(ភ្នំពេញ)៖ គិតត្រឹមខែមករា ឆ្នាំ២០២៣ អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកសរុបចំនួន១,១៥៧ទីតាំង/តំបន់ហើយ ដែលស្ថិតនៅក្នុងប្រទេសចំនួន១៦៧។ សម្បត្តិបេតិកភណ្ឌពិភពលោកទាំងនោះត្រូវបានបែងចែកជា៣ប្រភេទ រួមមាន បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ។
សម្បត្តិបេតិកភណ្ឌពិភពលោកនៅតំបន់អាស៉ីអាគ្នេយ៍ ដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូរួចមកហើយ គឺមានចំនួនសរុប៤២ទីតាំង រាប់ទាំងតំបន់បេតិកភណ្ឌវប្បធម៌ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់បេតិកភណ្ឌចម្រុះ។
ក្នុងចំណោមសម្បត្តិបេតិកភណ្ឌពិភពលោកនៅតំបន់អាស៉ីអាគ្នេយ៍ទាំង៤២ទីតាំងនោះ មាននៅ៖ កម្ពុជា៣ទីតាំង ឥណ្ឌូណេស៉ី៩ទីតាំង ឡាវ៣ទីតាំង ម៉ាឡេស៉ី៤ទីតាំង មីយ៉ាន់ម៉ា២ទីតាំង ហ្វីលីពីន៦ទីតាំង សិង្ហបុរី១ទីតាំង ថៃ៦ទីតាំង និងវៀតណាម៨ទីតាំង។
នៅក្នុងអត្ថបទទី១នេះ យើងខ្ញុំចង់លើកបង្ហាញអំពីសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជាទាំង៣ទីតាំង ដែលអង្គការយូណេស្កូបានចុះបញ្ជីរួចហើយនោះ រួមមាន៖
១. តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា។
២. ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា។
៣. តំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។