(ពិភពលោក)៖ តាំងពីបុរាណកាលមក មនុស្សជុំវិញពិភពលោកភាគច្រើនសុទ្ធតែចាត់ទុកថា ព្រះអាទិត្យជាផ្កាយព្រះអគ្គីដែលវិលជុំវិញភពផែនដី ដោយតែងរះឡើងពីទិសខាងកើត និងអស្ដង្គតទៅវិញនៅទិសខាងលិច ប៉ុន្តែក៏មានដែរនូវអ្នកប្រាជ្ញមួយចំនួនក្រោយៗមកទៀត ដែលបានរកឃើញការពិតជាក់ស្ដែងថាគឺផែនដីរបស់យើងទៅវិញទេ ដែលវិញជុំវិញព្រះអាទិត្យនោះ។
តើអ្នកដឹងទេថា អ្នកណាដែលបានដឹងថាផែនដីវិលជុំវិញព្រះអាទិត្យមុនគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ?
លោក អារីស្ដាក (Aristarque) ត្រូវបានគេចាត់ទុកថាជាអ្នកដែលបាននិយាយអំពីរឿងនេះមុនគេបង្អស់។ រស់នៅក្នុងអាណាចក្រសាម៉ូស (Samos) នៃពិភពលោកក្រិកបុរាណ លោក អារីស្ដាក ប្រសូត្រឡើងនៅឆ្នាំ៣១០មុនគ្រិស្ដសករាជ និងទទួលមរណភាពទៅវិញនៅឆ្នាំ២៣០មុនគ្រិស្ដសករាជ។
អារីស្ដាកមិនត្រឹមអះអាងថា ផែនដី និងផ្កាយព្រះគ្រោះផ្សេងៗទៀតវិលជុំវិញព្រះអាទិត្យប៉ុណ្ណោះទេ គាត់ក៏អាចគណនាពីទំហំ និងរយៈចម្ងាយរវាងផែនដី-ព្រះអាទិត្យ និងរវាងផែនដី-ព្រះចន្ទបានផងដែរ។
លោកបានអះអាងទៀតថា មេឃមិនមែនជាឋានសួគ៌ដូចដែលមនុស្សគ្រប់គ្នាជឿនោះទេ តែវាគឺជាចក្រវាឡដ៏ធំមួយ ស្ទើរតែមិនអាចវាស់ទំហំបាន។ ការអះអាងរបស់ជនជាតិសាម៉ូសរូបនេះមិនទទួលបានការគាំទ្រជឿជាក់ពីសំណាក់មហាជននាសម័យនោះឡើយ ព្រោះពួកគេបានជឿតាមទ្រឹស្ដីសាសនារួចទៅហើយថា ព្រះអាទិត្យ និងព្រះចន្ទ គឺសុទ្ធតែវិលជុំវិញភពផែនដី ហើយមេឃគឺជាឋានសួគ៌សម្រាប់ព្រះអាទិទេពរស់នៅ។
មហាជនសម័យនាសម័យនោះមិនបានចាត់ទុកលោក អារីស្ដាក ជាតារាវិទូអ្វីនោះទេ ប៉ុន្តែពួកគេបានចាត់ទុកលោកជាគណិតវិទូដ៏ឆ្នើមមួយរូប។ គេបានកត់ត្រាទុកថា អារីស្ដាកធ្លាប់បានសិក្សានៅសាលាលីស្យូម (Lyceum) ប្រទេសក្រិកបុរាណ។
នៅសម័យអរិយធម៌រ៉ូម៉ាំង ទើបមានគេបានលើកយកទ្រឹស្ដីដដែលរបស់អារីស្ដាកមកនិយាយឡើងវិញ ដោយពួកគេបានចាត់ទុកលោកថាជាមនុស្សឆ្លាតវៃក្នុងរឿងវិទ្យាសាស្ត្រគ្រប់ប្រភេទ។
ទើបតែមកដល់សតវត្សទី១៦នេះទេ ដែលទ្រឹស្ដីផែនដីវិលជុំវិញព្រះអាទិត្យត្រូវបានពិភពលោកយល់ស្របភាគច្រើន ពោលគឺក្រោយពីមានការបោះពុម្ពផ្សាយសៀវភៅ On the Revolution of the Heavenly Spheres របស់លោក នីកូឡាស់ កូពើនីកាស់ (Nicolaus Copernicus) ដែលបានចេញផ្សាយនៅឆ្នាំ១៥១៤៕