(ពិភពលោក)៖ ខណៈប្រទេសខ្លះមានអាយុកាលរាប់រយឆ្នាំ និងខ្លះទៀតមានប្រវត្តិសាស្រ្តដល់ទៅរាប់ពាន់ឆ្នាំឯណោះនោះ មានប្រទេសមួយចំនួនដែលទើបតែបង្កើតឡើងប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាប្រទេសចំនួន៥ដែលមានអាយុក្មេងខ្ចីជាងគេបំផុតនៅលើពិភពលោក៖
៥. ទីម័រខាងកើត (ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២)
ដោយមានឈ្មោះផ្លូវការថា «សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត» ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានទទួលអធិបតេយ្យភាពពីប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែលទ្ធផលនៃប្រជាមតិនោះបានបង្កឱ្យមានអំពើហិង្សាពីសំណាក់កងជីវពលដែលគាំទ្រប្រទេសឥណ្ឌូណេស៊ី។ យ៉ាងណាមិញ ក្រោយមានការដាក់ពង្រាយកម្លាំងរបស់អង្គការសហប្រជាជាតិ ឥណ្ឌូណេស៊ីក៏បានយល់ព្រមបញ្ចប់ការត្រួតត្រារបស់ខ្លួន ហើយទីម័រខាងកើតទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ នៅក្នុងឆ្នាំដដែលនោះ ប្រទេសទីម័រខាងកើតបានចូលរួមជាសមាជិកទី១៩១របស់អង្គការសហប្រជាជាតិ (UN)។
៤. ម៉ុងតេណេហ្គ្រោ (ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦)
ម៉ុងតេណេហ្គ្រោ និងស៊ែប៊ី ត្រូវបានបង្កើតឡើងរួមគ្នាជាប្រជាជាតិតែមួយ នៅក្រោយការដួលរលំរបស់សហព័ន្ធយូហ្គោស្លាវីក្នុងឆ្នាំ១៩៩១ ហើយនៅឆ្នាំ២០០៣ បានប្រែក្លាយទៅជារដ្ឋសហភាពស៊ែប៊ី និងម៉ុងតេណេហ្គ្រោ។ លុះមកដល់ឆ្នាំ២០០៦ រដ្ឋសហភាពនេះក៏បានបែកចេញជារដ្ឋ២ផ្សេងគ្នាតែម្តង។ ការបោះឆ្នោតប្រជាមតិមួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ប្រជាជនម៉ុងតេណេហ្គ្រោសរុបចំនួន៥៥.៥ភាគរយបានបោះឆ្នោតគាំទ្រឱ្យប្រកាសឯករាជ្យ។ ជាលទ្ធផល ម៉ុងតេណេហ្គ្រោក៏បានបែកខ្លួនចេញដាច់ដោយឡែក និងត្រូវបានទទួលស្គាល់ផ្លូវការដោយសភារបស់ស៊ែប៊ី។ ក្នុងខែមិថុនា ឆ្នាំ២០០៦ អង្គការសហប្រជាជាតិបានស្វាគមន៍ម៉ុងតេណេហ្រ្គោជាសមាជិកទី១៩២របស់ខ្លួន។
៣. ស៊ែប៊ី (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦)
២ថ្ងៃបន្ទាប់ពីការប្រកាសឯករាជ្យរបស់ប្រទេសម៉ុងតេណេហ្គ្រោ ស៊ែប៊ីក៏បានប្រកាសខ្លួនឯងជារដ្ឋអធិបតេយ្យដែលបន្តមកពីរដ្ឋសហភាពស៊ែប៊ីនិងម៉ុងតេណេហ្រ្គោ។
២. កូសូវ៉ូ (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨)
អង្គការសហប្រជាជាតិដែលជាអ្នកគ្រប់គ្រងចាត់ចែងតំបន់នេះចាប់តាំងពីជម្លោះកូសូវ៉ូត្រូវបានបញ្ចប់ទៅនៅក្នុងឆ្នាំ១៩៩៩ បានចាប់ផ្ដើមដំណើរការមួយនៅឆ្នាំ២០០៥ ដើម្បីកំណត់ឋានៈរបស់កូសូវ៉ូ។ នៅឆ្នាំ២០០៨ កូសូវ៉ូក៏បានប្រកាសឯករាជ្យជាលក្ខណៈឯកតោភាគីពីស៊ែប៊ី។ បើទោះបីជាប្រទេសអឺរ៉ុបភាគអាគ្នេយ៍មួយនេះ ត្រូវបានទទួលស្គាល់ដោយសមាជិកជាច្រើនរបស់អង្គសហប្រជាជាតិ រួមមានទាំងសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែប្រទេសនេះពុំទាន់ទទួលសមាជិកភាពពីអង្គការសហប្រជាជាតិនៅឡើយទេ។
១. ស៊ូដង់ខាងត្បូង (ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១)
នៅខែមករា ឆ្នាំ២០១១ ការបោះឆ្នោតប្រជាមតិមួយសម្រាប់ប្រជាជនដែលរស់នៅភាគខាងត្បូងនៃប្រទេសស៊ូដង់ ត្រូវបានរៀបចំឡើង។ ពេលនោះ ពួកគេបានគាំទ្រក្នុងសំឡេងយ៉ាងលើសលុបឱ្យបង្កើតប្រទេសដាច់ដោយឡែកមួយទៀតពីស៊ូដង់ ដោយមានទីក្រុងជូបាធ្វើជារដ្ឋធានី។ ៥ថ្ងៃបន្ទាប់ពីនៃការប្រកាសឯករាជ្យ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់ប្រទេសនេះជាសមាជិកទី១៩៣៕