(ភ្នំពេញ)៖ ដូចយើងដឹងស្រាប់ហើយថា ការរងផលប៉ះពាល់ដោយសារសារធាតុវិទ្យុសកម្ម គឺបង្កមហន្តរាយខ្លាំងណាស់ចំពោះសុខភាពមនុស្ស សត្វ និងធម្មជាតិ។
ខាងក្រោមនេះជាភ័យអន្តរាយទាំង៦ដែលកើតឡើងពីសារធាតុវិទ្យុសកម្ម ដោយសារដែលផ្ទុះចេញ ឬភាយចេញនុយក្លេអ៊ែរ៖
៦. ឧបទ្ទវហេតុវិទ្យុសកម្មនៅប្រេស៉ីល ឆ្នាំ១៩៨៧
ឧបទ្ទវហេតុនុយក្លេអ៊ែរនេះបណ្តាលមកពីការបំពុលវិទ្យុសកម្ម ដែលមានកម្រិតប៉ះពាល់ធ្ងន់ធ្ងរលេខ៥។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨៧ វាបានកើតឡើងនៅទីក្រុង Goiania ប្រទេសប្រេស៊ីល។ នៅពេលដែលវិទ្យាស្ថាន Goiania Institute of Radiotherapy ផ្លាស់ប្តូរទីតាំងរបស់ខ្លួន ពួកគេបានទុកចោលឧបករណ៍ និងសម្ភារវេជ្ជសាស្រ្តចាស់ៗដែលលែងមានប្រយោជន៍នៅកន្លែងថ្មីរបស់ពួកគេ។ មួយក្នុងចំណោមនោះ គឺជាម៉ាស៉ីនផ្ទុកសារធាតុវិទ្យុសកម្ម Cs-137។
ក្រោយមក មានបុរស២នាក់បានចាប់ផ្តើមដើរស្វែងរករបស់របរផ្សេងៗនៅម្តុំសំណង់អគារដែលគេបោះបង់ចោលនោះ ហើយបានរកឃើញម៉ាស៊ីនខាងលើ ហើយពួកគេក៏បានយកទៅលក់ឱ្យកន្លែងទិញអេតចាយនៅក្បែរនោះ។ ជាអកុសល សារធាតុ Cs-137 ដែលនៅសេសសល់ក្នុងម៉ាស៉ីន ត្រូវបានបំភាយចេញមកក្រៅនៅពេលដែលកម្មករនៅឃ្លាំងអេតចាយបានកម្ទេចវា។ ពួកអ្នកធ្វើការនៅកន្លែងអេតចាយត្រូវបានទាក់ទាញដោយថាមពលពណ៌ខៀវ ដែលបញ្ចេញពន្លឺក្នុងភាពងងឹតនៅក្នុងម៉ាស៊ីននោះ។ រួចហើយពួកគេបានចម្លងវាទៅដល់ក្រុមគ្រួសារ និងមិត្តភក្តិដោយមិនដឹងខ្លួនចំពោះគ្រោះថ្នាក់ និងផលវិបាកជាច្រើនរបស់វា។ នៅពេលដែល Cs-137 រីករាលដាលពាសពេញទីក្រុង Goiania មនុស្សម្នានាំគ្នាធ្លាក់ខ្លួនឈឺដោយសារពុលវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ។
មនុស្សសរុប១១២,០០០នាក់ ត្រូវបានធ្វើតេស្តឃើញថាបានរងការប៉ះពាល់ជាមួយសារធាតុវិទ្យុសកម្ម ក្នុងនោះ២៤៩នាក់មានបរិមាណសារធាតុវិទ្យុសកម្មច្រើននៅក្នុងឬនៅលើខ្លួនរបស់ពួកគេ។ អាជ្ញាធរទីក្រុង Goiania មានភាពយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ ហើយមិនបានដឹងពីទំហំនៃវិបត្តិនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយមានជំនួយពីអាជ្ញាធរផ្សេងទៀត បញ្ហាត្រូវគ្រប់គ្រងបាន ខណៈសារធាតុវិទ្យុសកម្មត្រូវបានសម្អាតចេញពីតំបន់ដែលរងការបំពុល ហើយអ្នកជំងឺត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់។
៥. ឧបទ្ទវហេតុវិទ្យុសកម្មនៅអង់គ្លេស ឆ្នាំ១៩៥៧
