(ភ្នំពេញ)៖ បដិវត្តន៍ធំៗទាំង៥ក្នុងប្រវត្តិសាស្ត្របាននាំទៅរកការផ្លាស់ប្ដូររបបនយោបាយពិភពលោក ប៉ុន្តែក៏បានបង្កឱ្យមនុស្សស្លាប់អស់មិនតិចនោះដែរ។ 

 

ខាងក្រោមនេះជាបដិវត្តន៍ធំៗទាំង៥ក្នុងប្រវត្តិសាស្ត្រពិភពលោក៖

៥. បដិវត្តអាមេរិក ឆ្នាំ១៧៦៥-១៧៨៣ 

 

ភាពតានតឹងរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមទាំង១៣រដ្ឋរបស់ខ្លួននៅទ្វីបអាមេរិក (បច្ចុប្បន្នគឺសហរដ្ឋអាមេរិក) បានចាប់ផ្តើមកើតឡើងនៅឆ្នាំ១៧៦៥ ជាមួយការដាក់ចេញនូវគោលនយោបាយរឹតបន្តឹងពន្ធ Stamp Act ដែលកំណត់ការយកពន្ធកម្រិតធ្ងន់ពីដែនដីអាណានិគមទាំងនោះ ដើម្បីរក្សាតុល្យភាពជាមួយការចំណាយក្នុងសង្គ្រាម៧ឆ្នាំជាមួយបារាំង។ អំពើហិង្សារប៉េះរប៉ោះបានផ្ទុះឡើងដែនដីអាណានិគមទាំង១៣រដ្ឋ ខណៈក្រុមបាតុករដែលមិនពេញចិត្តចំពោះគោលនយោបាយរឹតបន្តឹងពន្ធនោះបាននាំគ្នាធ្វើសកម្មភាពប្រឆាំងជាបន្តបន្ទាប់។

ការបះបោរគួរឱ្យកត់សម្គាល់ជាងគេមួយបានកើតឡើងនៅឆ្នាំ១៧៧៣ នៅពេលដែលក្រុមអ្នកតវ៉ា Sons of Liberty បានប្លុងចោលកេសស្លឹកតែចំនួន៣៤២ប្រអប់ នៅក្នុងកំពង់ផែបឺស្តុន (Boston) ដើម្បីតវ៉ាចំពោះការដំឡើងពន្ធលើផលិតផលតែ ដែលវាជាព្រឹត្តិការណ៍មួយត្រូវបានគេស្គាល់ថា វិវាទតែនៅបឺស្តុន (Boston Tea Party)។ នៅឆ្នាំ១៧៧៤ ប្រតិភូរដ្ឋបាលចំនួន១២មកពីដែនដីអាណានិគមទាំង១៣រដ្ឋបានមកជួបជុំធ្វើសមាជ និងពិភាក្សាអំពីការផ្ដាច់ខ្លួនពីអំណាចអាណានិគមអង់គ្លេស (Continental Congress) មុនការឈានដល់ការប្រកាសឯករាជ្យ។ ដំបូងឡើយ ពួកគេមិនបានទាមទារឯករាជ្យដោយបើកចំហនោះទេ ប៉ុន្តែពួកគេបានថ្កោលទោសការយកពន្ធ ទាំងដែលពួកគេគ្មានតំណាងនៅក្នុងសភាអង់គ្លេសផងនោះ។

ចៀសមិនផុត សង្រ្គាមក៏បានផ្ទុះឡើងនាឆ្នាំ១៧៧៥ នៅសមរភូមិល្ស៉ីងតុន (Lexington) និងសមរភូមិខឺនខដ (Concord) នៅពេលដែលកងទ័ពអធិរាជអង់គ្លេសត្រូវបានបញ្ជូនឱ្យទៅរឹបអូសអាវុធ និងការផ្គត់ផ្គង់យោធារបស់ពួកនៅអាមេរិក។ នៅថ្ងៃទី៤ ខែកក្កដា នៃឆ្នាំបន្ទាប់នោះ សមាជសភារបស់រដ្ឋបានទាំង១៣រដ្ឋបានអនុម័តសេចក្តីប្រកាសឯករាជ្យ ហើយទីបំផុត សហរដ្ឋអាមេរិកក៏បានចាប់បដិសន្ធិជាផ្លូវការ។

