(ភ្នំពេញ)៖ កាលពី ២៥៧១ឆ្នាំមុន ខុងជឺ (Confucius, កើតឆ្នាំ៥៥១ និងស្លាប់ឆ្នាំ៤៧៩មុនគ្រិស្តរាជ) ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាអ្នកប្រាជ្ញខាងទស្សនវិជ្ជាដ៏ល្បីល្បាញ នៅក្នុងប្រវត្តិសាស្ត្រចិន។
បើទោះបីជា គំនិតរបស់គាត់តែងតែឆ្លុះបញ្ចាំងពីក្រមសីលធម៌, គ្រួសារ, និងការដឹកនាំរដ្ឋ ដែលជាមូលដ្ឋានសម្រាប់សង្គមចិនក៏ដោយ មនុស្សភាគច្រើន ដែលជាមិនមែនប្រជាជនចិន ស្គាល់តិចតួចបំផុតអំពីជីវិត និងការងារប្រចាំថ្ងៃរបស់គាត់។ ចុះបងប្អូន ដែលជាប្រជាជនខ្មែរយើងវិញ បានស្គាល់ពីជីវិត និងការងារ របស់អ្នកប្រាជ្ញចិនរូបនេះ កម្រិតណាដែរ?
មានរឿងពិត ៨យ៉ាងរបស់ ខុង ជឺ ដែលអស់លោកអ្នកគួរតែដឹង អំពីអ្នកប្រាជ្ញបុរាណចិនរូបនេះ។ Fresh News Plus បានព្យាយាមរកឯកសារនានា ដើម្បីដកស្រង់ចំណុចទាំង ៨នោះ សម្រាប់ទុកជាចំណេះដឹងទូទៅ ចែកជូនប្រិយមិត្តអ្នកអាន ដូចមានខ្លឹមសារទាំងស្រុងខាងក្រោម៖
* ១៖ ចាប់កំណើតអំឡុងពេលចិនស្ថិតក្នុងភាពចលាចលផ្នែកនយោបាយយ៉ាងខ្លាំង
ខុងជឺ កើតនៅឆ្នាំ ៥៥១មុនគ្រិស្តរាជ នៅក្នុងកុលសម្ព័ន្ធលូ (Lu) ដែលស្ថិតក្នុងខេត្ត Shandon គឺជាឆ្នាំអំឡុងពេលដែល អាណាចក្រ Zhou ទន់ខ្សោយទៅៗ។ កាលនោះ រាជវង្ស Zhou កាន់កាប់ប្រទេស មានតែឈ្មោះប៉ុណ្ណោះ តែអំណាចតុលាការ មានឥទ្ធិពលតិចតួចបំផុត។
តាមការពិត ជាតិទាំងមូលត្រូវបានពុះជ្រៀកជាចំណែកៗ ហែកចែកគ្នាត្រួតត្រា ដោយពួកមានឥទ្ធិពលនានា នៅក្នុងតំបន់ផ្សេងៗ។ នេះជាមូលហេតុ ដែលគេហៅថា ខុងជឺ បានចាប់កំណើតអំឡុងពេលដែលប្រទេសចិន ស្ថិតក្នុងភាពចលាចល ផ្នែកនយោបាយយ៉ាងខ្លាំង។
* ២៖ មានម្តាយជាស្ត្រីមេម៉ាយក្រីក្រ
ឪពុករបស់ខុងជឺ បានស្លាប់នៅពេលខុងជឺ អាយុទើបតែបាន ៣ឆ្នាំប៉ុណ្ណោះ ហើយលោកត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយបង្កើត និងសាច់ញាតិគាត់ ដែលជាអ្នកក្រីក្រក្នុងតំបន់។ សាច់ញាតិរបស់ខុសជឺ គឺជាជនសាមញ្ញ ហើយកាលនោះជីវភាពពួកគាត់ មានភាពលំបាកជាខ្លាំង។ បន្ថែមលើនេះ ម្តាយរបស់គាត់បានស្លាប់ មុនគាត់មានអាយុបាន ៤០ឆ្នាំ ហើយពេលនោះ ខុងជឺមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ។