Windscale គឺជាឈ្មោះរ៉េអាក់ទ័រនុយក្លេអ៊ែរដំបូងគេរបស់ចក្រភពអង់គ្លេស ហើយវាត្រូវបានសាងសង់នៅចុងទសវត្សឆ្នាំ១៩៤០ នៅភាគពាយព្យនៃប្រទេសអង់គ្លេស។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៧ បុគ្គលិកដែលកំពុងអនុវត្តការងារថែទាំជាប្រចាំនៅទីនោះបានសង្កេតឃើញការកើនឡើងនៃសីតុណ្ហភាព។ ការពិនិត្យបន្ថែមបានបង្ហាញថា ស្នូលរបស់រ៉េអាក់ទ័រដែលពេញទៅដោយសារធាតុអ៊ុយរ៉ាញ៉ូម គឺត្រូវបានភ្លើងឆាបឆេះ។
តាមពិត គឺវាត្រូវបានឆេះឆាបអស់រយៈពេល២ថ្ងៃមកហើយ ដោយបានបញ្ជូនសារធាតុគីមីគ្រោះថ្នាក់ទៅលើផ្ទៃមេឃ។ ដោយប្រើរ៉េអាក់ទ័រទាំងស្ថិតក្នុងស្ថានភាពជិតដួលរលំ ក្រុមប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ Windscale បានយកជីវិតពួកគេប្រថុយនឹងគ្រោះថ្នាក់ ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ដោយប្រើប្រព័ន្ធកង្ហារត្រជាក់កាបូនឌីអុកស៊ីត ហើយនិងទឹក ទីបំផុតភ្លើងត្រូវបានពន្លត់ជាស្ថាពរនៅថ្ងៃទី១២ ខែតុលា។ ប៉ុន្តែដុំពពកដែលផ្ទុកសារធាតុវិទ្យុសកម្មបានរសាត់អណ្តែងពាសពេញចក្រភពអង់គ្លេស និងតំបន់អឺរ៉ុបខ្លះរួចទៅហើយ ដែលមានកម្រិតប៉ះពាល់ធ្ងន់ធ្ងរលេខ៥។
នៅក្នុងសារធាតុវិទ្យុសកម្មនោះ រួមមានទាំងសារធាតុ Idoine-131 ជាអ៊ីសូតូបដែលគេស្គាល់ថាអាចបង្កើតមហារីកក្រពេញទីរ៉ូអ៊ីតផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាលើទំនាក់ទំនងរវាងឧបទ្ទវហេតុ Windscale Fire និងអត្រាមហារីក គឺមិនមានការអាចសន្និដ្ឋានជាក់លាក់ឡើយ។ ទោះមិនមានការជម្លៀសមនុស្សក្តី ក្រុមអាជ្ញាធរបានផ្អាកដំណើរការលក់ទឹកដោះគោពីតំបន់ដែលរងផលប៉ះពាល់អស់រយៈពេលជិតមួយខែ។
៤. ឧបទ្ទវហេតុវិទ្យុសកម្មនៅសហរដ្ឋអាមេរិក ឆ្នាំ១៩៧៩
វាបានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៩ ដែលមានកម្រិតប៉ះពាល់ធ្ងន់ធ្ងរលេខ៥ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលសារធាតុសម្រាប់បន្ថយសីតុណ្ហភាពរ៉េអាក់ទ័រនុយក្លេអ៊ែរ បានលេចធ្លាយក្នុងបរិមាណច្រើនគួរសមចេញពីរ៉េអាក់ទ័រលេខ២ នៅស្ថានីយថាមពលនុយក្លេអ៊ែរ ក្បែរទីក្រុង Harrisburg នៃរដ្ឋផេនស៉ីលវេនា សហរដ្ឋអាមេរិក។
បុគ្គលិកនៅបន្ទប់គ្រប់គ្រងដំណើរការបានធ្វើឱ្យមានកំហុសមួយក្នុងពេលព្យាយាមកាត់បន្ថយបញ្ហា ហើយនៅព្រឹកព្រលឹម ស្នូលរ៉េអាក់ទ័របានឡើងកម្តៅដល់ជិត៤,០០០អង្សាសេ ពោលគឺត្រឹមតែ១,០០០អង្សាសេទៀត គឺស្នូលនុយក្លេអ៊ែរនោះនឹងរលាយតែម្តង។ នៅពេលដែលចំហាយវិទ្យុសកម្មបានចាប់ផ្តើមជន់លិចទីតាំងថាមពលនុយក្លេអ៊ែរ ដំណឹងនៃគ្រោះមហន្តរាយនេះក៏បានលេចឮទៅដល់ពិភពខាងក្រៅ។
