(ភ្នំពេញ)៖ ប្រជាជាតិក្នុងតំបន់អាស៉ីអាគេ្នយ៍តែងមានរបស់សំខាន់ៗជាច្រើនដែលស្ថិតក្នុងដួងព្រលឹង ឬវប្បធម៌រៀងៗខ្លួន ក្នុងនោះពួកគេក៏មានជំនឿទៅលើសត្វ ឬសត្វទេពផងដែរ ដែលសត្វខ្លះគឺមានពិតនៅលើផែនដីយើងនេះ រីឯសត្វខ្លះក៏មានតែត្រឹមក្នុងទេវកថាប៉ុណ្ណោះ។
ខាងក្រោមនេះសត្វសំខាន់ៗដែលស្ថិតក្នុងវប្បធម៌ប្រជាជាតិអាស៉ីអាគ្នេយ៍ទាំង១១ប្រទេស៖
១. នាគ (Neak/Naga) ជាសត្វទេពក្នុងវប្បធម៌ខ្មែរតាំងពីបុរាណកាលមក។ ប្រជាជនកម្ពុជាជឿថា «ព្រះម៉ែនាគ» គឺជាព្រះមាតាដែលផ្ដល់កំណើតឱ្យប្រជាជាតិខ្មែរ តាមរយៈរឿងព្រេងបុរាណ «ព្រះថោង នាងនាគ» ហើយព្រះអង្គក៏តែងនៅថែរក្សាព្រះរាជាណាចក្រខ្មែរ និងជួយឱ្យប្រទេសនេះមានភាពរុងរឿង។
២. គ្រុឌ (Khrut/Garuda) ជាសត្វទេពដ៏សំខាន់នៅក្នុងវប្បធម៌អាស៉ីអាគ្នេយ៍ (ខ្មែរ មន ចាម ភូមា ជ្វា សៀម លាវ ម៉ាឡេជាដើម)។ ព្រះរាជាណាចក្រថៃបានដកស្រង់យករូបស្ដេចគ្រុឌពណ៌ក្រហមជាសញ្ញាតំណាងប្រទេសខ្លួន។ តាមទេវកថាបែបព្រហ្មញ្ញ គ្រុឌ គឺជាសត្វជំនិះរបស់ព្រះវិស្ណុ ឬព្រះនរាយណ៍ ឬព្រះហរិជាដើម (មានឈ្មោះហៅបានច្រើនបែប)។
៣. ហង្ស (Hamsa/Hintha/Hongsa) ជាសត្វទេពដ៏សំខាន់ក្នុងវប្បធម៌អាស៉ីអាគ្នេយ៍ (ខ្មែរ មន ចាម ភូមា ជ្វា សៀម លាវជាដើម)។ អតីតរាជាណាចក្រជាច្រើនរបស់មន និងភូមា គឺធ្លាប់បានដកស្រង់យករូបហង្សនេះជាតំណាងនគររបស់ខ្លួនដែរ ដូចជា អាណាចក្រហង្សាវតី (Hongsawadee Kingdom) អាណាចក្រតងអ៊ូ (Toungoo Kingdom) រាជវង្សកនបោង (Konbaung Dynasty) ជាដើម។
៤. ដំរី (Xang/Elephant) ជាសត្វដ៏សំខាន់ក្នុងវប្បធម៌អាស៉ីអាគ្នេយ៍ (ខ្មែរ មន ចាម ភូមា ជ្វា សៀម លាវជាដើម)។ អតីតព្រះរាជាណាចក្រដំរីមួយលាន ឬឡានសាង ឬឡានឆាង ឬលានជាង (Lan Xang Kingdom) ក៏ធ្លាប់ដកស្រង់យករូបដំរីឰរាវ័ណ (Airavata Elephant) រំលេចនៅលើទង់នគររបស់ខ្លួនដែរ ដោយពួកគេជឿថា ថាមពលនៃសត្វទេពនេះនឹងជួយឱ្យព្រះរាជាណាចក្រមានឫទ្ធានុភាពកាន់តែខ្លាំងក្លា។ តាមទេវកថាបែបព្រហ្មញ្ញ ដំរីឰរាវ័ណ គឺជាសត្វជំនិះរបស់ព្រះឥន្ទ្រ ឬព្រះឥសូរ ឬព្រះឥស្វរៈ ឬព្រះមហេស្វរៈ ឬព្រះហរៈជាដើម (មានឈ្មោះហៅបានច្រើនបែប)។