អំពើហិង្សាបានបន្តអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់កងទ័ពរបស់លោក ចច វ៉ាស៉ីនតោន (George Washington) រួមជាមួយកងទ័ពបារាំងបានទទួលជ័យជម្នះដ៏សំខាន់លើកងទ័ពចក្រភពអង់គ្លេសនៅឯសមរភូមិយ៉កថោន (York Town) ក្នុងឆ្នាំ១៧៨១។ ជម្លោះក៏បានបញ្ចប់ជាផ្លូវការនៅ២ឆ្នាំក្រោយ តាមរយៈសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៧៨៣ ដែលអង់គ្លេសបានយល់ព្រមបោះបង់ចោលការទាមទារទាំងអស់លើសហរដ្ឋអាមេរិក។

៤. បដិវត្តបារាំង ឆ្នាំ១៧៨៩-១៧៩៩ 

 

នៅចុងសតវត្សទី១៨ ប្រជាជនបារាំងភាគច្រើនរស់នៅក្នុងសភាពក្រខ្សត់ លើកលែងតែពួកអភិជនដែលរស់នៅបែបស៉ីវិល័យ។ ដោយខកចិត្តនឹងរបបរាជានិយមដែលប្រមូលពន្ធលើសប្រមាណ ប្រជាជនរឹតតែមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់រាជការព្រះចៅល្វីទី១៦ (Louis XVI)។ ខណៈដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ព្រះចៅល្វីទី១៦បានបញ្ជាឱ្យដាក់ពង្រាយកម្លាំងយោធានៅកណ្តាលទីក្រុងប៉ារីស ដើម្បីទប់ទប់នឹងកម្លាំងតស៊ូដែលប្រឆាំងនឹងរបបរាជានិយម។ មិនយូរប៉ុន្មាន ជម្លោះរវាងអ្នកគាំទ្ររបបរាជានិយម និងអ្នកប្រឆាំងរបបរាជានិយមក៏បានផ្ទុះឡើងនៅទូទាំងទីក្រុងប៉ារីស ស្របពេលដែលស្តេចល្វីទី១៦ក៏មិនអាចគ្រប់គ្រងកម្លាំងតស៊ូដែលប្រឆាំងនឹងទ្រង់តទៅទៀតបានដែរ។

ទីបំផុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ កម្លាំងអ្នកប្រឆាំងរបបរាជានិយមក៏បានចូលឡោមព័ទ្ធបន្ទាយប៉ាស្ទី (Bastille) ដើម្បីរំដោះអ្នកទោសនយោបាយដែលរាជការបានចាប់ឃុំឃាំងនោះ។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនម៉ោងតែមិនបានសម្រេចនោះ ហ្វូងមនុស្សប្រមាណជាង១,០០០នាក់បានតស៊ូច្បាំងជាមួយកងការពារបន្ទាយដើម្បីរំដោះអ្នកទោសក្នុងគុក។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងរួចមក កម្លាំងតស៊ូប្រឆាំងក៏បានបំបែកការការពារបន្ទាយបានសម្រេច ប៉ុន្តែពួកគេនៅសល់គ្នាប្រហែល១០០នាក់ប៉ុណ្ណោះ ចំណែកកងកម្លាំងរបស់ព្រះរាជាដែលនៅសល់ក៏សម្រេចចិត្តដកថយ។ ប៉ុន្តែក្ដីសង្ឃឹមហាក់រលាយសូន្យ ដោយសារនៅពេលក្រុមបះបោរចូលទៅដល់គុកនៅក្នុងបន្ទាយនោះ អ្នកទោសដែលនៅរស់រានសល់ត្រឹមតែ៧នាក់ប៉ុណ្ណោះ។

ការពិតទៅ ការទម្លាយចូលក្នុងបន្ទាយប៉ាស្ទីដើម្បីរំដោះអ្នកទោសហាក់សូវជាសំខាន់ប៉ុន្មានឡើយសម្រាប់ប្រវត្តិសាស្រ្តបារាំង ប៉ុន្តែព្រឹត្តិការណ៍នេះបានជំរុញឱ្យមានការរីកសាយភាយនូវចលនាបដិវត្តន៍ទូទាំងទីក្រុងប៉ារីស និងប្រទេសបារាំងទាំងមូល ដែលជំរុញឱ្យអំណាចរបស់ព្រះចៅល្វីទី១៦ និងកងយោធពលភូមិន្ទបារាំងត្រូវធ្លាក់ចុះ។ ផ្ដើមចេញពីព្រឹត្តិការណ៍ខាងលើនេះ ក៏បានបន្តជំរុញឱ្យមានការផ្តួលរំលំរបបរាជានិយមនៅប្រទេសបារាំងបានសម្រេច ហើយក្រុមបះបោរបានចាប់ព្រះកាយព្រះចៅល្វីទី១៦ រួមទាំងអគ្គមហេសី ម៉ារីអង់ទាន់ណែត (Marie Antoinette) យកទៅប្រហារជីវិតដោយកាត់ព្រះកេសា។ ព្រឹត្តិការណ៍ទម្លាយបន្ទាយប៉ាស្ទីនេះ ក៏បានធ្វើឱ្យមានរបត់នយោបាយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។ 

