមួយយួនដាយវៀតនៅតំបន់ង៉េអាន ក្រុមបះបោរសៀមក៏បានសម្លាប់ចៅហ្វាយខេត្តសុខោទ័យរបស់ខ្មែរ ហើយក៏បានបង្កើតរដ្ឋថ្មីមួយឡើងនៅឆ្នាំ១២៣៨ ដែលមានឈ្មោះថា អាណាចក្រសុខោទ័យ។ អាណាចក្រដំបូងរបស់សៀមនេះបានបន្តអត្ថិភាពរហូតដល់ឆ្នាំ១៤៣៨ តែទីបំផុតអំណាចត្រួតត្រាក៏ត្រូវជំនួសដោយអាណាចក្រសៀមមួយទៀត គឺអាណាចក្រអយុធ្យា។

១៥. ហង្សាវតី​ (Hanthawaddy)

អាណាចក្រហង្សាវតី​ ត្រូវបានបង្កើតដោយជនជាតិមនថ្មី (រាមន្យៈ ឬរាមញ្ញ) ដែលមានអត្ថិភាពចាប់ពីឆ្នាំ១២៨៧-១៥៥២។ អាណាចក្រនេះមានមូលដ្ឋានស្ថិតនៅទីក្រុងប៉េហ្គូ (Pegu) ទឹកដីរដ្ឋមន ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។

១៦. ឡានណា (Lanna)

អាណាចក្រឡានណា គឺជារដ្ឋស្នងពីអាណាចក្រហរិបញ្ជ័យ ដែលមានអត្ថិភាពចាប់ពីឆ្នាំ១២៩២-១៧៧៥។ អាណាចក្រនេះលាតសន្ធឹងលើភាគខាងជើងប្រទេសថៃបច្ចុប្បន្ន ខណៈរាជធានីសំខាន់គឺមានក្រុងឈៀងសែន និងក្រុងឈៀងម័យ។ ពាក្យថា ឡានណា គឺមានន័យថា ស្រែមួយលាន, រីឯពាក្យថា ឈៀងម័យ គឺមានន័យថា ក្រុងថ្មី។

១៧. មហាប្រទេស ឬម៉ាចាប៉ាហ៉ីត (Majapahit)

អាណាចក្រម៉ាចាប៉ាហ៉ីត គឺជារដ្ឋស្នងពីអាណាចក្រសិង្ហាសារិ ដែលមានអត្ថិភាពចាប់ពីឆ្នាំ១២៩៣-១៥២៧។ ពាក្យថា Majapahit គឺមានន័យថា មហាប្រទេស។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល ចក្រភពមហាប្រទេសបានវាយត្រួតត្រាលើទឹកដីនៃប្រទេសឥណ្ឌូណេស៉ី ម៉ាឡាស៉ី សិង្ហបុរី និងព្រុយណេបច្ចុប្បន្ន។

១៨. អយុធ្យា (Ayutthaya)

អាណាចក្រអយុធ្យា គឺមានអត្ថិភាពចាប់ពីឆ្នាំ១៣៥១-១៧៦៧។ អាណាចក្រនេះត្រូវបានបង្កើតឡើងដោយក្សត្រមួយអង្គមានព្រះនាមថា ព្រះចៅឧទង ឬរាមាធិបតីទី១ ស្របពេលដែលអាណាចក្រសុខោទ័យនៅមានអត្ថិភាពនៅឡើយ ហើយក៏បន្តប្រកួតប្រជែងជាមួយសុខោទ័យ និងរាជអំណាចក្រុងអង្គររបស់ខ្មែរ។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល អយុធ្យាបានក្លាយជាចក្រភពធំមួយនៅក្នុងតំបន់ ហើយបានវាយត្រួតត្រាលើប្រទេសភូមា ប្រទេសឡាវ និងប្រទេសកម្ពុជា។

១៩. ឡានសាង (Lan Xang)

អាណាចក្រឡានសាង ត្រូវបានបង្កើតដោយជនជាតិលាវដែលមានអត្ថិភាពចាប់ពីឆ្នាំ១៣៥៣-១៧០៧។ ពាក្យថា ឡានសាង គឺមានន័យថា ដំរីមួយលាន។ ក្នុងពេលឫទ្ធានុភាពឡើងដល់កំពូល អាណាចក្រនេះមានវិសាលភាពលាតសន្ធឹងលើប្រទេសឡាវ និងភាគខាងជើងប្រទេសថៃបច្ចប្បន្ន។

២០. អង្គវៈ (Ava)

អាណាចក្រអង្គវៈ គឺមានអត្ថិភាពចាប់ពីឆ្នាំ១៣៦៥-១៥៥៥ ដែលលាតសន្ធឹងលើភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។

២១. ព្រុយណេ (Bruneian)