ឧបទ្ទវហេតុនេះមិនត្រូវបានគេទទួលស្គាល់ភ្លាមៗនោះទេ ដែលជាហេតុនាំកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាត្រូវប្រើប្រាស់ពេលវេលាដ៏យូរ និងពន្យារពេលការគ្រប់គ្រងការខូចខាត។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧៩ បុគ្គលិករោងចក្រអាចដោះស្រាយបញ្ហាបាន ដោយបញ្ចប់លទ្ធភាពនៃការរលាយស្នូលរ៉េអាក់ទ័រ។ មិនមានអ្នកបាត់បង់ជីវិតឬរងរបួសឡើយ។
រ៉េអាក់ទ័រលេខ២បានរងការខូចខាតយ៉ាងខ្លាំងដល់កម្រិតមិនអាចត្រូវប្រើប្រាស់ឡើងវិញម្តងទៀតទេនោះទេ។ ចំណែករ៉េអាក់ទ័រលេខ១ នៅតែដំណើរការដដែល ប៉ុន្តែវាត្រូវបានគេបិទបញ្ឈប់ប្រតិបត្តិការកាលពីឆ្នាំ២០១៩។ អន្តរាយនេះក៏បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សាធារណជនអាមេរិកលើថាមពលនុយក្លេអ៊ែរផងដែរ ដោយវាបានបង្កឱ្យមានការធ្វើបាតុកម្មតវ៉ាមួយចំនួន និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការត្រៀមលក្ខណៈថ្នាក់រដ្ឋនិងទីក្រុងសម្រាប់នៅពេលគ្រាអាសន្នកើតមានឡើង។
៣. មហន្តរាយវិទ្យុសកម្មនៅរុស្ស៉ី ឆ្នាំ១៩៥៧
សហភាពសូវៀតបានបង្កើតកន្លែងសម្ងាត់រាប់រយកន្លែងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលភាគច្រើនត្រូវបានសាងសង់ឡើងក្នុងលក្ខណៈសម្រេចបានឱ្យឆាប់ៗ និងពុំមានការយកចិត្តទុកដាក់ខ្ពស់ឡើយ ដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ។ ទីតាំងមួយក្នុងចំណោមនោះគឺជារោងចក្រកែច្នៃឥន្ធនៈនុយក្លេអ៊ែរ Mayak ស្ថិតនៅក្រុង Ozyorsk របស់រុស្ស៊ី។
នៅទីនោះកុងតឺន័រស្តុកកាកសំណល់នុយក្លេអ៊ែរមួយបានផ្ទុះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយបានធ្វើឱ្យក្រុងដល់ទៅចំនួន២២ប្រឈមការប៉ះពាល់ពីសារធាតុវិទ្យុសកម្មក្នុងបរិមាណខ្ពស់។ ទាល់តែមួយសប្តាហ៍បានកន្លងផុតទៅ ទើបមនុស្ស១០,០០០នាក់នៃតំបន់រងផលប៉ះពាល់ត្រូវបានជម្លៀសចេញ។ ដោយសារតែរោងចក្រកែច្នៃឥន្ធនៈនុយក្លេអ៊ែរខាងលើគ្របដណ្តប់ដោយភាពអាថ៌កំបាំង អ្នកទាំងនោះមិនត្រូវបានប្រាប់ហេតុផលច្បាស់លាស់សម្រាប់ការផ្លាស់ទីលំនៅយ៉ាងតក់ក្រហល់ និងជាអចិន្ត្រៃយ៍របស់ពួកគេឡើយ។ ដល់ពេលនោះគឺចាប់ផ្តើមមានសេចក្តីការណ៍អំពីជំងឺដែលមិនអាចពន្យល់បានផ្សេងៗ ដូចជាស្បែករបកចេញពីផ្នែករាងកាយជាដើម។ ការប៉ះពាល់ពីសារធាតុវិទ្យុសកម្មនេះមានកម្រិតធ្ងន់ធ្ងរលេខ៦។
