(ភ្នំពេញ)៖ តើអ្នកដឹងទេថា មានភាសាប្រហែលចន្លោះពី៦,៥០០ ទៅដល់ជាង៧,០០០ភាសា ដែលត្រូវគេកំពុងនិយាយនៅសព្វថ្ងៃនេះ ប៉ុន្តែមានត្រឹមតែប៉ុន្មានភាសាប៉ុណ្ណោះ ដែលត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក ខណៈមួយចំណែកធំផ្សេងទៀតគឺមនុស្សភាគច្រើនមិនទាំងធ្លាប់បានស្គាល់ ឬក៏លឺនោះឡើយ ហើយកំពុងតែប្រឈមនឹងការបាត់បង់ផងដែរ។ ខាងក្រោមគឺជាភាសា ដែលមានមនុស្សនិយាយច្រើនជាងគេ៖
១០. ភាសាអួរឌូ (Urdu)
អួរឌូស្ថិតក្នុងចំណោមភាសាផ្លូវការចំនួនពីរ របស់ប្រទេសប៉ាគីស្ថាន ដោយភាសាផ្លូវការមួយទៀតគឺភាសាអង់គ្លេស។ ទោះជាបែបនេះក្តី នៅទូទាំងប៉ាគីស្ថាន គឺជាប្រជាជននិយាយភាសាចម្រុះខុសៗគ្នាជាច្រើន។ ភាសាអួរឌូនេះ ក៏ត្រូវបានប្រើប្រាស់ទូលំទូលាយនៅតំបន់ខ្លះ នៃប្រទេសឥណ្ឌាផងដែរ។ សម្រាប់ការនិយាយ ភាសាអួរឌូគឺអាចស្តាប់គ្នាយល់បានជាមួយភាសាហិណ្ឌី ប៉ុន្តែសម្រាប់ការសរសេរ អួរឌូប្រើប្រាស់តួអក្សរតាមភាសាពែក្សបុរាណ ខណៈហិណ្ឌីប្រើតួអក្សរសំស្រ្កឹត។ ភាសាអួរឌូមានអ្នកនិយាយសរុប២០០លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស៤៣.៦លាននាក់។
៩. ភាសាព័រទុយហ្កាល់ (Portuguese)
ព័រទុយហ្គាល់ ជាភាសាដែលមានអ្នកនិយាយសរុប២៥៧លាននាក់លើពិភពលោក ក្នុងនោះ២៣២លាននាក់ ជាអ្នកនិយាយភាសានេះ ជាភាសាដើមកំណើត និងប៉ុន្មានលាននាក់ទៀតប្រើវាជាភាសាទីពីរ៕
៨. ភាសារុស្ស៉ី (Russian)
រុស្ស៉ីជាភាសាដែលមានអ្នកនិយាយសរុប២៥៨លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស១៥៤លាននាក់។ រុស្ស៉ីជាភាសាផ្លូវការរបស់ប្រទេសរុស្ស៉ី កាហ្សាក់ស្ថាន បេឡារុស និងកៀហ្ស៊ីស៊ីស្ថាន។ ភាសារុស្ស៉ី ក៏ត្រូវបានប្រើប្រាស់ទូលំទូលាយ នៅតាមប្រទេសជាច្រើននៃអតីតសហភាពយូហ្គោស្លាវីផងដែរ។
៧. ភាសាបង់ហ្កាលី (Bengali)
បង់ហ្កាលី គឺជាភាសាដែលត្រូវគេប្រើភាគច្រើននៅក្នុងប្រទេសឥណ្ឌា និងនៅបង់ក្លាដែស។ ភាសាបង់ហ្កាលី មានអ្នកនិយាយសរុបប្រហែល២៧២លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស២៣៣លាននាក់។ នៅឥណ្ឌា ភាសានេះត្រូវគេប្រើប្រាស់ច្រើនជាងគេ បន្ទាប់ពីភាសាហិណ្ឌី។
៦. ភាសាអារ៉ាប់ស្តង់ដាទំនើប (Modern Standard Arabic)
អារ៉ាប់ជាភាសាផ្លូវការនៃប្រទេសច្រើនជាង២០ នៅលើពិភពលោក ភាគច្រើននៅមជ្ឈិមបូព៌ា និងនៅភាគខាងជើងអាហ្វ្រិក។ អារ៉ាប់ក៏ជាភាសាដែលមានច្រើនប្រភេទដែរ ដោយក្នុងនោះប្រភេទដែលមានអ្នកនិយាយច្រើនជាងគេ គឺភាសាអារ៉ាប់ស្តង់ដា ដែលមានអ្នកនិយាយប្រមាណ២៧៤លាននាក់។
៥. ភាសាបារាំង (French)
បារាំងជាភាសាផ្លូវការរបស់ប្រទេសជិត៣០។ ប្រទេសដែលមានអ្នកនិយាយភាសាបារាំងច្រើនជាងគេ គឺប្រទេសបារាំង បែលហ្ស៉ិក កាណាដា និងស្វីស។ ភាសានេះ ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅតាមតំបន់នៃអាហ្រ្វិកកណ្តាលនិងខាងលិច តំបន់សមុទ្រការីបង់ និងអាមេរិកខាងត្បូងផងដែរ។ នៅទូទាំងពិភពលោកមាន អ្នកនិយាយភាសាបារាំងប្រមាណ២៨០លាននាក់ ប៉ុន្តែក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស៨០លាននាក់។
