(ភ្នំពេញ)៖ ប្រទេសជាសមាជិកអាស៊ានសុទ្ធតែបានឆ្លងកាត់ដំណាក់កាលរុងរឿងនាអតីតកាល ហើយស្របពេលនឹងការរីកលូតលាស់នោះ វិស័យវប្បធម៌ក៏ពង្រីកឥទ្ធិពលជាមួយគ្នាផងដែរ តួយ៉ាងដូចជាការបង្កើតកែច្នៃអាវុធ ក៏ដូចជាការអភិវឌ្ឍឱ្យកាន់តែមានអានុភាពខ្លាំងក្លាផងដែរ។

ខាងក្រោមនេះជាបណ្ដាអាវុធបុរាណល្បីៗទាំង៨នៅប្រទេសសមាជិកអាស៊ាន៖

១. ផ្គាក់ (P'keak) មានប្រភពដើមនៅប្រទេសកម្ពុជា ដែលគេប្រើជាអាវុធ ជាឧបករណ៍ប្រើប្រាស់សម្រាប់កាប់ឆ្ការជាដើម។ ផ្គាក់ ផ្គុំឡើងរវាងគល់ឫស្សីកោង ឬឈើកោងមាំទាំ ភ្ជាប់ជាមួយផ្លៃធ្វើពីលោហៈនៅខាងចុង ព័ទ្ធដោយចង្កំដែកពី៤ទៅ៥កង់ និងមានស្នៀតសៀតឱ្យផ្លែជាប់ណែនជាមួយដង រីឯផ្លែផ្គាក់ទៀតសោតគឺមានសណ្ឋានមុតដូនកាំបិតធំ ចុងផ្លៃផ្គាក់ជូនកំបុតស្មើ ជូនចុងស្រួច ជូនឆែក២គន្លាក់។ ក្បូរក្បាច់ដងកោងរបស់វា គឺជួយបន្ថែមទម្ងន់ទៅផ្លែផ្គាក់ឱ្យកាន់តែមានអានុភាព រាល់ពេលយាសកាប់ម្ដងៗ។ ផ្គាក់ ត្រូវបានបង្ហាញតាមរយៈចម្លាក់ប្រាសាទបុរាណខ្មែរជាច្រើន តួយ៉ាងដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយឆ្មារជាដើម ដែលកងទ័ពខ្មែរបានប្រើជាអាវុធដ៏មានអានុភាព រួមជាមួយអាវុធសំខាន់ៗដទៃទៀត ដូចជា លំពែងផ្លែមួយ លំពែងឆ្អឹងត្រី ដាវស្លឹក ធ្នូព្រួញ ស្នាជាដើម។

២. គ្រីស ឬគែរីស (Kris/Keris) មានប្រភពនៅប្រទេសឥណ្ឌូណេស៉ី។ ដាវនេះមានរាងអង្កាញ់ៗ ហើយកានតែស្រួចទៅខាងចុង។ ដាវគ្រីស ត្រូវបានចាត់ទុកថាមានបញ្ចុះវេទមន្ត ដែលគេស្គាល់ដំបូងបំផុតនៅអំឡុងសតវត្សទី១០ ហើយរីករាលដាលចេញពីកោះជ្វាទៅពាសពេញអាស៊ីអាគ្នេយ៍។

៣. ប៉ាន់ដាត (Pandat) គេហៅឈ្មោះផ្សេងបានទៀតថា កាំពីង (Kamping) ប៉ារាំងប៉ាន់ដាត (Parang Pandat) ប៉ារាំងប៉ាន់ឌីត (Parang Pandit) ម៉ាន់ឌ័រទង្គ្រិត្ត (Mandau Tangkitn) គឺជាដាវសង្រ្គាមរបស់ប្រជាជនដាយ៉ាក (Dayak) ដែលរស់នៅលើកោះបរណេអូភាគពាយ័ព្យ រដ្ឋសារ៉ាវ៉ាក់ប្រទេសម៉ាឡេស៊ី កាលីម៉ាន់តាន់ខាងលិចប្រទេសឥណ្ឌូណេស៊ី។

៤. ក្លេវ៉ាង ឬកេឡេវ៉ាង (Klewang/Kelewang) គឺជាអាវុធមួយប្រភេទដែលផ្គុំឡើងរវាងដាវ និងកាំបិត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

៥. ដាហុងប៉ាឡេយ៍ (Dahong Palay) ជាឧបករណ៍កសិកម្មដែលមានគែមតែមួយរបស់ប្រទេសហ្វីលីពីន។ អាវុធនេះមានប្រវែង២០-៣០សង់ទីម៉ែត្រ។ គេបានកត់ត្រាពីប្រវត្តិរបស់វាថា អ្នកប្រយុទ្ធហ្វីលីពីនបានប្រើកាំបិតដាហុងប៉ាឡេយ៍ក្នុងសង្រ្គាមប្រឆាំងនឹងពួកអាណានិគមអេស្ប៉ាញ និងក្នុងអំឡុងសង្គ្រាមលោកលើកទី២។

៦. ដាវស្លឹក ឬដា (Dhav Slek/Dha) គេឃើញមានការប្រើប្រាស់ដាវស្លឹកនៅក្នុងប្រទេសជាច្រើន ដូចជា ចិន កម្ពុជា ភូមា ថៃ ឡាវ វៀតណាមជាដើម។

៧. បាឌីក (Badik) ជាកាំបិតដែលត្រូវបានបង្កើតឡើងដោយប្រជាជនប៊ូគីស (Bugis) និងម៉ាកាស្សារ (Makassar) នៃភាគខាងត្បូងកោះស៊ូឡាវេស៉ី ប្រទេសឥណ្ឌូណេស៊ី។

៨. ដាវវែង (Long Sword) ជាប្រភេទដាវមួយប្រភេទរបស់ខ្មែរដែលមានដងនិងផ្លែវែងខុសពីដាវធម្មតា ដាវនេះជាប្រភេទដាវដែលគេច្រើនប្រើប្រាស់នៅក្នុងសឹកសង្គ្រាមនាសម័យបុរាណតែប៉ុណ្ណោះ ឥតមានប្រើប្រាស់ជាប្រចាំក្នុងកិច្ចការទូទៅទេ។ លក្ខណៈពិសេសសម្រាប់សម្គាល់ដាវនេះ គឺប្រវែងដ៏វែងរបស់វាដែលយើងអាចរាប់ថាជាដាវដែលមានប្រវែងវែងជាងគេក្នុងតំបន់ ខុសប្លែកពីដាវរបស់ប្រទេសជិតខាងនានា។ កងទ័ពជប៉ុនក៏ឃើញមានប្រើដាវវែងរបស់គេដែរ៕