អាណាចក្រព្រុយណា គឺមានអត្ថិភាពចាប់ពីឆ្នាំ១៣៦៨-១៨៨៨ ដែលមានវិសាលភាពតាមសន្ធឹងនៅលើកោះបរណេអូ (ព្រុយណេ ឥណ្ឌូណេស៉ី និងម៉ាឡេស៉ី) និងប្រជុំកោះខ្លះនៅប្រទេសហ្វីលីពីន។ ប៉ុន្តែចុងក្រោយ អាណាចក្រនេះក៏ធ្លាក់ក្រោមការកាន់កាប់របស់ពួកអាណានិគមហូឡង់ ព័រទុយហ្កាល់ និងអង់គ្លេស។

២២. ម្រុកយូ (Mrauk-U)

អាណាចក្រម្រុកយូ ត្រូវបានបង្កើតដោយជនជាតិអារ៉ាកខាន់ (Arakanese) ដែលមានអត្ថិភាពចាប់ពីឆ្នាំ១៤៣០-១៧៨៥។ អាណាចក្រនេះមានវិសាលភាពលាតសន្ធឹងតាមឆ្នេរឈូងសមុទ្របេងហ្កាល់ (Bay of Bengal) បច្ចុប្បន្នបានក្លាយជារដ្ឋរ៉ាក់ឃីន (Rakhine State) នៃប្រទេសមីយ៉ាន់ម៉ា។

២៣. ចតុម្មុខ (Chaktomuk)

សម័យចតុម្មុខ គឺមានអត្ថិភាពចាប់ពីឆ្នាំ១៤៣១-១៥២៥។ បន្ទាប់ពីផ្លាស់រាជធានីពីក្រុងអង្គរនៅខេត្តសៀមរាប ព្រះបាទស្រីសុរិយោពណ៌ទី២ ឬព្រះបរមរាជាទី១ ចៅពញាយ៉ាត ក៏បានទៅតាំងរាជធានីថ្មីនៅទួលបាសាន្ត ហើយក៏បន្តប្ដូរទៅរាជធានីចតុម្មុខមង្គល ពេលនោះហើយដែលប្រវត្តិសាស្ត្រខ្មែរឈានដល់សម័យថ្មីមួយទៀត គឺសម័យចតុម្មុខ។ ថ្វីដ្បិតចក្រភពអង្គរត្រូវចុះខ្សោយអំណាច និងរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពសៀមក៏ពិតមែន ប៉ុន្តែទឹកដីខ្មែរនាសម័យចតុម្មុខគឺធំធេងជាងពេលបច្ចុប្បន្ន ពោលគឺគ្របដណ្ដប់លើប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសវៀតណាម ភាគខាងកើតនិងភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន។ រាជធានីខ្មែរនាសម័យនោះ គឺត្រូវបានផ្លាស់ប្ដូរច្រើនលើកច្រើនសា ប៉ុន្តែរាជធានីដែលសំខាន់ជាងគេនោះ គឺក្រុងចតុម្មុខ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។

២៤. លង្វែក (Longvek)

សម័យលង្វែក គឺមានអត្ថិភាពចាប់ពីឆ្នាំ១៥២៥-១៦១៨។ ថ្វីដ្បិតមានការប្រទាញប្រទង់គ្នាជាមួយសៀមយ៉ាងណាក៏ដោយ ប៉ុន្តែទឹកដីខ្មែរនាសម័យលង្វែក គឺរក្សាបាននូវមរតកបន្តពីសម័យចតុម្មុខ ពោលគឺគ្របដណ្ដប់លើប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសវៀតណាម ភាគខាងកើតនិងភាគឦសាននៃប្រទេសថៃដដែល។ រាជធានីខ្មែរនាសម័យនោះក៏ត្រូវបានផ្លាស់ប្ដូរច្រើនលើកច្រើនសាដែរ ប៉ុន្តែរាជធានីដែលសំខាន់ជាងគេនោះ គឺក្រុងលង្វែក ដែលមានទីតាំងស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន។

២៥. មល្លកា (Melaka)

អាណាចក្រមល្លកា ឬម៉ាឡាកា​ ត្រូវបានបង្កើតដោយជនជាតិម៉ាឡាកាន់សាសនាឥស្លាម ដែលមានអត្ថិភាពចាប់ពីឆ្នាំ១៤០០-១៥១១។ អាណាចក្រនេះធ្លាប់មានវិសាលភាពលាតសន្ធឹងលើរដ្ឋម៉ាឡាកា និងរដ្ឋផ្សេងទៀតនៃប្រទេសម៉ាឡេស៉ី ព្រមទាំងប្រទេសសិង្ហបុរីផងដែរ។

២៦. តងអ៊ូ (Toungoo)