៥. ឡុង (Long/Dragon) ជាឈ្មោះហៅទៅកាន់សត្វនាគមានជើង មានស្នែង ក្បាលតែមួយ មានលក្ខណៈខុសគ្នាខ្លះជាមួយនាគក្នុងវប្បធម៌ខ្មែរ។ នាគប្រភេទនេះ ក្រៅពីឃើញក្នុងវប្បធម៌ចិន ក៏មាននៅក្នុងវប្បធម៌ប្រទេសផ្សេងទៀតក្នុងតំបន់អាស៉ីបូព៌ា និងប្រទេសវៀតណាមផងដែរ។
៦. ខ្លាដំបងពូជម៉ាឡេ (Malayan Tiger) ជាសត្វដ៏សំខាន់ក្នុងវប្បធម៌ម៉ាឡេ និងជនជាតិនៅតាមកោះ។ សញ្ញាប្រទេសរបស់សហព័ន្ធម៉ាឡេស៉ី គឺមានរំលេចនូវសត្វខ្លាដំបូងប្រភេទនេះ។
៧. ស្វាច្រមុះវែង (Proboscis Monkey) ជាមរតកធម្មជាតិរបស់ប្រទេសព្រុយណេ ដោយពួកវាកំពុងរស់នៅលើកោះប័រណេអូរ (Borneo) ដែលជាកោះធំមួយមានប្រទេស៣តាំងនៅ គឺព្រុយណេ ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី។
៨. តោ (Lion) ប្រវត្តិសាស្ត្រសិង្ហបុរីបានបញ្ជាក់ថា នៅចុងសតវត្សទី១៣ ព្រះអង្គម្ចាស់ស័ង្ខនិលឧត្តមា (Sang Nila Utama) ឬព្រះស្រីត្រីភូវនៈ (Sri Tri Buana) បានរត់ភៀសព្រះកាយពីប៉ាឡេមបាំងដែលបច្ចុប្បន្ននៅលើទឹកដីប្រទេសឥណ្ឌេណេស៉ី ឆ្លងសមុទ្រទៅដល់កោះតូចមួយ ហើយក៏បានទតឃើញសត្វម្យ៉ាងដូចជាសត្វតោ។ ក្រោយមក ព្រះអង្គក៏បានបង្កើតអាណាចក្រថ្មីមួយដោយប្រសិទ្ធនាមថា អាណាចក្រសិង្ហបុរៈ (Singapura) ឬគេស្គាល់ថា ថេម៉ាសេក (Temasek)។
៩. ខារ៉ាបាវ (Carabao) ប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ក៏ព្រោះតែមានសត្វក្របីជាកម្លាំងអូសទាញយ៉ាងសំខាន់។ អ្នកស្រុកហ្វីលីពីនហៅសត្វក្របីថា ខារ៉ាបាវ។
១០. អូរ៉ា ឬល្មួនយក្សខូម៉ូដូ (Komodo) ឧរង្គសត្វប្រភេទនេះមានតែនៅប្រទេសឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសនេះ។
១១. ផ្សោតសមុទ្រ (Dolphin) សត្វផ្សោតសមុទ្រ/ដូលហ្វីន និងប្រភេទសត្វសមុទ្រជាច្រើនទៀត ត្រូវបានប្រទះឃើញញឹកញាប់នៅដែនសមុទ្រនៃប្រទេសទីម័រខាងកើត ដោយសារតែប្រទេសនេះជាផ្លូវដ៏សំខាន់មួយរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា៕