យោងតាមការប៉ាន់ស្មាន មនុស្ស២០០នាក់បានស្លាប់ដោយសារជំងឺមហារីក ដោយសារតែរងការប៉ះពាល់ពីសារធាតុវិទ្យុសកម្ម។ រីឯរាប់រយនាក់ទៀត ប្រហែលបានធ្លាក់ខ្លួនឈឺដោយសារជំងឺពាក់ព័ន្ធផ្សេងៗទៀត។ ដោយសារពេលនោះ ក្រុង Ozyorsk មិនបានបង្ហាញនៅលើផែនទីផ្លូវការណាមួយឡើយនោះ អន្តរាយរោងចក្រ Mayak ត្រូវបានភ្ជាប់ជាមួយនឹង Kyshtym ដែលជាក្រុងក្បែរខាងវិញ។
២. មហន្តរាយវិទ្យុសកម្មនៅជប៉ុន ឆ្នាំ២០១១
គ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ គឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតទី២របស់ពិភពលោក ដែលមានកម្រិតធ្ងន់ធ្ងរលេខ៧ ជាកម្រិតខ្ពស់បំផុត។ រោងចក្រថាមពលនេះត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ១៩៧១ និង១៩៧៩ ហើយមានរ៉េអាក់ទ័រសរុបចំនួន៦ ប៉ុន្តែមានតែរ៉េអាក់ទ័រលេខ១ លេខ២ និងលេខ៣ប៉ុណ្ណោះ ធ្វើប្រតិបត្តិការនៅពេលគ្រោះមហន្តរាយកើតឡើង។
ប្រទេសជប៉ុនបានទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតរបស់ខ្លួននៅឆ្នាំ២០១១។ រលកយក្សស៊ូណាមិដែលបង្កឡើងពីរញ្ជួយដីពេលនោះបានបំផ្លាញម៉ាស៊ីនភ្លើងបម្រុងនៃរោងចក្រ Fukushima Daiichi។ ទោះជាយ៉ាងណាក៏ដោយ រ៉េអាក់ទ័រទាំង៣ដែលនៅដំណើរការត្រូវបានបិទដោយជោគជ័យ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង ការបាត់បង់ថាមពលអគ្គិសនីបាននាំឱ្យប្រព័ន្ធផ្តល់ភាពត្រជាក់ក៏លែងដំណើរការ។ ប្រការនេះបានបណ្តាលឱ្យបង្គោលឥន្ធនៈនុយក្លេអ៊ែរនៅក្នុងរ៉េអាក់ទ័រនីមួយៗឡើងកំដៅខ្លាំងហួសកម្រិត ហើយក៏ឈានដល់ការរលាយខ្លះៗ។ ជាលទ្ធផលក៏មានការបញ្ចេញសារធាតុវិទ្យុសកម្មមកខាងក្រៅ។
ក្រោយមកទៀតក៏មានការផ្ទុះនិងឆាបឆេះជាបន្តបន្ទាប់នៅរ៉េអាក់ទ័រទាំង៣ ប៉ុន្តែក្នុងអំឡុងពេលនោះពុំមានអ្នកស្លាប់ភ្លាមៗទេ។ មានបុគ្គលិកយ៉ាងហោចណាស់១៦នាក់បានរងរបួស និងរាប់រយនាក់ទៀតបានរងការប៉ះពាល់ជាមួយសារធាតុវិទ្យុសកម្ម។ បុគ្គលជាច្រើននៅតាមទីតាំងជុំវិញតំបន់ប្រកាសអាសន្នរង្វង់២០គីឡូម៉ែត្រ ត្រូវបានរៀបចំដើម្បីជម្លៀសខ្លួន ដោយមានប្រជាជនចំនួន៤៧,០០០នាក់បានចាកចេញពីផ្ទះរបស់ពួកគេ។
