(ភ្នំពេញ)៖ មកទល់ឆ្នាំ២០២៣នេះ មានសម្ប​តិ្តបេតិកភណ្ឌពិភពលោកសរុបចំនួន១,១៥៧កន្លែង ដែលស្ថិតក្នុងប្រទេសចំនួន១៦៧ រួមមានទាំងកម្ពុជា​យើងផងដែរ។ យ៉ាងណាមិញ តើអ្នកដឹងទេថា ទីតាំងណាខ្លះដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដំបូងគេបំផុតរបស់​អង្គការយូណេស្កូ (UNESCO)។ ចម្លើយគឺទីតាំងចំនួន១២ដំបូង ត្រូវបានដាក់បញ្ចូលកាលពីខែកញ្ញា ឆ្នាំ១៩៧៨។

១. ឧទ្យានជាតិប្រវត្តិសាស្រ្ត L'Anse aux Meadows នៅប្រទេសកាណាដា

២. ឧទ្យានជាតិ Nahanni នៅប្រទេសកាណាដា

៣. ទីក្រុង Quito ដែលជារដ្ឋធានីនៃប្រទេសអេក្វាទ័រ

៤. ទីប្រជុំកោះ Galapagos នៅប្រទេសអេក្វាទ័រ

៥. ឧទ្យានជាតិ Simien នៅប្រទេសអេត្យូពី

៦. ព្រះវិហារកប់ក្រោមដី Rock-Hewn នៅប្រទេសអេត្យូពី

៧. ព្រះវិហារកាតូលិក Aachen នៅប្រទេសអាល្លឺម៉ង់

៨. មជ្ឈមណ្ឌលប្រវត្តិសាស្រ្តក្រុង Krakow ដែលជាអតីតរដ្ឋធានីរបស់ប៉ូឡូញ

៩. តំបន់រ៉ែអំបិល Wieliczka និង Bochnia នៅប្រទេសប៉ូឡូញ

១០. កោះ Goree នៅប្រទេសសេណេហ្កាល់

១១. ឧទ្យានជាតិ Mesa Verde នៅសហរដ្ឋអាមេរិក

១២. ឧទ្យានជាតិ Yellowstone នៅសហរដ្ឋអាមេរិក។

គួរជម្រាបថា សម្បត្តិបេតិកភណ្ឌពិភពលោកទាំងនោះត្រូវបានបែងចែកជា៣ប្រភេទ រួមមាន បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានបែងចែកភូមិសាស្ត្របេតិកភណ្ឌពិភពលោកជា៥តំបន់ធំៗ រួមមាន៖ តំបន់បេតិកភណ្ឌអាហ្រ្វិក តំបន់បេតិកភណ្ឌអារ៉ាប់ តំបន់បេតិកភណ្ឌអាស៊ីនិងប៉ាស៊ីហ្វិក តំបន់បេតិកភណ្ឌអឺរ៉ុបនិងអាមេរិកខាងជើង និងតំបន់បេតិកភណ្ឌអាមេរិកឡាទីននិងការាអ៉ីប៕