ចក្រភពតងអ៊ូ គឺមានអត្ថិភាពចាប់ពីឆ្នាំ១៥១០-១៥៩៩។ វាពិតជាអស្ចារ្យណាស់ ប្រសិនបើនិយាយដល់ចក្រភពទី២របស់ជនជាតិភូមាមួយនេះ ដែលជាចក្រភពធំជាងគេបំផុតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍យើងនេះ។ ក្នុងរជ្ជកាលព្រះចៅបាយិនណងកាយោធិនអនុរុទ្ធា (King Bayinnaung Kaioshin Anawrahta) ចក្រភពនេះមានវិសាលភាពលាតសន្ធឹងលើប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសឡាវទាំងមូល ព្រមទាំងហួសទៅដល់ភាគឦសានប្រទេសឥណ្ឌា ភាគខាងកើតប្រទេសបង់ក្លាដេស និងផ្នែកខ្លះនៃខេត្តយូណាននៃប្រទេសចិនផងដែរ។

២៧. រាជវង្សឡេ (Lê Dynasty)

រាជវង្សឡេបានគ្រប់គ្រងទឹកដីវៀតណាមចាប់ពីឆ្នាំ១៥៣៣-១៧៨៩។ រាជវង្សឡេ គឺជារាជវង្សដ៏ខ្លាំងក្លាមួយក្នុងចំណោមរាជវង្សទាំង៣របស់វៀតណាម (រាជវង្សលី រាជវង្សឡេ និងរាជវង្សង្វៀន) ប៉ុន្តែនៅចុងសម័យនៃរាជវង្សឡេនេះ ទឹកដីវៀតណាមក៏មានការដណ្ដើមគ្នាជាមួយរាជវង្សង្វៀន ហើយទីបំផុតទឹកដីក៏ធ្លាក់ក្រោមកណ្ដាប់ដៃរាជវង្សង្វៀនទាំងស្រុង។

២៨. ឧដុង្គ (Udong)

សម័យឧដុង្គ គឺមានអត្ថិភាពចាប់ពីឆ្នាំ១៦១៨-១៨៦៣ ដែលជាសម័យកាលដ៏ជូរចត់ក្នុងប្រវត្តិសាស្ត្រខ្មែរ។ រាជធានីខ្មែរនាសម័យនោះ គឺស្ថិតនៅភ្នំព្រះរាជទ្រព្យ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងនៅឃុំវាំងចាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

២៩. កនបោង (Konbuang)

កនបោង គឺជាចក្រភពធំទី៣របស់ជនជាតិភូមាបន្ទាប់ពីបាកាន និងតងអ៊ូ។ ចក្រភពកនបោង គឺមានអត្ថិភាពចាប់ពីឆ្នាំ១៧៥២-១៨៨៥។ ទឹកដីដែលចក្រភពតងអ៊ូវាយត្រួតត្រាបាន ក៏ត្រូវបានចក្រភពកនបោងវាយយកបានដូចគ្នា ប៉ុន្តែដោយសារតែផ្ទុះសង្គ្រាមជាមួយរាជវង្សឆេងនៅយូណាននិងទីបេផង សង្គ្រាមជាមួយចក្រភពអង់គ្លេសផង និងសង្គ្រាមរំដោះប្រទេសពីសំណាក់សៀមនិងលាវផងនោះ ធ្វើឱ្យរាជវង្សចុងក្រោយរបស់ភូមាមួយនេះធ្លាក់ចុះខ្សោយទៅវិញ។

៣០. រតនកោសិន្ទ្រ (Ratanakosin)

បន្ទាប់ពីរំដោះប្រទេសពីការឈ្លានពានរបស់ភូមារួចហើយ ព្រះចៅតាក់ស៉ីនក៏បានឈរជើងនៅក្រុងធនបុរី ប៉ុន្តែនៅពេលព្រះចៅរាមាទី១ ដែលជាក្សត្រថ្មីឡើងសោយរាជ្យបន្ទាប់ ព្រះអង្គក៏បានផ្លាស់រាជធានីទៅក្រុងរតនកោសិន្ទ្រវិញ ដែលនៅត្រើយម្ខាងនៃទន្លេចៅព្រះពញា។ សម័យធនបុរីមានអត្ថិភាពចាប់ពីឆ្នាំ១៧៦៧-១៧៨២ រីឯសម័យរតនកោសិន្ទ្រមានអត្ថិភាពចាប់ពីឆ្នាំ១៧៨២-១៩៣២។

គួរជម្រាបថា ក្រៅពីរដ្ឋសំខាន់ទាំងនេះ តំបន់អាស៉ីអាគ្នេយ៍គឺនៅមានរដ្ឋតូចៗជាច្រើនទៀត ដែលយើងខ្ញុំមិនអាចរៀបរាប់លម្អិត ដ្បិតរឿងរ៉ាវនៅក្នុងប្រវត្តិសាស្ត្រគឺពិតជាស្មុគស្មាញ ឯឯកសារខ្លះក៏មិនទាន់មានការឯកភាពគ្នានៅឡើយ។ តែទោះជាយ៉ាងណា ខ្លឹមសារខ្លីៗទាំងនេះនឹងក្លាយជាចំណេះដឹងទូទៅបន្ថែមទៀតមួយសម្រាប់អ្នកអាន ក៏ដូចជាអ្នកសិក្សាដទៃទៀតដែរ៕