លុះពេលដែលអាយុបាន ១៩ឆ្នាំ ខុងជឺ បានរៀបការជាមួយនារីម្នាក់ឈ្មោះ Qiguan ហើយមួយឆ្នាំក្រោយមក ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានកូនប្រុសតែម្នាក់គត់។ ដើម្បីចិញ្ចឹមគ្រួសារ ខុងជឺ ធ្វើការងារអន់ៗ (សម័យនោះហៅថា ការងារថោកទាប) ឲ្យពួកអភិជន រួមមាន ឃ្វាលសេះ និងពពែ ហើយថែមទាំងជាអ្នកកត់ត្រាបញ្ជីគណនេយ្យប្រចាំថ្ងៃផងដែរ។
* ៣៖ ការបង្រៀនរបស់ខុងជឺ គ្មានឥទ្ធិពលអ្វីឡើយ ទាល់តែគាត់ស្លាប់ទើបមានអ្នកចាប់អារម្មណ៍
អំឡុងពេល ខុងជឺ នៅមានជីវិត គាត់គឺជាបញ្ញវ័នមួយរូប ដែលត្រាច់ចរពីកន្លែងមួយទៅកន្លែងមួយ និងជាអ្នកដែលផ្តល់ដំបូន្មានផ្នែកនយោបាយ ទៅរដ្ឋាភិបាល ណែនាំប្រៀនប្រដៅគំនិតរបស់គាត់ ទៅកាន់មនុស្សម្នាក្នុងសង្គម។ ពេលចាស់ទៅ គាត់ត្រឡប់មកផ្ទះវិញ ហើយទទួលបានមុខងារជា រដ្ឋបុរសលំដាប់ទាបមួយរូប។
ទស្សនៈរបស ខុងជឺ មិនបានក្លាយជាទ្រឹស្តី ដែលផ្សាយឲ្យបានទូលំទូលាយឡើយ ទាល់តែសាវ័ករបស់គាត់ (៣០០០នាក់) ចាប់ផ្តើមសាបព្រួស គំនិតទាំងនោះយ៉ាងចាស់ដៃ តាមរយៈសំណេររបស់ពួកគេ ទើបមានមនុស្សចាប់អារម្មណ៍។
* ៤៖ គម្ពីរបណ្តុំគំនិតខុសជឺ ឈ្មោះថា Analects
មានការកត់ត្រាថាគម្ពីរ Analects ត្រូវបានគេសរសេរ និងប្រតិបត្តិតាម ដោយសារការខិតខំពីសាវ័ករបស់ខុងជឺ។
គម្ពីរនេះបែងចែកជា ២០ផ្នែក ហើយ Analects តំណាងឲ្យបណ្តុំគំនិតរបស់ខុងជឺ លើគោលការណ៍មនុស្សធម៌ ការដឹកនាំរដ្ឋ គ្រួសារ បែបបទប្រពៃណី និងបុគ្គលិកលក្ខណៈរបស់សុភាពបុរស ដែលមានគុណធម៌។ បន្ថែមលើនេះ វាក៏ផ្ទុកទៅដោយទិន្នន័យ ដែលនិយាយអំពីជីវិត និងទម្លាប់របស់ខុងជឺ។
* ៥៖ ការបង្រៀនរបស់ខុងជឺ ផ្តោតលើសារៈសំខាន់នៃគ្រួសារ
ខុងជឺ បានជឿថា មានតែក្នុងរង្វង់គ្រួសារទេ ដែលភាពឯកជនត្រូវបានកំណត់ព្រំដែន និងអភិវឌ្ឍន៍យ៉ាងពេញទី។ ដូច្នេះ កាតព្វកិច្ចគ្រួសារ និងទំនាក់ទំនងក្នុងគ្រួសារ គឺជាកូនសោនៃទស្សនវិជ្ជារបស់គាត់។ ឧបមាដូចជា ស្វាមីមានកាតព្វកិច្ចត្រូវតែស្រឡាញ់ និងផ្តល់ក្តីសង្ឃឹមដល់ភរិយា ខណៈដែលភរិយាត្រូវតែគោរពស្វាមី។ ដូចគ្នាដែរ បងត្រូវទទួលបានការគោរពពីប្អូន កូនត្រូវគោរពឪពុកម្តាយជាដើម។
លើសពីនេះទៅទៀត ខុងជឺ បានគិតថា ការគ្រប់គ្រងរដ្ឋមួយ ដូចជាការគ្រប់គ្រងគ្រួសារដែរ ព្រោះថាឯកជនភាពគ្រួសារមានមែកធាងសម្រាប់ជីវិតសាធារណៈ ពោលការគ្រប់គ្រងគ្រួសារឲ្យបានល្អ បង្កើតឲ្យមានការគ្រប់គ្រងរដ្ឋក៏ល្អដែរ។
* ៦៖ បន្ទាប់ពីខុងជឺស្លាប់ទៅ ជម្លោះលទ្ធិខុងជឺក៏បានកើតឡើង
