(ភ្នំពេញ)៖ សារមន្ទីរគឺជាកន្លែងដែលមានសារសំខាន់ដ៏អស្ចារ្យក្នុងទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។
ខាងក្រោមនេះជាសារមន្ទីរចាស់ជាងគេទាំង១០នៅលើពិភពលោក៖
១០. សារមន្ទីរហឺរមីថេហ្គិ៍ (Hermitage Museum)
សារមន្ទីរចំណាស់មួយនេះស្ថិតនៅទីក្រុងសាន់ភីតថឺស្បឺក (St.Petersburg) ប្រទេសរុស្ស៉ី ដែលកសាងឡើងនៅឆ្នាំ១៧៦៤។ មកដល់ឆ្នាំ១៨៥២ ទើបសារមន្ទីរហឺរមីថេហ្គិ៍ត្រូវបានបើកឱ្យសាធារណជនចូលទស្សនា។
៩. សារមន្ទីរឥណ្ឌា (Indian Museum)
សារមន្ទីរអាស៉ីមួយនេះស្ថិតនៅទីក្រុងកុលកត្តៈ (Kolkata) រដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៨១៤ ពោលគឺនាសម័យអាណានិគមអង់គ្លេស ដែលកំពុងគ្រប់គ្រងត្រួតត្រាពិភពហិណ្ឌីនាពេលនោះ។
៨. វិមានប៊ែលវេឌារ (Belvedere Palace)
សារមន្ទីរនេះស្ថិតនៅទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៨១។
៧. សារមន្ទីរឆាលីស្តុន (Charleston Museum)
សារមន្ទីរនេះស្ថិតនៅរដ្ឋខាឡូរីណាខាងត្បូង (South Carolina) សហរដ្ឋអាមេរិក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៧៣។
៦. សារមន្ទីរអាស្មូលាន ( The Ashmolean)
សារមន្ទីរនេះស្ថិតនៅទីក្រុងអុក្សហ្វឺដ (Oxford) ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៨៣។
៥. សារមន្ទីរឃុនស្ត៍ (Kunst Museum)
សារមន្ទីរនេះស្ថិតនៅទីក្រុងបាសែល (Basel) ប្រទេសស្វ៉ីស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦១។
៤. វិមានសព្វាវុធបុរាណ អឺម៉ូរី (The Royal Armouries)
សារមន្ទីរមួយនេះស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦០។
៣. សារមន្ទីរវ៉ាទីកង់ (The Vatican Museum)
សារមន្ទីរនេះស្ថិតនៅចុល្លប្រទេសឬរដ្ឋបុរីវ៉ាទីកង់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៥០៦ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ជូលីអ៊ូសទី២ (Pope Julius II)។
២. សារមន្ទីរកាពីតូលីណេ (Capitoline Museum)
សារមន្ទីរនេះស្ថិតនៅទីក្រុងរ៉ូម ប្រទេសអីតាលី ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៤៧១ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ស៉ិក្សទូសទី៤ (Pope Sixtus IV)។ មកដល់ឆ្នាំ១៧៣៤ ទើបសារមន្ទីរកាពីតូលីណេត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។
១. សារមន្ទីរល្វ័រ (Louvre Museum)
សារមន្ទីរដែលចំណាស់ជាងគេមួយនេះស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។
គួរជម្រាបថា គំនិតនៃការបង្កើតសារមន្ទីរ គឺលេចឡើងតាំងពី២៥០០ឆ្នាំមុនមកម្ល៉េះ ពោលគឺនៅពេលដែលព្រះអង្គម្ចាស់បាប៊ីឡូនមួយអង្គសព្វព្រះទ័យចង់ធ្វើពិព័រណ៍សិល្បៈ និងវត្ថុបុរាណបង្ហាញជូនសាធារណជនទូទៅ និងអភិរក្សវត្ថុបុរាណសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នសារមន្ទីរនោះបានអវត្តមានចេញពីពិភពលោកយើងនេះបាត់ទៅហើយ៕