(ភ្នំពេញ)៖ ក្រុមហ៊ុនល្បីៗដែលចំណាស់ជាងគេទាំង១០លើពិភពលោក គឺមានតាំង១៤៤៥ឆ្នាំមុនមកម្ល៉េះ ក្នុងនោះភាគច្រើនគឺស្ថិតនៅប្រទេសជប៉ុន។
១០. The Royal Mint
បង្កើតឡើងឆ្នាំ៨៨៦ The Royal Mint ជាក្រុមហ៊ុនផ្លូវការដែលទទួលបន្ទុកផលិតកាក់របស់ចក្រភពអង់គ្លេស និងជាក្រុមហ៊ុនចំណាស់ជាងគេបង្អស់នៅទីនោះ។
៩. Tanaka-Iga
បង្កើតឡើងឆ្នាំ៨៨៥ Tanaka-Iga Butsugu គឺជាក្រុមហ៊ុនជប៉ុនផលិតសម្ភារពាក់ព័ន្ធព្រះពុទ្ធសាសនា។
៨. Monnaie de Paris
The Monnaie de Paris គឺជាក្រុមហ៊ុនផលិតកាក់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសបារាំង និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ៨៦៤។
៧. Staffelter Hof
Staffelter Hof គឺជាក្រុមហ៊ុនផលិតស្រា ដែលមានប្រតិបត្តិការអាជីវកម្មលក្ខណៈគ្រួសារ ត្រូវបានបង្កើតឡើងនៅឆ្នាំ៨៦២។
៦. St. Peter Stiftskulinarium
បង្កើតឡើងនៅឆ្នាំ៨០៣ St. Peter Stiftskulinarium គឺជាភោជនីយដ្ឋានចំណាស់បំផុតនៅលើពិភពលោ។ ភោជនីយដ្ឋាននេះត្រូវគេអះអាងថាធ្លាប់បានបម្រើបុគ្គលល្បីៗក្នុងប្រវត្តិសាស្រ្ត ដូចជា Christopher Columbus និង Mozart ជាដើម។
៥. Genda Shigyō
Genda Shigyō ជាក្រុមហ៊ុនផលិតក្រដាស ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ៧៧១។
៤. Hōshi Ryokan
Hōshi Ryokan ជាត្រៀមប្រពៃណីជប៉ុន ដែលបង្កើតឡើងនៅឆ្នាំ៧១៨ ហើយត្រូវបានគ្រប់គ្រងដោយគ្រួសារត្រកូល Hoshi អស់រយៈពេល៤៦ជំនាន់មកហើយ។
៣. Koman
Sennen no Yu Koman គឺជាផ្ទះសំណាក់ប្រពៃណីជប៉ុន ស្ថិតក្នុងទីក្រុង Toyooka ខេត្ត Hyōgo។ ផ្ទះសំណាក់បុរាណដែលត្រូវបានប្រែក្លាយជាសណ្ឋាគារនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ៧១៧ ដោយលោក Hiuke Gonnokami ហើយត្រូវបន្តគ្រប់គ្រងរហូតមកដោយគ្រួសារលោក៤៦ជំនាន់មកហើយ។
២. Nishiyama Onsen Keiunkan
បង្កើតឡើងនៅឆ្នាំ៧០៥ ដោយលោក Fujiwara Mahito សណ្ឋាគារលក្ខណៈ hot spring ឈ្មោះថា Nishiyama Onsen Keiunkan ដែលស្ថិតនៅក្នុងក្រុង Hayakawa នៃខេត្ត Yamanashi ត្រូវបានទទួលស្គាល់ជាសណ្ឋាគារចំណាស់បំផុតនៅលើពិភពលោក។ វាបានឆ្លងកាត់ការគ្រប់គ្រងដោយគ្រួសារដដែលនេះចំនួន៥២ជំនាន់ និងអស់រយៈពេលជាង១,៣០០ឆ្នាំ។
១. Kongō Gumi
Kongō Gumi គឺជាក្រុមហ៊ុនចំណាស់បំផុតដែលកំពុងនៅមានវត្តមានលើពិភពលោក។ បង្កើតឡើងកាលពីឆ្នាំ៥៧៨ ពោលគឺ១៤៤៥ឆ្នាំមុន វាធ្លាប់ជាក្រុមហ៊ុនសំណង់ដែលគ្រប់គ្រងដោយលក្ខណៈគ្រួសារ រហូតដល់ឆ្នាំ២០០៦។ ក្រោយជួបគ្រាលំបាកមួយចំនួន ក្រុមហ៊ុនជប៉ុននេះក៏បានក្លាយជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនមួយទៀតគឺ Takamatsu Construction Group៕