៤. ភាសាអេស៉្បាញ (Spanish)
អេស៉្បាញ ជាភាសាធំជាងគេទី៤នៅលើពិភពលោក ហើយបើយើងគិតអំពីចំនួនអ្នកនិយាយវាជាភាសាដើមកំណើតវិញ គឺអេស៉្បាញនេះហើយដែលឈរនៅលំដាប់ទីពីរ បន្ទាប់ពីភាសាចិនកុកងឺ។ សរុបជារួម មនុស្ស៥៤៨លាននាក់លើសកលោក និយាយភាសាអេស៉្បាញ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្ស៤៧៤លាននាក់។
៣. ភាសាហិណ្ឌី (Hindi)
ហិណ្ឌីជាភាសា ដែលមានអ្នកនិយាយសរុបប្រមាណ៦០២លាននាក់ ក្នុងនោះវាជាភាសាដើមកំណើតរបស់មនុស្សខ្ទង់៣៤៣លាននាក់។ ភាសានេះភាគច្រើន ត្រូវបានប្រើប្រាស់ដោយអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា។ វាជាភាសាផ្លូវការរបស់ឥណ្ឌា ហើយត្រូវគេប្រើនៅតាមប្រទេសដូចជា ហ្វីជី (Fiji), នេប៉ាល់, ហ្គីយ៉ាណា (Guyana) និងម៉ូរីស (Mauritius) ជាដើម។ មានពាក្យជាច្រើនក្នុងភាសាអង់គ្លេស ដែលជាកញ្ចីពីភាសាហិណ្ឌី ដូចជាពាក្យ guru, karma, yoga, jungle, avatar និង bungalow ជាដើម។
២. ភាសាចិនកុកងឺ (Mandarin)
ភាសាចិនគឺមានច្រើនប្រភេទ ដែលក្នុងនោះភាសាចិនកុកងឺ (Mandarin) និងចិនកាតាំង (Cantonese)។ ភាសាចិនកុកងឺ មានអ្នកនិយាយសរុបចំនួន១.១២លាននាក់ គឺច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស។ មូលហេតុចម្បងនោះ គឺដោយសារតែចំនួនប្រជាជនចិនដ៏ច្រើនខ្លាំង។ ក្នុងនោះអ្នកនិយាយ៩២៩លាននាក់ គឺជាជនជាតិចិនផ្ទាល់។ ភាសាចិនកុកងឺ គឺជាភាសាផ្លូវការរបស់ប្រទេសចិន កោះតៃវ៉ាន់ និងសិង្ហបុរី ចំណែក ភាសាចិនកាតាំង ជាភាសាផ្លូវការប្រើប្រាស់នៅ ទីក្រុងហុងកុងនិងក្រុងម៉ាកាវ ជាចម្បង។
១. ភាសាអង់គ្លេស (English)
អង់គ្លេសគឺជាភាសា ដែលមានអ្នកនិយាយចំនួន១.៤៥ពាន់លាននាក់ នៅពាសពេញពិភពលោក។ អង់គ្លេសមិនសូវមានអ្នកប្រើប្រាស់វា ជា ភាសាដើមកំណើត (Native Speaker) ច្រើនប៉ុន្មាននោះទេ គឺ៣៧២លាននាក់ តែត្រូវបានប្រើយ៉ាងទូលំទូលាយបំផុត ដើម្បីធ្វើជាភាសាទីពីរ ព្រោះវាជាភាសាអន្តរជាតិ។ ប្រទេសជាច្រើនបានប្រើ ភាសាអង់គ្លេស ជាភាសាផ្លូវការរបស់ពួកគេ បើទោះបីជាវាមិនមែនជា ភាសាដើម កំណើតពួកគេក៏ដោយ។
តួយ៉ាងបណ្តាប្រទេសនៅអាហ្រ្វិក ដែលមានកុលសម្ព័ន្ធច្រើនខុសៗគ្នា បានសម្រេចជ្រើសរើសយកអង់គ្លេស ជាភាសាស្តង់ដារបស់ខ្លួន។ ភាពគ្របដណ្តប់នៃភាសាអង់គ្លេសនៅជុំវិញពិភពលោក គឺដោយសារតែប្រវត្តិសាស្រ្តនៃការដើរដាក់អាណានិគមរបស់ចក្រភពអង់គ្លេស បូករួមជាមួយឥទ្ធិពលនៃវប្បធម៌និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់ភាសាអង់គ្លេសដែរ។
នៅសហរដ្ឋអាមេរិក អេស៉្បាញគឺជាភាសាមានអ្នកនិយាយច្រើនជាងគេ បន្ទាប់ពីភាសាអង់គ្លេស។ អាមេរិកមានអ្នកនិយាយអេស៉្បាញជាភាសាដើមកំណើត៤០លាននាក់ ធ្វើឲ្យអាមេរិកជាប់ឈ្មោះជា ប្រទេសមានអ្នកនិយាយអេស៉្បាញច្រើនជាងគេទីពីរ បន្ទាប់ពីម៉ិកស៉ិក ហើយអាចនឹងវ៉ាម៉ិចស៉ិកនៅពេលខាងមុខ៕