នៅសម័យអតីតកាលនោះ សាលាដ៏សំខាន់ៗ រួមមានសាលា Mencius (៣៧២ ដល់ ២៨៩មុនគ្រិស្តរាជ) និងសាលា Xunzi (៣១០ ដល់ ២៣៥មុនគ្រិស្តរាជ)។ សាលាទាំងពីរបរិយាយយ៉ាងល្អិតល្អន់តាមការប្រៀនប្រដៅរបស់ខុងជឺ។
ភាពចម្លែកកើតឡើងរវាងសាលាទាំងពីរ គឺជាទស្សនទាននៃធម្មជាតិរបស់មនុស្ស។ កាលនោះ Mencius និងសាលា Zunzi មានការយល់ឃើញខុសៗគ្នា បង្កឲ្យមានជម្លោះពេញវិស័យអប់រំ។ ទង្វើនេះបង្កឲ្យមានពាក្យថា ជម្លោះលទ្ធិខុងជឺបានកើតឡើងក្រោយពេលដែលគាត់ស្លាប់ទៅ។
* ៧៖ គំនិតខុងជឺ ស្ថិតក្នុងភាពល្បីល្បាញ និងអន់ថយ ទៅតាមសម័យកាលចិន
អំឡុងពេលរាជវង្ស ឈិន ស៉ីហ័ង (Qin Dynasty, ២២១ ដល់២០៦មុនគ្រិស្តរាជ) គ្រប់គ្រងប្រទេសចិន លទ្ធិខុងជឺ ត្រូវបានគេចាត់ទុកថា ជារបស់គួរឲ្យស្អប់ខ្ពើម ហើយសៀវភៅទាក់ទងនឹងខុងជឺ ត្រូវបានដុតបំផ្លាញចោល។
ផ្ទុយទៅវិញ អំឡុងពេលរាជវង្សហាន (Han Dynasty, ២០៦ ដល់២២០មុនគ្រិស្តរាជ) លទ្ធិខុងជឺ ត្រូវបានយកទៅធ្វើជាមនោគមវិជ្ជា ក្នុងការដឹកនាំរដ្ឋទាំងមូល។
* ៨៖ ស្នាដៃទស្សនវិជ្ជាខុងជឺមាន៦
ខុងជឺ បានចងក្រោមគម្ពីរឈ្មោះថា «លាវយី» ប្រែថា សិល្បៈទាំង៦ ដែលទាំងនេះជាសិល្បៈសេរី មានគោលដៅស្វែងរកនូវសេរីភាពក្នុងនយោបាយ និងសេដ្ឋកិច្ច។
ទស្សនវិជ្ជាទាំង ៦នោះ រួមមាន៖
* គម្ពីរឈ្មោះយី៖ ចែងពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក
* គម្ពីរឈ្មោះចេ៖ ជាកំណាព្យនិទានសម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ
* គម្ពីរឈ្មោះលី៖ ជាការប្រារព្ធធ្វើពិធីសែនព្រេនផ្សេងៗ
* គម្ពីរឈ្មោះយ៉ូ៖ ចែងពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍
* គម្ពីរឈ្មោះជូ៖ ចែងពីប្រវត្តិសាស្ត្រ និងពង្សាវតារនៃប្រទេសចិន
* គម្ពីរឈ្មោះឈូស៊ាវ ឬគម្ពីរនិទាឃរដូវ៖ និទាឃជាប្រវត្តិសាស្ត្រជាក់ស្តែងរបស់កុលសម្ព័ន្ធ លូ។
សូមបញ្ជាក់ថា បើតាមឯកសារខ្លះទៀតបង្ហាញថា អ្នកប្រាជ្ញ ខុងជឺ មិនមែនជាបុគ្គល ដែលកើតក្នុងសែស្រឡាញសាមញ្ញឡើយ គឺខុងជឺបានកើតក្នុងរាជវង្សលូ ក៏ប៉ុន្តែដោយសារសង្គ្រាម រាជវង្សនេះក៏បានបាត់បន្តិចម្ដងៗ នៅក្នុងប្រវត្តិសាស្ត្រចិនទៅ។ ចំពោះគម្ពីរឈ្មោះថា ឈូស៊ាវ ឬគម្ពីរនិទាឃរដូវនោះ គឺជាតម្រាសាស្ត្រដែលខុងជឺបានកត់ត្រា និងរៀបរាប់អំពីដំណើរគ្រួសាររបស់លោកពោល គឺរាជវង្សលូនោះនេះឯង៕