អំលុងពេល១០ខែក្រោយពេលនោះ ព្រឹត្តិការណ៍ Reign of Terror ក៏បានកើតឡើង ដែលពោរពេញទៅដោយការបង្ហូរឈាម។ នៅទីបញ្ចប់ ជនដែលត្រូវគេចោទថាជាខ្មាំងបដិវត្តន៍ប្រមាណជាង១៧,០០០នាក់ត្រូវបានប្រហារជីវិត ហើយយ៉ាងហោចណាស់១០,០០០នាក់ទៀតបានស្លាប់នៅក្នុងពន្ធនាគារ ពេលរង់ចាំការជំនុំជម្រះ។ ការស្លាប់របស់លោក Maximilien de Robespierre (ម៉ាកហ្ស៉ីមីលីយៀង ឌឺ រ៉ូបេសពែររ៉េ) គឺជាការចាប់ផ្តើមសម័យកាលថ្មីមួយទៀត ដោយប្រជាជនបារាំងនាំគ្នាបះបោរប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាជ្រុលហួសហេតុ។

មកដល់ខែសីហា ឆ្នាំ១៧៩៥ អំណាចប្រតិបត្តិបានធ្លាក់ទៅក្នុងដៃគណៈកម្មាធិការ Directory ដែលមានសមាជិក៥នាក់ និងត្រូវបានតែងតាំងដោយ​សភា ប៉ុន្តែស្ថានភាពប្រទេសមិនបានប្រសើរឡើងទេ។ បន្ទាប់ពីឆ្លងកាត់ទុក្ខលំបាក អំពើពុករលួយ និងភាពមិនស្កប់ស្កល់រយៈពេល៤ឆ្នាំទៀត ជម្លោះក៏បានឈានដល់ទីបញ្ចប់នៅឆ្នាំ១៧៩៩ ពេលដែលមេទ័ពណាប៉ូឡេអុងបូណាផាតបានដណ្តើមអំណាចឡើងគ្រប់គ្រងប្រទេសបារាំងតាមរយៈរដ្ឋប្រហារ។ បដិវត្តបារាំងមានការគួរឱ្យកត់សម្គាល់ខ្លាំង ត្រង់វាលុបបំបាត់របបរាជានិយមបារាំង ដែលបានដឹកនាំប្រទេសនេះជាច្រើនសតវត្សរ៍ ហើយវាបានបង្ហាញអំពីអំណាចរបស់ប្រជាជន និងសមត្ថភាពរបស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។

៣. បដិវត្តហៃទី ឆ្នាំ១៧៩១-១៨០៤ 

 

អតីតតំបន់សាំងដូមីនិក (Saint Domingue) ដែលជាប្រទេសហៃទីនាសម័យបច្ចុប្បន្ននេះ ពីមុនមកធ្លាប់ជាដែនដីអាណានិគមរបស់ប្រទេសបារាំង នៅលើកោះហ៉ីស្ប៉ានីញ៉ូឡា (Hispaniola) នៃតំបន់សមុទ្រការីបង់ ចាប់តាំងពីឆ្នាំ១៦៥៩។ ក្រោយទទួលបានឥទ្ធិពលពីបដិវត្តបារាំង ទាសករបាននាំគ្នាក្រោកឈរដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកជិះជាន់ដែលជាចៅហ្វាយនាយរបស់ពួកគេ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៧៩១។ អតីតទាសករសរុបជាង១០០,០០០នាក់បានចូលរួមក្នុងបុព្វហេតុនេះ ដោយសម្លាប់ម្ចាស់ចម្ការ និងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ។ ក្រុមម្ចាស់អាណានិគមបារាំងបានត្រៀមខ្លួនសម្រាប់ចលនាបះពោរនោះ ប៉ុន្តែវាមិនអាចជួយអ្វីច្រើននោះឡើយ។ បដិវត្តន៍នេះដឹកនាំដោយអតីតទាសករឈ្មោះ ទូសសាំង លូវែរតៀរ (Toussaint L'Ouverture) ក្រុមអ្នកបដិវត្តបានកាន់កាប់១ភាគ៣នៃកោះហ៉ីស្ប៉ានីញ៉ូឡានៅត្រឹមឆ្នាំ១៧៩២។ ដើម្បីបញ្ឈប់ការបង្ហូរឈាម សភានៅប្រទេសបារាំងក៏បានសម្រេចផ្តល់សិទ្ធិដល់ក្រុមជនជាតិស្បែកខ្មៅនៅតំបន់សាំងដូមីនិក។