សម្រាប់រយៈពេល៣០-៤០ឆ្នាំ បុគ្គលិករាប់សែននាក់នឹងបន្តតម្រូវឱ្យសម្អាតកាកសំណល់នុយក្លេអ៊ែរ បង្គោលឥន្ធនៈនុយក្លេអ៊ែរ ព្រមទាំងទឹកដែលផ្ទុកសារធាតុវិទ្យុសកម្មសរុបជាង១លានតោន ចេញពីរោងចក្រ Fukushima Daiichi។ ទោះជាយ៉ាងនេះក្តី ប្រជាជនជប៉ុនចំនួនបានជ្រើសរើសមិនត្រឡប់មករស់នៅក្បែរនោះវិញឡើយ ដោយសារតែការភ័យខ្លាចវិទ្យុសកម្ម។
១. មហន្តរាយវិទ្យុសកម្មនៅអ៊ុយក្រែន ឆ្នាំ១៩៨៦
វាគឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏សាហាវបំផុតមួយរបស់ពិភពលោក។ រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ត្រូវបានសាងសង់នៅចុងទសវត្សឆ្នាំ១៩៧០ នៅចម្ងាយប្រហែលជាង១០០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ Chernobyl គឺជាទីតាំងថាមពលនុយក្លេអ៊ែរដ៏ធំ និងចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។ ការផ្ទុះឆេះនិងការរលាយស្នូលរ៉េអាក់ទ័របានកើតឡើងនៅទីនោះ កាលពីខែមេសា ឆ្នាំ១៩៨៦។
ក្នុងអំឡុងពេលធ្វើតេស្តមួយ ការផ្ទុះស្រាប់តែបានកើតឡើងដែលបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះ និងការបញ្ចេញសារធាតុវិទ្យុសកម្មរយៈពេល៩ថ្ងៃទើបឈប់។ ការសាយភាយវិទ្យុសកម្មបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់ភ្លាមៗ និងប្រហែល៤,០០០នាក់បានស្លាប់មុនអាយុ។
ក្រុមមន្ត្រីសូវៀតបានព្យាយាមលាក់បាំងឧបទ្ទវហេតុនេះ ប៉ុន្តែនៅថ្ងៃទី២៨ ខែមេសា ឆ្នាំដដែល ស្ថានីយត្រួតពិនិត្យវិទ្យុសកម្មស៊ុយអែត ដែលស្ថិតនៅចម្ងាយជិត១,៣០០គីឡូម៉ែត្រពី Chernobyl បានប្រទះឃើញកម្រិតវិទ្យុសកម្មដែលខ្ពស់ជាងកម្រិតធម្មតាដល់ទៅ៤០%។ ជាទូទៅ វត្តមានសារធាតុវិទ្យុសកម្មនៅក្នុងបរិយាកាស គឺភាគច្រើនត្រូវបានបន្សល់ទុកដោយការទម្លាក់គ្រាប់បែបបរមាណូទៅលើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុន កាលពីសម័យសង្រ្គាមលោក។
សព្វថ្ងៃ តំបន់គ្រោះមហន្តរាយ Chernobyl ដែលមានរង្វង់៦០គីឡូម៉ែត្រ នៅតែជាកន្លែងត្រូវបានហាមឃាត់មិនឱ្យមនុស្សធម្មតាចេញចូលដដែល។ តំបន់នេះមានទាំងបឹង ព្រៃ និងសំណង់ដែលគេបោះបង់ចោល ដូចជា អគារស្នាក់នៅ រោងកុន និងហាងលក់ឥវ៉ាន់ជាដើម។ ការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃកំណើត និងការពុលអាហារក្នុងចំណោមបុគ្គលដែលរងការប៉ះពាល់សារធាតុវិទ្យុសកម្មនៅតែបន្តកើតមានទល់បច្ចុប្បន្ន។ រ៉េអាក់ទ័រដែលបន្តធ្វើប្រតិបត្តិការចុងក្រោយនៅរោងចក្រ Chernobyl ត្រូវបានបិទកាលពីឆ្នាំ២០០០ ហើយទីតាំងនោះក៏ត្រូវបានបិទជាផ្លូវការផងដែរ៕