(ស៊ីដនី)៖ អ្នកវិទ្យាសាស្រ្តអូស្រ្តាលីដែលសិក្សាទៅលើគំរូតាងដុំថ្មយកមកពីព្រះច័ន្ទកាលពីរាប់ទសវត្សរ៍កន្លងទៅ បានរកឃើញតម្រុយមួយដែលអាចបង្ហាញថា ពួកវាទំនងជាបានកើតឡើងនៅលើផែនដី។ ប្រការនេះបានបណ្តាលឲ្យក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីសន្និដ្ឋានថា គំរូតាងដុំថ្មដែលពួកគេសិក្សាប្រហែលជាខ្ទាតទៅដល់ព្រះច័ន្ទ នៅពេលអាចម៍ផ្កាយធំណាមមួយបានបុកចំផែនដីកាលពីរាប់រយ ឬអាចរាប់ពាន់លានឆ្នាំមុន។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើមកពីសាកលវិទ្យាល័យ Curtin ក្នុងរដ្ឋអូស្រ្តាលីខាងលិច បានធ្វើការសិក្សាទៅលើគំរូដុំថ្មដែលក្រុមអវកាសយានិកនៃបេសកកម្ម Apollo 14 បានប្រមូលយកមកពីលើផ្ទៃព្រះច័ន្ទកាលពីឆ្នាំ១៩៧១ និងជាកម្ចីពីទីភ្នាក់ងារអវកាសអាមេរិក NASA ហើយការងារសិក្សានេះក៏ត្រូវបានធ្វើឡើងក្រោមការសហការជាមួយសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិស៊ុយអែត សាកលវិទ្យាជាតិអូស្រ្តាលី និងវិទ្យាស្ថានសិក្សាភពនិងព្រះច័ន្ទនៃទីក្រុងហួស្តុន (Houston) រដ្ឋតិចសាស់ សហរដ្ឋអាមេរិកផងដែរ។
អំឡុងនៃការសិក្សាពួកគេបានរកឃើញថា ដុំថ្មទាំងនោះផ្ទុកសមាសធាតុមានលក្ខណៈស្រដៀងទៅនឹងថ្មក្រានីត (Granite) ដែលសម្បូរនៅលើផែនដី ប៉ុន្តែកម្រខ្លាំងនៅលើផ្ទៃព្រះច័ន្ទ។ លទ្ធផលនេះបានជំរុញអ្នកវិទ្យាសាស្រ្តអូស្រ្តាលីមួយក្រុមនេះសង្ស័យថា បំណែកដុំថ្មទាំងនោះបានខ្ទាតចេញពីផែនដី ដោយសារតែការប៉ះទង្គិចអាចម៍ផ្កាយ ដែលទំនងជាមានឥទ្ធិពលប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ដែលបានផ្តាច់ពូជសត្វដាយណូស័រដែរ។
បើតាមអ្នកវិទ្យាសាស្រ្តជឿ ព្រះច័ន្ទខ្លួនវាផ្ទាល់បានកកើតឡើងកាលពី៤.៥ពាន់លានឆ្នាំមុន ដោយសារតែព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដ៏កក្រើករវាងភពរបស់យើងជាមួយនឹងភពមួយទៀតទំហំអាចធំប៉ុនភពអង្គារ (Mars)។ ទោះជាបែបនេះក៏ដោយ ព្រះច័ន្ទបានអភិវឌ្ឍន៍បុគ្គលិកលក្ខណៈភូមិសាស្រ្តផ្ទាល់ខ្លួនរបស់វា ដែលធ្វើឲ្យថ្មនៅទីនោះមានភាពខុសគ្នាឆ្ងាយពីថ្មដែលនៅលើផែនដី។ ខណៈដុំថ្មរបស់ព្រះច័ន្ទធ្លាប់ត្រូវគេរកឃើញថា មានវត្តមាននៅលើផែនដីដោយសារការប៉ះទង្គិចនៃអាចម៍ផ្កាយ ស្ថានភាពផ្ទុយគ្នាវិញនោះគឺពុំត្រូវបានអង្កេតពីមុនមកឡើយ៕