នៅឆ្នាំ១៧៩៣ ក្រុមប្រជាជនស្បែកសដែលតាំងទីនៅលើដែនដីអាណានិគមនោះ បានធ្វើកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេសដែលកំពុងព្រួយបារម្ភអំពីការបះបោរក្នុងទឹកដីខ្លួននៃតំបន់ការីបង់នោះ (ជាពិសេសនៅហ្សាម៉ាអ៉ីក) បានយល់ព្រមដណ្តើមយកតំបន់សាំងដូមីនិកពីបារាំង ហើយស្តាររបបទាសភាពឡើងវិញ។ ប្រទេសអេស្ប៉ាញក៏បានចូលទៅក្នុងជម្លោះនេះដែរ ដោយសារតែដែនដីអាណានិគមរបស់ពួកគេ គឺសាន់តូដូមីងហ្គោ (Santo Domingo) ក៏មានទីតាំងនៅលើកោះហ៉ីស្ប៉ានីញ៉ូឡានោះដូចគ្នា។ បន្ទាប់ពីបារាំងបានលុបបំបាត់ទាសភាពជាផ្លូវការនៅតំបន់សាំងដូមីនិកក្នុងឆ្នាំ១៧៩៤ មេដឹកនាំ លូវែរតៀរ បានប្តូរពីការប្រយុទ្ធប្រឆាំងនឹងបារាំងទៅជាការប្រយុទ្ធឱ្យបារាំងវិញ។ នៅទីបំផុត អង់គ្លេសបានបោះបង់កិច្ចប្រឹងប្រែងរបស់ខ្លួនបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់។ នៅឆ្នាំ១៨០១ លោក លូវែរតៀរ បានប្រកាសខ្លួនឯងថាជាអគ្គទេសាភិបាលអស់មួយជីវិតនៅលើកោះហ៉ីស្ប៉ានីញ៉ូឡា។

យ៉ាងណាក៏ដោយ មេដឹកនាំបដិវត្តន៍រូបនេះត្រូវបានចាប់ខ្លួនដោយកងទ័ពរបស់ណាប៉ូឡេអុង ដែលត្រូវបញ្ជូនឱ្យទៅដណ្តើមយកតំបន់សាំងដូមីនិកមកវិញ។ លូវែរតៀរ បានស្លាប់នៅក្នុងគុកបារាំង ប៉ុន្តែមេទ័ពម្នាក់របស់លោក គឺលោក ហ្សង់ហ្សាក់ ដេសសាលីន (Jean-Jacques Dessalines) បានដឹកនាំកងកម្លាំងរបស់លោកឱ្យទទួលជ័យជម្នះនៅសមរភូមិវែរតៀរ៉េ (Vertieres) ក្នុងឆ្នាំ១៨០៣។ នៅថ្ងៃចូលឆ្នាំថ្មីឆ្នាំ១៨០៤ ហៃទីបានក្លាយជាសាធារណរដ្ឋជនជាតិស្បែកខ្មៅដំបូងគេ នៅពេលដែលលោក ដេសសាលីន បានប្តូរឈ្មោះដែនដីអាណានិគមសាំងដូមីនិក និងប្រកាសឯករាជ្យរបស់ខ្លួន។ ក្រុមអ្នកប្រវត្តិសាស្រ្តចាត់ទុកបដិវត្តហៃទីជាការបះបោរទទួលជោគជ័យធំជាងគេរបស់ក្រុមទាសករនៅលោកខាងលិច ដោយវាបានជះឥទ្ធិពលនៅទូទាំងទ្វីបអាមេរិក។

២. បដិវត្តចិនឆ្នាំ១៩១១ 

 

ដោយសារធ្វើសង្រ្គាមបរាជ័យជាបន្តបន្ទាប់ រាជវង្សឆេង (Qing Dynasty) បានបាត់បង់ឥទ្ធិពលយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី។ មិនយូរប៉ុន្មាន ប្រជានុរាស្ត្រដែលធ្លាប់នៅក្រោមការត្រួតត្រារបស់រាជការឆេងមានគំនិតបះបោរ។ ជាលទ្ធផល នៅអំលុងដើមសតវត្សទី២០ សម្ពន្ធបដិវត្តន៍ (Revolutionary Alliance) ត្រូវបានបង្កើតឡើងក្នុងគោលបំណងលុបបំបាត់របបអធិរាជនៅប្រទេសចិន។ ស៊ុន យ៉ាត់សេន ត្រូវបានគេចាត់ទុកជាបិតាបដិវត្តន៍នេះ។ ការបះបោរមួយចំនួនត្រូវបានចាប់ផ្តើមឡើង ប៉ុន្តែសុទ្ធតែត្រូវបានបង្ក្រាបរាបទៅវិញដោយកងទ័ពរាជការ។ បន្ទាប់មក នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩១១ ការបះបោរមួយនៅស្រុកអ៊ូឆាង (Wuchang) ក៏បានប្រែក្រឡាស់ស្ថានការណ៍។

ក្នុងគោលបំណងបញ្ឈប់ការបង្ហូរឈាម រាជវង្សឆេងបានចាប់ផ្តើមពិភាក្សាអំពីលទ្ធភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រហូតឈានទៅដល់ការតែងតាំង យ័ន ស៉ឺខាយ (Yuan Shikai) ជានាយករដ្ឋមន្ត្រី។ ទោះបីជាមានការសន្យាអំពីការធ្វើកំណែទម្រង់ក៏ដោយ ប្រជាជននៅតាមខេត្តជាច្រើនបាននាំគ្នាប្រកាសភក្តីភាពចំពោះសម្ពន្ធបដិវត្តន៍ដែលដឹកនាំដោយលោក ស៊ុន យ៉ាតសេន។ តំណាងសម្ពន្ធតាមបណ្តាខេត្តទាំងអស់នោះបានប្រមូលផ្តុំគ្នា​សម្រាប់សមាជជាតិលើកដំបូង ជាពេលដែលពួកគេបានបោះឆ្នោតជ្រើសរើសលោក ស៊ុន យ៉ាត់សេន ជាប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណរដ្ឋចិន។

នៅឆ្នាំ១៩១២ ព្រះចៅអធិរាជចិន ភ័យី (Puyi) ក៏បានដាក់រាជ្យ ដែលជាការនាំមកនូវទីបញ្ចប់នៃរបបចក្រពត្តិនៅប្រទេសចិន និងការគ្រប់គ្រងរយៈពេលជាច្រើនសតវត្សរ៍នៃរាជវង្សឆេង។ បន្ទាប់ពីលោក យ័ន ស៉ឺខាយ បានយល់ព្រមចំពោះការបង្កើតសាធារណរដ្ឋនេះ ដរាបណាលោកត្រូវគេតែងតាំងជាប្រធានាធិបតីផ្លូវការទីមួយ។ បដិវត្តន៍ឆ្នាំ១៩១១ គឺជាពេលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រចិន ដោយសារតែវាបានត្រួសត្រាយផ្លូវសម្រាប់បដិវត្តកុម្មុយនិស្តចិននៅឆ្នាំ១៩៤៩ ដែលជាការបះបោរដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការគ្រប់គ្រងរបស់លោក ម៉ៅ សេទុង។

១. បដិវត្តរុស្ស៉ីឆ្នាំ១៩១៧ 

 

មកដល់ដើមសតវត្សទី២០ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមិនសូវមានការអភិវឌ្ឍ ហើយក្រីក្របំផុតនៅតំបន់អឺរ៉ុប។ ដោយជួបការលំបាកវេទនា ក្រុមកម្មករបានតវ៉ាប្រឆាំងនឹងរបបរាជានិយមក្នុងឆ្នាំ១៩០៥ ដែលនាំឱ្យមានការសម្លាប់រង្គាលក្នុងសម័យអាទិត្យលោហិត (Bloody Sunday) និងការបះបោរដែលបរាជ័យមួយ។ ទោះជាយ៉ាងណាក៏ដោយ ភាពក្លៀវក្លានៃបដិវត្តន៍មិនអាចបំភ្លេចងាយៗនោះទេ។ សង្គ្រាមលោកលើកទី១បានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែចុះខ្សោយ ហើយបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតច្រើន។ ព្រះចៅនីកូឡាសទី២ (Tsar Nicholas II) បានចាកចេញពីប្រទេសដើម្បីដឹកនាំយោធា និងជំរុញកម្លាំងកងទ័ពរបស់ទ្រង់ ប៉ុន្តែទ្រង់ត្រូវបានមើលឃើញថាជាមេដឹកនាំអសមត្ថភាពនោះឡើយ។ លើសពីនេះទៅទៀត ទ្រង់បានទុកប្រទេសឱ្យស្ថិតក្រោមការមើលថែរបស់មហេសីដែលមានពូជអម្បូរអាល្លឺម៉ង់ថែមទៀត ខណៈរឿងនេះពុំសូវមានការពេញចិត្តក្នុងចំណោមប្រជាជនឡើយ ដែលពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលឈ្មោះ Grigori Rasputin ដែលជាហោរាអាថ៌កំបាំង និងជាអ្នកប្រកាសទំនាយជនជាតិរុស្ស៉ី។

កំឡុងបដិវត្តខែកុម្ភៈ ឆ្នាំ១៩១៧ ក្រុមបាតុករជាថ្មីម្តងទៀតបាននាំគ្នាធ្វើសកម្មភាពតវ៉ានៅតាមផ្លូវនៃតំបន់ពេត្រូក្រាដ (Petrograd) ដែលបច្ចុប្បន្នជាទីក្រុងសាំងពេតឺរស្បឺក (Saint Petersburg)។ ដោយផ្ទុយពីបដិវត្តន៍ឆ្នាំ១៩០៥ លើកនេះពួកគេត្រូវបានចូលរួមដោយទាហានមួយចំនួនធំ ដែលបានបាត់បង់ជំនឿចិត្តលើអ្នកគ្រប់គ្រងប្រទេសរបស់ពួកគេ។ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីត្រូវបានបង្កើតឡើង ព្រះចៅនីកូឡាសទី២បានដាក់រាជ្យដែលនាំឱ្យរាជវង្សរ៉ូម៉ានណូវ (Romanov) និងប្រព័ន្ធចក្រពត្តិនិយមនៅប្រទេសរុស្ស៉ីឈានដល់ទីបញ្ចប់។ ប៉ុន្តែនេះមិនទាន់ជាទីបញ្ចប់នៃប្រវត្តិសាស្រ្តបដិវត្តន៍របស់រុស្ស៉ីឡើយ។ បង្កើតឡើងដោយសមាជិកមកពីក្រុមអ្នកវណ្ណៈគហបតី រដ្ឋាភិបាលថ្មីនោះបាននៅបន្តគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមនៅក្នុងសង្រ្គាមលោកលើកទី១ដែលមិនទាន់ចប់ ខណៈប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៉ីកាន់តែយ៉ាប់យ៉ឺន។

ដោយឡែក កំលុងបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ ក្រុមអ្នកបដិវត្តដែលដឹកនាំដោយគណបក្សឆ្វេងនិយម បុលសេវីក (Bolshevik) និងមេដឹកនាំ វ្លាឌីមៀរ លេនីន (Vladimir Lenin) បានសម្រុកចូលលុកលុយរាជវាំងមូស្គូ Winter Palace ដោយដណ្តើមអំណាចពីរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងរដ្ឋប្រហារមិនបង្ហូរឈាម។ លេនីនបានគាំទ្រឱ្យមានរដ្ឋាភិបាលសូវៀតថ្មីមួយដែលមិនគ្រប់គ្រងដោយពួកមូលធននិយមទេ ប៉ុន្តែដោយសមូហភាពនៃ​ក្រុម​កសិករ កម្មករ និង​ទាហាន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់លេនីនក៏ដោយ បដិវត្តន៍នេះមិនទាន់ត្រូវបានស្វាគមន៍ទូលំទូលាយនៅខាងក្រៅពេត្រូក្រាដ ដោយក្រុមអ្នកនៅស្មោះត្រង់ចំពោះរបបរាជានិយមនៅឡើយទេ។ អស់រយៈពេល៥ឆ្នាំ សង្គ្រាមស៊ីវិលបានគ្របដណ្តប់ប្រទេសរុស្ស៊ី ហើយទីបំផុតបាននាំឱ្យលេនីនទទួលជ័យជម្នះ ព្រមទាំងការបង្កើតសហភាពសូវៀតឡើង៕